30.4 C
Phnom Penh

មេធាវី​របស់​លោក កឹម សុខា ថា​តុលាការ​សាកសួរ​ផ្ទុយ​ពី​បទ​ចោទប្រកាន់​ដើម្បី​អូស​បន្លាយ​ពេល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ដំណើរការ​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា លើក​ទី​៣៨ នេះ តុលាការ​សាកសួរ​សំណួរ​ផ្ទុយ​ពី​បទ​ចោទ​របស់​ខ្លួន «សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស» គឺជា​ចេតនា​រំខាន​ពេលវេលា និង​ធ្វើ​ឲ្យ​យឺតយ៉ាវ​សវនាការ​តែប៉ុណ្ណោះ។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​លើកឡើង​បន្ទាប់ពី​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា ការ​សាកសួរ​ដេញដោល​របស់​តុលាការ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ឃ្លាត​ចាក​ឆ្ងាយ​ពី​បទ​ចោទ​ដែល​ខ្លួន​បាន​ចោទ​លើ​កូនក្ដី​របស់​ខ្លួន​ទាំងស្រុង ដែល​បង្ក​ជា​ការ​រំខាន​ដល់​កូនក្ដី​របស់​លោក​ទៅវិញ។

លោក ចាន់ ចេន អះអាង​ថា តុលាការ​បង្កើត​សំណួរ​ជុំវិញ​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ បែបនេះ គឺ​គ្រាន់តែ​ជា​សំណួរ​បច្ចេកទេស​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​យក​សំណួរ​ទាំងនេះ​មក​សាកសួរ​ក្នុង​នីតិវិធី​ដំណើរការ​សវនាការ​កូនក្ដី​របស់​លោក​នៅ​ពេល​នេះ គ្រាន់តែ​ការ​រំខាន​ពេលវេលា និង​ធ្វើ​ឲ្យ​យឺតយ៉ាវ​សវនាការ​លើ​សំណុំ​រឿង​នេះ​តែប៉ុណ្ណោះ។

នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ទី​៣៨ ប៉ុន្តែ​តុលាការ​នៅតែ​បន្ត​ការ​សាកសួរ​ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ដូច​សវនាការ​លើក​ទី​៣៧ ដែរ ខណៈ​សវនាការ​លើក​ក្រោយ តុលាការ​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ។

យ៉ាងណាក៏ដោយ នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​កាលពី​ចុង​ឆ្នាំ​២០២០ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ប៉ុន្តែ​រហូត​ដល់​ពេលនេះ តុលាការ​កម្ពុជា​មិនទាន់​មាន​ភស្តុតាង​ណា​មួយ​ដើម្បី​ដាក់​បន្ទុក​ឈាន​ដល់​ការ​កាត់ទោស​លោក​នៅឡើយ​ទេ។ ខណៈ​បរទេស​ដែល​តុលាការ​ចោទ​ថា​ជា​អ្នក​នៅ​ពីក្រោយ​លោក កឹម សុខា ក្នុង​ផែនការ​ផ្តួល​រំលំ​នោះ ក៏​តុលាការ​មិន​បាន​បង្ហាញ​ថា​ជា​ប្រទេស​ណា​នោះ​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខា លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​កើតឡើង​បាន​លុះត្រាតែ​ប្រទេស​មួយ​អាច​ទទួល​យក​បាន​នូវ​ទស្សនៈ​ខុសគ្នា មិន​ចាត់ទុក​គ្នា​ជា​សត្រូវ និង​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​រូប​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាង​សហភាព​អឺរ៉ុប បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​៤៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នៃ​កិច្ចប្រជុំ​អន្តរ​សកម្ម​លើក​ទី​៥០ ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ​ថា កម្ពុជា​គួរ​បើក​លំហ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ថា ការ​បិទ​ខ្ទប់​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដូច​សព្វថ្ងៃ​នេះ សហគមន៍​អន្តរជាតិ​អាច​នឹង​ដាក់​ចេញ​នូវ​សេណារីយ៉ូ​ថ្មី​បន្ថែម​ទៀត​ដែល​ទាក់ទង​ទៅ​នឹង​នយោបាយ​ប្រជាធិបតេយ្យូបនីយកម្ម​កម្ពុជា ដើម្បី​កំណត់​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​ទៅ​ថ្ងៃ​មុខ​ជាមិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស