28.4 C
Phnom Penh

លោក កឹម សុខា ថា​សហគមន៍​អន្តរជាតិ​ផ្តល់​តម្លៃ​ដល់​លោក​ដោយសារ​មិន​រត់​ចោល​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា អះអាង​ថា ជំនួប​របស់​លោក​ជាមួយ​តំណាង​ទូត​នៃ​ប្រទេស​ជា​មិត្ត​កម្ពុជា​កន្លងមក គឺ​បណ្តា​ប្រទេស​ទាំងនោះ​បាន​ផ្តល់​តម្លៃ​ដល់​រូបលោក​ដែល​មិន​រត់​ចោល​មាតុភូមិ​កម្ពុជា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការ​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy នៅ​ថ្ងៃ​ទី​១១ ឧសភា ថា ក្នុង​ជំនួប​នេះ លោក​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ជុំវិញ​បច្ចុប្បន្នភាព​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​កំពុង​កើតមាន​នៅ​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​នៅ​កម្ពុជា នា​ពេល​ថ្មីៗ​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ជំនួប​របស់​លោក​ជាមួយ​តំណាង​ប្រទេស​មហាអំណាច​ជា​បន្តបន្ទាប់​នា​ពេល​កន្លងមក​នេះ លោក​បាន​លើកឡើង​ជាច្រើន​អំពី​ទំនាក់ទំនង​នានា​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ទាំងនោះ ដូចជា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បញ្ហា​ក្នុង​តំបន់ ជាដើម។ ជាង​នេះ​ទៀត បណ្តា​ប្រទេស​ជា​មិត្ត​ទាំងនោះ​ក៏​លើក​ពី​បញ្ហា​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏ដូចជា​ការ​ទាមទារ​រក​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព​របស់​លោក​ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ​ផង​ដែរ។

លោក កឹម សុខា បញ្ជាក់​ថា ទោះបីជា​ជំនួប​របស់​លោក​រវាង​ខ្មែរ​និង​ខ្មែរ ក៏ដូចជា​ជំនួប​ជាមួយ​តំណាង​រដ្ឋ​បរទេស​ជា​មិត្ត​កន្លងមក មិនទាន់​បាន​បង្ហាញ​នូវ​លទ្ធផល​នៃ​ដំណោះស្រាយ​ជា​ដុំ​កំភួន​ក៏ដោយ ក៏​ជំនួប​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​គឺជា​តួអង្គ​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាច​ចូលរួម​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ​បាន ដោយ​មាន​ការ​សាទរ​ពី​សហគមន៍​អន្តរជាតិ។

លោក​បន្ថែម​ថា ជំនួប​របស់​លោក​នា​ពេល​កន្លងមក​ជាមួយ​តំណាង​ទូត​ជា​មិត្ត​កម្ពុជា អាច​បង្ហាញ​ពី​ចិត្ត​គំនិត​របស់​រដ្ឋ​បរទេស​ទាំងនោះ​យ៉ាង​ច្បាស់​ថា ពួកគេ​នៅតែ​ផ្តល់​តម្លៃ​ដល់​រូបលោក​ដែល​បាន​ប្ដេជ្ញា​ចិត្ត​មិន​រត់​ចោល​មាតុភូមិ​កម្ពុជា មិន​បោះបង់​ចោល​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ សុខចិត្ត​តស៊ូ​អត់ធ្មត់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ព្រមទាំង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ នៅ​ដើម​សប្តាហ៍​នេះ។

ដោយឡែក​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២២ នេះ លោក កឹម សុខា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា អ្នកស្រី Carmen Moreno និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក Christian Berger ផង​ដែរ។

បើ​ទោះបីជា​លោក កឹម សុខា ស្ថិត​ក្នុង​ការ​ចោទប្រកាន់ និង​ការ​រឹតត្បិត​សេរីភាព​យ៉ាង​ណា​ក្តី ប៉ុន្តែ​ចាប់តាំង​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២០ មក តំណាង​អង្គទូត​នៃ​ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា​បាន​នាំគ្នា​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជា​បន្តបន្ទាប់ ដូចជា​តំណាង​សហគមន៍​អឺរ៉ុប តំណាង​ទូត​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត ដើម្បី​បង្ហាញ​ពី​ការ​ទាមទារ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បើក​លំហ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​បើក​សិទ្ធិ​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង​ឡើងវិញ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បិទ​សេរីភាព​លោក កឹម សុខា គឺ​មាន​តែ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ប្រយោជន៍​ខ្លួនឯង​ប៉ុណ្ណោះ ដូចជា​ការ​ខាតបង់​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ ខាតបង់​ការ​យកចិត្ត​ទុកដាក់​របស់​សហគមន៍​អន្តរជាតិ ដែល​នឹង​ឈាន​ទៅ​រក​ការ​ខាតបង់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ប៉ុន្តែ​លោក​នៅ​តែ​មាន​ភាព​ស្អាតស្អំ ព្រោះ​ថា​រហូត​មក​ទល់​នឹង​ពេលនេះ តុលាការ​កម្ពុជា​មិន​ទាន់​មាន​ភស្តុតាង​ណា​មួយ​ដើម្បី​ដាក់​បន្ទុក​ឈាន​ដល់​ការ​កាត់ទោស​លោក​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស