29.3 C
Phnom Penh

បទវិភាគ៖ មេដឹកនាំ​ថ្មី​មួយ​នៅ​អាស៊ី​ដែល​ចិន​គិត​ថា​ក្លាយ​ជា​មិត្ត​ផង​ជា​អាយ៉ង​របស់​ខ្លួន​ផង ទំនង​មិន​ដូច​បំណង​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​រយៈពេល​តែ ២​ខែ​ប៉ុណ្ណោះ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​មេដឹកនាំ​ថ្មី​ដល់​ទៅ ៥​រូប។ ប្រទេស​ដែល​មាន​មេដឹកនាំ​ថ្មី គេ​អាច​រាប់​ពី​ប្រទេស​ប៉ាគីស្ថាន ប្រទេស​ស្រីលង្កា កូរ៉េ​ខាងត្បូង អូស្ត្រាលី និង​ហ្វីលីពីន។ ប៉ុន្តែ​ក្នុង​ចំណោម​មេដឹកនាំ ៥​ប្រទេស​នេះ គឺ​មេដឹកនាំ​ប្រទេស​ប៉ាគីស្ថាន និង​ស្រីលង្កា ដែល​នៅ​ភូមិភាគ​អាស៊ី​ខាងត្បូង ពុំ​បាន​ឆ្លងកាត់​ការ​បោះឆ្នោត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន​នោះ​ទេ។

លោក Shehbaz Sharif ត្រូវ​បាន​សភា​របស់​ប្រទេស​ប៉ាគីស្ថាន បោះឆ្នោត​ទុកចិត្ត​ដំឡើង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក Imran Khan ដែល​ត្រូវ​បាន​សភា​ទម្លាក់​ពី​តំណែង។ លោក Imran Khan ជា​មេដឹកនាំ​ជំនាន់​ក្រោយ​នៃ​ប្រទេស​ឥស្លាម​មួយ​នេះ​មាន​ទំនោរ​ទៅ​រក​ប្រទេស​ចិន។

លោក Imran Khan ត្រូវ​បាន​ក្រុម​ប្រឆាំង​ដាក់​ការ​សង្ស័យ​ថា នឹង​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​ទ័ព​របស់​ចិន​នៅ​លើ​ទឹកដី​អាស៊ី​ខាងត្បូង​មួយ​នេះ។ នេះ​ជា​ផ្នែក​មួយ​នៃ​រឿង​អាស្រូវ​ខាង​នយោបាយ ដែល​ទាញ​ឱ្យ​បុរស​ជើងឯក​កីឡា​គ្រីឃិត ត្រូវ​បាន​ទាញ​ទម្លាក់​ពី​អំណាច​ដោយ​សមាជិក​សភា​ក្រុម​ប្រឆាំង។

ជា​ការ​កត់សម្គាល់​មួយ​ទៀត​នោះ គឺ​បុរស​នេះ​បាន​ដឹកនាំ​ប្រទេស​ប៉ាគីស្ថាន បណ្ដោយ​ឱ្យ​ធ្លាក់​ក្នុង​បំណុល​ចិន​គរ​ដូច​ភ្នំ ឬ​គេ​ហៅថា​បំណុល​វ័ណ្ឌក​រើ​ខ្លួន​ពុំ​រួច ហើយ​ក៏​ចង់​យល់ព្រម​ឱ្យ​ចិន​ស្ថាបនា​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹកដី​ប៉ាគីស្ថាន។ តែ​ចំណុច​នយោបាយ​ដ៏​ខ្សោយ​របស់​លោក Imran Khan គឺ​ផ្ដើម​ចេញពី​សហរដ្ឋ​អាមេរិក ហើយ​នាំ​ឱ្យ​ក្រុម​ប្រឆាំង​មាន​ជំហរ​រួម​ប្រឆាំង​នឹង​ផែនការ​ឱ្យ​ចិន​មាន​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹកដី​ប៉ាគីស្ថាន។

តែ​យ៉ាងណា សម្រាប់​លោក Imran Khan បាន​បដិសេធ​ដាច់ខាត​ចំពោះ​ការ​ចោទ​របស់​សហរដ្ឋ​អាមេរិក។ តែ​បែប​នេះ​ក្ដី លោក Imran Khan ធ្លាក់​ពី​អំណាច​ដោយសារ​រឿង​អាស្រូវ​នយោបាយ​មួយ​នេះ គឺ​ធំ​ជាង​ករណី​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច។

ដោយឡែក​ប្រទេស​ស្រីលង្កា​វិញ គឺ​លោក Ranil Wickremesinghe ក៏​ត្រូវ​បាន​សភា​បោះឆ្នោត​ឱ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ដែរ ប៉ុន្តែ​សភា​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ពុំ​បាន​ទម្លាក់​លោក Mahinda Rajapaksa ពី​តំណែង​នោះ​ទេ គឺ​ខុសពី​ប្រទេស​ប៉ាគីស្ថាន។

ជា​ការពិត លោក Mahinda Rajapaksa ដែល​ជា​អាយ៉ង​របស់​ចិន ត្រូវ​បាន​ប្រជាជន​ស្រីលង្កា​ដេញ​ឱ្យ​ចេញពី​តំណែង​នៅ​ក្រោម​កម្ដៅ​នៃ​កំហឹង​របស់​ប្រជាជន ដោយសារ​បុរស​នេះ​ដឹកនាំ​ប្រទេស​ធ្លាក់​ក្នុង​បំណុល​ចិន​វ័ណ្ឌក ដោយ​នាំ​ឱ្យ​ចិន​រឹបអូស​កំពង់ផែ​សមុទ្រ​ដែល​ស្ថាបនា​អស់​ថវិកា​ជាង​មួយ​ពាន់​លាន​ដុល្លារ​ក្រោម​ប្រាក់កម្ចី​របស់​ចិន ហើយ​រុញ​ឱ្យ​សេដ្ឋកិច្ច​ស្រីលង្កា​ក្រឡាប់ ទើប​ពលរដ្ឋ​ចេញ​ធ្វើ​បាតុកម្ម​បណ្ដេញ​បុរស​នេះ​ពី​អំណាច។

បច្ចុប្បន្ន ប្រទេស​ស្រីលង្កា មាន​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​ក្រោម​នាយករដ្ឋមន្ត្រី​ថ្មី លោក Ranil Wickremesinghe មកពី​ក្រុម​ប្រឆាំង។ លោក Ranil Wickremesinghe ដែល​មកពី​ក្រុម​ប្រឆាំង​ត្រូវ​បាន​មើល​ឃើញ​ថា ជា​អ្នក​នយោបាយ​ទោរទន់​ទៅ​រក​ឥណ្ឌា។ សរុប​ទៅ ចិន​បាត់បង់​មិត្តភ័ក្ដិ​ជា​អាយ៉ង​របស់​ខ្លួន​ពីរ​រូប​នៅ​ក្នុង​កាលៈទេសៈ​ប្រហាក់ប្រហែល​គ្នា ហើយ​នៅ​ចំ​ពេល​ដំណាល​គ្នា។

មេដឹកនាំ​ថ្មី​ប្រទេស​បី​ទៀត គឺ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​ប្រធានាធិបតី​ហ្វីលីពីន ថា​តើ​មេដឹកនាំ​បី​ប្រទេស​នេះ​អាច​ជា​អាយ៉ង​របស់​ចិន​ដែរ​ឬ​ទេ។

លោក Yoon Suk-yeol ដែល​ជា​អតីត​អគ្គ​រដ្ឋអាជ្ញា បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃទី​១០ ឧសភា ជា​ថ្ងៃ​ដែល​លោក​ស្បថ​ចូល​កាន់​តំណែង​ដ៏​កំពូល​របស់​ប្រទេស​សាធារណរដ្ឋ​មួយ​នៅ​អាស៊ី​ខាងកើត។ បុរស​នេះ​មិន​បាន​ពោល​ពាក្យ​មួយ​ម៉ាត់​ថា​សុខចិត្ត​អត់ធ្មត់​សង្កត់​ចិត្ត​ទទួលយក​ការ​ឈ្លានពាន​ពី​សំណាក់​កូរ៉េ​ខាងជើង​នៃ​មេដឹកនាំ​ផ្ដាច់ការ​អាយ៉ង​ចិន គឹម ជុងអ៊ុន នោះ​ទេ។ លោក​បាន​ប្រើ​វោហារសាស្ត្រ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​មាន​ឥទ្ធិពល ដោយ​វាយប្រហារ​កូរ៉េ​ខាងជើង​ថា ជា​រដ្ឋ​មួយ​ដែល​ឈ្លក់​វង្វេង​នឹង​ការ​រត់​ប្រណាំង​សព្វាវុធ ខណៈ​ប្រជាជន​របស់​ខ្លួន​រស់​យ៉ាង​វេទនា​ក្នុង​ស្ថានភាព​ជា​ទាសករ​នៃ​របប​វណ្ណៈ​អធន។

លោក​បាន​សម្ដែង​ការ​ស្មោះត្រង់ និង​សន្យា​សាមគ្គី​គ្នា​ស្អិតល្មួត​ជាមួយ​អាមេរិក ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី ដើម្បី​ពង្រឹង​សន្តិសុខ​ឧបទ្វីប​កូរ៉េ។ លោក​បាន​ប្រកាស​ប្រឈមមុខ​នឹង​កូរ៉េ​ខាងជើង​ក្នុង​គ្រប់​ស្ថានការណ៍​ទាំងអស់ ទោះជា​កូរ៉េ​ខាងជើង​បង្ក​សង្គ្រាម​ក៏ដោយ។ មិន​ត្រឹមតែ​អាមេរិក​នោះ​ទេ​ដែល​លោក Yoon Suk-yeol ត្រូវ​ពង្រឹង​សម្ពន្ធភាព គឺ​សម្ព័ន្ធ​យោធា​ចតុភាគី​ហៅថា Quad ក៏​លោក​សន្យា​បន្ត​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ផង​ដែរ ដើម្បី​ទប់ទល់​កូរ៉េ​ខាងជើង ដែល​ជា​ប្រទេស​រណប​ចិន។

លោក Yoon Suk-yeol បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​មីនា។ លោក​ជា​ប្រធានាធិបតី​ជំនួស​លោក មូន ជេអ៊ីន ដែល​ផុត​អាណត្តិ​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង។ យ៉ាងណា នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​អូស្ត្រាលី លោក Anthony Albanese ដែល​ទើប​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី​២៣ ឧសភា គឺ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការ​បោះឆ្នោត​សភា ក៏​មិន​អាច​ក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​ចិន​ដែរ។

នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang បាន​បញ្ជូន​សារ​អបអរ​សាទរ​មុន​គេ គ្រាន់តែ​ដឹង​ដំណឹង​ថា លោក Anthony Albanese បាន​ស្បថ​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ទី​៣១។ ក្នុង​លិខិត​របស់​លោក Li Keqiang បង្ហាញ​ក្ដី​សង្ឃឹម​ថា លោក Anthony Albanese នឹង​មិន​ដូច​លោក Scott Morrison ដែល​ចាត់ទុក​ចិន​ជា​សត្រូវ។ តាម​លិខិត​របស់​លោក Li Keqiang គឺ​លោក Anthony Albanese នឹង​អាច​ក្លាយ​ជា​មិត្ត​ជិតខាង​ចិន​ល្អ ហើយ​ជា​មេដឹកនាំ​អូស្ត្រាលី​យល់​នូវ​ស្ថានភាព​ក្ដៅ​ជាមួយ​នឹង​ចិន ដែល​អូស្ត្រាលី​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Scott Morrison។

លោក Li Keqiang សង្ឃឹម​ថា​លោក Anthony Albanese នឹង​បន្ថយ​កម្ដៅ​ការទូត និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន តែ​ទំនង​មិន​អាច​ដូច្នេះ​ទេ។

ការពិត លោក Anthony Albanese សន្យា​នឹង​ទប់ទល់​ការ​កើនឡើង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយ​សន្យា​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

នៅ​ក្នុង​ជំនួប​នៃ​មេដឹកនាំ​ក្រុម​ចតុភាគី Quad ដែល​មាន​សហរដ្ឋ​អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី នៅ​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី​២៤ ឧសភា លោក Anthony Albanese បាន​ថ្លែង​ថា អូស្ត្រាលី និង​ក្រុម​ចតុភាគី Quad ត្រូវ​កំណត់​ទិសដៅ​នៅ​ពេល​អនាគត​ដោយ​ធ្វើ​ឱ្យ​ចិន ត្រូវតែ​ធ្វើការ​ផ្លាស់ប្ដូរ​ជំហរ​អនុត្តរភាព។

លោក Anthony Albanese និង​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ជួប​គ្នា និង​បាន​សម្ដែង​គារវកិច្ច​ដ៏​ជិតស្និទ្ធ​នឹង​គ្នា​នៅ​ក្រៅ​វេទិកា​របស់​ចតុភាគី Quad នៅ​លើ​ទឹកដី​ប្រទេស​ជប៉ុន។ លោក បៃដិន បន្ត​សន្យា​ជួយ​អូស្ត្រាលី​គ្រប់​ស្ថានការណ៍​តានតឹង​ជាមួយ​នឹង​ចិន។ ដោយឡែក​ប្រធានាធិបតី​ជាប់​ឆ្នោត​នៃ​ប្រទេស​ហ្វីលីពីន លោក Ferdinand Marcos Jr នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ឧសភា នេះ លោក​បាន​សន្យា​ថា រូបលោក​នឹង​ទប់ស្កាត់​រាល់​ការ​ប៉ុនប៉ង​របស់​បរទេស​ដែល​សំដៅ​ជ្រៀតជ្រែក​កិច្ចការ​របស់​ប្រទេស​ហ្វីលីពីន ព្រមទាំង​ការពារ​អធិបតេយ្យភាព ក៏ដូចជា​បូរណភាព​ទឹកដី​នៃ​ប្រទេស​របស់​លោក។

វោហារសាស្ត្រ​ដ៏​ធ្ងន់​របស់​លោក Marcos Jr គឺ​ត្រង់​លោក​ថ្លែង​ថា៖ «អធិបតេយ្យភាព​របស់​ហ្វីលីពីន គឺ​មិន​អាច​បំពាន​បាន​ដាច់ខាត ហើយ​ហ្វីលីពីន​ក៏​មិន​លះបង់​ចោល​ដែរ ទោះ​ក្នុង​ទម្រង់​ណា​ក៏ដោយ ដែល​ស្ថិត​ក្នុង​ការ​រំលោភ​បំពាន​ពី​ប្រទេស​ណា​មួយ​មក​លើ​ដែនទឹក​ហ្វីលីពីន»។ លោក Marcos Jr បញ្ជាក់​ថា រូបលោក​នឹង​មិន​អនុញ្ញាត​ឱ្យ​បណ្តោយ​ឆ្នេរសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ ឬ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​ត្រូវ​បាន​រំលោភ​បំពាន​ឡើយ។

តើ​ការ​ថ្លែង​របស់​មេដឹកនាំ​ថ្មី​ហ្វីលីពីន​រូប​នេះ ចង់​សំដៅ​ទៅ​អាមេរិក ឬ​ទៅ​ប្រទេស​ចិន ខណៈ​លោក​ត្រូវ​ក្រុម​ប្រឆាំង​ចោទ​ថា ជា​អ្នក​នយោបាយ​មាន​និន្នាការ​ទៅ​រក​ក្រុង​ប៉េកាំង គឺ​ដូច​នឹង​លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតី​អស់​អាណត្តិ​នៅ​ថ្ងៃទី​៣០ មិថុនា ខាងមុខ​នេះ?

ការពិត មាន​តែ​ប្រទេស​ចិន​ទេ​ដែល​រំលោភ​បំពាន​ដែនទឹក​ហ្វីលីពីន គឺ​រហូត​បង្ខំ​ឱ្យ​លោក ឌូទើតេ សម្រេច​ចិត្ត​បោះបង់​ចោល​គំនិត​ជា​មេដឹកនាំ​អាយ៉ង​ចិន ហើយ​ចាប់​យក​សហរដ្ឋ​អាមេរិក​ឡើងវិញ​នៅ​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ។

បើ​លោក Marcos Jr ដើរ​តាម​លោក ឌូទើតេ ដូច​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ដែល​លោក ឌូទើតេ សម្រេច​ដក​ខ្លួន​ពី​ភាព​ជា​អាយ៉ង​ចិន មក​ជា​មិត្ត​នឹង​អាមេរិក​វិញ គឺ​មាន​ន័យ​ថា លោក Marcos Jr ក៏​មិន​អាច​ក្លាយ​ជា​មេដឹកនាំ​ហ្វីលីពីន​អាយ៉ង​ចិន​ដែរ គឺ​ដូច​នឹង​អ្វី​ដែល​លោក​សន្យា​ប្រឆាំង​អ្នក​ឈ្លានពាន​ដែនទឹក​របស់​ហ្វីលីពីន។ បើ​ដូចនេះ​មែន គឺ​ប្រធានាធិបតី​ហ្វីលីពីន លោក Marcos Jr គឺជា​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​មួយ​នៅ​អាស៊ី ដែល​ចិន​រំពឹង​ថា​នឹង​ក្លាយ​ជា​មិត្ត​ផង និង​ជា​អាយ៉ង​របស់​ខ្លួន​ផង ទំនង​មិន​ដូច​បំណង​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស