38 C
Phnom Penh

បទវិភាគ៖ តើ​ហេតុ​អ្វី​បាន​ជា​សីលធម៌​សង្គម​ខ្មែរ​ធ្លាក់​ចុះ​ក្នុង​សម័យ​លោក ហ៊ុន សែន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភាព​ជា​គំរូ​របស់​រៀមច្បង ចាស់ទុំ មេ​គ្រួសារ ឬ​មេដឹកនាំ​ជាតិ អាច​ជះ​ឥទ្ធិពល​ដល់​ប្អូនៗ កូន​ចៅ ឬ​ប្រជាពលរដ្ឋ​ក្នុង​សង្គម។ លោក ហ៊ុន សែន ជា​មេដឹកនាំ​ក្នុង​សង្គម​ខ្មែរ​ដ៏​យូរអង្វែង។ ដូច្នេះ​ភាព​ជា​គំរូ​របស់​គាត់​ពិតជា​អាច​មាន​ឥទ្ធិពល​ដល់​សង្គម។

ដូច្នេះ ប្រសិនបើ​គាត់​បង្ហាញ​គំរូ​ល្អ សង្គម​នឹង​ទទួល​បាន​ផល​ល្អ​ដែរ តែ​បើ​គាត់​បង្ហាញ​គំរូ​អាក្រក់ សង្គម​ក៏​នឹង​ទទួល​បាន​ផល​អាក្រក់។ ក្រៅ​តែ​ពី​ភាព​ជា​គំរូ លោក ហ៊ុន សែន ក៏​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​លើក​តម្កើង​សីលធម៌​សង្គម​ផង​ដែរ។

មុន​នឹង​ធ្វើការ​ពិភាក្សា​អំពី​បញ្ហា​សីលធម៌ គេ​គួរ​ឈ្វេងយល់​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ជា​មុន​សិន។ បើ​តាម​វចនានុក្រម​ខ្មែរ​ដែល​រៀបរៀង​ដោយ​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត សីលធម៌ គឺ​ជា​កិរិយា​មារយាទ សណ្ដាប់ធ្នាប់ ដំបូន្មាន ឬ​ទម្លាប់​នៃ​ការ​ប្រព្រឹត្ត​ដែល​ប្រាសចាក​អំពើ​អាក្រក់ ដោយ​ប្រព្រឹត្ត​តែ​អំពើ​ល្អ។

ជាទូទៅ សង្គម​គ្រួសារ និង​សង្គម​ជាតិ​មាន​រូបភាព​ប្រហាក់ប្រហែល​គ្នា​ចំពោះ​ការ​ទទួល​ខុសត្រូវ​ជា​មេ​គ្រួសារ និង​ជា​មេដឹកនាំ​ជាតិ។

ក្នុង​គ្រួសារ បើ​មេ​គ្រួសារ​ជា​ជន​មាន​លក្ខណៈ​ដូច​ជន​ពាលោ​អាវ៉ាសែ មិន​យកចិត្ត​ទុកដាក់ ឬ​មិន​ចេះ​អប់រំ​កូនៗ​ទេ កូនៗ​នៃ​គ្រួសារ​នោះ​ប្រាកដ​ជា​ភាគច្រើន​ក្លាយ​ជា​ជន​គ្មាន​ការ​អប់រំ និង​រស់នៅ​ដោយ​គ្មាន​សីលធម៌។ ក្នុង​សង្គម​ជាតិ មុខនាទី​របស់​មេដឹកនាំ គឺ​សំខាន់ និង​មាន​ឥទ្ធិពល​ដូច​មេ​គ្រួសារ​អ៊ីចឹង​ដែរ។ ដូច្នេះ វា​មាន​ន័យ​ថា ឆន្ទៈ​របស់​មេដឹកនាំ​បែប​ណា សង្គម​នឹង​ទៅ​ជា​បែប​នោះ។

ក្នុង​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ គេ​និយាយ​ថា បើ​កូន​ចៅ​មាន​ចរិត​ឫកពា កិរិយា​មារយាទ សម្ដី​រាបសា​ល្អ មាន​សុជីវធម៌ គេ​ហៅ​ថា កូន​ចៅ​អ្នក​មាន​ពូជ។ បើ​កូន​ចៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​គន្លង​នេះ គេ​ហៅថា កូន​ចៅ​អ្នក​អត់​ពូជ គ្មាន​ការ​អប់រំ​ប្រៀន​ប្រដៅ​ដិតដល់ ហើយ​ក៏​នឹង​ក្លាយ​ជា​ជន​អន្យតិរ្ថិយ។ គេ​នឹង​សាកសួរ​អ្នក​ផង ថា​តើ​ជន​នោះ​ជា​កូន​ចៅ​អ្នក​ណា?

តាម​ពិត បញ្ហា​នៃ​ការ​ធ្លាក់​ចុះ​សីលធម៌​សង្គម​នេះ​អាច​បណ្តាល​មកពី​កត្តា​ជាច្រើន ប៉ុន្តែ​មេដឹកនាំ​គឺជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​ដឹកនាំ​សង្គម។ ដូច្នេះ កត្តា​មេដឹកនាំ​គឺជា​កត្តា​សំខាន់ ព្រោះ​ថា​បើ​មេដឹកនាំ​កាច់​ចង្កូត​ទៅ​ផ្លូវ​ណា សង្គម​នឹង​ទៅ​ផ្លូវ​នោះ ជាពិសេស​ក្នុង​របប​ដឹកនាំ​ផ្ដាច់ការ។

កាលពី​មេសា ឆ្នាំ​២០២១ លោកស្រី Giulia Villirilli អ្នកជំនាញ​ខាង​ភាព​ជា​អ្នក​ដឹកនាំ​ដែល​ធ្វើជា​គ្រូ​បង្វឹក​នៅ​ស្ថាប័ន​ឈ្មោះ BetterUP បាន​ផ្សាយ​នូវ​អត្ថបទ​មួយ​អំពី​សារសំខាន់​នៃ​សីលធម៌​របស់​មេដឹកនាំ។ ក្នុង​អត្ថបទ​នោះ លោកស្រី​បាន​បាន​បញ្ជាក់​ថា៖ “មេដឹកនាំ​អាច​លើក​ទឹកចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​ឱ្យ​ពួកគេ​ធ្វើ​អ្វីៗ​ប្រកប​ដោយ​សីលធម៌។ អ្នក​ដឹកនាំ​អាច​ធ្វើ​ដូច្នោះ​តាមរយៈ​ការ​ធ្វើ​ជា​គំរូ និង​ការ​ផ្តល់​នូវ​ឱវាទ​អំពី​អត្តចរិត​ប្រកប​ដោយ​សីលធម៌”

ស្រដៀង​គ្នា​នេះ​ដែរ Newsroom Cambodia បាន​ដកស្រង់​សម្ដី​លោក ប៉ា ចាន់រឿន កាលពី​ខែ​កញ្ញា ឆ្នាំ​២០២០ កន្លងទៅ​ដែល​ថ្លែង​ថា កត្តា​សំខាន់​ពីរ​ដើម្បី​ស្ដារ​ការ​ធ្លាក់​ចុះ​សីលធម៌​សង្គម​ខ្មែរ​ឲ្យ​មាន​ការ​រះ​ត្រដែត​ឡើងវិញ​នោះ គឺ​ការ​អប់រំ និង​គំរូ​ភាព​របស់​អ្នក​មាន​អំណាច។

ដូច្នេះ កត្តា​មេដឹកនាំ​គឺជា​រឿង​សំខាន់ និង​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ស្ថានភាព​នៃ​សីលធម៌​សង្គម។ គេ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា បើ​មេដឹកនាំ​មាន​សីលធម៌​ល្អ ឬ​យកចិត្ត​ទុកដាក់​ពង្រឹង​សីលធម៌​សង្គម នោះ​ប្រជាពលរដ្ឋ​ក្នុង​សង្គម​នោះ​ក៏​នឹង​មាន​សីលធម៌​ខ្ពង់ខ្ពស់​ដែរ ប៉ុន្តែ​បើ​គេ​សង្កេត​មើល​មេដឹកនាំ​ខ្មែរ​វិញ គេ​ពុំ​ឃើញ​លោក ហ៊ុន សែន យកចិត្ត​ទុកដាក់​ប្រឹងប្រែង​លើកស្ទួយ​សីលធម៌​សង្គម​ច្បាស់លាស់​នៅឡើយ​ទេ។ គេ​ពុំ​ដែល​ឃើញ​របប​លោក ហ៊ុន សែន ដាក់​ចេញ​ជា​វិធានការ និង​ការ​អនុវត្ត​អ្វី​មួយ​ឱ្យ​ពិតប្រាកដ​ក្នុង​ការ​លើក​ស្ទួយ​សីលធម៌​សង្គម​នេះ​ឡើយ។

កាលពី​ខែ​មេសា ឆ្នាំ​២០១៥ វិទ្យុ​បារាំង RFI បាន​ផ្សាយ​ថា អ្នកវិភាគ​សង្គម​មួយ​ចំនួន​បន្ទោស​ថា ដោយសារតែ​ការ​យកចិត្ត​ទុកដាក់​របស់​អ្នក​ដឹកនាំ​នៅ​មាន​ចំណុច​ខ្វះខាត ទើប​បណ្ដាល​ឲ្យ​សីលធម៌​ខ្មែរ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ដូច្នេះ។ ការ​មិន​យកចិត្ត​ទុកដាក់​ដោយ​ចេតនា​ក្តី ឬ​អចេតនា​ក្តី គឺ​ការ​មិន​ទទួល​ខុសត្រូវ​របស់​មេដឹកនាំ និង​ជា​ការ​បង្ក​ផលវិបាក​ដល់​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ។ ជាទូទៅ គេ​សង្កេត​ឃើញ​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​មែនទែន ជាពិសេស​វិស័យ​អប់រំ និង​សាសនា​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​សីលធម៌​សង្គម។

លោក ហ៊ុន សែន ដែល​ធ្លាប់​តែ​អួត​អំពី​រឿង​សាងសង់​សាលា បាន​ស្ងាត់​មាត់​ឈឹង​អំពី​រឿង​នោះ។ ក្រៅ​តែ​ពី​បញ្ហា​ខ្វះខាត​សាលារៀន សម្ភារៈ​សិក្សា និង​កម្រិត​ប្រាក់ខែ​ទាប​សម្រាប់​គ្រូបង្រៀន មាន​បញ្ហា​ជាច្រើន​ទៀត ដូចជា​អំពើពុករលួយ និង​បក្ស​និយម​ដែល​ជំរុញ​ឲ្យ​គុណភាព​នៃ​វិស័យ​អប់រំ​ខ្មែរ​ធ្លាក់​ចុះ​ទាប​ស្ទើរ​ស្ថិតនៅ​បាត​តារាង។

កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២ កន្លងទៅ​នេះ សារព័ត៌មាន The ASEAN Post បាន​ផ្សាយ​នូវ​សេចក្តី​រាយការណ៍​ពី​ស្ថាប័ន​អន្តរជាតិ​ពីរ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) បាន​រក​ឃើញ​ថា ឱកាស​ទទួល​បាន​ការ​សិក្សា និង​គុណភាព​នៃ​វិស័យ​អប់រំ​កម្ពុជា គឺជា​បញ្ហា​សំខាន់​ដែល​គេ​ត្រូវការ​ចាំបាច់​នូវ​កម្មវិធី​សិក្សា​ប្រសើរ​ឡើង ការ​បណ្ដុះ​គ្រូ​ឱ្យ​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់ និង​ធនធាន​បន្ថែម​ទៀត​សម្រាប់​កែលំអ​សាលារៀន។ ជាមួយ​គ្នា​នេះ បណ្ដាញ​ស្ថាប័ន​អប់រំ​ពិភពលោក INSEAD បាន​ប្រៀបធៀប​កម្រិត​លូតលាស់​ផ្អែក​ទេពកោសល្យ​ដែល​ឆ្លុះបញ្ចាំង​អំពី​គុណភាព​នៃ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៨ ថា៖ “ប្រទេស​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១១១ ក្នុង​ចំណោម ១១៩​ប្រទេស ស្ដីពី​កម្រិត​លូតលាស់​ផ្នែក​ទេពកោសល្យ​ដែល​រួម​បញ្ចូល​ទាំង​ប្រព័ន្ធ​អប់រំ​ផ្លូវការ និង​គុណភាព​នៃ​ការ​គ្រប់គ្រង​សាលា”

ការ​ធ្លាក់​ចុះ​នៃ​គុណភាព​អប់រំ​របស់​ប្រទេស​កម្ពុជា គឺជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​បណ្តាល​ឱ្យ​បញ្ញា​ស្មារតី និង​សីលធម៌​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ធ្លាក់​ចុះ។ ក្នុង​អំឡុង​ពេល​គ្រប់គ្រង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ របប​ខ្មែរក្រហម​បាន​លុបចោល​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​ទាំងស្រុង និង​បាន​ពង្វក់​យុវជន​ជំនាន់​នោះ​ឱ្យ​ហ៊ាន​សម្លាប់​ឪពុក​ម្តាយ​បង្កើត​របស់​ខ្លួន​ទៀត​ផង។ ដូច្នេះ ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​អប់រំ​កម្ពុជា គឺជា​ដំណើរ​បង្កើន​ផលវិបាក​សង្គម​កាន់តែ​ខ្លាំង ជាពិសេស​អំពើ​អសីលធម៌។ ជាក់ស្តែង កូនចៅ​របស់​លោក ហ៊ុន សែន និង​បក្សពួក សុទ្ធតែ​ទៅ​សិក្សា​នៅ​បណ្តា​ប្រទេស​ជឿនលឿន ដូចជា​សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​អឺរ៉ុប ជាដើម ដោយសារ​ពួកគេ​មិន​អាច​ទទួល​យក​គុណភាព​នៃ​ប្រព័ន្ធ​អប់រំ​ដែល​របប​លោក ហ៊ុន សែន កំពុង​បង្កើត​សម្រាប់​កូន​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។

ក្រៅពី​បញ្ហា​អប់រំ វិស័យ​សាសនា​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​សីលធម៌​សង្គម ក៏​កំពុងតែ​ធ្លាក់​ចុះ​ដុនដាប​ដែរ។ របប​លោក ហ៊ុន សែន បាន​ប្រើប្រាស់​ស្ថាប័ន​សាសនា​ជា​ឈ្នាន់​នយោបាយ ដោយ​បង្កើត​ខ្សែរយៈ​បក្ស​នៅ​ក្នុង​រចនាសម្ព័ន្ឋ​គ្រប់គ្រង​សាសនា​តាមរយៈ​ការ​តែងតាំង ឬ​ផ្តល់​មុខនាទី និង​លាភ​សក្ការៈ​ផ្សេងៗ។ ជាក់ស្តែង សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ គណៈ​មហានិកាយ ទេព វង្ស បាន​យាង​សម្ដែង​តួ​យ៉ាង​សកម្ម​ក្នុង​ការ​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) បាន​ផ្សាយ​ថា សម្តេច​សង្ឃរាជ ទេព វង្ស បាន​ប្រកាស​ដីកា​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ដូច្នេះ ក្បាល​ម៉ាស៊ីន និង​រចនាសម្ព័ន្ធ​ដឹកនាំ​ព្រះពុទ្ធសាសនា​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន កំពុង​ដើរ​តាម​មាគ៌ា​របស់​បក្ស ដើម្បី​បម្រើ​បក្ស ដែល​គេ​ចោទ​ថា​ជា​បក្ស​ដឹកនាំ​ផ្ដាច់ការ ជាជាង​ដើរ​តាម​មាគ៌ា​ព្រះពុទ្ធ​បរមគ្រូ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។ ក្នុង​ព្រហ្ម​វិហារធម៌​បួន​យ៉ាង៖ មេត្តា ករុណា មុទិតា ឧបេក្ខា ព្រះអង្គ​ប្រាសចាក​ធម៌​ឧបេក្ខា​ហើយ។

ក្រៅពី​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​វិស័យ​សិក្សា​អប់រំ និង​សាសនា​ចុះ​ខ្សោយ គាត់​ក៏​បាន​បង្កើត​នូវ​គំរូ​អាក្រក់​ជាច្រើន​ដល់​សមាជិក​គ្រួសារ និង​មន្ត្រី​របស់​គាត់។ លោក ហ៊ុន សែន តែងតែ​បង្ហាញ​នូវ​អត្តចរិត​ឃោរឃៅ​របៀប​ជា​ជនពាល ដោយ​ប្រើ​សម្ដី​គ្រោតគ្រាត និង​ជេរប្រមាថ​គេ​ឯង​ជា​សាធារណៈ។ ពេល​គាត់​សម្ដែង​ចរិត​អសីលធម៌​បែប​នោះ ពួក​មន្ត្រី​ជុំវិញ​គាត់​តែងតែ​ទះ​ដៃ​សាទរ​លើក​តម្កើង​គាត់។ ដូច្នេះ មនុស្ស​ខ្លះ ជាពិសេស​ក្មេងៗ​អាច​យល់​ថា​ការ​ធ្វើ​ចរិត​ពាល ឈ្លើយ ទៅ​ជា​សឿង ឡូយ ឆ្នើម នឹង​ទទួល​បាន​ការ​កោត​សរសើរ​ពី​អ្នក​ដទៃ។

លោក ហ៊ុន សែន ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់ទុក​ថា​ជា​ជន​ផ្ដាច់ការ​ដែល​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា។ អំពើ​ហិង្សា និង​អំពើ​ឃាតកម្ម​ជាច្រើន ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ស្នាដៃ​របស់​គាត់ ឬ​សមាជិក​គ្រួសារ និង​បក្សពួក​របស់​គាត់។ ឃាតកម្ម​ទាំងនោះ​រួម​ទាំង​ឃាតកម្ម​លើ​ក្រុម​សិល្បករ អ្នកជំនួញ មន្ត្រី​នយោបាយ ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស។ល។

ការ​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពីលីកា ឧកញ៉ា អ៊ឹង ម៉េងជឺ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះ​ភិក្ខុ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​បណ្ឌិត កែម ឡី ជាដើម សុទ្ធតែ​ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​ពាក់ព័ន្ធ​នឹង​គាត់ ឬ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ ប្រសិនបើ​ការ​សង្ស័យ​នោះ​ជា​ការពិត វា​មាន​ន័យ​ថា មនុស្ស​ជុំវិញ​ខ្លួន​គាត់ ជាពិសេស​កូនៗ​របស់​គាត់​បាន​ចម្លង​គំរូ​អាក្រក់ ឬ​អសីលធម៌​ពី​គាត់​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ជាក់ស្តែង លោក ហ៊ុន សែន ប្រើ​ពាក្យ​បដិវត្តន៍​ពណ៌​ដើម្បី​លាប​ពណ៌ និង​គំរាម​គេ​ឯង កូនៗ​របស់​គាត់​ក៏​ធ្វើ​ដូច្នោះ​តាម​គាត់​ដែរ។

អំពើ​យង់ឃ្នង​តាម​បែប​កុម្មុយនីស្ត​ក្នុង​សម័យ​ខ្មែរក្រហម ជ្រោមជ្រែង​ដោយ​បក្ស​កុម្មុយនីស្ត​យៀកណាម គេ​បំបាត់​សីលធម៌ សាសនា និង​បំបាត់​ប្រព័ន្ធ​សិក្សា​អប់រំ ហើយ​ឧបកិច្ច​ថា​ជា​កម្មវិធី​ធ្វើ​ខេមរាធិបតេយ្យ ឬ​ខ្មែរ​ពិតៗ​បំបាត់​វណ្ណៈ​ជិះជាន់ លើក​កម្ពស់​វណ្ណៈ​ពលករ កម្មករ កសិករ។ អំពើ​អន្យតិរ្ថិយ​យង់ឃ្នង​ក្នុង​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ក្នុង​រាជាណាចក្រ​ទី​២ លោក ហ៊ុន សែន ក៏​បាន​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ខ្មែរ​ធ្លាក់​ចុះ​ដុនដាប​ជា​ដរាប​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ គេ​ឧបកិច្ច​ថា​ជា​យុទ្ធសាស្ត្រ «ឈ្នះ​ឈ្នះ» ហើយ​ថា​ដើម្បី​រក្សា​សន្តិភាព។

សរុប​សេចក្តី​ទៅ លោក ហ៊ុន សែន គឺជា​ផ្នែក​មួយ​ដ៏​ចម្បង​ជួយ​ដល់​ការ​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ជាតិ​ខ្មែរ​រេចរឹល​ធ្លាក់​ចុះ​ឱនថយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស