32.5 C
Phnom Penh

អាមេរិក​បារម្ភ​ក្រោយពី​ទស្សនកិច្ច​ពី​តំណាង អ.ស.ប ផ្នែក​សិទ្ធិមនុស្ស​ទៅ​ប្រទេស​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី Michelle Bachelet ថា​ទស្សនកិច្ច​ទៅ​ចិន មាន​លទ្ធផល​តិចតួច ខណៈ​សហរដ្ឋ​អាមេរិក​ថា​ចិន រៀបចំ​ឆាក​រួច​ហើយ ទើប​ឱ្យ​អ្នកស្រី​ទៅ​ស៊ីនជាំង បាញ់​ទឹកសាប៊ូ​ជម្រះ​ក្លិន​ឈាម អាច​ជា​ឈុត​ឆាក​នៅ​ពីក្រោយ​ការ​លាង​ជម្រះ​ស្លាកស្នាម​នៃ​ការ​ធ្វើ​ទារុណ​ទៅលើ​ជាតិ​សាសន៍​អ៊ុយហ្គឺ កាន់​សាសនា​មូស្លីម នៅ​តំបន់​ស៊ីនជាំង ទើប​ចិន​ស្វាគមន៍​ទស្សនកិច្ច​ប្រតិភូ​មន្ត្រី​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដឹកនាំ​ដោយ​អ្នកស្រី Michelle Bachelet ជា​ប្រធាន​ស្ថាប័ន​មួយ​នេះ។

តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP អ្នកស្រី Michelle Bachelet ជា​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ធ្វើ​ទស្សនកិច្ច​លើ​ទឹកដី​ចិន រយៈពេល ៦​ថ្ងៃ ដោយ​អ្នកស្រី​ត្រូវ​ដាក់​ផែនការ​ឱ្យ​ក្រុង​ប៉េកាំង ដឹង​ច្រើន​ខែ​មុន។ អ្នកស្រី​ត្រូវ​ទៅ​កាន់​តំបន់​មួយ​ចំនួន​លើ​ទឹកដី​ចិន ដែល​ជា​តំបន់​សង្ស័យ​អំពី​ការ​ធ្វើ​ទារុណកម្ម​លើ​ក្រុម​ជាតិ​សាសន៍​ចម្រុះ គឺ​យ៉ាងហោចណាស់​ជិត ៣​ឆ្នាំ ទើប​រដ្ឋាភិបាល​ចិន យល់​ព្រម​ឱ្យ​អ្នកស្រី​ទៅ​ពិនិត្យ​ស្ថានភាព​បែប​នេះ។

សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ប្រមុខ​ការបរទេស​អាមេរិក លោក Antony Blinken បាន​ផ្ដើម​ចោទ​មុន​គេ​ថា អាជ្ញាធរ​ចិន​បាន​បិទបាំង​ដោយ​លាង​ជម្រះ​អស់​ហើយ​នូវ​ស្លាកស្នាម​ទារុណកម្ម​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ឃោរឃៅ និង​បាន​រៀបចំ​ឆាក​បំភ័ន្ត​ភ្នែក​ទៀត​ផង។ តាម​មើល​ទៅ លោក Antony Blinken ចង់​ប្រាប់​ថា អាជ្ញាធរ​ចិន បាន​រៀបចំ​ឈុត​ឆាក​ស្អាត​ហើយ ទើប​អនុញ្ញាត​ឱ្យ​មាន​ប្រតិភូ​របស់​អ្នកស្រី Michelle Bachelet ទៅ​ពិនិត្យ​មើល​នៅ​តំបន់​ទាំងនោះ ជាពិសេស​គឺ​តំបន់​ស៊ីនជាំង។

សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន សេតវិមាន​សម្ដែង​ការ​បារម្ភ​ថា អ្វីៗ​បាន​រៀបរយ​ស្អាត​ហើយ ទើប​ចិន​ទទួល​ប្រតិភូ​នៃ​ក្រុម​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។ លោក Antony Blinken បាន​រំឭក​ជំហរ​របស់​អាមេរិក​ឡើងវិញ​ថា ទោះជា​លទ្ធផល​មាន​តិចតួច​ក្ដី ក៏​សម្រាប់​អាមេរិក​មិន​អាច​ទទួល​យក​បាន​ឡើយ។

តំបន់​ស្វយ័ត​ស៊ីនជាំង គឺ​តំបន់​ដែល​សហគមន៍​មូស្លីម​អ៊ុយហ្គឺ​តាំង​ទីលំនៅ​រាប់​រយ​ឆ្នាំ​មក​ហើយ ជា​ដែនដី​នៃ​ប្រទេស​ធើគីស្ថាន​ខាងកើត ដែល​ចិន​ទន្ទ្រាន​កាន់កាប់​ត្រួតត្រា។ តំបន់​វាល​ខ្សាច់​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន​នេះ មាន​ប្រជាជន​ជាតិ​សាសន៍​អ៊ុយហ្គឺ​កាន់​សាសនា​អ៊ីស្លាម​ជាង ១២​លាន​នាក់។ វា​ជា​តំបន់​មួយ​ដែល​ក្រុង​ប៉េកាំង បញ្ជូន​ជាតិ​សាសន៍​ដើម​ចិន​អំបូរ​ហាន ឱ្យ​មក​រស់នៅ​ជាមួយ​ក្រុម​សហគមន៍​អ៊ុយហ្គឺ ដោយ​បង្ក​ឱ្យ​មាន​ការ​រើសអើង​ប្រកាន់​ជាតិ​សាសន៍ រហូត​ក្រុង​ប៉េកាំង​បញ្ជូន​អាជ្ញាធរ​ពី​ក្រុង​ប៉េកាំង​មក​បាញ់​បង្ក្រាប និង​ចាប់​ខ្លួន​ធ្វើ​ទារុណកម្ម​យក​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​លុត​ដំ ហើយ​បើ​តាម​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) គឺ​ជាតិ​សាសន៍​អ៊ុយហ្គឺ​យ៉ាងតិច​ជាង​មួយ​លាន​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ឃុំ​ខ្លួន និង​ធ្វើ​ទារុណកម្ម​ដោយ​គ្រៀវ​ប្រដាប់​បន្ត​ពូជ​ទៀត​ផង មុន​ដោះលែង​ពួកគេ​ទៅ​ជួបជុំ​គ្រួសារ​វិញ។

សម្រាប់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជាង ៦០ ទៀត រួម​នឹង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន កាលពី​ចុងឆ្នាំ​២០២០ ដែល​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ក្រុង​ញីវយ៉ក បាន​ហៅ​ទង្វើ​របស់​របប​កុម្មុយនីស្ត​ចិន ថា​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ជាតិ​សាសន៍​ភាគតិច​អ៊ុយហ្គឺ។

អ្នកស្រី Michelle Bachelet គឺជា​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស។ អ្នកស្រី​បាន​បិទ​បញ្ចប់​ទស្សនកិច្ច​របស់​អ្នកស្រី​រយៈពេល ៦​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន កាលពី​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ឧសភា។ នៅ​ក្នុង​ទស្សនកិច្ច​រយៈពេល ៦​ថ្ងៃ អ្នកស្រី Bachelet ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​ថ្នាក់​ដឹកនាំ​ចិន​ជាច្រើន​រូប និង​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​ជាច្រើន ក្នុង​នោះ​មាន​ទាំង​តំបន់​ស៊ីនជាំង ទីបេ និង​ដែនដី​ហុងកុង ប៉ុន្តែ​ទស្សនកិច្ច​របស់​អ្នកស្រី​ត្រូវតែ​ជូនដំណឹង​ជា​មុន​ទៅ​ឱ្យ​អាជ្ញាធរ​ចិន ទើប​ត្រូវ​បាន​អនុញ្ញាត។ សម្រាប់​ដែនដី​ស៊ីនជាំង អ្នកស្រី​បាន​ចំណាយ​ពេល ២​ថ្ងៃ។ ក្នុង​តំបន់​នេះ អ្នកស្រី​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ចិន រួម​នឹង​ប្រជាជន​រស់នៅ​ក្នុង​តំបន់​នេះ​ដែល​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​អនុញ្ញាត​ឱ្យ​ពួកគេ​ជួប​អ្នកស្រី។

ក្រៅពី​ជួប​ថ្នាក់​ដឹកនាំ​តំបន់​ស៊ីនជាំង និង​តំបន់​ផ្សេង​ទៀត អ្នកស្រី​ត្រូវ​បាន​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) អនុញ្ញាត​ឱ្យ​ជួប តែ​ជា​ជំនួប​តាម​វីដេអូ។ ទោះជា​យ៉ាង​ណា​ក្តី អ្នកស្រី​បាន​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​មួយ​តាម​អនឡាញ​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​អ្នក​សារព័ត៌មាន។ អ្នកស្រី​ប្រកាស​ថា ទស្សនកិច្ច​របស់​អ្នកស្រី​មាន​លទ្ធផល​តិចតួច​បំផុត។

អ្នកស្រី Bachelet ដែល​ជា​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ហៅ​ដំណើរ​ទៅ​ប្រទេស​ចិន និង​ទៅ​តំបន់​មួយ​ចំនួន​ក្នុង​ដែនដី​ចិន គឺ​គ្រាន់តែ​ជា​ទស្សនកិច្ច​ដោះដូរ​ទស្សនវិស័យ​ផ្ទាល់​ជាមួយ​ថ្នាក់​ដឹកនាំ​ចិន​ប៉ុណ្ណោះ គឺ​ពុំ​មែន​ទៅ​ដើម្បី​ស៊ើបអង្កេត​នោះ​ទេ។ ក្នុង​ជំនួប​នឹង​ប្រធានាធិបតី​ចិន ស៊ី ជីនពីង អ្នកស្រី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នកស្រី​បាន​ស្នើ​ឱ្យ​ចិន​បញ្ចប់​ការ​កាត់ទោស​ដោយ​ប្រហារ​ជីវិត។

រឿង​របប​ក្រុង​ប៉េកាំង រំលោភ​សិទ្ធិមនុស្ស គឺ​ចិន​បាក់​មុខ​ជា​ខ្លាំង​នៅ​វេទិកា​អន្តរជាតិ​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង ហុងកុង និង​ទីបេ។

កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​លើ​វេទិកា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស សមាជិក​ក្រុមប្រឹក្សា​នេះ​ដែល​មាន​សំឡេង ៤០​ប្រទេស​ក្នុង​ចំណោម ៤៧​ប្រទេស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចិន ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង ហុងកុង និង​ទីបេ។

ប្រទេស​កាណាដា ដែល​ជា​ប្រធាន​វេន​នៃ​កិច្ច​ប្រជុំ បាន​និយាយ​តំណាង​ឲ្យ​ប្រមាណ ៤០​ប្រទេស​ដោយ​ប្រើ​ពាក្យ​សម្ដី​វាយប្រហារ​ធ្ងន់ៗ​ទៅលើ​ការ​រំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​អាជ្ញាធរ​ចិន នៅ​ក្នុង​តំបន់​ទាំង​បី​នេះ ជាពិសេស​គឺ​តំបន់​ស៊ីនជាំង។

នៅ​ក្នុង​សម័យ​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ពេល​នោះ គេ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ប្រមាណ ៤០​ប្រទេស និង​ត្រូវ​បាន​អាន​ដោយ​ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​អង្គការ​សហប្រជាជាតិ អ្នកស្រី Leslie Norton ដែល​ជា​ប្រធាន​វេន​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស។

សេចក្តី​ថ្លែងការណ៍​នេះ​ក៏​បាន​ទទូច​ឲ្យ​ចិន បើក​ទ្វារ​ទទួល​ក្រុម​អ្នក​ស៊ើប​អង្កេត​ឯករាជ្យ និង​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ចូល​ទៅ​តំបន់​ស៊ីនជាំង រួម​ទាំង​បិទ​បញ្ចប់​ការ​ឃុំ​ខ្លួន​ជនជាតិ​អ៊ុយហ្គឺ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ជនជាតិ​ភាគតិច​មូស្លីម (អ្នក​កាន់​សាសនា​អ៊ីស្លាម) ផ្សេង​ទៀត។

ក្រៅពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង អ្នកស្រី Leslie Norton ក៏​បាន​សម្ដែង​ក្តី​បារម្ភ​លើ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​ហុងកុង និង​នៅ​ទីបេ ផង​ដែរ តែ​ក្រុង​ប៉េកាំង​ប្រកាស​មិន​បើក​ផ្លូវ​ឱ្យ​ក្រុម​អង្គការ​ជំនាញ​ខាង​ស៊ើប​អង្កេត​ឯករាជ្យ​អន្តរជាតិ​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស ទៅកាន់​តំបន់​ស៊ីនជាំង ដែនដី​ទីបេ ឬ​ហុងកុង ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស