39.4 C
Phnom Penh

លោក សុន ឆ័យ ថា​ដំណើរការ​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាក្រក់​នឹក​ស្មាន​មិន​ដល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ថា​ដំណើរការ​បោះឆ្នោត​អាណត្តិ​ទី​៥ នេះ​អាក្រក់​ហួស​ការ​ស្មាន ព្រោះ​ថា​បក្ស​កាន់​អំណាច​បាន​គ្រប់គ្រង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ ជាពិសេស​គឺ​ស្ថាប័ន គ.ជ.ប។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៧ មិថុនា ថា ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៥ មិថុនា កន្លងទៅ គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​មេឃុំ ៤​នាក់ គឺជា​លទ្ធផល​ក្រោយពី​ការ​លួច​សន្លឹកឆ្នោត​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ហើយ​គណបក្ស​របស់​លោក​ត្រូវតែ​ទទួល​យក​លទ្ធផល​នេះ ដើម្បី​ឱ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​អាច​ពឹងពាក់​បាន​ខ្លះ​នៅ​ឃុំ​ដែល​គណបក្ស​ភ្លើង​ទៀន​ឈ្នះ​មេឃុំ។

លោក សុន ឆ័យ អះអាង​ថា ក្នុង​ដំណាក់កាល​នេះ គណបក្ស​ភ្លើង​ទៀន​កំពុងតែ​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​នៅ​តាម​បណ្តា​ខេត្ត​នីមួយៗ ចំពោះ​ភាព​មិន​ប្រក្រតី​នៅ​តាម​ការិយាល័យ​នៃ​ឃុំ-សង្កាត់​ដែល​ខ្លួន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ។

លោក​បន្ត​ថា គណបក្ស​ភ្លើង​ទៀន​ក៏​គ្រោង​នឹង​ជួប​ជាមួយ​គណបក្ស​នយោបាយ​ដែល​មើល​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នេះ​ដែរ ដើម្បី​តវ៉ា​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​រក​យុត្តិធម៌​ចំពោះ​បញ្ហា​នេះ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​នូវ​ឯករាជភាព​របស់​ស្ថាប័ន​អាជ្ញាកណ្ដាល គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មិន​ត្រូវ​ឱ្យ​មាន​មន្ត្រី​របស់​គណបក្ស​នយោបាយ​ទៅ​ដឹកនាំ​នោះ​ទេ ប៉ុន្តែ​គេ​ត្រូវ​ជ្រើសរើស​មនុស្ស​ដែល​មាន​សមត្ថភាព និង​ប្រវត្តិ​ល្អ​ត្រឹមត្រូវ​មកពី​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល ដូចជា​អង្គការ​សង្គម​ស៊ីវិល ជាដើម ឱ្យ​ចូល​មក​ដឹកនាំ​ស្ថាប័ន​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ​ទើប​តែ​ត្រូវ​បាន​បញ្ចប់​ក្រោម​ពាក្យ​រិះគន់​ជុំ​ទិស​ថា​ជា​ការ​បោះឆ្នោត​មួយ​ដែល​មិន​ត្រឹមត្រូវ និង​គ្មាន​តម្លាភាព។

ប្រធាន​អង្គការ​អភិវឌ្ឍ​ផ្នត់គំនិត លោក សេក សុជាតិ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ប្រសិនបើ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ចង់​បាន​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ដោយ​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ត្រូវតែ​នាំគ្នា​ផ្លាស់ប្ដូរ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ជា​មន្ត្រី​របស់​គណបក្ស​នយោបាយ​ចេញ​ឱ្យ​អស់ ដោយ​ជំនួស​មកវិញ​នូវ​សមាសភាព​ដែល​មាន​ភាព​ឯករាជ្យ​សម្រាប់​ដឹកនាំ​ស្ថាប័ន​នេះ។

លោក សេក សុជាតិ បញ្ជាក់​ថា ដើម្បី​ផ្លាស់ប្ដូរ​នូវ​សមាសភាព​នៃ​ស្ថាប័ន​នេះ​បាន ក្រុម​អ្នក​នយោបាយ​ដែល​និយម​ប្រជាធិបតេយ្យ​ត្រូវតែ​រក្សា​ការ​រួបរួម និង​ចៀស​ឱ្យ​ផុត​ពី​ការ​បែកបាក់​កម្លាំង​សាមគ្គី​របស់​ខ្លួន ព្រោះ​ថា​បើ​ពួកគេ​បែកខ្ញែក​កម្លាំង​គ្នា​ដូច​សព្វថ្ងៃ​នេះ ការ​ចង់​បាន​របស់​ពួកគេ​ក៏​មិន​អាច​ធ្វើ​ទៅ​បាន​ដែរ ស្រប​ពេល​ដែល​បក្ស​កាន់​អំណាច​រក្សា​កម្លាំង​របស់​គេ​យ៉ាង​រឹងមាំ​ទៅ​ហើយ​នោះ។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និកហ្វិច (NICFEC) លោក សំ គន្ធាមី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បញ្ហា​ដែល​បាន​កើតឡើង​បណ្ដាល​មកពី​កត្តា​ចម្បង​៣ ក្នុង​នោះ​មកពី​ស្ថាប័ន គ.ជ.ប ខ្វះ​ឯករាជ្យ​ពេញលេញ រីឯ​ក្រុម​អ្នក​នយោបាយ​ដែល​ទទួល​ផល​ប្រយោជន៍​ពី​ការ​បោះឆ្នោត​នៅ​ក្រៅ​រដ្ឋាភិបាល មិន​ចេះ​ធ្វើការ​រួម​គ្នា​ដើម្បី​បង្កើត​សំឡេង​រួម ទាមទារ​លក្ខខណ្ឌ ឬ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដែល​ពួកគេ​គិត​ថា​ជា​ដើមចម​បង្ក​ការ​គំរាមកំហែង​មុន​ពេល​ចូល​ប្រកួត និង​មួយ​ទៀត​អាច​មកពី​ការ​មិន​អើពើ​ដើម្បី​តម្កល់​ប្រយោជន៍​រួម​របស់​អ្នក​នយោបាយ​ដែល​មាន​ប្រៀប។

លោក​យល់​ថា បញ្ហា​នេះ​នឹង​កើតឡើង​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​ម្តង​ទៀត បើ​ក្រុម​អ្នក​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិបាល​នៅតែ​មិន​អាច​ធ្វើ​ការ​រួម​គ្នា​បាន។

យោង​តាម​របាយការណ៍​សង្ខេប​បឋម​ស្ដីពី​ស្ថានភាព​នៃ​ដំណើរការ​នៅ​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ ដែល​ចេញ​នៅ​ថ្ងៃទី​៧ ខែ​មិថុនា បាន​ឱ្យ​ដឹង​ថា អំឡុង​ពេល​បោះឆ្នោត នា​ថ្ងៃទី​៥ ខែ​មិថុនា ពួកគេ​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​តាម​មណ្ឌល ឬ​ការិយាល័យ​បោះឆ្នោត ដូចជា​មាន​វត្តមាន​អាជ្ញាធរ​មូលដ្ឋាន សមាជិក​ភូមិ មេភូមិ មេឃុំ ចៅសង្កាត់ មន្ត្រី​នគរបាល និង​បេក្ខជន​ឈរ​ឈ្មោះ បាន​ទៅ​ឈរ​នៅ​ក្នុង​បរិវេណ​ការិយាល័យ​បោះឆ្នោត ឬ​តាម​ភូមិ​នានា​ក្នុង​ឃុំ-សង្កាត់​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស