33.2 C
Phnom Penh

លោក ហ៊ុន សែន កាត់​ផ្ទៃដី​មេ​ទឹក​និង​បឹង​ចំនួន​៤​ទំហំ​ជាង​២០០​ហិកតារ​ឱ្យ​ឯកជន​គ្រប់គ្រង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផ្ទៃដី​មេ​ទឹក និង​បឹង​ដែល​មាន​ទំហំ​ជាង ២៣៤​ហិកតារ​ស្ថិត​នៅ​ស្រុក​ចំនួន​៣ ក្នុង​ខេត្ត​កណ្តាល ត្រូវ​បាន​លោក ហ៊ុន សែន ធ្វើ​អនុបយោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។

ក្នុង​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា ដី​មេ​ទឹក និង​ដី​បឹង​ចំនួន ៤​ទីតាំង​ដែល​រដ្ឋាភិបាល​ធ្វើ​អនុបយោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​សម្បត្តិ​ឯកជន ស្ថិត​នៅ​ក្នុង​ស្រុក​ចំនួន​៣ នៃ​ខេត្ត​កណ្ដាល ក្នុង​នោះ ផ្ទៃដី​មេ​ទឹក​ប្រមូលខ្លា​ចំនួន ៥៩​ហិកតារ ស្ថិតនៅ​ភូមិ​អញ្ចែងក្រោម ឃុំ​ពុកឫស្សី ស្រុក​ខ្សាច់កណ្ដាល និង​ផ្ទៃដី​មេ​ទឹក​ផ្លូវ​ទូក​ដែល​មាន​ទំហំ ៤៣​ហិកតារ ស្ថិត​នៅ​ភូមិ​ពុកឫស្សីលើ និង​ភូមិ​ក្រូចសើច ឃុំ​ពុកឫស្សី ស្រុក​ខ្សាច់កណ្ដាល។

ចំណែក​បឹង​ដែល​រដ្ឋាភិបាល​ធ្វើ​អនុបយោគ​វិញ ក្នុង​នោះ​មាន​បឹង​ជន្លេន​ចំនួន ៨៩​ហិកតារ ស្ថិតនៅ​ភូមិ​បឹងជន្លេន ឃុំ​ឫស្សីជ្រោយ និង​ភូមិ​កោះរកា ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល និង​បឹង​ដើម​ពោធិ៍​ដែល​ទំហំ ៤០​ហិកតារ ស្ថិតនៅ​ភូមិ​ខ្ចារ ឃុំ​ទួលព្រេច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។

បើ​តាម​អនុក្រឹត្យ​បញ្ជាក់​ថា ការ​សម្រេច​ធ្វើ​អនុបយោគ​ដី​មេ​ទឹក និង​ដី​បឹង​ចំនួន ៤​ទីតាំង​ដែល​មាន​ទំហំ​ជាង ២៣៤​ហិកតារ (២៣៤១៥៩៩​ម៉ែត្រក្រឡា) តប​តាម​សំណើ​របស់​រដ្ឋបាល​ខេត្ត​កណ្ដាល។ ការ​ធ្វើ​អនុបយោគ​ផ្ទៃដី​បឹង​នេះ មិន​មែន​ធ្វើ​តែ​នៅ​ខេត្ត​កណ្ដាល ទេ វា​ក៏​មាន​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត រួម​ទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ។

ជាក់ស្ដែង​ផ្ទៃ​បឹង​តាមោក​ដែល​មាន​ទំហំ ៣២៣៩​ហិកតារ​ជា​អាង​ស្តុក​ទឹក និង​រំដោះ​ទឹក​ពី​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​និង​ដោះដូរ​អស់​ប្រមាណ ២​ពាន់​ហិកតារ​ហើយ​គិត​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២ នេះ។ ការ​កាត់ និង​លុប​បឹង​តាមោក​ជា​បន្តបន្ទាប់​នេះ ដើម្បី​ប្រគល់​ឱ្យ​អ្នក​មាន​ប្រាក់ មន្ត្រី កងកម្លាំង​ក្នុង​ជួរ​រដ្ឋាភិបាល ស្ថាប័ន​រដ្ឋ និង​ឯកជន រួម​ទាំង​ប្អូនស្រី​របស់​លោក ហ៊ុន សែន និង​សាច់ញាតិ​របស់​លោក បើ​ទោះបីជា​ការ​កាត់ និង​ដោះដូរ​នោះ​នឹង​ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ក៏ដោយ។

កាលពី​ខែ​ឧសភា ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ បាន​ចេញ​លិខិត​មួយ​ដោយ​ព្រមាន​អំពី​គ្រោះមហន្តរាយ​ដោយសារ​ទឹកជំនន់ ក្រោយពី​ក្រសួង​មើល​ឃើញ​ថា​មាន​ការ​ចាក់​ដី​លុប និង​ការ​សាងសង់​សំណង់​ផ្សេងៗ​បិទ​ផ្លូវទឹក និង​កន្លែង​ស្តុក​ទឹក​នានា​ជា​បន្តបន្ទាប់។

បើ​យោង​តាម​សៀវភៅ​រាជកិច្ច​ដែល​ត្រូវ​បាន​បោះពុម្ព និង​ចងក្រង​នៃ​បទបញ្ជា និង​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ដែល​មាន​តាំងពី​ចុង​ឆ្នាំ​មុន បាន​ឱ្យ​ដឹង​ថា ផ្ទៃដី​ប្រហែល ៦០០​ហិកតារ​នៃ​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ផ្សេង​ទៀត រួម​មាន​បឹង ព្រៃឈើ ភ្នំ កំពង់ផែ និង​អតីត​សម្បទាន​សេដ្ឋកិច្ច ក៏​ត្រូវ​បាន​ធ្វើ​ឯកជន​ភាវូបនីយកម្ម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស