32 C
Phnom Penh

លោក ហ៊ុន សែន៖ បក្ស​ប្រជាជន​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​សង្គម​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន និង​ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញរា​ដើម្បី​វឌ្ឍនភាព​សង្គម​កម្ពុជា​ទាំងមូល។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៧១​ឆ្នាំ​នៃ​ថ្ងៃ​កំណើត​គណបក្ស​របស់​ខ្លួន នៅ​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា រយៈពេល​ជាង ៤០​ឆ្នាំ​កន្លងមក​នេះ គណបក្ស​កាន់​អំណាច​បាន​ប្រែ​ក្លាយ​កម្ពុជា​ពី​វាល​ពិឃាត​នៃ​របប​ប្រល័យ​ពូជសាសន៍ និង​ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការ​បែកបាក់​ជាតិ និង​គំនរ​ផេះផង់​ទៅ​ជា​ទឹកដី​សន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ជាង ៤​ទសវត្ស លោក ហ៊ុន សែន បាន​អះអាង​ថា សមិទ្ធផល​ដែល​បក្ស​កាន់​អំណាច​បាន​សម្រេច​ជូន​ជាតិ​ក្នុង​រយៈពេល ៤៣​ឆ្នាំ​មក​នេះ គឺ​អាស្រ័យ​ដោយ​គណបក្ស​មាន​ភាព​ត្រឹមត្រូវ​ខាង​នយោបាយ មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​ប្រជាជន មាន​រចនាសម្ព័ន្ធ​រឹងមាំ និង​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណធម៌ និង​សមត្ថភាព មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រឹងមាំ និង​របៀប​របប​ធ្វើ​ការងារ​ត្រឹមត្រូវ។

មេដឹកនាំ​នៃ​អតីត​បក្ស​កុម្មុយនីស្ត​វៀតណាម​រូប​នេះ​បញ្ជាក់​ថា សន្តិភាព​ដែល​សម្រេច​បាន​យ៉ាង​លំបាក​បំផុត​សម្រាប់​ប្រជាជាតិ​ខ្មែរ និង​សមិទ្ធផល​ដ៏​ធំធេង​នៃ​ការ​ស្ដារ​កសាង និង​អភិវឌ្ឍ​សង្គម​ជាតិ​កម្ពុជា​សព្វថ្ងៃ​នេះ បាន​បញ្ជាក់​ច្បាស់​នូវ​សច្ចធម៌​មួយ គឺ​ខ្មែរ​អាច​ធ្វើ​បាន​នូវ​អ្វីៗ​គ្រប់​យ៉ាង ឱ្យ​តែ​ខ្មែរ​មាន​សាមគ្គីភាព មាន​ភាព​ជឿជាក់​លើ​បុព្វហេតុ​របស់​ខ្លួន ហើយ​រួម​គ្នា​ដើរ​ទៅ​មុខ​លើ​វិថី​មួយ​ដ៏​ត្រឹមត្រូវ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុក មិញ ហៅ​អាចារ្យ មៀន កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១។ លោក សឺន ង៉ុក មិញ ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា ផាម យ៉ាំង ហួ (Phạm Văn Hua) ដែល​មាន​ឪពុក​ជា​ខ្មែរក្រោម និង​ម្តាយ​ជា​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម​នោះ គឺជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ហូ ជីមិញ (Ho Chi Minh) តាំងពី​ឆ្នាំ​១៩៣០។

នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦០ បន្ទាប់ពី​មហាសន្និបាត​បក្ស​លើក​ទី​២ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​បក្ស​ពលករ​កម្ពុជា​វិញ ក្រោម​ការ​ដឹកនាំ​របស់​លោក ទូ សាមុត ជា​លេខា​បក្ស​នា​ពេល​នោះ។ រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​១៩៦៣ បក្ស​ពលករ​កម្ពុជា បាន​ធ្វើ​មហាសន្និបាត​បក្ស​លើក​ទី​៣ ដោយ​តែងតាំង​លោក សាឡុត ស ហៅ ប៉ុល ពត ឲ្យ​ធ្វើជា​អគ្គលេខាធិការ​បក្ស​វិញ​ម្តង។

៣​ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ឆ្នាំ​១៩៦៦ ដោយ​ចង់​ផ្តាច់​ខ្លួន​ចេញពី​បក្ស​កុម្មុយនីស្ត​វៀតណាម ប៉ុល ពត បាន​សម្រេច​ប្តូរ​ឈ្មោះ​ពី​បក្ស​ពលករ​កម្ពុជា ទៅ​ជា​បក្ស​កុម្មុយនីស្ត​កម្ពុជា​វិញ។ ប៉ុន្តែ​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ កម្មាភិបាល​មួយ​ចំនួន​នៃ​របប ប៉ុល ពត លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន និង​មនុស្ស​មួយ​ចំនួន​ទៀត បាន​នាំគ្នា​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្រោម​ការ​ជ្រោមជ្រែង​របស់​វៀតណាម ដើម្បី​ផ្តួល​រំលំ​របប ប៉ុល ពត វិញ។

ក្រោយ​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ កងទ័ព​វៀតណាម​ដែល​បាន​ចូល​ឈ្លានពាន​កម្ពុជា​នៅ​ពេល​នោះ បាន​លើក​បន្តុប​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​សមាសភាព​ដូចជា លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ជាដើម ឱ្យ​ដឹកនាំ​កម្ពុជា។ ប៉ុន្តែ​ការ​ដឹកនាំ​នេះ ត្រូវ​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​រដ្ឋាភិបាល​វៀតណាម​ទាំងស្រុង។ ជាង​នេះ​ទៀត អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​ទាំងនោះ ក៏​បាន​ប្តូរ​ឈ្មោះ​បក្ស​កុម្មុយនីស្ត​កម្ពុជា​មក​ឈ្មោះ​ដើម​វិញ គឺ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា នៅ​ពេល​នោះ​ផង​ដែរ។

នៅ​ទីបំផុត ក្នុង​ឆ្នាំ​១៩៩១ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​គេ​ប្ដូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ដែល​ដឹកនាំ​ដោយ​លោក ជា ស៊ីម ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ (UNTAC)។ ក្រោយពី​លោក ជា ស៊ីម ទទួល​មរណភាព​នៅ​ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០១៥ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​លោក ហ៊ុន សែន ឡើង​ដឹកនាំ​វិញ​ម្តង។

ជុំវិញ​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ត្រូវ​គេ​លើកឡើង​ថា ដោយសារតែ​គណបក្ស​នេះ​មាន​ដើមកំណើត​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម​បែប​នេះ​ហើយ​ទើប​លោក ហ៊ុន សែន ហ៊ាន​ចុះ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​កាត់​ទឹកដី​កម្ពុជា​ឱ្យ​ទៅ​វៀតណាម និង​សម្រួល​រាល់​ឯកសារ​ផ្លូវ​ច្បាប់​ដល់​ជនជាតិ​វៀតណាម​ឲ្យ​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

សន្ធិសញ្ញា​ខុសច្បាប់​ទាំងនោះ​រួម​មាន សន្ធិសញ្ញា​កំណត់​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២ សន្ធិសញ្ញា​ខុស​ច្បាប់​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សារាចរ​ខុស​ច្បាប់​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម​ចូល​មក​រស់នៅ​កម្ពុជា​ឆ្នាំ​១៩៨៦ ព្រមទាំង​សន្ធិសញ្ញា​ខុស​ច្បាប់​ជាច្រើន​ទៀត​ដែល​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២៧ មិថុនា ថា អ្នក​ចូលរួម​ខួប​កំណើត​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ពួកគេ​មិន​បាន​ដឹង​ទាល់តែសោះ​ថា បក្ស​នេះ​បង្កើត​ឡើង​ដោយ​នរណា ក្នុង​ផែនការ​អ្វី និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ណា​នោះ​ទេ។ ប៉ុន្តែ​ការ​ចូលរួម​របស់​ពួកគេ គឺ​ដោយសារតែ​ខ្លាច​ការ​គំរាមកំហែង និង​ការ​គាប​សង្កត់​របស់​មេដឹកនាំ​របស់​បក្ស​នេះ​តែប៉ុណ្ណោះ។

លោក សុខ សុគន្ធ បញ្ជាក់​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​អតីត​បក្ស​កុម្មុយនីស្ត​វៀតណាម បាន​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​បរទេស​ឈ្លានពាន​បន្តិច​ម្តងៗ​តាមរយៈ​នៃ​ការ​ផ្តល់​ឯកសារ​ខុស​ច្បាប់​នានា ដែល​មាន​ការ​ចុះ​កិច្ចព្រមព្រៀង​រវាង​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប និង​រដ្ឋាភិបាល​វៀតណាម​តាំងពី​ទសវត្ស​ឆ្នាំ​១៩៨០ រហូត​ដល់​សព្វថ្ងៃ​នេះ។

ជាក់ស្តែង កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ អគ្គលេខាធិការ​មជ្ឈិម​បក្ស​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ភូទ្រង់ ធ្លាប់​បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បន្ត​អនុវត្ត​កិច្ចសន្យា​រវាង​កម្ពុជា-វៀតណាម ឲ្យ​បាន​ល្អ​បន្ត​ទៀត ខណៈ​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន មិន​បាន​បដិសេធ​នឹង​សំណើ​របស់​មេដឹកនាំ​វៀតណាម​ឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្រោម​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ទាំងនេះ រដ្ឋាភិបាល​វៀតណាម​បាន​កាត់​ឆ្វៀល​យក​ទឹកដី​ខ្មែរ​ជាច្រើន​អន្លើ ដូចជា​ចង្កោម​កោះ​ក្រចកសេះ គ្រប់គ្រង​ដែនអាកាស ព្រមទាំង​ដាក់​ផ្ទៃសមុទ្រ​ទំហំ ១​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ឲ្យ​ទៅ​ជា​ដែនទឹក​រួម​គ្នា​ជាមួយ​វៀតណាម​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស