30 C
Phnom Penh

ប្រេសិត​ពិសេស​ថា​ភាគី​ពាក់ព័ន្ធ​គួរ​តែ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​ឆត្រ​មនុស្សធម៌​ដើម្បី​កែលំអ​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លើកឡើង​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​គួរ​តែ​ទុក​មួយ​ឡែក​នូវ​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​នយោបាយ ហើយ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​ឆត្រ​មនុស្សធម៌ ដើម្បី​កែលំអ​ស្ថានភាព​ប្រទេស​ភូមា ឱ្យ​ល្អ​ប្រសើរ​បន្តិច​ម្តងៗ។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ពិធី​ប្រគល់​វ៉ាក់សាំង​ចំនួន ២​លាន​ដូស​ជូន​ដល់​របប​សឹក​នៅ​ពេលនេះ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​នូវ​គោលការណ៍​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​អនុម័ត​កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ ដែល​នឹង​ត្រូវ​ចាក់​ជូន​ពលរដ្ឋ​ភូមា ក្រោម​យន្តការ​គ្មាន​ភាព​លម្អៀង​ដែល​មាន​គោល​បំណង​តែ​មួយ​គត់ គឺ​មិន​ទុក​នរណា​ម្នាក់​នៅ​មីយ៉ាន់ម៉ា​ចោល​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​ប្រេសិត​ពិសេស​ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​តាមដាន​ការ​អនុវត្ត​គោលការណ៍​កុងសង់ស៊ីស ៥​ចំណុច​របស់​របប​សឹក​ភូមា។

កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្នុង​នាម​លោក​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា លោក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា រយៈពេល ៥​ថ្ងៃ​ជា​លើក​ទី​២ ចាប់ពី​ទី​២៩ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ដើម្បី​តាមដាន​អំពី​ការ​វិវឌ្ឍ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​សម្រេច​កាលពី​ពេល​កន្លងទៅ​នោះ។

ការ​សម្រេច​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ ទៅ​កាន់​ប្រទេស​ភូមា នៅ​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​របប​សឹក​ភូមា បាន​សម្រេច​ប្តូរ​ការ​ឃុំ​ខ្លួន​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល អ្នកស្រី អ៊ុងសាន ស៊ូជី ពី​ក្នុង​ផ្ទះ​ទៅ​ពន្ធនាគារ​នៅ​ក្នុង​ទីក្រុង​ណៃពិដោរ កាលពី​ពាក់​កណ្តាល​ខែ​មិថុនា កន្លងទៅ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​សម្រាប់​មេដឹកនាំ​អាស៊ាន​យ៉ាង​ខ្លាំង។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ កក្កដា នេះ​ថា ការ​លើកឡើង​របស់​លោក ប្រាក់ សុខុន ដែល​ថា​មិន​ទុក​នរណា​ម្នាក់​ចោល​នៅ​ភូមា គឺជា​ការ​អះអាង​ដែល​មិន​ឆ្លុះបញ្ចាំង​ការពិត​នោះ​ទេ។ លោក​បន្ត​ថា ជំនួយ​វ៉ាក់សាំង​នៅ​ពេលនេះ​ធ្វើឡើង​ក្រោម​សេណារីយ៉ូ​មួយ​ដែល​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​របប​សឹក​ភូមា។ លោក​អះអាង​ថា របប​សឹក​រដ្ឋប្រហារ​បង្ហូរ​ឈាម​នេះ​តែងតែ​ប្រើ​កម្មវិធី​មនុស្សធម៌ ដើម្បី​រក​ផលប្រយោជន៍​នយោបាយ​ឱ្យ​ក្រុម​ពួកគេ​រហូត​មក។

លោក គឹម សុខ លើកឡើង​ថា អស់​រយៈពេល ៦​ខែ​មក​ហើយ​ក្នុង​នាម​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន គាត់​អាច​ត្រឹមតែ​ផ្តល់​ជំនួយ​មនុស្សធម៌​បន្តិចបន្តួច​តែប៉ុណ្ណោះ ខណៈ​វិបត្តិ​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ប្រទេស​ភូមា មិន​ទាន់​មាន​ភាព​ធូរស្រាល​នៅឡើយ​ទេ គឺ​មាន​តែ​ធ្ងន់ធ្ងរ​ទៅៗ​ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​គាត់​ទៅ​កាន់​ប្រទេស​ភូមា កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ កន្លង​ទៅ​នោះ ដែល​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នេះ លោក ហ៊ុន សែន បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ភូមា សព្វថ្ងៃ​នេះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​សម្រួល​វិបត្តិ​នៅ​ភូមា ឱ្យ​មាន​ភាព​ធូរស្រាល​ឡើងវិញ គ្មាន​ជម្រើស​ណា​ក្រៅពី​អាស៊ាន​ជំរុញ​ឱ្យ​របប​សឹក​ភូមា ផ្តល់​សេរីភាព​ដល់​អ្នកស្រី អ៊ុងសាន ស៊ូជី ពេញលេញ​ឡើងវិញ​នោះ​ទេ។ ជាង​នេះ​ទៀត ត្រូវ​រៀបចំ​ឱ្យ​មាន​ការ​ចរចា​រវាង​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល អ្នកស្រី អ៊ុងសាន ស៊ូជី ជាមួយ​របប​សឹក​ក្រោម​កិច្ច​សម្របសម្រួល​របស់​បេសកជន​ពិសេស និង​អគ្គលេខាធិការ​របស់​អាស៊ាន និង​តំណាង​អង្គការ​សហប្រជាជាតិ ទើប​ជា​វិធី​ល្អ​ក្នុង​ការ​រំលត់​វិបត្តិ​នៅ​ភូមា ដែល​កំពុង​កើតមាន​នៅ​ពេលនេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ដំបូង​ទៅ​កាន់​ប្រទេស​ភូមា នេះ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន មិន​បាន​លើកឡើង​ពី​ការ​ដាក់​វិធានការ ឬ​សំណើ​សុំ​ណា​មួយ​ទៅ​កាន់​របប​សឹក​ភូមា នៅឡើយ​ទេ​ជុំវិញ​ការ​ផ្ទេរ​ការ​ឃុំ​ខ្លួន​អ្នកស្រី អ៊ុងសាន ស៊ូជី នៅ​ក្នុង​ផ្ទះ​ទៅ​ដាក់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស