30 C
Phnom Penh

បទវិភាគ៖ តើ​លោក ហ៊ុន ម៉ានី និង​លោក ហ៊ុន ម៉ាណែត មាន​ការ​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ដែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំណាច​គឺជា​គ្រឿងញៀន​របស់​អ្នក​នយោបាយ ព្រោះ​មាន​អំណាច ធ្វើ​ឲ្យ​បុគ្គល​មាន​សិទ្ធិ​សម្រេច​ចិត្ត​គ្រប់​បែប​យ៉ាង។ អ្នក​កាន់​អំណាច​មិន​ចង់​ឲ្យ​អំណាច​របូត​ពី​ដៃ ឯ​អ្នក​មិន​ទាន់​កាន់​អំណាច តែងតែ​ចង់​ដណ្តើម​អំណាច។

បញ្ហា​នេះ​បាន​កើតមាន​ស្ទើរ​គ្រប់​សង្គម​ក្នុង​ពិភពលោក ជាពិសេស​ចំពោះ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​ជាតិ​មិន​តាម​គោលការណ៍​ប្រជាធិបតេយ្យ។ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃ​ទៀត​ដែរ ដែល​គេ​តែង​ឃើញ​អ្នក​នយោបាយ​ខ្លះ ឬ​រាជា​ខ្លះ​បាន​កាប់​សម្លាប់​បង​ប្អូន ឬ​ឪពុក​បង្កើត​របស់​ខ្លួន​ដើម្បី​តែ​អំណាច។

ដូច្នេះ តើ​កម្ពុជា​បច្ចុប្បន្ន​អាច​មាន​បញ្ហា​ទំនាស់​នយោបាយ​រវាង​បង​ប្អូន​បង្កើត​ក្នុង​ត្រកូល ហ៊ុន ដែរ​ឬ​ទេ? លោក តាំង សារ៉ាដា សូម​ជូន​បទវិភាគ​អំពី​រឿង​នេះ។

ក្នុង​ចំណោម​កូនៗ​របស់​លោក ហ៊ុន សែន គេ​ធ្លាប់​ឮ​តែ​ពី​លោក ហ៊ុន ម៉ានី និង​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ​ដែល​តែង​បញ្ចេញ​ទស្សនៈ​ជា​សាធារណៈ​អំពី​ចំណាប់​អារម្មណ៍​ផ្ទាល់ខ្លួន​ចំពោះ​តំណែង​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​អនាគត។

សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​សម្ដី​របស់​លោក ហ៊ុន ម៉ានី កាលពី​ខែ​តុលា ឆ្នាំ​២០១៨ អំពី​ការ​បញ្ជាក់​ជំហរ​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី រីឯ​លោក ហ៊ុន ម៉ាណែត ពេល​នោះ​មិន​បាន​បញ្ជាក់​ជំហរ​ថា​ចង់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ក៏​មិន​បដិសេធ​នោះ​ដែរ។

ពេល​ដែល​ត្រូវ​បាន​សួរ​នៅ​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ក្នុង​ឆ្នាំ​២០១៥ ថា តើ​លោក​ចង់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ដែរ​ទេ? ពេល​នោះ​លោក ហ៊ុន ម៉ានី បាន​ឆ្លើយ​ថា តួនាទី​កំពូល​នេះ​គឺជា​សុបិន​របស់​យុវវ័យ​គ្រប់​រូប។ រីឯ​លោក ហ៊ុន ម៉ាណែត វិញ​ក៏​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​សារព័ត៌មាន ABC អូស្ត្រាលី​ដែរ​អំពី​សំណួរ​ដូច​គ្នា​នេះ​ដែរ។ ក្នុង​កិច្ច​សម្ភាសន៍​នោះ លោក ហ៊ុន ម៉ាណែត មិន​បាន​ឆ្លើយ​ថា «បាទ ឬ​ក៏​ទេ» នោះ​ឡើយ។

បើ​គេ​ស្តាប់​ចម្លើយ​ខាង​លើ​របស់​បង​ប្អូន​បង្កើត​ទាំង​ពីរ​នេះ ច្បាស់​ណាស់ គឺ​ថា​ពួកគេ​សុទ្ធ​តែ​មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ស្នង​ឪពុក​របស់​ខ្លួន។

តាម​ពិត អ្វី​ដែល​លោក ហ៊ុន ម៉ានី និយាយ​គឺជា​ការពិត។ មនុស្ស​ស្ទើរ​គ្រប់​រូប ជាពិសេស​អ្នក​នយោបាយ​ពិតជា​ស្រឡាញ់​អំណាច ឬ​តួនាទី​ដ៏​ខ្ពស់​បែប​នេះ។ ប៉ុន្តែ​អ្នក​នយោបាយ​អាច​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ធំៗ ទី​១ គឺ​អ្នក​នយោបាយ​ដែល​ស្រឡាញ់​អំណាច​ដើម្បី​ប្រជាពលរដ្ឋ ហើយ​ទី​២ គឺ​អ្នក​នយោបាយ​ដែល​ស្រឡាញ់​អំណាច​ដើម្បី​ខ្លួនឯង។

មេដឹកនាំ​ដែល​ស្រឡាញ់​អំណាច គឺ​ភាគច្រើន​ជា​អ្នក​ដឹកនាំ​ផ្ដាច់ការ ដូចជា​លោក ហ៊ុន សែន ប៉ុល ពត ហ៊ីត្លែរ ហ្គាដាហ្វី គីម ជុនអ៊ុន លី សៀនឡុង ថេនសេន និង​មេដឹកនាំ​នៅ​អាហ្វ្រិក​ខាងជើង​មួយ​ចំនួន​ទៀត។

ម្យ៉ាង​ទៀត ពួកគេ​សុទ្ធតែ​ដឹង​ច្បាស់​ថា ខ្លួន​គេ​ម្នាក់ៗ​សុទ្ធតែ​មាន​ឱកាស​ប្រសិនបើ​ឪពុក​របស់​ខ្លួន​គាំទ្រ។ ក្នុង​របប ឬ​សង្គម​ផ្ដាច់ការ វា​ជា​ការ​ងាយស្រួល​បំផុត​ក្នុង​ការ​ផ្តល់ ឬ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​នរណា​ម្នាក់ ប្រសិនបើ​មេដឹកនាំ​ផ្ដាច់ការ​នោះ​ចង់​ធ្វើ។

សម្រាប់​ប្រទេស​កម្ពុជា វា​ក៏​ដូច្នោះ​ដែរ។ គណបក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​កាន់​អំណាច​ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង​អំណាច​គ្រប់​យ៉ាង។ ដូច្នេះ ការ​ផ្តល់ ឬ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​នរណា​ម្នាក់​នោះ គឺ​វា​អាស្រ័យ​លើ​លោក ហ៊ុន សែន ដែល​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​ផ្ដាច់ការ​ដ៏​យូរ​អង្វែង​ក្នុង​ប្រទេស​កម្ពុជា។

ដូច្នេះ រវាង​លោក ហ៊ុន ម៉ានី និង​លោក ហ៊ុន ម៉ាណែត គឺ​អាស្រ័យ​ទៅ​លើ​លោក ហ៊ុន សែន ថា​តើ​លោក​ស្រឡាញ់​កូន​មួយ​ណា និង​ផ្តល់​តម្លៃ​ដល់​កូន​មួយ​ណា​ជាង​នោះ។

មាន​ពាក្យ​ចចាមអារ៉ាម​បាន​កើត​មាន​ជា​បន្តបន្ទាប់​អំពី​ចេតនា​របស់​លោក ហ៊ុន សែន ដែល​ចង់​ឱ្យ​កូន​របស់​លោក​ឡើង​ស្នង​តំណែង​បន្ត​ពី​លោក។ ថ្វីបើ​ព័ត៌មាន និង​ការ​វិភាគ​នានា​អាច​ជាក់លាក់ ក៏​គេ​នៅ​តែ​មិន​ប្រាកដ​ថា តើ​កូន​មួយ​ណា​ដែល​លោក ហ៊ុន សែន ផ្តល់​តម្លៃ និង​ទំនុក​ចិត្ត​សម្រាប់​តួនាទី​ដ៏​កំពូល​មួយ​នេះ។

ទីបំផុត លោក ហ៊ុន សែន បាន​បញ្ចប់​ភាព​ស្រពិចស្រពិល​ទាំងនេះ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន នា​ខែ​តុលា ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​សារព័ត៌មាន​ជប៉ុន Kyodo ដោយ​បាន​ប្រកាស​ថា អនាគត​អ្នក​ស្នង​តំណែង​ពី​លោក គឺ​លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន សែន បាន​បន្ត​ជំរុញ​ផែនការ​ផ្ទេរ​តំណែង​នេះ​យ៉ាង​សកម្ម និង​លឿន​តាម​អ្វី​ដែល​លោក​អាច​ធ្វើ​ទៅ​បាន ដោយ​រួម​ទាំង​ការ​ធ្វើ​ការ​គំរាមកំហែង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ ដូចជា​លោក ស ខេង ជាដើម ឲ្យ​យល់​ស្រប​តាម​ការ​ចង់​បាន​របស់​លោក។ បន្ទាប់​មក គណបក្ស​កាន់​អំណាច​មួយ​នេះ​បាន​សម្រេច​ជា​ផ្លូវការ​ក្នុង​ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត។

ពេល​នោះ គ្រប់​រចនាសម្ព័ន្ធ​របស់​បក្ស និង​រដ្ឋាភិបាល រួម​ទាំង​លោក ហ៊ុន ម៉ានី ផង សុទ្ធតែ​បាន​ចេញ​មុខ​ប្រកាស​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​របស់​លោក ហ៊ុន ម៉ាណែត។

ប៉ុន្តែ​អ្វី​ដែល​ឲ្យ​មាន​ការ​ចោទ​ជា​សំណួរ​នោះ ថា​តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន នៅតែ​មិន​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​ដាក់​ពេលវេលា​សម្រាប់​ខ្លួន​លាលែង​ពី​មុខ​តំណែង និង​ប្រកាស​បេក្ខភាព​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត?

លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា​កាន់​អំណាច​រហូត​អស់​មួយ​ជីវិត ហើយ​ក្រោយ​មក​ទៀត​លោក​ប្រកាស​ថា​នឹង​ផ្ទេរ​អំណាច​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ទៅវិញ។

បញ្ហា​នេះ បាន​ធ្វើ​គេ​ចោទ​ជា​សំណួរ​ថា តើ​លោក ហ៊ុន សែន មាន​បញ្ហា​អ្វី​នៅ​ពី​ក្រោយ​វាំងនន​នេះ? វា​មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ស្ថិត​ក្នុង​ជំហរ​មិន​ច្បាស់លាស់​បែប​នេះ។

អ្នក​សង្កេតការណ៍​ខ្លះ​ធ្វើការ​វាយតម្លៃ​ថា លោក ហ៊ុន សែន អាច​មិន​ទាន់​ដាច់​អាល័យ​អំពី​អំណាច ហើយ​ចំណុច​នេះ​អាច​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ចរិត និង​ប្រវត្តិ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក។

លោក ហ៊ុន សែន ត្រូវ​បាន​គេ​កត់សម្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​ថា​ជា​អ្នក​នយោបាយ​មួយ​រូប​ដែល​សុខចិត្ត​បម្រើ​បរទេស និង​ហ៊ាន​បំផ្លាញ​ជាតិ​ដើម្បី​អំណាច។ ដូច្នេះ​ការ​ដែល​លោក​អាច​ចុះ​ចេញពី​អំណាច ប្រហែល​មិន​មែន​ជា​រឿង​ដ៏​ងាយស្រួល​ពេក​នោះ​ទេ។ ប៉ុន្តែ​បើ​ដូច្នោះ​មែន តើ​ហេតុ​អ្វី​លោក ហ៊ុន សែន ប្រញាប់ប្រញាល់​ប្រកាស​បេក្ខភាព​អ្នក​ស្នង​តំណែង​ជា​ផ្លូវការ​ធ្វើ​អ្វី? ចំណុច​នេះ​នាំ​ឲ្យ​មាន​ការ​វាយតម្លៃ​អំពី​ភាព​មិន​ប្រាកដប្រជា ឬ​ភាព​ស្ទាក់ស្ទើរ​របស់​លោក។

ប៉ុន្តែ​អ្នក​ឃ្លាំមើល​ខ្លះ​អះអាង​ថា ការ​ប្រកាស​អំពី​បេក្ខភាព​បន្ត​វេន​ជា​នាយករដ្ឋមន្ត្រី​ដែល​លោក ហ៊ុន សែន បាន​ប្រកាស​ឡើង​នោះ អាច​ជា​តាក់ទិច ឬ​ជា​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​មហាជន ឬ​គូបដិបក្ខ​របស់​លោក​មាន​ភាព​វង្វេង ឬ​ពិបាក​ក្នុង​ការ​ប៉ាន់ស្មាន ថា​តើ​លោក​នឹង​អនុញ្ញាត​ឲ្យ​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ពេល​ណា​នោះ?

ប៉ុន្តែ ប្រសិនបើ​លោក​គិត​បែប​នេះ​មែន វា​ហាក់ដូចជា​មិន​មែន​ជា​រឿង​ចាំបាច់ ឬ​សំខាន់​នោះ​ឡើយ។ សម្រាប់​នយោបាយ​កម្ពុជា បើ​ទោះ​បី​លោក ឬ​កូន​របស់​លោក​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​គ្មាន​អ្វី​ថ្មី ឬ​មាន​ការ​ប្រែប្រួល​នោះ​ទេ ពីព្រោះ​អ្វីៗ​នៅតែ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​គ្រួសារ​ត្រកូល ហ៊ុន និង​ប្រព័ន្ធ​គ្រប់គ្រង​ដដែល​តែប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ធ្លាប់​និយាយ​នៅ​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia Daily ថា បើ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​តាមរយៈ​ការ​បន្តុប​របស់​ឪពុក​លោក គឺ​លោក​ប្រាកដជា​ធ្វើ​តាម និង​ដើរ​តាម​ការ​បញ្ជា​របស់​ឪពុក​របស់​លោក​ដដែល ដោយ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ។

ចំណែក​ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ ធ្លាប់​អះអាង​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia Daily ក្នុង​ពេល​ថ្មីៗ​នេះ​ថា លោក ហ៊ុន សែន អាច​ប្រឈម​នឹង​បញ្ហា​ទំនាស់​ផ្ទៃក្នុង​គ្រួសារ​ក្នុង​រឿង​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត ពីព្រោះ​លោក ហ៊ុន ម៉ានី ក៏​ចង់​បាន​តួនាទី​ដ៏​កំពូល​នេះ​ដែរ។ ដូច្នេះ​ភាគី​បង​ប្អូន​បង្កើត​ពីរ​នាក់​នេះ​អាច​មាន​ទំនាស់​នឹង​គ្នា​ទៅ​ថ្ងៃ​អនាគត។

ការ​លើកឡើង​របស់​លោក គឹម សុខ អាច​ស៊ីសង្វាក់​គ្នា​នឹង​អ្វី​ដែល​លោក ហ៊ុន ម៉ានី ធ្លាប់​បាន​បង្ហាញ​ជំហរ​អំពី​មហិច្ឆតា​របស់​លោក​ចង់​បាន​តួនាទី​នាយករដ្ឋមន្ត្រី។ ប៉ុន្តែ​គេ​អាច​ជំទាស់​នឹង​លោក គឹម សុខ ដោយ​អះអាង​ថា លោក ហ៊ុន ម៉ានី ធ្លាប់​បាន​ប្រកាស​គាំទ្រ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​សាធារណៈ បន្ទាប់ពី​គណបក្ស​កាន់​អំណាច​នេះ​បាន​សម្រេច​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត។

ម្យ៉ាង​ទៀត មន្ត្រី​នៅ​តាម​អង្គភាព​រដ្ឋ និង​មន្ត្រី​បក្ស​កាន់​អំណាច​ទាំងអស់​សុទ្ធតែ​បាន​ប្រកាស​ជំហរ​គាំទ្រ​លោក ហ៊ុន ម៉ាណែត ហើយ​ពួកគេ​ធ្វើ​បែប​នោះ​ក៏​ព្រោះតែ​ខ្លាច​អំណាច​លោក ហ៊ុន សែន ឬ​ដើម្បី​តែ​យកចិត្ត​លោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។

ថ្វីបើ​គេ​ពិបាក​ប៉ាន់ស្មាន​ថា​ភាព​ទំនាស់​ផ្ទៃក្នុង​គ្រួសារ​ត្រកូល ហ៊ុន ក្នុង​រឿង​នេះ​ជា​ការពិត តែ​អ្វី​ដែល​លោក គឹម សុខ លើកឡើង​អាច​ជា​ហេតុផល​មួយ​សម្រាប់​ពិចារណា​ដែរ។ លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន អាច​ចាត់ការ ឬ​កម្ទេច​គេ​ឯង​ស្រេច​តែ​នឹង​ទំនើងចិត្ត តែ​មិន​អាច​វះកាត់​បញ្ហា​ទំនាស់​រវាង​កូនៗ​របស់​ខ្លួនឯង​បាន ដោយសារតែ​វា​ជា​រឿង​សាច់ឈាម​ខ្លួនឯង។ ដូច្នេះ លោក ហ៊ុន សែន វះកាត់​បញ្ហា​នេះ​មិន​ដាច់​ទេ ម្ល៉ោះ​ហើយ​មាន​តែ​បន្ត​កាន់​អំណាច​ដោយ​ខ្លួនឯង​ជា​បន្ត​ទៀត។

បើ​យោង​ទៅ​តាម​សៀវភៅ «ក្តី​សង្ឃឹម ហ៊ុន ម៉ានី» ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក លាង ដឺលុច សហ​ស្ថាបនិក និង​ជា​ចាងហ្វាង​ការ​ផ្សាយ​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey.com) បាន​រៀបរាប់​អំពី​ការ​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​នយោបាយ និង​សង្គម​របស់​លោក ហ៊ុន ម៉ានី ដែល​ចង់​ឃើញ​ប្រទេស​កម្ពុជា​រីកចម្រើន ប្រជាពលរដ្ឋ​មាន​ជីវភាព​រុងរឿង និង​យុវជន​ពោរពេញ​ដោយ​សមត្ថភាព​ខ្ពស់​ដែល​អាច​ប្រកួតប្រជែង​ថ្នាក់​តំបន់ និង​ពិភពលោក។

ខ្លឹមសារ​នៃ​សៀវភៅ​នោះ បាន​ពិពណ៌នា​ផ្ដោត​លើ​អ្នក​បន្ត​វេន​នយោបាយ​មួយ​រូប​ក្នុង​ចំណោម​កូនប្រុស​ទាំង ៣ របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​លេច​មុខ​ជួយ​កិច្ចការ​ឪពុក​ជា​សាធារណៈ​មុនគេ​តាមរយៈ​តួនាទី​ជា​ជំនួយការ​ផ្ទាល់។ បន្ទាប់មក លោក​បាន​ក្លាយ​ជា​តំណាងរាស្ត្រ​ដែល​ជា​កិច្ចការ​នយោបាយ​ជាន់ខ្ពស់​តែម្តង។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន ម៉ានី មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​យុវជន​តាមរយៈ​សកម្មភាព​សង្គម និង​មនុស្សធម៌។

អ្នកនិពន្ធ​បាន​លើកឡើង​អំពី​ការ​យល់ឃើញ​ថា លោក ហ៊ុន ម៉ានី ថា​លោក​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ដ៏​មាន​សក្ដានុពល​មួយ​រូប​ក្នុង​ពេល​អនាគត។

អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា ការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត អាច​ជួប​ភាព​ចម្រូងចម្រាស និង​ជួប​ឧបសគ្គ​ដ៏​លំបាក​ដោះស្រាយ​ជាទីបំផុត​ដែល​អាច​នឹង​កើត​ចេញពី​គំនុំ​គ្រួសារ​ត្រកូល «ហ៊ុន» នេះ​តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស