31 C
Phnom Penh

បទវិភាគ៖ ការ​លើក​ឡើង​ខុសៗ​គ្នា​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​រវាង​ក្រុម​យុត្តិធម៌​និយម​និង​សន្តិភាព​និយម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​នេះ សង្គ្រាម​ដែល​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន​មាន​រយៈពេល​ជាង ១៣០​ថ្ងៃ​ហើយ។ សង្គ្រាម​ដ៏​អាក្រក់ និង​ឃោរឃៅ​មួយ​នេះ​បណ្ដាល​ឱ្យ​បាត់បង់​អាយុជីវិត​ប្រជាជន​អ៊ុយក្រែន ចំនួន ៤៨៨៩​នាក់ និង​របួស​ចំនួន ៦២៦៣​នាក់។

សង្គ្រាម​នេះ បាន​បណ្ដាល​ឱ្យ​មាន​ជន​ភៀសខ្លួន​កើនឡើង​ជិត ១០​លាន​នាក់ និង​ប្រជាជន​បាត់បង់​ទីជម្រក​ព្រោះតែ​រង​ការ​កម្ទេច​ដោយ​គ្រាប់​កាំភ្លើង​មាន​ជាង ១០​លាន​នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន។

សង្គ្រាម​នេះ គេ​ហៅថា​ជា​សង្គ្រាម​ដ៏​អាក្រក់ និង​ឃោរឃៅ គឺ​ដោយសារ​តែ​លំនៅឋាន​របស់​ប្រជាជន សាលារៀន​របស់​សិស្ស និង​ទីផ្សារ មន្ទីរពេទ្យ ក៏​ត្រូវ​បាន​រង​ការ​បំផ្លាញ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​ដែរ។

តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​អ៊ុយក្រែន អគារ​របស់​ប្រជាជន​មួយ​ចំនួន​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​របស់​រុស្ស៊ី បាន​ដួល​រាប​ដល់​ដី។ អ្វី​ដែល​គួរ​ឱ្យ​រន្ធត់ គឺ​សាកសព​មនុស្ស​ស្លាប់​តាម​ដងផ្លូវ​យ៉ាង​ខ្លោចផ្សា។

នៅ​តំបន់​បូចា និង​អ៊ីពិន​នៅ​ភាគ​ខាងជើង​បន្តិច​នៃ​រដ្ឋធានី​គៀវ ប្រជាជន​អ៊ុយក្រែន ជិត ១​ពាន់​នាក់​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​របស់​រុស្ស៊ី។ ភាគច្រើន ពួកគេ​ស្លាប់​ដោយ​ដៃ​ចង​ជាប់​មក​ក្រោយ។ ចំណែក​នៅ​ទីក្រុង​ម៉ារីយូប៉ូល ក្រុម​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​រណ្ដៅ​សាកសព​រួម​ដ៏​ធំ​មួយ​មាន​សព​ជាង ១​ពាន់​នាក់ ក្នុង​នោះ​មាន​កុមារ ៣០០​នាក់។

មនុស្ស​ស្លាប់​ទាំងនោះ គឺ​នៅ​ពេល​កងទ័ព​រុស្ស៊ី សម្រុក​វាយ​កាន់កាប់​តំបន់​នោះ​ឱ្យ​បាន​ពី​កងទ័ព​អ៊ុយក្រែន។ ចំពោះ​សង្គ្រាម​នៅ​ភាគ​ខាងកើត​ប្រទេស​វិញ បើ​តាម​អភិបាល​ខេត្ត​លូហាន់ មកពី​ភាគី​អ៊ុយក្រែន លោក Serhiy Haidai បាន​ឱ្យ​ដឹង​ថា គ្រាប់​កាំភ្លើង​ធំ​របស់​រុស្ស៊ី ដែល​បាន​បាញ់​ធ្លាក់​ក្នុង​ដែនដី​លូហាន់ គឺ​មាន​ថ្ងៃ​ខ្លះ គឺ​ធ្លាក់​ដូច​ទឹកភ្លៀង​អ៊ីចឹង​ដែរ ហើយ​គោលដៅ​របស់​កងទ័ព​រុស្ស៊ី បាញ់​ប្រហារ​មិន​រើស​ទីតាំង​នោះ​ទេ សូម្បី​សាលារៀន មន្ទីរពេទ្យ ក៏​ត្រូវ​វាយ​កម្ទេច​ដោយ​គ្រាប់​មីស៊ីល និង​គ្រាប់​កាំភ្លើង​ធំ​របស់​រុស្ស៊ី​ដែរ។

ឥឡូវ​នេះ ខេត្ត​លូហាន ជា​ខេត្ត​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​ដុនបាស នៅ​ភាគ​ខាងកើត​ប្រទេស ត្រូវ​បាន​ភាគី​រុស្ស៊ី​អះអាង​ថា បាន​ធ្លាក់​ក្រោម​ការ​កាន់កាប់​បាន​ទាំងស្រុង​ដោយ​កងទ័ព​បំបែក​រដ្ឋ និង​ទ័ព​រុស្ស៊ី។

តែ​នៅ​ក្នុង​តំបន់​ដុនបាស នេះ នៅ​មាន​ខេត្ត​មួយ​ទៀត​ដែល​កងទ័ព​រុស្ស៊ី​មិន​ទាន់​វាយ​កាន់កាប់​បាន​នៅឡើយ​ទេ គឺ​ខេត្ត Donetsk។ តាម​ដំណឹង​មក​ថា ទ័ព​រុស្ស៊ី បាន​បើក​ប្រតិបត្តិការ​សឹក​វាយលុក​យ៉ាង​ខ្លាំង។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ដាក់​បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី​ឆាប់​វាយ​យក​ឱ្យ​បាន​ខេត្ត​មួយ​នេះ​ទៀត ហើយ​បើ​វាយ​បាន​ហើយ ត្រូវ​រៀបចំ​រដ្ឋ​អំណាច និង​បោះឆ្នោត​ផ្ដាច់​ខ្លួន​ពី​ទឹកដី​អ៊ុយក្រែន។

កាលពី​ឆ្នាំ​២០១៤ លោក ពូទីន បាន​សម្រេច​គោលដៅ​របស់​ខ្លួន​ដោយ​យក​ដែនដី​គ្រីមៀរ តាមរយៈ​បោះឆ្នោត​ផ្ដាច់​ខ្លួន ព្រោះ​តំបន់​នោះ​មាន​ជនជាតិ​អ៊ុយក្រែន តែ ២០% ប៉ុណ្ណោះ បើ​ធៀប​នឹង​ជនជាតិ​រុស្ស៊ី​ដែល​មក​នៅ​លើ​ទឹកដី​នេះ​តាំងពី​សម័យ​សហភាព​សូវៀត ដែល​អ៊ុយក្រែន ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ ១៤​ទៀត​នៅ​ចំណុះ​ឲ្យ​សហភាព​សូវៀត។

រុស្ស៊ី យក​ដែនដី​គ្រីមៀរ បាន​ដោយ​ពុំ​មាន​ការ​ផ្ទុះ​អាវុធ​ប្រយុទ្ធ​គ្នា​នោះ​ទេ ព្រោះ​តែ​ប្រធានាធិបតី​អ៊ុយក្រែន​នៅ​ពេល​នោះ​ជា​មេដឹកនាំ​ដែល​រណប ឬ​អាយ៉ង​រុស្ស៊ី គឺ​លោក Viktor Yanukovych។

ក្រោយពី​គ្រីមៀរ ធ្លាក់​នៅ​ក្រោម​រុស្ស៊ី​តាម​ផែនការ​របស់​លោក ពូទីន នៅ​ក្នុង​ការ​បោះឆ្នោត​ផ្ដាច់​ខ្លួន​នៅ​ខែ​មីនា ឆ្នាំ​២០១៤ គឺ​ក្រោយ​មក​បន្តិច ប្រជាជន​អ៊ុយក្រែន ជាពិសេស​យុវជន​បាន​ងើប​បះបោរ​ជា​ខ្លាំង​ពាសពេញ​ប្រទេស ជាពិសេស​គឺ​នៅ​រដ្ឋធានី​គៀវ ដោយ​ពួកគេ​ដេញ​ទម្លាក់​លោក Viktor Yanukovych ក្រោម​ការ​ចោទ​ថា​ជា​ជន​ក្បត់​ជាតិ​សាសន៍​ខ្លួនឯង យល់ព្រម​កាត់ទឹក​ដី​ឱ្យ​រុស្ស៊ី។

ដោយ​មិន​អាច​រស់នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន លោក Viktor Yanukovych បាន​រត់​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ទីក្រុង​មូស្គូ។

លោក ពូទីន យល់ព្រម​ភ្លាម​ឱ្យ​មេដឹកនាំ​ដែល​កាត់​ទឹកដី​ឱ្យ​រុស្ស៊ី​រូប​នេះ។ រហូត​មក​ដល់​ពេលនេះ លោក Yanukovych ទទួល​បាន​ការ​រក្សា​សុវត្ថិភាព​ជាង​ថ្នាក់​ដឹកនាំ​រុស្ស៊ី​ដទៃ​ទៀត។

ការពិត លោក Yanukovych ដែល​យល់ព្រម​ឱ្យ​ទឹកដី​គ្រីមៀរ ធ្លាក់​នៅ​ក្រោម​រុស្ស៊ី​ក៏​បុរស​នេះ រង​សម្ពាធ​ជា​ខ្លាំង​ពី​ទីក្រុង​មូស្គូ តែ​បុរស​នេះ​មិន​សុខចិត្ត​កាន់​អាវុធ​ដើម្បី​ការពារ​ទឹកដី​នោះ​ទេ។ មក​ដល់​ពេល​មេដឹកនាំ​ម្នាក់​ទៀត គឺ​លោក Petro Poroshenko ដែល​បាន​ជាប់​ឆ្នោត​ឡើង​ធ្វើជា​ប្រធានាធិបតី​អ៊ុយក្រែន ជំនួស​លោក Yanukovych បាន​រត់​ទៅ​ប្ដឹង​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​លោក​ខាងលិច​ឱ្យ​ថ្កោលទោស​រុស្ស៊ី ហើយ​រហូត​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ី ដែល​ដណ្ដើម​យក​គ្រីមៀរ ពី​អ៊ុយក្រែន គឺ​ពេល​នោះ​ហើយ​ដែល​ពួក​លោក​ខាងលិច​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ពូទីន ដោយ​ព្រមាន​ថា​នឹង​ជួយ​ការពារ​ទឹកដី​អ៊ុយក្រែន ទៀត​ផង។

យ៉ាងណា របប​លោក ពូទីន បាន​ទឹកដី​មួយ​ផ្នែក​នៃ​ប្រទេស​ចកជៀ រួច​ទៅ​ហើយ​នៅ​ឆ្នាំ​២០០៨ មុន​រុស្ស៊ី យក​បាន​គ្រីមៀរ នៅ​ឆ្នាំ​២០១៤។ អ្នក​សង្កេតការណ៍​យល់​ថា ផែនការ​របស់​លោក ពូទីន ពិត​ជា​ពង្រីក​ទឹកដី​របស់​សហភាព​សូវៀត មក​វិញ។

តែ​ចំណោទ​មួយ​កំពុង​ចោទ​សួរ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ថា ហេតុ​អ្វី​បាន​ជា​លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀរ ហ្សេឡេនស្គី សម្រេច​ជ្រើស​រើស​យក​សង្គ្រាម ជាជាង​ការ​ផ្ដល់​សម្បទាន​ទឹកដី​ទៅ​ឱ្យ​រុស្ស៊ី ដើម្បី​សន្ត​ភាព។

ចំណោទ​នេះ​ហើយ​ដែល​មាន​ទស្សនៈ​ពីរ​ខ្វែង​គ្នា គឺ​ទស្សនៈ​របស់​ក្រុម​សន្តិភាព​និយម និង​ក្រុម​យុត្តិធម៌​និយម ដែល​មាន​ការ​ចោទ​សួរ​ជាច្រើន​តាម​បណ្ដាញ​សង្គម ទាំង​ហ្វេសប៊ុក និង​ទ្វីតធើ។ អ្នក​បញ្ចេញ​ទស្សនៈ​នោះ​មាន​ទាំង​ក្រុម​អ្នកវិភាគ បញ្ញវន្ត អ្នក​នយោបាយ អ្នកជំនួញ និង​ពលរដ្ឋ​ធម្មតា​ទៀត​ផង។

ក្រុម​អ្នក​សន្តិភាព​និយម​ភាគច្រើន​គិត​ថា អ៊ុយក្រែន និង​លោក ហ្សេឡេនស្គី គួរតែ​ធ្វើ​សម្បទាន ឬ​ចរចា​ជាមួយ​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់។ បើ​តាម​ក្រុម​នេះ គិត​ថា សោកនាដកម្ម​មាន​តែ​នៅ​លើ​ទឹកដី​អ៊ុយក្រែន និង​ប្រជាជន​អ៊ុយក្រែន ជា​អ្នក​រងគ្រោះ និង​ទទួល​ការ​ឈឺចាប់ គឺ​ពុំ​មាន​ជាតិសាសន៍​ណា​គេ​មក​ជួយ​អ៊ុយក្រែន ផ្ទាល់​នោះ​ទេ។ ពួកគេ​ថា សង្គ្រាម​កាន់តែ​យូរ គឺ​អ៊ុយក្រែន នឹង​ក្លាយ​ជា​ផេះ ហើយ​ទឹកដី​គង់​នឹង​បាត់​ទៅ​ខាង​រុស្ស៊ី ដដែល​ទេ។

ក្រុម​នេះ​ថា​ការ​មាន​សន្តិភាព គឺ​មិន​មាន​ន័យ​ថា អ៊ុយក្រែន​ចាញ់​សង្គ្រាម​នោះ​ទេ គឺ​អ៊ុយក្រែន បាន​សន្តិភាព ហើយ​ប្រជាជន​នឹង​រស់នៅ​ក្រោម​ដំបូង​សន្តិភាព​ជាជាង​ការ​បាត់បង់​ញាតិមិត្ត​បងប្អូន។ ក្រុម​នេះ​ផ្ដល់​ជា​គំនិត​ថា បើ​សម្រាប់​មេដឹកនាំ​ប្រទេស​ខ្ញុំ​វិញ គឺ​មិន​មាន​សង្គ្រាម​កើតឡើង​នោះ​ទេ។

ពួកគេ​ថា​ការ​ផ្ដល់​សម្បទាន​ឱ្យ​ទឹកដី​ប្រទេស​ទៅ​គេ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​សន្តិភាព​សម្រាប់​ពិភពលោក​ដែរ។ ដូចនេះ គ្រាន់តែ​កាត់​ទឹកដី​ឱ្យ​ប្រទេស​ខ្លាំង​ជាង គឺ​ពុំ​មាន​ន័យ​ថា​យើង​ចាញ់​សង្គ្រាម​នោះ​ទេ ព្រោះ​ថា​បើ​មាន​សន្តិភាព​ហើយ គឺ​ពិត​ណាស់​នឹង​មាន​ការ​អភិវឌ្ឍ​ប្រទេស​បាន​រុងរឿង​ទៅ​មុខ​ទៀត។

ចំណែក​ទស្សនៈ​មួយ​ក្រុម​ទៀត​ដែល​ជា​ក្រុម​យុត្តិធម៌​និយម គឺ​ពួកគេ​យល់​ថា គេ​មិន​គួរ​ផ្ដល់​សម្បទាន​ណា​មួយ​ឱ្យ​រុស្ស៊ី នោះ​ទេ។ ក្រុម​នេះ​ថា គេ​ត្រូវ​ធ្វើ​ឱ្យ​ទីក្រុង​មូស្គូ តបស្នង​មក​វិញ​នូវ​តម្លៃ​មួយ​ចំពោះ​ទង្វើ​ឈ្លានពាន​មក​លើ​អ៊ុយក្រែន។

ក្រុម​នេះ​បន្ត​ថា ធ្វើ​បែប​នេះ​គឺ​សំដៅ​រារាំង​កុំ​ឱ្យ​រុស្ស៊ី ដើរ​ឈ្លានពាន​ប្រទេស​ជិតខាង​ដទៃ​ទៀត។ ក្រុម​នេះ​ថា បើ​រុស្ស៊ី​បរាជ័យ​មិន​អាច​យក​ទឹកដី​អ៊ុយក្រែន​បាន គឺ​របប​លោក ពូទីន ដែល​ជា​របប​ផ្ដាច់ការ នឹង​អស់​តម្លៃ ហើយ​តម្លៃ​ដើម្បី​សេរីភាព និង​យុត្តិធម៌ មិន​ត្រឹម​តែ​មាន​នៅ​លើ​ទឹកដី​អ៊ុយក្រែន នោះ​ទេ គឺ​មាន​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត។

ក្រុម​នេះ​បន្ត​ថា កាល​ដែល​ក្រុម​អ្នក​ស្រឡាញ់​យុត្តិធម៌ និង​សេរីភាព​រួបរួម​គ្នា​ខ្លាំងក្លា គឺ​ពិត​ណាស់​ធ្វើ​ឱ្យ​ពិភពលោក​មាន​សណ្ដាប់ធ្នាប់។ ប្រទេស​ធំ​នឹង​ពិបាក​រំលោភ​ឈ្លានពាន​ប្រទេស​តូចៗ ហើយ​បើ​យុត្តិធម៌​កើតមាន គឺ​សន្តិភាព​ក៏​កើតមាន​ដែរ។ មាន​ន័យ​ថា សន្តិភាព​ដែល​បាន​ដោយ​កម្លាំង​យុត្តិធម៌ គឺជា​សន្តិភាព​ដែល​មិន​ក្លែងក្លាយ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស