30 C
Phnom Penh

ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​នាំ​ឱ្យ​មេដឹកនាំ​ពិភពលោក​សម្ដែង​ការ​តក់ស្លុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស៊ិនហ្សូ អាបេ (Shinzo Abe) អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដ៏​មាន​ឥទ្ធិពល បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​កក្កដា នៅ​វេលា​ម៉ោង ៥​រសៀល បន្ទាប់ពី​លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំ​បេះដូង​របស់​លោក។

ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា លោក អាបេ រង​ការ​បាញ់​សម្លាប់​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​ទីក្រុង Nara ភាគ​ខាងកើត​ទីក្រុង Osaka។ តាម​ការ​បញ្ជាក់​ពី​មន្ត្រី​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Nara ដែល​គេ​ដឹក​លោក អាបេ ទៅ​សង្គ្រោះ​បន្ទាន់​នោះ គឺ​គ្រាប់​កាំភ្លើង​របស់​ខ្មាន់​កាំភ្លើង​បាន​បាញ់​ទម្លុះ​បេះដូង​របស់​លោក អាបេ ចំនួន​មួយ​គ្រាប់ ហើយ​មួយ​គ្រាប់​ទៀត​ត្រូវ​ចំ​បំពង់ក។

លោក Hidetada Fukushima វេជ្ជបណ្ឌិត​ប្រចាំ​មន្ទីរ​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Nara បាន​និយាយ​ថា៖ «លោក អាបេ ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​នា​វេលា​ម៉ោង ១២ និង ២០​នាទី ហើយ​នៅ​ពេល​មក​ដល់​មន្ទីរពេទ្យ​ភ្លាម បេះដូង​របស់​លោក អាបេ លែង​ធ្វើ​ចលនា​បាត់​ទៅ​ហើយ»

លោក អាបេ បាន​ថ្លែង​នៅ​ឯ​យុទ្ធនាការ​ឃោសនា​មួយ​នៅ​ខាង​ក្រៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង Nara ភាគ​ខាងកើត​ទីក្រុង Osaka នៅ​ពេល​ដែល​បុរស​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង​បាន​ដើរ​មក​ជិត​លោក ហើយ​ក៏​បាន​លើក​កាំភ្លើង​បាញ់​លោក អាបេ តែម្ដង។

ស្នូរ​គ្រាប់​កាំភ្លើង​បាន​ផ្ទុះ​ចំនួន ២​គ្រាប់ គឺ​ភ្លាមៗ​នោះ​លោក អាបេ ក៏​បាន​ដួល​នៅ​លើ​ដី ហើយ​ឈាម​បាន​ហូរ​ចេញពី​បេះដូង​របស់​លោក​យ៉ាង​ច្រើន។ ក្នុង​ស្ថានភាព​នេះ គេ​ឃើញ​មនុស្ស​ស្រវេស្រវា​ជួយ​លោក អាបេ ដែល​បាន​ដេក​ស្ដូក​នៅ​លើ​ដី​បាត់បង់​ស្មារតី​ទៅ​ហើយ។

ចំណែក​បណ្ដាញ​ទូរទស្សន៍​ជប៉ុន NHK បាន​រាយការណ៍​ថា​ខ្មាន់​កាំភ្លើង​ដែល​រង​ការ​ចោទប្រកាន់​ថា​ជា​អ្នក​បាញ់​លោក អាបេ គឺ​មាន​អាយុ ៤១​ឆ្នាំ។ គាត់​មកពី​ទីក្រុង Nara ហើយ​ភ្លាម​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​តែម្តង។ ឃាតក​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ឈ្មោះ Tetsuya Yamagami។ បើ​តាម​ទូរទស្សន៍ NHK ជន​សង្ស័យ​រូប​នោះ​ធ្លាប់​បម្រើ​នៅ​ក្នុង​កងទ័ព​ជប៉ុន​រយៈពេល​បី​ឆ្នាំ ហើយ​កាំភ្លើង​ដែល​ជន​សង្ស័យ​រូប​នោះ​ប្រើ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​លោក អាបេ គឺជា​អាវុធ​កែច្នៃ។

បើ​តាម​ចម្លើយ​របស់​សមត្ថកិច្ច​ដែល​បាន​ប្រាប់​ទូរទស្សន៍ NHK ឲ្យ​ដឹង​ថា ខ្មាន់​កាំភ្លើង​នោះ​បាន​ប្រាប់​ថា គាត់​មិន​ពេញចិត្ត​នឹង​លោក អាបេ ហើយ​មាន​ផែនការ​សម្លាប់​លោក អាបេ តែម្ដង។

លោក អាបេ បាន​ថ្លែង​នៅ​ឯ​ពិធី​ឃោសនា​ដើម្បី​កៀរគរ​រក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​សេរី LDP ដែល​ចូលរួម​បោះឆ្នោត​សភា​ជាន់ខ្ពស់​ជប៉ុន នៅ​ថ្ងៃ​អាទិត្យ ខាងមុខ​នេះ។

នាយករដ្ឋមន្ត្រី​ជប៉ុន​បច្ចុប្បន្ន លោក Fumio Kishida បាន​ចេញ​មុខ​ថ្លែង​ថ្កោលទោស​ការ​វាយប្រហារ​ដ៏​ព្រៃផ្សៃ​នេះ ដោយ​និយាយ​ថា ការ​វាយប្រហារ​នេះ​បាន​កើតមាន​ឡើង​ក្នុង​អំឡុង​នៃ​ការ​បោះឆ្នោត​មួយ​តាម​គន្លង​ប្រជាធិបតេយ្យ។

កាលពី​ក្នុង​ឆ្នាំ​២០១៧ អភិបាល​ក្រុង Nagasaki ត្រូវ​បាន​សម្លាប់​ដោយ​បុរស​ម្នាក់​មកពី​ក្រុម​អ្នក​លេង។ នៅ​ឆ្នាំ​១៩៦០ ប្រធាន​គណបក្ស​សង្គម​និយម​ជប៉ុន ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ពេល​លោក​កំពុង​ថ្លែង​សារ​នយោបាយ​មួយ​នៅ​ពេល​នោះ។ ប្រធាន​គណបក្ស​សង្គម​និយម​រូប​នោះ​ត្រូវ​បាន​ក្រុម​អ្នក​លេង​ដាវ Samurai ចាក់​សម្លាប់ ហើយ​ក្នុង​ឧបទ្ទវហេតុ​នោះ ក៏​មាន​មនុស្ស​ជាច្រើន​រង​របួស​ដែរ។

តើ​លោក អាបេ មាន​ប្រវត្តិ​ដូចម្ដេច?

លោក អាបេ មាន​អាយុ ៦៧​ឆ្នាំ។ លោក​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៧ ម្ដង និង​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២០ ម្ដង​ទៀត។ គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​លោក អាបេ បាន​គ្រប់គ្រង​នយោបាយ​ជប៉ុន ចាប់តាំងពី​ឆ្នាំ​១៩៥៥ មក។ លោក អាបេ បាន​លាលែង​ចេញពី​តំណែង​នៅ​ខែ​សីហា ឆ្នាំ​២០២០ ក្រោម​ហេតុផល​បញ្ហា​សុខភាព តែ​លោក​គឺជា​មេដឹកនាំ​ម្នាក់​ដែល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​យូរ​ជាងគេ​នៅ​ប្រទេស​ជប៉ុន។

ទោះជា​លោក អាបេ លាលែង​ពី​តំណែង​មែន តែ​លោក​នៅតែ​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល និង​មាន​ប្រជាប្រិយ​សម្រាប់​គណបក្ស LDP។

ភ្លាមៗ​បន្ទាប់ពី​ទទួល​ដំណឹង​អំពី​មរណភាព​របស់​លោក អាបេ គេ​សង្កេត​ឃើញ​មេដឹកនាំ​ពិភពលោក​មួយ​ចំនួន​បាន​បញ្ជូន​សារ​ថ្កោលទោស និង​សោកស្ដាយ។

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនឌ្រា មូឌី បាន​សរសេរ​សារ​សោកស្ដាយ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក​ជាមួយ​នឹង​ការ​ប្រកាស​កាន់​ទុក្ខ​មួយ​ថ្ងៃ​នៅ​ថ្ងៃទី​៩ ខែ​កក្កដា។ លោក​ថា លោក​មាន​ការ​រន្ធត់​ចិត្ត​ដែល​ឮ​ថា លោក អាបេ រង​ការ​បាញ់​សម្លាប់។

ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់ អ្នកស្រី Jacinda Ardern បាន​បញ្ចេញ​ទស្សនៈ​ថា លោក អាបេ ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​បរទេស​មុន​គេ​ដែល​អ្នកស្រី​បាន​ជួប​ក្នុង​តំណែង​អ្នកស្រី​ជា​នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់។ អ្នកស្រី​ចាត់ទុក​ការ​ធ្វើ​ឃាត​លោក អាបេ ជា​ហេតុការណ៍​ដែល​ធ្វើ​ឱ្យ​ពិភពលោក​តក់ស្លុត។

ចំណែក​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ចាត់ទុក​មរណភាព​របស់​លោក អាបេ ថា​ជា​ការ​បាត់បង់​ដ៏​ធំធេង។ នៅ​ក្នុង​សារ​ផ្ញើ​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​លោក អាបេ មេដឹកនាំ​រុស្ស៊ី បាន​ហៅ​លោក អាបេ ជា​មេដឹកនាំ​ដ៏​មាន​ស្នាដៃ​ក្នុង​ការ​ចូលរួម​វិភាគទាន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ជប៉ុន និង​រុស្ស៊ី ក្នុង​គ្រប់​វិស័យ។

ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen ហៅ​ការ​បាញ់​ប្រហារ​នេះ​ជា​ទង្វើ​កំសាក និង​ខ្មាសអៀន។

ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរីស ចនសុន ដែល​នឹង​ចុះ​ចេញពី​តំណែង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ បាន​សរសើរ​លោក អាបេ ថា​ជា​មេដឹកនាំ​ពិភពលោក​គួរ​គោរព និង​កោតសរសើរ។

សហរដ្ឋ​អាមេរិក ដែល​ជា​សម្ពន្ធមិត្ត​ស្លាប់​រស់​ជាមួយ​នឹង​ជប៉ុន តាមរយៈ​រដ្ឋមន្ត្រី​ការបរទេស បាន​សម្ដែង​ការ​សោកសង្រេង​ជា​ខ្លាំង។

ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​សរសេរ​សារ​លើ​ទ្វីតធើ ដោយ​សម្ដែង​ក្តី​រន្ធត់​ជា​ខ្លាំង​បន្ទាប់ពី​បាន​ឮ​ការ​បាញ់​ប្រហារ​លើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន។ លោក ម៉ាក្រុង សច្ចា​ថា បារាំង​នៅតែ​បន្ត​ជា​មិត្ត​របស់​ប្រជាជន​ជប៉ុន​ជានិច្ច។

ចំណែក​អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) លោក Jens Stoltenberg បាន​សម្ដែង​ទុក្ខសោក​ចំពោះ​លោក អាបេ ប៉ុន្តែ​លោក​បាន​ហៅ​លោក អាបេ ថា​ជា​អ្នក​ការពារ​លទ្ធិប្រជាធិបតេយ្យ​មួយ​ដ៏​រឹងមាំ។ ចំណែក​រដ្ឋាភិបាល​ចិន ដែល​មិន​សប្បាយ​ចិត្ត​នឹង​លោក អាបេ បាន​ទៅ​ទស្សនា​ដែន​កោះ​តៃវ៉ាន់ កាលពី​ប៉ុន្មាន​ឆ្នាំ​មក​នេះ ក៏​បាន​បញ្ចេញ​សារ​រំលែក​ទុក្ខ​ផង​ដែរ​ជូន​ចំពោះ​គ្រួសារ​លោក អាបេ។

ជាមួយ​គ្នា​នេះ មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ដូចជា​នាយករដ្ឋមន្ត្រី​សិង្ហបុរី នាយករដ្ឋមន្ត្រី​ថៃ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ក៏​បាន​សម្ដែង​ភាព​តក់ស្លុត​ក្រោយពី​ទទួល​ដំណឹង​ថា​លោក អាបេ បាន​ទទួល​មរណភាព។ ពួកគាត់​ចាត់ទុក​ការ​បាញ់​សម្លាប់​លោក អាបេ គឺជា​ព្រឹត្តិការណ៍​ដ៏​ឃោរឃៅ​មួយ​នៅ​ជប៉ុន ដែល​មិន​អាច​ភ្លេច​បាន​ឡើយ។

ក្រោយពី​ហេតុការណ៍​នៃ​ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អាបេ លោក Kishida Fumio បាន​ចេញ​បញ្ជា​ឱ្យ​រឹត​បន្តឹង​សន្តិសុខ​ការពារ​ថ្នាក់​ដឹកនាំ និង​អ្នក​នយោបាយ​ជប៉ុន ខណៈ​ការ​បោះឆ្នោត​សភា​ជាន់ខ្ពស់​ជប៉ុន នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។

ការ​ចេញ​បញ្ជា​របស់​លោក Kishida ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ពិភាក្សា​អំពី​ការ​ធ្វើ​ឃាត​លោក អាបេ ជាមួយ​នឹង​ប្រធាន​គណៈកម្មការ​ជាតិ​សុវត្ថិភាព​សាធារណៈ លោក Ninoyu Satoshi រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក Furukawa Yoshihisa និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស