33.2 C
Phnom Penh

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បើក​កិច្ចប្រជុំ​ពេញ​អង្គ​មុន​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​សំណើ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ពុធ នេះ មុន​នឹង​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាម​សំណើ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ដើម្បី​ធានា​ស្ថាប័ន​កំពូល​របស់​ជាតិ​មាន​និរន្តរភាព និង​ធានា​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​គ្រប់​កាលៈទេសៈ។

យោង​តាម​សេចក្ដី​ប្រកាស​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចុះ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ដើម្បី​ពិគ្រោះ​យោបល់ និង​ពិនិត្យ​មើល​សេចក្ដី​ព្រាងច្បាប់​ធម្មនុញ្ញ​ស្ដីពី​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។

ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​១៩​ថ្មី(មួយ) មាត្រា​៨៩​ថ្មី មាត្រា​៩៨ មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី(មួយ) និង​មាត្រា​១២៥​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ប្រក្រតីភាព​នៃ​ស្ថាប័ន​ជាតិ។

បើ​តាម​សេចក្ដី​ព្រាង​ស្ដីពី​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ខាងលើ ក្រោម​ហេតុផល​ថា ធានា​ស្ថាប័ន​កំពូល​របស់​ជាតិ ជាពិសេស​អំណាច​នីតិប្រតិបត្តិ​ដែល​មាន​បេសកកម្ម​ចម្បង​ក្នុង​ការ​ដឹកនាំ​ការងារ​ទូទៅ​របស់​រដ្ឋ ឱ្យ​មាន​ដំណើរការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ប្រកប​ដោយ​និរន្តរភាព​គ្រប់​កាលៈទេសៈ។ មួយ​ទៀត ធានា​ការពារ និង​ថែរក្សា​បាន​នូវ​សន្តិភាព សន្តិសុខ​សង្គម សណ្ដាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​ជាតិ​គ្រប់​កាលៈទេសៈ ដើម្បី​ជា​គ្រឹះ​សម្រាប់​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ។

អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក តាំង រតនា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​ទាំងស្រុង​តាមរយៈ​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២ ក្នុង​គោលដៅ​ធានា​ស្ថាប័ន​កំពូល​របស់​ជាតិ​មាន​និរន្តរភាព និង​ធានា​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​គ្រប់​កាលៈទេសៈ។

តែ​យ៉ាងណា ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មាន​តែ​សភា​ឯក​បក្ស មិន​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​រួបរួម​ជាតិ​តែ​មួយ និង​ឆន្ទៈ​របស់​ពលរដ្ឋ​ឡើយ ក្រៅ​តែ​បម្រើ​ឲ្យ​ផលប្រយោជន៍​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

ចំណែក​អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា រដ្ឋាភិបាល​មិន​មាន​អ្វី​ចាំបាច់​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ​ទេ ពីព្រោះ​ច្បាប់​កំពូល​របស់​ជាតិ​ដែល​បង្កើត​ឡើង​តាំងពី​សម័យ​អន្តរកាល​ឆ្នាំ​១៩៩៣ នេះ បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ និង​ស្មារតី​ប្រជាពលរដ្ឋ​ពិតប្រាកដ​ទៅ​ហើយ។ លោក​ថា បើ​រដ្ឋាភិបាល និង​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្មារតី និង​ខ្លឹមសារ​ដើម ខណៈ​ការ​ធ្វើ​វិសោធនកម្ម​នោះ​ធ្វើ​ឡើង​ដោយ​ឯក​បក្ស។

គិត​មក​ដល់​ឆ្នាំ​២០២២ នេះ រដ្ឋាភិបាល​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន ១០​ដង ខណៈ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​៩ ឆ្នាំ​២០២១ គឺជា​វិសោធនកម្ម​មួយ​ដែល​អ្នកច្បាប់​ចាត់ទុក​ថា​ជា​ការ​កែប្រែ​កំណែ​ទម្រង់​ច្បាប់​ជាតិ​ដ៏​អាក្រក់​មួយ ដែល​ហាមឃាត់​មិន​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​នាយករដ្ឋមន្ត្រី​មាន​សញ្ជាតិ​បរទេស​ឡើយ គឺ​ត្រូវតែ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស