28.5 C
Phnom Penh

ទស្សនៈ៖ យុវជន​ស្រីលង្កា​ថា​ជិត​២០​ឆ្នាំ​ហើយ​ត្រកូល រ៉ាចាប៉ាកសា ពង្វក់​ឱ្យ​ល្ងង់​ក្រោម​វប្បធម៌​បក្ស​ពួក​និយម និង​ពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រជ្ជកាល​នៃ​សន្តតិវង្ស រ៉ាចាប៉ាកសា បាន​បិទ​បញ្ចប់​ហើយ​នៅ​លើ​ទឹកដី​ដ៏​ក្រីក្រ​មួយ​នៅ​អាស៊ី​ខាងត្បូង គឺ​ប្រទេស​ស្រីលង្កា។

ត្រកូល រ៉ាចាប៉ាកសា កាន់​អំណាច​ពី​បង​ទៅ​ប្អូន​ពី​ប្អូន​ទៅ​បង។ បង​កាន់​តំណែង​ប្រធានាធិបតី ប្អូន​ឡើង​កាន់​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ។ ប្អូន​កាន់​តំណែង​ប្រធានាធិបតី បង​កាន់​តំណែង​នាយករដ្ឋមន្ត្រី។

សាច់ញាតិ​បងប្អូន​បង្កើត​រហូត​ដល់​ជីដូនមួយ​សុទ្ធតែ​កាន់​តំណែង​ធំៗ​នៃ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ស្ថាប័ន​របស់​ជាតិ។ ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ ប្អូន​កាន់​តំណែង​ប្រធានាធិបតី បង​កាន់​តំណែង​នាយករដ្ឋមន្ត្រី ប្អូន​បន្ទាប់​កាន់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ហើយ​បងប្អូន​ជីដូនមួយ​សុទ្ធតែ​កាន់​តំណែង​ធំៗ​នៅ​ស្ថាប័ន​របស់​រដ្ឋ។

ថវិកា​របស់​ជាតិ​ទាំងមូល​ត្រូវ​បាន​ត្រកូល​មួយ​នេះ​គ្រប់គ្រង​ទាំងស្រុង។ ប្រាក់កម្ចី​ទាំង​ថ្មី​ទាំង​ចាស់ គឺ​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​គ្រួសារ រ៉ាចាប៉ាកសា ជា​អ្នក​គ្រប់គ្រង ជាពិសេស​ប្រាក់កម្ចី​ពី​ប្រទេស​ចិន។

វប្បធម៌​នៃ​ការ​សាបព្រោះ​អំណាច និង​ការ​ចង​ស្ពាន​មេត្រី​ផ្សារភ្ជាប់​សាច់ឈាម​ក្នុង​អំណាច​នៃ​រដ្ឋាភិបាល​នៃ​ត្រកូល រ៉ាចាប៉ាកសា កើត​ជា​ប្រព័ន្ធ។ ការ​ផ្សារភ្ជាប់​សាច់ឈាម​នឹង​គ្នា និង​វប្បធម៌​ចែករំលែក​ផលប្រយោជន៍​គ្នា​កើត​មាន​តែ​ក្នុង​រង្វង់​អំណាច រ៉ាចាប៉ាកសា។ ទីបំផុត ប្រទេស​នេះ​ធ្លាក់​ក្នុង​បំណុល​សាធារណៈ និង​បំណុល​បរទេស​ដល់​ទៅ ៥១​ពាន់​លាន​ដុល្លារ​អាមេរិក។ ចំពោះ​ប្រទេស​ចិន តែ​មួយ​គត់ គឺ​រជ្ជកាល​របស់ រ៉ាចាប៉ាកសា ទទួល​បាន​ប្រាក់កម្ចី​ពី​ចិន​ដល់​ទៅ ៣៥​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រុម​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​ទាមទារ​ថា​ការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​អភិវឌ្ឍ​ទាំងអស់ ត្រូវតែ​មាន​តម្លាភាព ហើយ​សូម្បីតែ​ការ​ខ្ចី​បំណុល​បរទេស គឺ​ត្រូវតែ​ឆ្លងកាត់​ការ​ផ្ទៀងផ្ទាត់​ចេញពី​សមាជិក​សភា និង​ស្នើ​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​បំណុល គឺ​មិន​អាច​ទៅ​រួច​ទេ គឺ​អំណាច​របស់​ក្រុម រ៉ាចាប៉ាកសា មិន​បើក​ចំហ​ឡើយ។

ទីបំផុត សំណង់​ក្នុង​គម្រោង​ប្រាក់កម្ចី​របស់​ចិន​មួយ​ចំនួន​បាន​ធ្លាក់​ទៅ​ក្រោម​ការ​រឹបអូស​របស់​ប្រទេស​ចិន ដោយសារតែ​ការ​បង្វិល​ប្រាក់​សង​ទៅ​វិញ​ពុំ​ទាន់។ សំណង់​កំពង់ផែ​សមុទ្រ​ដ៏​ធំ​មួយ​បាន​ចំណូល​មួយ​ឆ្នាំៗ​រាប់​រយ​លាន​ដុល្លារ ត្រូវ​បាន​ចិន​រឹបអូស​ក្នុង​កិច្ចសន្យា ៩៩​ឆ្នាំ។ កំពង់ផែ​នេះ​ត្រូវ​បាន​ហៅ​ថា​កំពង់ផែ​សមុទ្រ Magampura Mahinda Rajapaksha ជា​ឈ្មោះ​របស់​លោក​ប្រធានាធិបតី Mahinda ហើយ​ឈ្មោះ​ហៅ​ផ្លូវការ គឺ Hambantota។

ក្រៅពី​ការ​រក​ឃើញ​ថា​បាត់​ថវិកា​ក្នុង​សំណង់​កំពង់ផែ​នេះ ៣០០​លាន​ដុល្លារ​ក្នុង​ប្រាក់កម្ចី ១២០០​លាន​ដុល្លារ គឺ​ក្រុម​គណបក្ស​ប្រឆាំង​បាន​ចោទ​ថា ប្រាក់កម្ចី​ដែល​មិន​មាន​ការ​ផ្ទៀងផ្ទាត់​ញឹកញាប់​នៃ​ការ​ប្រើប្រាស់ គឺ​នាំ​ឱ្យ​មាន​អំពើពុករលួយ​ដូចនេះ។ ដោយសារតែ​រក​ឃើញ​អំពើពុករលួយ​ក្នុង​គម្រោង​កំពង់ផែ​សមុទ្រ Hambantota ដល់​ទៅ ៣០០​លាន​ដុល្លារ បាន​នាំ​ឱ្យ​ប្រធានាធិបតី​ថ្មី Maithripala Sirisena ព្រមាន​ចិន​ថា អំពើពុករលួយ​ដែល​កើត​ចេញពី​ប្រាក់កម្ចី​របស់​ចិន​នេះ នាំ​ឱ្យ​បាត់បង់​ផលប្រយោជន៍​ជាតិ​ស្រីលង្កា យ៉ាង​ធ្ងន់ធ្ងរ។

លោក Maithripala Sirisena បាន​កាន់​អំណាច​តែ ៥​ឆ្នាំ​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ លោក​បាន​បញ្ឈប់​ការ​ខ្ចី​បុល​ពី​ចិន​ជាបន្ទាន់។ តែ​យ៉ាងណា បុរស​នេះ​បាន​សម្រេច​លែង​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណែង​ប្រធានាធិបតី​បន្ត​ទៀត ដោយ​ទីបំផុត ការ​បោះឆ្នោត​ឆ្នាំ​២០១៩ បាន​ធ្លាក់​ទៅលើ​លោក ហ្កូតា បាយ៉ា រ៉ាចាប៉ាកសា ដែល​ជា​ប្អូនប្រុស​លោក មាហិនដា។ លោក មាហិនដា ជា​បេក្ខជន​ប្រធានាធិបតី តែ​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៥ គឺ​ចាញ់​លោក Maithripala Sirisena មកពី​បក្ស​ប្រឆាំង។

តែ​យ៉ាងណា លោក មាហិនដា បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា គឺ​បាន​តោង​យក​អំណាច​នាយករដ្ឋមន្ត្រី។ ក្នុង​រជ្ជកាល​ជាង ៣​ឆ្នាំ​មក​នេះ គឺ​អំណាច​ណែន​ក្នុង​ដៃ​ទាំង​អំណាច​ថ្នាក់​ក្រោម​រហូត​ដល់​អំណាច​ថ្នាក់​កំពូល គឺ​នៅ​ក្រោម​ត្រកូល រ៉ាចាប៉ាកសា។ តែ​ជា​អកុសល អំឡុង​ពិភពលោក​ផ្ទុះ​ជំងឺ​កូវីដ-១៩ ប្រទេស​ស្រីលង្កា​ក៏​បាន​បិទ​ខ្ទប់​ប្រទេស​ដូច​នឹង​ប្រទេស​ផ្សេងៗ​ទៀត​ដែរ។ វិស័យ​ដែល​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​បាន​ស្រុត​ចុះ​យ៉ាង​ខ្លាំង គឺ​វិស័យ​កសិកម្ម វិស័យ​វាយនភណ្ឌ និង​កាត់ដេរ និង​វិស័យ​ទេសចរណ៍ សឹងតែ​រក​ចំណូល​ចូល​រតនាគារ​ជាតិ​លែង​បាន។

ទីបំផុត ទុន​បម្រុង​បរទេស និង​ទុន​បម្រុង​ក្នុង​ស្រុក​សឹងតែ​អស់​រលីង​ដោយ​បាន​រុញ​ឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​នៅ​ដើម​ឆ្នាំ​២០២២ ជាមួយ​នឹង​ប្រជាជន​បាត់​ចំណូល​ប្រចាំ​ជីវភាព​គ្រួសារ ដោយ​បណ្ដាល​ឱ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​អត់​ការងារ​ធ្វើ។ ដោយ​ធ្លាក់​ក្នុង​វិបត្តិ​ដូចនេះ ប្រជាជន ជាពិសេស​គឺ​យុវជន និង​គ្រួសារ​ជន​ក្រីក្រ បាន​ធ្វើ​បាតុកម្ម ដែល​គេ​ហៅ​ថា​ការ​រើ​បម្រះ​ប្រឆាំង​នឹង​រជ្ជកាល រ៉ាចាប៉ាកសា ជា​សន្តតិវង្ស​នៃ​ការ​ជិះជាន់​កិបកេង​ទ្រព្យសម្បត្តិ​ជាតិ​ប្រព្រឹត្ត​អំពើពុករលួយ គឺ​ពួកគេ​រាប់​ម៉ឺន​រាប់​សែន​នាក់​បាន​ចេញ​ដើរ​តាម​ដងផ្លូវ​នៅ​ទីក្រុង​កូឡុំបូ។

ប្រជាជន​ចង​គំនុំ​ជាមួយ​នឹង​ក្រុម​បក្សពួក​ត្រកូល រ៉ាចាប៉ាកសា។ បាតុកម្ម​ប្រព្រឹត្ត​ទៅ​រយៈពេល ៤​ខែ ហើយ​ទីបំផុត ប្រជាជន​នៅ​តាម​ជនបទ​ដែល​ភាគច្រើន​ក្រីក្រ​បាន​ប្រកូក​ប្រកាស​គ្នា​សម្រុក​ចូល​ទីក្រុង​កូឡុំបូ ដោយ​ពួកគេ​ជិះ​រថភ្លើង​ដោយ​សម្រុក​វាយ​កាន់កាប់​វិមាន​ប្រធានាធិបតី និង​ភូមិគ្រឹះ​ប្រធានាធិបតី ហ្កូតា ប៉ាយ៉ា ហើយ​រហូត​ដល់​ដុត​បំផ្លាញ​ភូមិគ្រឹះ​របស់​នាយករដ្ឋមន្ត្រី Ranil Wikremsinghe ទៀត​ផង។

តែ​នេះ​ជា​បាតុកម្ម​ធំ​ចុងក្រោយ​ដែល​រុញ​ឱ្យ​ប្រធានាធិបតី ហ្កូតា បាយ៉ា សម្រេច​បោះបង់​អំណាច​របស់​ខ្លួន ហើយ​រត់​ភៀសខ្លួន​ចេញពី​ប្រទេស។ កាលពី​បាតុកម្ម​នៅ​ដើម​ខែ​ឧសភា គឺ​បាតុករ​ដែល​ជា​យុវជន​បាន​ឡោមព័ទ្ធ​ភូមិគ្រឹះ​របស់​លោក មាហិនដា រ៉ាចាប៉ាកសា ជា​បងប្រុស​លោក ហ្កូតា បាយ៉ា គឺ​ពេល​នោះ​លោក មាហិនដា ជា​នាយករដ្ឋមន្ត្រី។ កម្លាំង​របស់​បាតុករ​ដ៏​មហិមា​បាន​រុញ​ឱ្យ​លោក មាហិនដា រត់​ភៀសខ្លួន​ជាបន្ទាន់​ទៅ​លាក់​ខ្លួន​ក្នុង​បន្ទាយ​របស់​កងទ័ព ហើយ​លោក​ក៏​បញ្ជូន​លិខិត​សុំ​លាលែង​ពី​តំណែង​ទៅ​កាន់​ប្រធានាធិបតី​ដែល​ជា​ប្អូនប្រុស​របស់​ខ្លួន។

ឥឡូវ​នេះ​គេ​ពុំ​ដឹង​ថា លោក មាហិនដា រ៉ាច៉ាប៉ាកសា ស្ថិត​នៅ​ក្នុង​បន្ទាយ​កងទ័ព ឬ​រត់​ភៀសខ្លួន​ទៅ​ណា​នោះ​ទេ។ បាតុករ​ស្រែក​តាម​ដងផ្លូវ និង​លើក​បដា​ថា Go Home Gota, Go Home Mahinda, Go Home Rajapaksa ប៉ុន្តែ​អ្នក​សារព័ត៌មាន​ជាច្រើន​កត់​សម្គាល់​ឃើញ​សម្រែក​របស់​បាតុករ​ជា​យុវជន និង​ជា​និស្សិត​បាន​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង​ថា ជិត ២០​ឆ្នាំ​ហើយ​ត្រកូល រ៉ាចាប៉ាកសា បាន​ពង្វក់​យើង​ឱ្យ​ល្ងង់​ក្រោម​វប្បធម៌​អំណាច​បក្សពួក​និយម និង​ពុករលួយ។

តើ​ខ្លឹមសារ​នៃ​ប្រយោគ​ថា វប្បធម៌​អំណាច​បក្សពួក​និយម និង​ពុករលួយ មាន​ន័យ​ដូចម្ដេច?

ក្រុម​អ្នក​មាន​ប្រាក់​ស្ដុកស្ដម្ភ​ដែល​មាន​បាន​ពី​ការ​ឃុបឃិត​នឹង​រដ្ឋាភិបាល រាច៉ាប៉ាកសា និង​ក្រុម​មន្ត្រី​របស់ រ៉ាចាប៉ាកសា បាន​ប្រើប្រាស់​ប្រាក់កាក់​របស់​ពួកគេ​តាមរយៈ​នៃ​ការ​បញ្ចេញ​វប្បធម៌​ចែករំលែក​ផលប្រយោជន៍ ហើយ​ទាញ​យក​ផលប្រយោជន៍​មក​បក្សពួក​ខ្លួន​វិញ គឺ​កើត​មាន​នៅ​ក្នុង​សង្គម​នៃ​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ។

ដូចនេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​រុញ​ឱ្យ​យុវជន​ដែល​មិន​បាន​គិត​អំពី​អ្វី​ទៅ​ហៅ​ថា​ការ​តស៊ូ​មតិ​ដើម្បី​សេរីភាព​នៃ​អនាគត​របស់​ខ្លួន គឺ​មាន​គំនិត​រួញ​តូច មាន​ន័យ​ថា គិត​ខ្លី​ហើយ​ក៏​នាំគ្នា​លើក​តម្កើង​មន្ត្រី និង​គ្រួសារ​របស់ រ៉ាចាប៉ាកសា ដោយ​ភ្លេច​គិត​អំពី​ផលវិបាក​នៃ​អនាគត​របស់​ខ្លួន និង​ប្រទេស​ជាតិ​ខ្លួនឯង។

ទីបំផុត យុវជន​ស្រីលង្កា គឺ​ពុល​នឹង​ការ​សាបព្រោះ​វប្បធម៌​នៃ​ការ​យល់យោគ​អ្នក​កិបកេង​ទ្រព្យសម្បត្តិ​របស់​ជាតិ។ នៅ​ក្នុង​ហ្វូង​បាតុករ យុវជន​ស្រីលង្កា​ជាច្រើន​នាក់​ដែល​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ស្រង់​សម្ដី​របស់​ពួកគេ​មក​ចុះផ្សាយ​ថា ជិត ២០​ឆ្នាំ​ហើយ​នៃ​រជ្ជកាល រ៉ាចាប៉ាកសា បាន​ពង្វក់​យុវជន​ដោយសារ​វប្បធម៌​បែប​នេះ គឺ​រុញ​ឱ្យ​យុវជន​ស្រីលង្កា ធ្លាក់​ក្នុង​ភាព​ល្ងង់ខ្លៅ។

យុវជន​ជា​បាតុករ​ស្រីលង្កា ដែល​បាន​អបអរ​សាទរ​ជ័យជម្នះ​របស់​ពួកគេ​ក្នុង​ការ​បញ្ចប់​រជ្ជកាល រ៉ាចាប៉ាកសា បាន​ប្រាប់ BBC ដោយ​សង្ឃឹម​ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ថ្មី​លើក​ក្រោយ​នេះ នឹង​ពុំ​មាន​ត្រកូល និង​បក្សពួក រ៉ាចាប៉ាកសា នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស