ក្នុងរជ្ជកាលនៃរាជាណាចក្រទី១ ប្រទេសកម្ពុជា ខ្មែរនាំគ្នាប្រសិទ្ធិនាមតាមមេដឹកនាំសម័យសង្គមរាស្ត្រនិយមថា កោះសន្តិភាព។ ពីចន្លោះទសវត្ស១៩៥០ ដល់១៩៦០ គណៈប្រតិភូនៃរាជរដ្ឋាភិបាលដឹកនាំដោយលោក ទេព ផន អមដំណើរដោយលោក សម សារី បានទៅចរចានៅក្រុងហ្សឺណែវ ប្រទេសស្វីស ជាមួយនាយករដ្ឋមន្ត្រីយៀកណាមខាងជើង ផាំ វ៉ាន់ដុង ឲ្យទ័ពព្រៃយៀកមិញចេញពីទឹកដីខ្មែរឲ្យអស់។
ក្រោយមក សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ អនុគ្រោះឲ្យទ័ពព្រៃយៀកណាមខាងជើង និងយៀកកុងតាំងមូលដ្ឋានទ័ពក្នុងទឹកដីខ្មែរដែលរាជរដ្ឋាភិបាលប្រកាសក្ដែងៗថា ប្រកាន់អព្យាក្រឹតភាពមិនចូលបក្សសម្ព័ន្ធ។ សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើទីតាំងទ័ពព្រៃបរទេសក្នុងទឹកដីខ្មែរ។ តើកង់ ឬកងចក្រប្រវត្តិសាស្ត្រនឹងវិលចុះវិលឡើងជាន់ដានចាស់ឬទេសម្រាប់អនាគតជាតិសាសន៍ខ្មែរ?
លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍ថ្មីមួយអំពីសន្តិភាពបច្ចុប្បន្ន និងអនាគតនៅរាម។
ថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា លោក ហ៊ុន សែន ផ្ដួចផ្ដើមគំនិតស្នើឲ្យសមាជិកគណៈរដ្ឋមន្ត្រីសិក្សាអំពីការកែរដ្ឋធម្មនុញ្ញបច្ចុប្បន្ន។ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជាដែលកំពុងឃ្លាំមើល ចង់ដឹងថា តើនឹងមានការកែប្រែរដ្ឋធម្មនុញ្ញត្រង់ចំណុចណា ជំពូកទីប៉ុន្មាន មាត្រាទីប៉ុន្មាន ហើយកែដើម្បីគោលបំណងអ្វីនោះ។ ឥឡូវនេះ ពលរដ្ឋខ្មែរដឹងថាកែប្រែ ៨មាត្រា។
ពលរដ្ឋដឹងរឿងមួយទៀតច្បាស់បំផុតនោះ គឺរាល់ការកែប្រែរដ្ឋធម្មនុញ្ញ ទោះជាបន្ថែម ឬលុបចេញឃ្លា ប្រយោគ ពាក្យពេចន៍ ខ្លឹមសារបែបណាក៏ដោយ មិនធ្វើឡើងសម្រាប់ប្រយោជន៍រួម សម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នាទេ ពោលគឺសម្រាប់តែប្រយោជន៍បុគ្គលម្នាក់ ក្រុម បក្សពួកមួយ ឬរដ្ឋបរទេសមួយតែប៉ុណ្ណោះ។
គេគួរនាំគ្នាតាមដានរឿងខ្លះដែលអាចជាដើមហេតុនៃការប៉ុនប៉ងកែរដ្ឋធម្មនុញ្ញ ដោយពិនិត្យមើលព្រឹត្តិការណ៍ធំៗតាមលំដាប់លំដោយឆ្ងាយពីទីធ្លាបរិវេណភូមិគ្រឹះ ឆ្ងាយពីចង្ក្រានបាយយើងម្នាក់ៗបន្តិច។ គិតដូច្នេះ ធ្វើដូច្នេះ ទើបយើងអាចការពារខ្លួនទាន់ពេលវេលា បើមានអ្នកណានាំភ្លើងចន្លុះចូលក្នុងផ្ទះស្បូវ។ បក្សកាន់អំណាចនឹងកាន់អំណាចរបៀបណាតទៅមុខរហូត អាស្រ័យដោយបក្សអត់អំណាចចូលលេងល្បែងនយោបាយជាមួយ។
បស្ចិមប្រទេស លោកសេរី មិនចាប់អារម្មណ៍លើរឿងស្នងត្រកូលនៃគ្រួសារកូនចៅលោក ហ៊ុន សែន នោះទេ ព្រោះថារឿងនេះជារឿងខ្មែរ និងខ្មែរ។ បើខ្មែររស់ជាមួយនឹងត្រកូល ហ៊ុន មានក្តីសុខនឹងត្រកូល ហ៊ុន ក៏ខ្មែរតែមួយគត់ជាអ្នកសម្រេចចិត្ត សម្រេចវាសនាខ្លួនដោយខ្លួនឯង។
រឿងហេតុមួយដែលអាចជំរុញឲ្យមានការកែរដ្ឋធម្មនុញ្ញ គឺការផ្តល់សិទ្ធិស្របច្បាប់ពេញលេញដោយមិនប្រកាន់និន្នាការនយោបាយដល់ពលរដ្ឋខ្មែរកាន់សញ្ជាតិបរទេស បោះឆ្នោតក្នុងសម័យបោះឆ្នោតទូទៅនៅប្រទេសកម្ពុជា។
តើលោក ហ៊ុន សែន ទុកចិត្តផ្តល់សិទ្ធិខ្មែរនៅបរទេសតែក្រុមនិយមបក្សប្រជាជនកម្ពុជា ឬខ្មែរទូទៅនៅបរទេស?
រឿងធំទាក់ទងនឹងគោលនយោបាយការបរទេសនោះ គឺរដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យមិនជឿមិនទុកចិត្តចេតនាមេដឹកនាំខ្មែរចំពោះការអះអាងថា ខ្លួនមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីនៃប្រទេសកម្ពុជា ដោយហេតុថាផ្ទុយពីរដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជានោះឡើយ។
គេមានឯកសារភស្តុតាងច្រើនណាស់តាមរយៈការសិក្សាតាមដានវិភាគគោលនយោបាយក្រៅប្រទេសនៃមេដឹកនាំបក្សកុម្មុយនីស្ត និងរដ្ឋាភិបាលចិន ដែលបង្ហាញថាការពង្រីកឥទ្ធិពលយោធាចិននៅប្រទេសកម្ពុជា មិនមែនជារឿងដាច់ដោយឡែកតែឯកឯងនោះទេ។
ក្នុងឆ្នាំ២០០៤ ក្រុមអ្នកស្រាវជ្រាវអាមេរិកាំង បានកំណត់គោលនយោបាយក្រៅប្រទេសនៃក្រុងប៉េកាំង ថាជាគោលនយោបាយខ្សែគជ់ (string of pearls) ដោយបណ្ដាក់ទុន ឬវិនិយោគទុនធ្វើអាជីវកម្មទាញផលដើម្បីបិទបាំងសកម្មភាពពង្រីកអំណាចយោធាពីក្រោយវាំងនន។
ក្រុមហ៊ុនចិនធំៗភាគច្រើនរកស៊ីក្រៅប្រទេសជាសហគ្រាសរដ្ឋ ធ្វើការជាមួយកងទ័ពរំដោះប្រជាជនចិន (People’s Liberation Army)។ ចិនធ្វើដូច្នេះចាប់ពីទ្វីបអាហ្វ្រិកក្នុងប្រទេសចំនួន១៦ មានប្រទេសបី ស៊ូដង់ ជីប៊ូទី អេត្យូពី ស្ថិតជាប់សមុទ្រក្រហម ដល់តំបន់អាស៊ីកណ្តាល ប្រទេសគើគីស្ថាន តំបន់អាស៊ីអាគ្នេយ៍មានប្រទេសលាវ កម្ពុជា ក្នុងឈូងសមុទ្រថៃឡង់ដ៍។
ចិនប្រើប្រាស់ផែសមុទ្រនៅប្រទេសស៊ូដង់ (Port of Sudan) ជួលកំពង់ផែ Doraleh នៅជីប៊ូទី ដែលប្រមាណ ១គីឡូម៉ែត្រខាងលិចផែសង់មូលដ្ឋាននាវាចរណ៍ ឃ្លាំងស្តុក និងផ្គត់ផ្គង់សម្ភារ អាចដាក់ទាហាន ១ម៉ឺននាក់។ ក្នុងសមុទ្រឥណ្ឌា ចិនប្រើកំពង់ផែប្រទេសស្រីលង្កា ប៉ាគីស្ថាន កោះម៉ាល់ឌីវ កំពុងស្ថាបនាកំពង់ផែសមុទ្រនៅប្រទេសភូមា ក្យោកភ្យូ (Kyaukphyu) នៅក្នុងសមុទ្រឥណ្ឌា ដោយប្រើថវិកា ១០ពាន់លានដុល្លារ។
អ្នកជំនាញខាងកិច្ចការនយោបាយចិន មានលោក Dan Blumenthal នៅសហរដ្ឋអាមេរិក បានសរសេរអំពីរឿងអាណានិគមនិយមថ្មី (neo-colonialism) ថា៖ «ទិសដៅយូរអង្វែងនៃបក្សកុម្មុយនីស្តចិន គឺដើម្បីបង្ខំសហរដ្ឋអាមេរិកជាប្រទេសដ៏មានអំណាចចេញឲ្យបាត់ពីមុខពីមាត់ ហើយបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយមានអំណោយផលទៅរកម៉ាកនយោបាយបែបផ្ដាច់ការរបស់ចិន ឬក៏តាមសេដ្ឋកិច្ចទីផ្សារបែបសង្គមនិយម។ (“The Chinese Communist Party’s long-term strategic objective is to displace the United States as the world’s most powerful country and create a new world order favorable to China’s authoritarian brand of politics, or its “socialist market economy.”)»។
វិទ្យាស្ថានអឺរ៉ុបកណ្តាលផ្នែកកិច្ចការអាស៊ី (Central European Institute for Asian Studies = CEIAS) កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ ផ្សាយអត្ថបទសរសេរបន្ថែមដោយអ្នកស្រាវជ្រាវ ៣នាក់ អំពីសកម្មភាពក្រុមហ៊ុន និងយោធាចិននៅតំបន់មាត់សមុទ្រភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា គឺលោក Alfred Gerstl, Takashi Hosoda និងអ្នកស្រី Erin Marie Parsons។ នៅក្នុងខេត្តកោះកុង ក្រុមហ៊ុនចិន Tianjin Union Development Group អភិវឌ្ឍទីក្រុងចិន តារាសាគរ អាកាសយានដ្ឋានអន្តរជាតិ មានផ្លូវយន្តហោះចុះឡើងប្រវែង ៣៩០០ម៉ែត្រ ឬជិត ៤គីឡូម៉ែត្រ សម្រាប់យន្តហោះអ្នកដំណើរធុនធំ Boeing 777 ឬ Airbus 340 សង់រមណីយដ្ឋាន សណ្ឋាគារសម្រាកកាយ វាលវាយកូនគោល កាស៊ីណូ រង្គសាល។ល។

ប្រមាណ ៣០គីឡូម៉ែត្រចុះមកខាងត្បូង គឺមូលដ្ឋានកងនាវាចរណ៍ខេមរភូមិន្ទ ឬហៅថាបន្ទាយទ័ពជើងទឹករាម។ ទីនេះ ក្រុមហ៊ុនរដ្ឋ បៃដោ (BeiDou) ធ្វើការឲ្យរដ្ឋបាលកម្មវិធីអវកាសចិន កំពុងស្ថាបនាស្ថានីយផ្កាយរណបជាមួយបុគ្គលិកយោធាចិន ដែលមានសិទ្ធិប្រើប្រាស់មូលដ្ឋានរាមប៉ែកខាងជើងរយៈពេល ៣០ឆ្នាំ។
ស្ថានីយនេះនឹងជំនួសប្រព័ន្ធតាមដានចំណុចទីតាំង Global Positioning System (GPS) ពីសហរដ្ឋអាមេរិក សម្រាប់បម្រើការទាក់ទងបញ្ជូនសញ្ញាតាមសមុទ្រ Sea Line of Com-munications (SLOC) នាអនាគត។ នៅមូលដ្ឋានរាម ចិនជួយសង់ស្ថានីយបញ្ជាការដ្ឋានគយគន់ចរាចរណ៍នាវាចរណ៍ ផែ ស្ពានសសរបោះអែបកប៉ាល់ piers ប្រវែងពី១៨០ ម៉ែត្រទៅ ២៥០ម៉ែត្រ ឃ្លាំង ចំណតផែស្ងួតសម្រាប់ជួសជុលនាវា dry dock ប្រវែង ១៥០ម៉ែត្រ ជម្រាលអូសនាវាចុះឡើង slipway។
ផែរាម នឹងត្រូវកាយជម្រៅទឹក ៧ម៉ែត្រសម្រាប់នាវាទ្រើសចេញចូល។ នាវាចម្បាំងនៃកងនាវាចរណ៍រំដោះចិន ប្រភេទ 054A frigates ដែលបាតនាវាលិចក្នុងទឹកជម្រៅ ៥ម៉ែត្រ ឬប្រភេទ 056A corvettes ដែលបាតនាវាលិចក្នុងទឹកជម្រៅ ៤ម៉ែត្រ។
ជម្រៅទឹក ៧ម៉ែត្រមិនគ្រប់គ្រាន់សម្រាប់នាវាផ្ទុកយន្តហោះចេញចូលចតទេ ព្រោះបាតនាវាត្រូវការជម្រៅយ៉ាងតិច ១០ម៉ែត្រ ហើយនាវាកម្ទេចប្រភេទ 055 destroyers ត្រូវការជម្រៅ ៦ម៉ែត្រ ៦តឹក។
ដូច្នេះ កងនាវាចរណ៍ចិន អាចប្រើនាវាប្រភេទ ២២ ហ៊ូបៃ (Houbei) ឬប្រភេទ 056A corvettes ផ្ទុកមីស៊ីលបាញ់កប៉ាល់ (Ship-Ship Missile) ប្រភេទ YJ-83 SSM ដែលបាញ់ក្នុងលំហសមុទ្របានចម្ងាយ ១៨០គីឡូម៉ែត្រ។ មិនឆ្ងាយប៉ុន្មានពីមូលដ្ឋានរាម ចិនកំពុងសង់កំពង់ផែទឹកជ្រៅក្នុងខេត្តកំពត ជម្រៅ ១៥ម៉ែត្រ ដែលអាចសម្រួលដល់នាវាផ្ទុកយន្តហោះចេញចូល។ ទល់មុខផែកំពត គឺកោះត្រល់ ដែលមានមូលដ្ឋានកងនាវាចរណ៍យៀកណាម បោះទីតាំងលើកោះខ្មែរនោះ។
លោក Takashi Hosoda សរសេរថា៖ ចិនពង្រីកឥទ្ធិពលពង្រឹងតាមក្បាច់ប្រើលុយ (rule of money) ជាជាងក្បាច់ប្រើច្បាប់ (rule of law) ឬក្បាច់ប្រើអាវុធ (rule of gun)។ អ្នកស្រី Erin Marie Parsons បានហៅយុទ្ធសាស្ត្រចិននេះថា នយោបាយការទូតអន្ទាក់បំណុល។ លោក Alfred Gerstl ពិនិត្យមើលមួយជ្រុងទៀត ថាតើប្រទេសយៀកណាម គិតបែបណា បើចិនមានទីតាំងយោធាក្នុងឈូងសមុទ្រថៃឡង់ដ៍។ ហាណូយ អាចនឹងជួលផែទឹកជ្រៅក្នុងឆកសមុទ្រកាំរ៉ាញ់ (Cam Ranh Bay) ក្នុងខេត្តខាញ់ហ័ (Khanh Hoa) ឲ្យសហរដ្ឋអាមេរិក។
អ្នកស្រាវជ្រាវ អ្នកនិពន្ធបស្ចិមប្រទេស វិភាគឃើញថា រាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ព្យាយាមបង្ហាញជំហរថ្លឹងថ្លែងមិនចង់ឲ្យសមាជិកសហគមន៍អាស៊ានឯទៀត ថាខ្លួនបម្រើគោលដៅចិន។ ជាមួយគ្នានេះ លោក ហ៊ុន សែន ព្យាយាមដើរតាមយៀកណាម ដោយមិនអនុញ្ញាតឲ្យយោធាបរទេសបោះទីតាំងលើទឹកដីរបស់ខ្លួន ដោយលើកមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញមកសំអាង។
ប៉ុន្តែគេអាចនឹងមិនឃើញកងទ័ពចិន ដើរព្រោងព្រាតពាសពេញស្រុកខ្មែរនោះទេ គឺគេអាចនឹងឃើញនាវាចិនធុនតូចចេញចូល ដោយសំអាងយកមាត្រាដដែលដែលចែងថា៖ ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។

ការកែរដ្ឋធម្មនុញ្ញលើកក្រោយនេះ អាចនឹងឆ្លុះបញ្ចាំងអំពីការសម្រួលដល់ការអនុញ្ញាតឲ្យមានការបោះទីតាំងយោធាបរទេសលើទឹកដីខ្មែរដោយមិនលាក់បាំងតទៅទៀតឡើយ។
បើមានអ្នករិះគន់ចំពោះវត្តមានអង្គភាពកងទ័ពប្រជាជនយៀកណាម លើទឹកដីខ្មែរ លោក ហ៊ុន សែន អុកថែមមួយក្តារទៀត គឺយកអង្គភាពកងទ័ពរំដោះចិន មកបោះទីតាំងលើទឹកដីខ្មែរ។
បើកងទ័ពនៃប្រទេសទាំងពីរប៉ះទង្គិចគ្នាដោយប្រដាប់អាវុធដោយប្រការណាមួយក្នុងរឿងមហិច្ឆតាអនុត្តរភាពនិយម វាតទឹកដី វាតឥទ្ធិពលយោធា នយោបាយ សេដ្ឋកិច្ច វត្ថុធាតុដើម ធនធានធម្មជាតិក្នុងទឹកដីខ្មែរ តើលោក ហ៊ុន សែន នឹងឆ្លើយតបរបៀបដូចម្តេច និងបន្ទោសទម្លាក់កំហុសលើអ្នកណា?
ពលរដ្ឋខ្មែរមានការទទួលខុសត្រូវដែរឬទេ? តើខ្មែររៀនបានអ្វីខ្លះពីព្រឹត្តិការណ៍នៅប្រទេសស្រីលង្កា ដែលកាន់ព្រះពុទ្ធសាសនាបែបថេរវាទដូចគ្នានោះ?
អ្នកប្រាជ្ញវិទ្យាសាស្ត្រ Albert Einstein ពីសតវត្សទី១៩ ដល់ទី២០ រំឭកថា៖ ការជឿដើរតាមបណ្ដុំអំណាចទាំងបិទភ្នែកងងឹតងងល់ (ឬមិនចេះឆ្ងល់ មិនចេះសួរនាំ) គឺជាសត្រូវដ៏ធំមហិមានៃសច្ចៈ (ឬការពិត)។ “Blind faith/obedience in authority is the greatest enemy of truth”៕