40.9 C
Phnom Penh

លោក ហ៊ុន សែន ឯកភាព​គ្នា​ជាមួយ​វៀតណាម​បោះ​បង្ហើយ​បង្គោល​ព្រំដែន​ដែល​នៅ​សល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​ឈ្លានពាន​វៀតណាម​លើក​បន្តុប បាន​ឯកភាព​គ្នា​ជាមួយ​លេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ដូ វ៉ាន់ជៀន ជំរុញ​ឲ្យ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សល់ ១៦% ទៀត​ឱ្យ​ឆាប់​ចប់ ដើម្បី​ប្រែ​ក្លាយ​ប្រទេស​ទាំង​ពីរ​ឲ្យ​មាន​សុខ​សន្តិភាព និង​ងាយស្រួល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

បុរស​ខ្លាំង​រណប​បរទេស​ដើម្បី​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ឱកាស​ជួប​ជាមួយ​គណៈប្រតិភូ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម ដែល​ដឹកនាំ​ដោយ​លោក ដូ វ៉ាន់ជៀន នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា លោក​មាន​ការ​ពេញចិត្ត​ចំពោះ​ស្ថិរភាព និង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​យ៉ាង​ខ្លាំង ជាពិសេស​ក្នុង​ការ​ដែល​សម្រេច​បាន​នូវ​ការ​បោះ​បង្គោល​ព្រំដែន​ចំនួន ៨៤% នា​ពេល​កន្លងមក។

មេដឹកនាំ​កម្ពុជា​ដែល​សល់​ពី​របប​យង់ឃ្នង លោក ហ៊ុន សែន លើកឡើង​ថា ប្រទេស​ទាំង​ពីរ​ត្រូវតែ​បោះ​បង្គោល​ព្រំដែន ១៦% ទៀត​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ប្រែ​ក្លាយ​ប្រទេស​ទាំង​ពីរ​ឲ្យ​មាន​សុខ​សន្តិភាព មាន​ព្រំដែន​ស្ថិរភាព​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ និង​ដើម្បី​ពង្រីក​នូវ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន​ល្អ​ប្រសើរ​ផង​ដែរ។

កម្ពុជា-វៀតណាម មាន​ព្រំដែន​គោក​រួម​គ្នា​ប្រវែង ១២៧០​គីឡូម៉ែត្រ ដោយ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បោះ​បង្គោល​សរុប​ចំនួន ៣១៤​បង្គោល​រួច​រាល់​ហើយ ដែល​ស្មើ​នឹង ៨៤% ខណៈ ១៦% ទៀត កំពុង​ចរចា​គ្នា​នៅឡើយ ប៉ុន្តែ​ភាគី​វៀតណាម​តែងតែ​ជំរុញ​ឱ្យ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ឯកភាព​គ្នា​ក្នុង​ការ​បោះ​បង្គោល ១៦% នេះ​ឱ្យ​បាន​ឆាប់​រហ័ស។

កាលពី​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ជួប​ពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​មេដឹកនាំ​វៀតណាម លោក ផាម មិញជីញ មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា និង​វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន​បាន​ត្រឹមតែ ៨៤% ប៉ុណ្ណោះ ប៉ុន្តែ​រយៈពេល ២​ឆ្នាំ​មក​នេះ ប្រទេស​ទាំង​ពីរ​បាន​ចរចា​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន ៦% បន្ថែម​ទៀត ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា និង​ចុះហត្ថលេខា​ទទួលស្គាល់​នៅ​ឆ្នាំ​២០២២ នេះ ស្ថិត​ក្នុង​តំបន់​ដាក់ដាំ និង​ដាក់ហ៊ូត ខេត្ត​មណ្ឌលគិរី។

កាលពី​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ​២០១៩ កន្លងទៅ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ួនហ្វុក និង​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​រួម​គ្នា​ទទួលស្គាល់​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដែល​សម្រេច​បាន​ចំនួន ៨៤% ខណៈ​បង្គោល​ដែល​នៅសល់ ១៦% ទៀត កំពុង​ស្ថិត​នៅ​ជា​ចំណុច​ដែល​មិនទាន់​ឯកភាព​គ្នា​នៅឡើយ។

ជុំវិញ​មិត្តភាព​កម្ពុជា-វៀតណាម ក្រៅពី​ការ​ឯកភាព​គ្នា​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន លោក ហ៊ុន សែន ក៏​បាន​យល់ព្រម​តាម​សំណើ​រដ្ឋាភិបាល​វៀតណាម ថា​នឹង​ពន្លឿន​នីតិវិធី​ដើម្បី​ផ្លាស់ប្ដូរ​លិខិតុបករណ៍​លើ​ការ​ផ្តល់​សច្ចាប័ន​នៃ​ការ​ផ្តល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​នានា​ផង​ដែរ ក្នុង​នោះ នាយករដ្ឋមន្ត្រី​វៀតណាម បាន​បញ្ជាក់​បន្ថែម​ថា ការ​ផ្លាស់ប្ដូរ​ផែនទី​ឋានលេខា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ជា​កិច្ចការ​ចាំបាច់​បំផុត​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវតែ​សម្រេច​ឱ្យ​បាន។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ថា កម្ពុជា​នឹង​ត្រូវ​រលាយ​បាត់​ពី​ផែនទី​ពិភពលោក​ទៅ​ថ្ងៃ​អនាគត ត្បិត​កម្ពុជា​មិន​ត្រឹមតែ​រង​នូវ​វិបត្តិ​ខ្សែ​ព្រំដែន​មិន​រឹងមាំ​ប៉ុណ្ណោះ​ទេ ថែមទាំង​ប្រឈម​នឹង​ការ​បាត់​ប្រទេស​ទាំងមូល​ថែម​ទៀត​ផង ព្រោះ​ថា​លោក ហ៊ុន សែន ប្រឹង​លុប​ដាន​ប្រវត្តិសាស្ត្រ​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ខ្លួន​បាន​ឃុបឃិត​ដើម្បី​លួច​បង្កើត​ខ្សែបន្ទាត់​ព្រំដែន​ថ្មី ដោយ​រំលោភ​បំពាន​លើ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ​រហូត​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស