42.2 C
Phnom Penh

ភ្នាក់ងារ UN ព្រមាន​ពី​ការ​កើនឡើង​នៃ​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លើកឡើង​ថា ការ​កើនឡើង​នៃ​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​ការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​ចេញ​នា​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ អាជ្ញាធរ​នៅ​កម្ពុជា​បាន​អនុម័ត​យ៉ាង​សកម្ម​នូវ​ច្បាប់​ដែល​បាន​រឹត​បន្តឹង​លើ​លំហ​សេរីភាព​ពលរដ្ឋ​ទូទៅ ហើយ​ជាពិសេស​លើ​សេរីភាព​សារព័ត៌មាន។

ចំពោះ​ច្បាប់ និង​ឯកសារ​ច្បាប់​ផ្សេង​ទៀត រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​នោះ បាន​ផ្តល់​អំណាច​ដល់​អាជ្ញាធរ​ក្នុង​ការ​រឹតត្បិត​ដាក់​អ្នក​សារព័ត៌មាន ព្រមទាំង​អ្នក​ផ្សេង​ទៀត​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល និង​បាន​ពង្រីក​សមត្ថភាព​របស់​រដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ការងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាមរយៈ​ប្រព័ន្ធ​តុលាការ។

របាយការណ៍​ដដែល​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ទទួល​រង​នូវ​ការ​បៀតបៀន សម្ពាធ​តាម​ទម្រង់​ផ្សេងៗ និង​អំពើ​ហិង្សា​កាន់តែ​ច្រើន ស្រប​ពេល​ដែល​មាន​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​លើ​លំហ​សេរីភាព​របស់​ពលរដ្ឋ និង​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស។ ករណី​នេះ​វា​ជា​ឧបសគ្គ​ជាក់លាក់​ដែល​បុគ្គលិក​សារព័ត៌មាន​ជា​ស្ត្រី​ជួប​ប្រទះ ព្រមទាំង​ធ្វើ​ឲ្យ​កង្វះ​តំណាង​ស្ត្រី​នៅ​ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ ដោយសារ​ការ​បៀតបៀន និង​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ។

ការ​បង្ហាញ​របាយការណ៍​នេះ បន្ទាប់ពី​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​សម្ភាស និង​ស្ទង់​មតិ​ជាមួយ​អ្នក​សារព័ត៌មាន ក្នុង​នោះ​អ្នក​សារព័ត៌មាន​ចំនួន ៦៥​នាក់ ខណៈ​អ្នក​ចូលរួម​ឆ្លើយ​សំណួរ​ក្នុង​ការ​ស្ទង់​មតិ​ទាំងអស់​បាន​និយាយ​ថា ពួកគេ​បាន​ប្រឈមមុខ​នឹង​ការ​ជ្រៀតជ្រែក​មួយ​ចំនួន​ក្នុង​ពេល​បំពេញ​ការងារ​របស់​ពួកគេ។ ចំណែក​អ្នក​សារព័ត៌មាន​ជាង ៨០% នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិ បាន​លើកឡើង​ថា ពួកគេ​ត្រូវ​បាន​ឃ្លាំមើល និង​រឹត​បន្តឹង​ដែល​មិន​សមាមាត្រ ឬ​មិន​ចាំបាច់ រួម​ទាំង​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បាន​ព័ត៌មាន។

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស អ្នកស្រី មីស្យេល បាស្យេឡេត (Michelle Bachelet) បាន​ចាត់ទុក​ការ​រក​ឃើញ​នេះ​ថា​ជា​ការ​ព្រួយបារម្ភ​ខ្លាំង។ អ្នកស្រី​ជំរុញ​ឲ្យ​អាជ្ញាធរ​ទទួល​យក​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ធានា​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​អនុវត្ត​ការងារ​សំខាន់ៗ​របស់​ពួកគេ​ដោយ​យុត្តិធម៌ និង​តម្លាភាព ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់។

បើ​តាម​របាយការណ៍​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា ចាប់តាំងពី​ខែ​មករា ឆ្នាំ​២០១៧ មក មាន​អ្នក​សារព័ត៌មាន​ចំនួន ២៣​នាក់​បាន​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បរិហារកេរ្តិ៍ ឬ​ញុះញង់ ដែល​ចេញពី​លទ្ធផល​នៃ​ការងារ​របស់​ពួកគេ។

របាយការណ៍​នេះ​ផ្តល់​អនុសាសន៍​ចំនួន ១៥ ក្នុង​គោលបំណង​ផ្តល់​នូវ​លំហ​សម្រាប់​អនុវត្ត​សកម្មភាព​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព ពហុភាព និង​មាន​ការ​គិតគូរ​ពី​យេនឌ័រ​ដល់​បុគ្គលិក​សារព័ត៌មាន ខណៈ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ជា​ចាំបាច់​ដល់​រដ្ឋាភិបាល ដើម្បី​អនុវត្ត​អនុសាសន៍​ទាំងនេះ។

ក្រៅពី​ផ្ដល់​អនុសាសន៍ អង្គការ​សហប្រជាជាតិ​ក៏​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ និង​អនុក្រឹត្យ​ឆ្នាំ​២០២២ ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ដោយសារ​ច្បាប់​នេះ​មិន​មាន​កាលកំណត់ និង​ន័យ​ទូលំទូលាយ ព្រមទាំង​បាន​ផ្តល់​អំណាច​ឲ្យ​រដ្ឋាភិបាល​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​ទប់ស្កាត់​ព័ត៌មាន និង​ផ្ដន្ទាទោស​លើ​បទល្មើស​ព្រហ្មទណ្ឌ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស