32.5 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​ថា​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះដូរ​នឹង​ជំនួយ​ពី​សហគមន៍​អឺរ៉ុប​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ជំហរ​ថា កម្ពុជា​នឹង​មិន​យក​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ទៅ​ដោះដូរ​ជាមួយ​នឹង​ជំនួយ ឬ​ការ​អនុគ្រោះ​ណា​មួយ​ពី​សហគមន៍​អឺរ៉ុប​នោះ​ឡើយ បើ​ទោះបីជា​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​យ៉ាងណា​ក៏ដោយ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សន្តិសុខ នយោបាយ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ចូសិប បូររែល (Joseph Borelle) កាលពី​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​មិន​អាច​យក​អធិបតេយ្យភាព​ជាតិ​ទៅ​ដោះដូរ​នឹង​ជំនួយ ឬ​ការ​អនុគ្រោះ​ណា​មួយ​ពី​បរទេស​នោះ​ឡើយ។

បុរស​ខ្លាំង​លោក ហ៊ុន សែន បញ្ជាក់​ថា បើ​ទោះបីជា​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ២០% ទៅ​ហើយ​ក្តី ក៏​លោក​នៅតែ​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​បន្ថែម​ទៀត​ដែរ។

ការ​អះអាង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បែប​នេះ មិនមែន​លើក​ទី​មួយ​នោះ​ទេ ប៉ុន្តែ​ការ​លើកឡើង​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​អះអាង​ដែល​មាន​លក្ខណៈ​ជ្រុល​ហួសហេតុ​ពី​ការ​ទាមទារ​របស់​សហគមន៍​អឺរ៉ុប​ចំពោះ​កម្ពុជា​នា​ពេល​កន្លងមក។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​៥ សីហា នេះ​ថា បើ​យោង​តាម​លក្ខខណ្ឌ​របស់​សហគមន៍​អឺរ៉ុប​កន្លងមក មិន​មាន​ភាព​ធ្ងន់ធ្ងរ​រហូត​ដល់​ទាមទារ​ឲ្យ​កម្ពុជា​ត្រូវតែ​លះបង់​អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ឲ្យ ឬ​ការ​ជួយ​របស់​ពួកគេ​នោះ​ទេ គឺ​គ្រាន់តែ​ទាមទារ​ឲ្យ​កម្ពុជា​គោរព​នូវ​គោលការណ៍​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​តែប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា អះអាង​ថា សហគមន៍​អឺរ៉ុប​តែង​យកចិត្ត​ទុកដាក់​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ជំនួយ​របស់​ពួកគេ ដូចជា​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​តាមរយៈ​រដ្ឋាភិបាល​កម្ពុជា ជាដើម ព្រោះ​ថា​ជំនួយ​នេះ​គឺ​ដើម្បី​ធានា​នូវ​សេចក្តី​សុខ និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២០ កន្លងទៅ សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​របស់​កម្ពុជា​ប្រមាណ ២០​ភាគរយ ហើយ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មាន​ន័យ​ថា ទំនិញ​របស់​កម្ពុជា​ប្រមាណ ៤០​មុខ តម្រូវ​ឱ្យ​បង់​ពន្ធ​ក្នុង​ការ​នាំចូល​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អឺរ៉ុប ខណៈ​ទំនិញ​ទាំងនោះ​ភាគច្រើន​ជា​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ដែល​នាំ​ទៅ​អឺរ៉ុប​ក្នុង​តម្លៃ ១​ពាន់​លាន​អឺរ៉ូ ដែល​ស្មើ​នឹង​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ។

យ៉ាងណាក៏ដោយ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% នេះ គ្រាន់តែ​ជា​ជំហាន​ដំបូង​របស់​សហភាព​អឺរ៉ុប​តែប៉ុណ្ណោះ ប៉ុន្តែ​គណៈកម្មាធិការ​អឺរ៉ុប​នៅតែ​បើក​ផ្លូវ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​ផល​អនុគ្រោះ​ពន្ធ​នេះ​វិញ ប្រសិនបើ​កម្ពុជា​ធ្វើ​តាម​ការ​ទាមទារ​របស់​ខ្លួន នោះ​គឺ​កម្ពុជា​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​បិទ​សិទ្ធិ​សេរីភាព​លើ​អ្នក​តវ៉ា និង​អ្នក​បញ្ចេញ​មតិ ជាដើម​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស