29.6 C
Phnom Penh

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​ថា​សកម្មភាព​ឈ្មួញ​ដឹក​ឈើ​ទៅ​លក់​នៅ​វៀតណាម​កើន​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី អះអាង​ថា សកម្មភាព​ឈ្មួញ​រកស៊ី​ឈើ​កំពុងតែ​សកម្ម​ដឹក​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ប៉ុស្តិ៍​លេខ​១០ ស្ថិត​ក្នុង​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។

ពួកគេ​និយាយ​ថា សកម្មភាព​ដឹក​ឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ទាំងនេះ បាន​កើតឡើង​ជា​រៀង​រាល់​យប់ ដោយ​ក្រុម​ឈ្មួញ​ធ្វើ​ការ​ដឹក​ជញ្ជូន​តាម​ម៉ូតូ រថយន្ត​យីឌុប និង​រថយន្ត​ឡង់ហ្គ្រីស៊ឺ (Land Cruiser)។

ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្នុង​ឃុំ​ដាក់ដាំ បាន​ប្រាប់ ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខណ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា នៅ​ច្រក​ព្រំដែន​ប៉ុស្តិ៍​លេខ​១០ ជា​រៀង​រាល់​យប់​តែងតែ​មាន​សកម្មភាព​ដឹក​ឈើ​ចេញពី​កម្ពុជា​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​តម្លៃ​ក្នុង​មួយ​ម៉ែត្រ​គីប ៤០​ម៉ឺន​រៀល។

ពួកគេ​អះអាង​ថា ឈើ​ទាំងនោះ​ត្រូវ​ក្រុម​ឈ្មួញ​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​លួច​ចូល​ទៅ​កាប់​ក្នុង​តំបន់​ព្រៃ​ការពារ​នានា​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ហើយ​ឈើ​ដែល​អាច​ដឹក​ចេញ​ទៅ​បាន លុះត្រាតែ​មាន​ការ​បង់​ប្រាក់​ជា​ថ្នូរ​ដល់​សមត្ថកិច្ច​ដែល​យាមកាម​តាម​ផ្លូវ​នៅ​តំបន់​នោះ។

ក្រុម​ពលរដ្ឋ​ជនជាតិ​ដើម​ពូនង លោក គ្រើង តុលា អះអាង​ថា នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ក៏​មាន​សកម្មភាព​ដឹក​ឈើ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដូច​គ្នា ដោយ​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ប្រមូល​ទិញ​ឈើ​ពី​អ្នក​ភូមិ​ដែល​ដឹក​ចេញពី​ស្រុក​កោះញែក ស្រុក​ពេជ្រាដា តាម​រថយន្ត​យីឌុប​ឆ្ពោះ​ទៅ​កាន់​ទី​រួម​ខេត្ត ក្នុង​បំណង​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់ដាំ។

លោក​ស្នើ​ដល់​សមត្ថកិច្ច​ជំនាញ គួរ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ រួច​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ព្រោះ​សកម្មភាព​ទាំងនេះ​ជា​ទង្វើ​ខុស​ច្បាប់​ទាំងស្រុង។

ឌឹ ខេមបូឌា ដេលី មិន​អាច​សុំ​ការ​បកស្រាយ​ពី​អភិបាល​ខេត្ត និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ។

ចំណែក​សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ អះអាង​ថា វា​មិន​ចម្លែក​នោះ​ទេ​ដែល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម រកស៊ី​ខុស​ច្បាប់​នោះ។ លោក​បន្ត​ថា ករណី​រកស៊ី​ដឹក​ឈើ​ឆ្លងដែន​នេះ​មិនមែន​កើត​មាន​តែ​នៅ​ឆ្នាំ​នេះ​ទេ វា​បាន​កើតឡើង​យូរ​ណាស់​មក​ហើយ អាជ្ញាធរ​នៅ​តំបន់​នោះ​ហាក់​មិន​យកចិត្ត​ទុកដាក់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ទាំងនេះ​នោះ​ទេ តែ​ផ្ទុយទៅវិញ បែរ​ជា​នាំគ្នា​ប្រព្រឹត្ត​នូវ​អំពើពុករលួយ​ទៅវិញ។

លោក​បន្ត​ថា រូបលោក​គ្មាន​ជំនឿ​ទៅ​លើ​សមត្ថកិច្ច​នៅ​តំបន់​នោះ​ទៀត​ទេ ដោយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​កាត់​ក្ដី និង​សមត្ថកិច្ច​អន្តរជាតិ​ដែល​ជា​អ្នក​មាន​ភារកិច្ច​ធ្វើ​រឿង​ទាំងអស់​នេះ។

កាលពី​ចុង​ឆ្នាំ​២០១៩ គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ធ្វើ​ការ​បង្ក្រាប និង​ចាប់​ខ្លួន​ឧកញ៉ា​ពីរ​រូប ព្រមទាំង​បក្សពួក​ជាង ២០​នាក់ និង​មួយ​ចំនួន​ទៀត​បាន​រត់​គេច​ខ្លួន ដោយ​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

នៅ​ក្នុង​វិស័យ​ព្រៃឈើ​នេះ​ដែរ កម្ពុជា​ក៏​បាន​បាត់បង់​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​ព្រៃឡង់​បៃតង នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ដែរ ដែល​មាន​រយៈពេល ៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣ ដោយ​មាន​ទឹកប្រាក់​ប្រមាណ ២១​លាន​ដុល្លារ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស