31 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន ខ្លាច​ព្រៃ​ភ្នំ​តាម៉ៅ​ក្លាយ​ជា​ទីតាំង​លាក់​បំពួន​កងទ័ព​ប្រឆាំង​គ្រួសារ​របស់​ខ្លួន ទើប​ប្រើ​ល្បិច​បំផ្លាញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​អះអាង​ថា លោក ហ៊ុន សែន ញៀន​អំណាច ខ្លាច​ព្រៃ​ភ្នំ​តាម៉ៅ​ក្លាយ​ជា​ទីតាំង​លាក់​បំពួន​កងកម្លាំង​ប្រដាប់​អាវុធ​សម្រាប់​ផ្ដួល​អំណាច​គ្រួសារ​ត្រកូល ហ៊ុន ទើប​ប្រើ​ល្បិច​បំផ្លាញ​ព្រៃឈើ​ភ្នំ​តាម៉ៅ​ឲ្យ​ក្លាយ​ជា​វាល​រហោឋាន ទើប​សម្រេច​លុបចោល ស.ជ.ណ ទាំងអស់​វិញ។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា ការ​បញ្ឈប់​គម្រោង​ឈូស​បំផ្លាញ​តំបន់​ព្រៃឈើ​ភ្នំ​តាម៉ៅ ពិត​មែន​តែ​មើល​ឃើញ​រូបភាព​បណ្ដាល​មកពី​ប្រតិកម្ម​ចម្រុះ​របស់​ពលរដ្ឋ សកម្មជន​សង្គម សកម្មជន​បរិស្ថាន និង​អង្គការ​ការពារ​ធម្មជាតិ ទាំង​ជាតិ និង​អន្តរជាតិ ដើម្បី​សម្រួល​ការ​ខឹងសម្បា​របស់​ពលរដ្ឋ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ប៉ុន្តែ​ការពិត ជ្រៅ​ជាង​នេះ លោក​ថា​ការ​បញ្ឈប់​នេះ​ជា​ស្នៀត​មួយ​របស់​លោក ហ៊ុន សែន ក្នុង​ការ​សម្រេច​ផែនការ​បំផ្លាញ​ព្រៃ​ភ្នំ​តាម៉ៅ​ជា​អាទិភាព។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន ត្រូវ​បំផ្លាញ​ព្រៃ​ភ្នំ​តាម៉ៅ​ជា​អាទិភាព ពីព្រោះ​លោក ហ៊ុន សែន ភ័យខ្លាច​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ ក្លាយ​ជា​ទីតាំង​លាក់​បំពួន​សម្រាប់​កងកម្លាំង​ប្រដាប់​អាវុធ ជាពិសេស​ពី​ក្នុង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចិញ្ចឹម​ចិត្ត​ផ្ដួល​អំណាច​គ្រួសារ​ត្រកូល ហ៊ុន។

មួយ​វិញ​ទៀត ព្រៃភ្នំ​តាម៉ៅ ក៏​នៅ​ជិត​បន្ទាយ​កងទ័ព​ឯកជន​របស់​លោក ហ៊ុន សែន នៅ​ទួលក្រសាំង និង​ក៏​ជិត​ផ្ទះ​លោក ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ​ដែរ។ បើ​មាន​កម្លាំង​ចាំ​ផ្ដួល​លោក ហ៊ុន សែន បង្កប់​នៅ​ព្រៃ​ភ្នំ​តាម៉ៅ ពួកគេ​អាច​ចល័ត​កម្លាំង​តែ​កន្លះ​យប់​ដល់​បន្ទាយ​ទ័ព ឬ​ផ្ទះ​លោក ហ៊ុន សែន នៅ​តាខ្មៅ​តែម្ដង។

លោក គឹម សុខ ថា​លោក ហ៊ុន សែន ភ័យខ្លាច​ខ្លាំង ខណៈ​ដែល​លោក​ត្រូវ​ត្រៀម​ជើងការ​នៅ​មុន​ការ​ផ្ទេរ​អំណាច។ ម្យ៉ាង​ទៀត ព្រៃ​ភ្នំ​តាម៉ៅ ក៏​មាន​ប្រវត្តិ​ជា​ព្រៃ​ហ្វឹកហាត់​កងទ័ព​រំដោះ​ទសវត្សរ៍​ទី​៧០ ហើយ​លោក ហ៊ុន សែន ក៏​ជា​សមាជិក​នៃ​ក្រុម​ហ្វឹកហាត់​ក្នុង​ព្រៃ​ភ្នំ​តាម៉ៅ​នៅពេល​នោះ​ដែរ។ ដូច្នេះ គាត់​ដឹង​រឿង​ដែល​អាច​ជា​ស្រមោល​អតីតកាល​តាម​បន្លាច​គាត់ ហើយ​គាត់​តាំងចិត្ត​កម្ទេច​ព្រៃ​នេះ​ចោល។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​ចាត់ទុក​ការ​បញ្ឈប់​គម្រោង​ឈូស​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ គ្រាន់តែ​ជា​ល្បិច​លោក ហ៊ុន សែន ដើម្បី​កាត់បន្ថយ​ការ​ខឹងសម្បា​ពី​សំណាក់​ពលរដ្ឋ ហើយ​ធ្វើជា​ដូរ​ចិត្ត​ស្ដាប់​ពលរដ្ឋ​ក្រោយពី​បំផ្លាញ​ព្រៃឈើ​ភ្នំ​តាម៉ៅ​បាន​សម្រេច​ដូច​បំណង​ហើយ។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​លើកឡើង​ដូច្នេះ ដោយសារ​កន្លងមក បើ​លោក ហ៊ុន សែន ចេះ​ស្ដាប់​ប្រតិកម្ម​របស់​ពលរដ្ឋ​មែន​នោះ លោក​ប្រាកដជា​សួរ​ពលរដ្ឋ​មុន​នឹង​ឈូស​បំផ្លាញ​ព្រៃ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខឹង និង​ដាក់​បណ្ដាសា​លើ​រូបលោក និង​គ្រួសារ។ ជាក់ស្ដែង បើ​លោក ហ៊ុន សែន ឲ្យ​តម្លៃ​ការ​តវ៉ា​របស់​ពលរដ្ឋ​នោះ ប្រាកដ​ណាស់ លោក​នឹង​ដោះស្រាយ​ការ​ទាមទារ​របស់​កូដករ Naga World មិនមែន​អូស​បន្លាយ​រាប់​ខែ និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូដករ​នោះ​ទេ។

ចំណែក​សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ ចាត់ទុក​ករណី​នេះ​ថា​វា​ជា​កំហុស​របស់​រដ្ឋាភិបាល​ទាំងស្រុង ក្នុង​ការ​អនុញ្ញាត​ឲ្យ​ដី​គម្រប​ព្រៃឈើ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​ឈូស​ឆាយ ក្រោម​ពាក្យ​ថា​អភិវឌ្ឍ ហើយ​ក៏​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​រដ្ឋាភិបាល​សព្វថ្ងៃ​បាន​ធ្វើ​បែប​នេះ។ លោក​យល់​ថា សម្រាប់​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​មាន​តែ​ខាតបង់​មួយ​គត់ គ្មាន​ភាព​ល្អ​ប្រសើរ រាល់​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ មាន​តែ​បង្កើត​ការ​ឈឺចាប់​ដល់​ពលរដ្ឋ និង​ប្រទេស​ជាតិ​បាត់បង់​នូវ​ធនធាន​ធម្មជាតិ។

កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២២ លោក ហ៊ុន សែន សម្រេច​លុប​ចោល​ទាំងអស់​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ដោះដូរ និង​អភិវឌ្ឍ​តំបន់​ភ្នំ​តាម៉ៅ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ​អស់​ប្រហែល ៦០០​ហិកតារ​ក្នុង​ចំណោម​ដី​ព្រៃ ១៥០០​ហិកតារ​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​ក្រោម​គម្រោង​អភិវឌ្ឍន៍។

ភ្នំ​តាម៉ៅ ដែល​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សួនសត្វ ៤០០​ហិកតារ និង​ផ្ទៃដី​ទំហំ ២៣០០​ហិកតារ​ជា​ព្រៃ​ដែល​ព័ទ្ធ​ជុំវិញ​សួនសត្វ។

ក្រុមហ៊ុន​ឯកជន​ចំនួន​៣ ដែល​គេ​ដឹង​ថា​ជាប់​ពាក់ព័ន្ធ​ការ​ទទួល​បាន​ដី​ព្រៃ​ប្រមាណ ១៥០០​ហិកតារ​នៅ​តំបន់​ភ្នំ​តាម៉ៅ ពី​រដ្ឋាភិបាល​នោះ​រួម​មាន ក្រុមហ៊ុន «បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ (Bati Tourism & Development)» ក្រុមហ៊ុន «ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group)» និង​ក្រុមហ៊ុន «ឆាយណា ប៉ោយប៉ែត សែ៍ថឺឡាយន៏ ស៊ីធី ឯ.ក (China Poipet Satellite City)»៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស