42.2 C
Phnom Penh

អឺរ៉ុប​ជំរុញ​ឲ្យ​កម្ពុជា​បញ្ចប់​សំណុំ​រឿង​លោក កឹម សុខា ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ចប់​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​តុលាការ ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ និង​ស្ដារ​ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​អឺរ៉ុប លោក ចូសិប បូររែល (Josep Borrll Fontelles) បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​កម្ពុជា កាលពី​ដើម​ខែ​នេះ។

លោក​បញ្ជាក់​ថា សហគមន៍​អឺរ៉ុប​ចង់​ឃើញ​ការ​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ៥​ឆ្នាំ​មក​នេះ មាន​ដំណោះស្រាយ​ដោយ​យុត្តិធម៌​ឆាប់ៗ ដើម្បី​ឱ្យ​លោក កឹម សុខា ទទួល​បាន​សិទ្ធិ​សេរីភាព​ពេញលេញ និង​អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៩ ខែ​សីហា នេះ​ថា ក្រៅពី​ជំនួប​ជាមួយ​តំណាង​ប្រទេស​ដែល​ប្រកាន់​យក​នូវ​គុណតម្លៃ​ប្រជាធិបតេយ្យ​មួយ​ចំនួន​មកពី​ទ្វីប​អាមេរិក អាស៊ី និង​ទ្វីប​អូសេអានី ដែល​បាន​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ នៅ​ទីក្រុង​ភ្នំពេញ​នៅ​ពេលនេះ លោក​ក៏​បាន​ជួប​ជាមួយ​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​សហភាព​អឺរ៉ុប លោក Josep Borrell Fontelles កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។

លោក កឹម សុខា លើកឡើង​ថា អនុប្រធាន​សហភាព​អឺរ៉ុប លោក Josep Borrell Fontelles បាន​បញ្ជាក់​ពី​គោលជំហរ​យ៉ាង​ច្បាស់លាស់​របស់​សហភាព​អឺរ៉ុប​ចំពោះ​កម្ពុជា​ថា សហគមន៍​អឺរ៉ុប​បាន​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ការ​តស៊ូ​ដោយ​អហិង្សា ការ​អត់ធ្មត់ ជាពិសេស​ផ្ដោត​លើ​សិទ្ធិ​សេរីភាព​របស់​លោក​ក្នុង​ការ​ចូលរួម​កិច្ចការ​នយោបាយ​ដើម្បី​បម្រើ​សង្គម​ជាតិ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ក្នុង​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ តុលាការ​បាន​បើក​សវនាការ​ជាង ៥០​លើក​មក​ហើយ​ដែល​មាន​រយៈពេល​ជិត ៥​ឆ្នាំ។ តុលាការ​ក៏​បាន​ចេញ​បម្រាម​មួយ​ចំនួន​ដើម្បី​ហាមឃាត់​លោក កឹម សុខា មិន​ឲ្យ​ចាកចេញ​ពី​កម្ពុជា ត្រូវ​រង់ចាំ​ការ​កោះហៅ​របស់​តុលាការ​គ្រប់​ពេល និង​ហាម​មិន​ឱ្យ​និយាយ ឬ​ធ្វើ​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ​ផង​ដែរ។

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា សំណុំរឿង​លោក កឹម សុខា ស្ថិត​ក្នុង​ដៃ​របស់​ស្ថាប័ន​តុលាការ រដ្ឋាភិបាល​គ្មាន​សិទ្ធិ​លូក​ដៃ​ចំពោះ​រឿង​នេះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៩ សីហា នេះ​ថា ទាំង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក កំពុង​នាំគ្នា​ទន្ទឹង​រង់ចាំ​មើល​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។

លោក​បន្ត​ថា កម្ពុជា​នឹង​ទទួល​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ជាច្រើន​តាមរយៈ​នៃ​ការ​បើក​លំហ​សេរីភាព​សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឱ្យ​មាន​សិទ្ធិ​ចូលរួម​កិច្ចការ​នយោបាយ​នៅ​ពេលនេះ។

លោក មាជ សុវណ្ណារ៉ា រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ទុក​ឲ្យ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​ខ្មែរ​រង​ទុក្ខ ខ្មែរ​បែកបាក់​ការ​រួបរួម ធ្លាក់​ចុះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​បន្ត​ដឹកនាំ​តាម​បែប​ឯក​បក្ស​ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​នូវ​អត្ថប្រយោជន៍​ដែល​ពលរដ្ឋ​ខ្មែរ​សម​នឹង​ទទួល​បាន​ពី​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ EBA ពី​សហគមន៍​អឺរ៉ុប និង GSP របស់​សហរដ្ឋ​អាមេរិក ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ផ្នែក​របស់​កម្ពុជា​តាមរយៈ​នៃ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​បញ្ជាក់​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ស្ដារ​សិទ្ធិ​នយោបាយ និង​ការ​បើក​លំហ​សេរីភាព​របស់​លោក កឹម សុខា ឱ្យ​អាច​ចូលរួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស