39.4 C
Phnom Penh

ក្រុម​សហជីព​ដាក់​ញត្តិ​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សហជីព​នាំគ្នា​យក​ញត្តិ​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ដោយ​ផ្ទាល់ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​បញ្ចប់​វិវាទ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ខណៈ​វិវាទ​នេះ​បាន​អូស​បន្លាយ​រយៈពេល ៧​ខែ​មក​ហើយ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ការងារ ថា ការ​ដែល​ក្រុម​សហជីព​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដោយ​ផ្ទាល់ ដោយសារ​វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​នៅ​មិនទាន់​មាន​ដំណោះស្រាយ ហើយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ក៏​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ដែរ។

កញ្ញា ស៊ីថរ អះអាង​ថា ក្រសួង​ការងារ​ក៏​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ច្បាប់។ ដូច្នេះ​ប្រសិនបើ​ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រំលាយ​សហជីព​ឯករាជ្យ​បែប​នេះ វា​នឹង​ប៉ះពាល់​ដល់​សេរីភាព​សហជីព និង​កម្មករ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​តែម្ដង។

យ៉ាងណាក៏ដោយ ក្រោយពី​បាន​ចូល​ជួប​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​រួច កញ្ញា ឈឹម ស៊ីថរ បង្ហាញ​ការ​ខកចិត្ត​ចំពោះ​មន្ត្រី​ក្រសួង​ការងារ ដែល​បាន​ប្រើប្រាស់​សារ​ព្រមាន​លើ​ពួកគាត់​រឿង​ជាប់​បណ្ដឹង​នៅ​តុលាការ ព្រមទាំង​លើក​យក​រឿងរ៉ាវ​ដែល​បាន​កើតឡើង​តាំងពី​យូរ​ណាស់​មក​ហើយ​នោះ ដើម្បី​ដាក់​បន្ទុក​លើ​សហជីព ក្នុង​នោះ​ក៏​មាន​លោក វន់ ពៅ ផង​ដែរ។

ចំណែក​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ដែល​បាន​ចូលរួម​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​ជាមួយ​សហជីព​ទាំង ១៤​ស្ថាប័ន​ផ្សេង​ទៀត អះអាង​ថា ក្រសួង​ការងារ​ហាក់​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ ទើប​រុញ​ឲ្យ​សហជីព និង​កូដករ​ប្ដឹង​ទៅ​តុលាការ។ លោក​ក៏​បង្ហាញ​ការ​សោកស្ដាយ​ផង​ដែរ​ដែល​ក្រសួង​មិន​ខិតខំ​ដោះស្រាយ​វិវាទ​ការងារ​ឲ្យ​កូដករ បែរ​ជា​មក​ព្រមាន​សហជីព​ដែល​តាមដាន និង​ឃ្លាំមើល​ទៅវិញ។ ប៉ុន្តែ​ទោះបីជា​មាន​ការ​ព្រមាន​បែប​នេះ​ក្ដី ក៏​ពួកគាត់​នៅតែ​បន្ត​ការងារ​ដដែល ដើម្បី​ការពារ​ផលប្រយោជន៍​កម្មករ​និយោជិត​ស្រប​ច្បាប់​ជាតិ និង​អន្តរជាតិ។

លោក វន់ ពៅ ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​ដូច​ដោះស្រាយ​នៅ​ភ្នំ​តាម៉ៅ។

កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បាន​ចោទប្រកាន់​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ និង​អ្នកស្រី យ៉ាង សុភ័ណ្ឌ ថា​បាន​ញុះញង់​ឱ្យ​កូដករ​ណាហ្គា​វើលដ៍​បុក​ទម្លុះ​បារ៉ាស់​របស់​សមត្ថកិច្ច​រហូត​មាន​អំពើ​ហិង្សា​កើតឡើង ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​សហជីព និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ច្រានចោល។

ខណៈ​ដែល​ដំណោះស្រាយ​មិន​ទាន់​មាន​នោះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ សីហា នេះ ក្រុម​កូដករ​បាន​នាំគ្នា​បន្ត​ចេញ​ធ្វើ​កូដកម្ម​ទៀត ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ។ អំឡុង​ពេល​តវ៉ា​នា​រសៀល​នេះ ក្រុម​អាជ្ញាធរ​បាន​ដាក់​របាំង​រារាំង​មិន​ឲ្យ​ទៅ​ឈរ​ធ្វើ​កូដកម្ម​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ក្រៅពី​រារាំង​ហើយ ក្រុម​អាជ្ញាធរ​ក៏​បាន​រុញច្រាន និង​ប្រើ​អំពើ​ហិង្សា​លើ​កូដករ ដោយ​អ្នក​ខ្លះ​ដួល​ខ្ទប់​នឹង​ថ្នល់​បណ្ដាល​ឲ្យ​រង​របួស​ផង​ដែរ។

វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​កើតឡើង​ជាង ១​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ក្រុមហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន ១៣២៩​នាក់​ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង ៨​ពាន់​នាក់​ពី​ការងារ ក្រោម​ហេតុផល​ថា ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារតែ​បញ្ហា​ជំងឺ​កូវីដ-១៩។

យ៉ាងណា បុគ្គលិក​ដែល​ចេញ​ធ្វើ​កូដកម្ម​អះអាង​ថា ការ​បញ្ឈប់​នោះ​ដោយសារ​ថៅកែ​មាន​ចេតនា​រំលាយ​សហជីព​ការពារ​សិទ្ធិ​កម្មករ​ឲ្យ​អស់​ពី​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស