42.2 C
Phnom Penh

ពិភពលោក​កំពុង​សម្លឹង​ទៅ​រក​ចក្រភព​អង់គ្លេស​ដែល​កំពុង​ដំណើរការ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ខណៈ​នេះ ពិភពលោក​កំពុង​សម្លឹង​ទៅ​រក​ប្រទេស​អង់គ្លេស ដែល​កំពុង​ដំណើរការ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ម្នាក់​ជំនួស​លោក Boris Johnson ដែល​បាន​លាលែង​ពី​តំណែង។ ការ​បោះឆ្នោត​ចេញពី​សកម្មជន​គណបក្ស​អភិរក្ស​និយម ដែល​មាន​ចំនួន ២០​ម៉ឺន​នាក់ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​០២ ខែ​កញ្ញា។

បេក្ខជន​ដែល​ត្រូវ​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​មាន ២​រូប គឺ​លោក Rishi Sunak អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​អ្នកស្រី Liz Truss ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​កំពុង​កាន់​តំណែង។ បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រកួត​តំណែង​នាយករដ្ឋមន្ត្រី​មាន​ដល់​ទៅ ៨​រូប។

មុន​នឹង​សម្រេច​ដល់​វគ្គ​ជម្រុះ គឺ​បេក្ខជន ៦​រូប​បាន​ធ្លាក់​ជា​បន្តបន្ទាប់​ដែល​ចេញពី​ការ​បោះឆ្នោត​សមាជិក​សភា​នៃ​បក្ស​អភិរក្ស​និយម។ មក​ដល់​ជុំ​ទី​៥ គឺ​នៅ​សល់​បេក្ខជន ២​រូប​ប៉ុណ្ណោះ​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាងគេ គឺ​លោក Rishi Sunak និង​អ្នកស្រី Liz Truss។

នៅ​ក្នុង​វគ្គ​ទី​៥ នេះ លោក Rishi Sunak ទទួល​បាន​សំឡេង ១៣៧។ ចំណែក​អ្នកស្រី Liz Truss បាន​ហក់​ឡើង​ខ្លាំង​ដោយ​រំលង​បេក្ខជន ៦​រូប​ដោយ​បាន​នាំ​ឱ្យ​ការ​គាំទ្រ​អ្នកស្រី​កើន​សំឡេង​ពី ៦០ មក​ដល់ ១១៣​សំឡេង បាន​រុញ​ឱ្យ​បេក្ខជន​ស្រី​រូប​នេះ​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​វគ្គ​ចុងក្រោយ​បំផុត​នេះ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២ ខែ​កញ្ញា ចំណែក​លទ្ធផល​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៥ ខែ​កញ្ញា។

ចំពោះ​លោក Rishi Sunak គឺ​លោក​ទទួល​បាន​សំឡេង​ច្រើន​ដាច់​គេ​តាំងពី​ជុំ​ទី​១ គឺ​ជាង ១១០​សំឡេង ប៉ុន្តែ​រយៈពេល​នៃ​ការ​ប្រកួត​ប្រាំ​ដង សំឡេង​គាំទ្រ​របស់​លោក Rishi Sunak មាន​ការ​ហក់​ឡើង​តែ ២៧​សំឡេង​ប៉ុណ្ណោះ។

ការពិត អ្នកស្រី Liz Truss ដំបូងៗ​ស្ថិត​ក្នុង​ស្ថានភាព​ស្ទាក់ស្ទើរ។ អ្នកស្រី​មិន​បាន​ប្រកាស​ថា​ចង់​ដាក់​ពាក្យ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នោះ​ទេ តែ​នៅ​ពេល​ដឹង​ថា​លោក Ben Wallace រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រកាស​មិន​ឈរ​ឈ្មោះ ទើប​អ្នកស្រី​សម្រេច​ឈរ​ឈ្មោះ។ ឥឡូវ​នេះ សមាជិក​សភា​នៃ​បក្ស​អភិរក្ស​និយម និង​អ្នកគាំទ្រ​បក្ស​នេះ​ជា​សកម្មជន​ចំនួន ២០​ម៉ឺន​នាក់ គឺជា​អ្នក​សម្រេច​លើ​ឋានៈ​ជា​ប្រធាន​គណបក្ស​អភិរក្ស​និយម និង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ជំនួស​លោក Boris Johnson។

លោក Boris Johnson ត្រូវ​បាន​បក្ស​បង្ខំ​ឱ្យ​លាលែង​ពី​តំណែង ដោយសារតែ​លោក​មាន​កំហុស​ក្នុង​ការ​គ្រប់គ្រង​បក្ស និង​កំហុស​តិចតួច​ក្នុង​បញ្ហា​សង្គម ដូចជា​លោក​ត្រូវ​បាន​ផាក​ពិន័យ​ព្រោះ​តែ​មិន​ពាក់​ម៉ាស់​បង្ការ​ជំងឺ​ឆ្លង​កូវីដ-១៩ និង​ការ​ជួបជុំ​មិត្តភ័ក្ដិ​ក្នុង​ពិធី​ជប់លៀង​ដែល​ជា​ការ​បំពាន​ច្បាប់​ប្រឆាំង​នឹង​ជំងឺ​កូវីដ។

តែ​ខណៈ​នេះ មាន​ការ​ស្ទាបស្ទង់​មតិ​ជា​បន្តបន្ទាប់ គឺ​មួយ​សប្ដាហ៍​ម្ដងៗ​រហូត​ដល់​ថ្ងៃទី​២ សីហា ទើប​បិទ​ការ​ស្ទាបស្ទង់​អំពី​ប្រជាប្រិយភាព​របស់​បេក្ខជន​ទាំង ២​រូប​នេះ។ បេក្ខជន​ទាំង ២​រូប​នេះ គឺ​លោក Rishi Sunak អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​អ្នកស្រី Liz Truss ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​កំពុង​កាន់​តំណែង។

អ្នក​នយោបាយ​ទាំង​ពីរ​សុទ្ធតែ​វ័យ​ក្មេង​ដូច​គ្នា។ លោក Rishi Sunak មាន​អាយុ ៤២​ឆ្នាំ។ ចំណែក​អ្នកស្រី Liz Truss មាន​អាយុ ៤៧​ឆ្នាំ។ អ្នក​ទាំង​ពីរ​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​សិក្សា​ខ្ពង់ខ្ពស់​ដូច​គ្នា គឺ​បាន​បញ្ចប់​មហាវិទ្យាល័យ​ដូច​គ្នា តែ​ជំនាញ​ចេញពី​ការ​សិក្សា គឺ​ខុស​គ្នា។ លោក Rishi Sunak មាន​ឯកទេស​ខាង​កិច្ចការ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច។ ចំពោះ​អ្នកស្រី Liz Truss មាន​ជំនាញ​កិច្ចការ​នយោបាយ និង​ការបរទេស រួម​ទាំង​កិច្ចការ​អភិវឌ្ឍន៍​សង្គម។

បេក្ខជន​ទាំង​ពីរ​រូប​នេះ​បាន​ជាប់​ជា​សមាជិក​សភា​នៃ​ប្រទេស​អង់គ្លេស​ដូច​គ្នា។ អ្នកស្រី Liz Truss ជាប់​ជា​សមាជិក​សភា​តាំងពី​ឆ្នាំ​២០១០។ ចំណែក​លោក Rishi Sunak ក្លាយ​ជា​សមាជិក​សភា​នៅ​ឆ្នាំ​២០១៥។ ពួកគាត់​សុទ្ធតែ​មាន​បទពិសោធន៍​ក្នុង​កិច្ចការ​សង្គម​ប្រហាក់ប្រហែល​គ្នា ហើយ​ភាព​ល្បីល្បាញ​ក្នុង​កិច្ចការ​នយោបាយ​ក៏​ប្រហាក់ប្រហែល​គ្នា​ដែរ។

តែ​យ៉ាងណា លោក Rishi Sunak គឺ​រុញ​ខ្លាំង​ឱ្យ​លោក Boris Johnson សម្រេច​លាលែង​ពី​ប្រធាន​បក្ស​អភិរក្ស​និយម និង​ពី​នាយករដ្ឋមន្ត្រី។

នៅ​ពេល​ដែល​លោក​លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ គឺ​លោក​បាន​នាំ​ឱ្យ​សមាជិក​គណៈរដ្ឋមន្ត្រី​ជាច្រើន​រូប​លាលែង​តាម​លោក​ដែរ គឺ​លើកលែងតែ​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Ben Wallace និង​អ្នកស្រី Liz Truss មិន​បាន​ចាប់អារម្មណ៍​នឹង​ការ​លាលែង​តាម​លោក Rishi Sunak នោះ​ទេ។ ពួកគាត់​ទាំង​ពីរ​ស្ថិត​ក្នុង​ការ​សោកស្ដាយ​ចំពោះ​លោក Boris Johnson ដែល​ត្រូវ​បាន​បក្ស​អភិរក្ស​និយម​បង្ខំ​ឱ្យ​លាលែង​ពី​ប្រធាន​បក្ស។

លោក Ben Wallace នៅ​ពេល​ចុងក្រោយ​នេះ លោក​បាន​វាយប្រហារ​លោក Rishi Sunak ថា​ជា​មេ​គំនិត​បំផុស​ឱ្យ​បក្ស​មាន​ការ​ខ្វែង​គំនិត​គ្នា រហូត​ចាត់​វិធានការ​លើ​លោក Boris Johnson។ លោក​ថា​លោក Rishi Sunak បាន​ដាក់​កំហុស​ថា​លោក Boris Johnson ដឹកនាំ​ប្រទេស​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អង់គ្លេស​ធ្លាក់​ចុះ ហើយ​ចោទ​ថា​លោក Johnson ជា​អ្នក​រុញ​ឱ្យ​លោក​ដំឡើង​ពន្ធអាករ​ផ្សេង។

សម្រាប់​លោក Ben Wallace ថា​លោក Rishi Sunak គឺជា​អ្នក​រួម​ចំណែក​ផង​ដែរ ព្រោះ​លោក​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច តែ​លោក Ben Wallace ថា​បញ្ហា​ឱនភាព​សេដ្ឋកិច្ច​នេះ​មិន​មែន​មាន​តែ​នៅ​ប្រទេស​អង់គ្លេស​នោះ​ទេ គឺជា​រឿង​ទូទៅ​នៃ​ពិភពលោក ព្រោះតែ​ការ​រីក​រាលដាល​ជា​សកល​ដោយសារ​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩។

ទាំង​លោក Ben Wallace និង​អ្នកស្រី Liz Truss គឺជា​អ្នក​នយោបាយ​ដែល​ប្រឆាំង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន។ ទាំង​លោក Ben Wallace និង​អ្នកស្រី Liz Truss នៅ​ពីក្រោយ​លោក Johnson ក្នុង​ការ​ពង្រឹង​គោលនយោបាយ​នៃ​ប្រទេស​អង់គ្លេស ប្រឆាំង​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន។ ពួកគាត់​ទាំង​បី​ជា​អ្នក​ដើរ​តាម​សហរដ្ឋ​អាមេរិក​ទប់ទល់​ឥទ្ធិពល​ចិន ដែល​កំពុង​ធ្វើ​អនុត្តរភាព​យោធា​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ចំណែក​លោក Rishi Sunak មិន​សូវ​មាន​គោលនយោបាយ​រឹង​ខ្លាំង​អំពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​នោះ​ទេ តែ​លោក​មាន​គោល​នយោបាយ​ការបរទេស​រឹងមាំ​ប្រឆាំង​នឹង​ចិន។

តាម​សាវតារ លោក Rishi Sunak មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​ឥណ្ឌា។ លោក​ក៏​ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ទៅ​រៀប​អាពាហ៍ពិពាហ៍​នៅ​ប្រទេស​ឥណ្ឌា តែ​លោក​កើត​នៅ​លើ​ទឹកដី​អង់គ្លេស ក្នុង​ឆ្នាំ​១៩៨០។ ចំណែក​អ្នកស្រី Liz Truss កើត​នៅ​លើ​ទឹកដី​អង់គ្លេស​នៅ​ឆ្នាំ​១៩៧៥។ ទាំង​ឪពុក និង​ម្ដាយ​សុទ្ធតែ​ជា​ជាតិ​សាសន៍​អង់គ្លេស។

យ៉ាងណា ពិភពលោក​កំពុងតែ​សម្លឹង​មើល​បេក្ខជន ២​រូប​នេះ​ថា​តើ​បេក្ខជន​ណា​មួយ​នឹង​ក្លាយ​ជា​ប្រធាន​គណបក្ស​អភិរក្ស​និយម និង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ជំនួស​លោក Boris Johnson គឺ​នឹង​បាន​ដឹង​នៅ​ថ្ងៃទី​៥ កញ្ញា ជា​ថ្ងៃ​ដែល​បក្ស​អភិរក្ស​និយម​ត្រូវ​កំណត់​ជា​ថ្ងៃ​បើក​ហិប​ឆ្នោត​ដើម្បី​រាប់​សន្លឹកឆ្នោត​ជា​សាធារណៈ​ប្រកាស​លទ្ធផល​បោះឆ្នោត ដែល​កើត​ចេញពី​ការ​បោះឆ្នោត​នៃ​សំឡេង​របស់​សកម្មជន​សំខាន់ៗ ២០​ម៉ឺន​នាក់​នៃ​គណបក្ស​អភិរក្ស​និយម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស