29.6 C
Phnom Penh

លោក សយ សុភាព ថា​បើ​ជប៉ុន​ចង់​មាន​ឥទ្ធិពល​ដូច​ចិន គឺ​ត្រូវ​ឱ្យ​កម្ពុជា​ខ្ចី​លុយ​ឱ្យ​កាន់តែ​ច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន មួយ​រូប​អះអាង​ថា ប្រសិនបើ​ជប៉ុន​ចង់​មាន​ឥទ្ធិពល​លើ​កម្ពុជា​ដូច​មហាអំណាច​កុម្មុយនីស្ត​ចិន គឺ​ជប៉ុន​ត្រូវតែ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​លុយ​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត។

លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk របស់​លោក​កាលពី​ថ្ងៃទី​១៥ សីហា ថា ជប៉ុន​ធ្លាប់​ប្រជែង​ជាមួយ​ចិន​ចំពោះ​ការ​សាងសង់​ផែ​មួយ​នៅ​ខេត្ត​កំពត ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​ពី​ខេត្ត​កំពត​ទៅ​កោះត្រល់ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ ការ​សាងសង់​នោះ​មិន​ទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ​ទេ ខណៈ​ការ​អភិវឌ្ឍ​របស់​ចិន​នៅ​កម្ពុជា​មាន​សន្ទុះ​លឿន និង​ឆាប់​រហ័ស។

លោក សយ សុភាព អះអាង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន​នឹង​មិន​ដក​ខ្លួន​ចេញពី​កម្ពុជា​ដាច់ខាត ព្រោះ​ថា​ចិន​បាន​ជួយ​កម្ពុជា​លើ​ការ​អភិវឌ្ឍ​ច្រើន​ណាស់ រួម​ទាំង​ផ្លូវថ្នល់​នានា​សព្វថ្ងៃ​នេះ ខណៈ​អ្នក​ដែល​រិះគន់​ពី​ទំនាក់ទំនង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ចិន មិន​ដែល​ឃើញ​ពួកគេ​ធ្វើ​ដំណើរ​តាម​វាលស្រែ​នោះ​ទេ គឺ​ឃើញ​តែ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដែល​ចិន​សាងសង់​ឱ្យ​កម្ពុជា​រហូត​មក។

នាយក​សារព័ត៌មាន​រូប​នេះ​បញ្ជាក់​ថា ការ​រីកចម្រើន​នៅ​កម្ពុជា ជាពិសេស​ផ្លូវ​គមនាគមន៍ គឺ​មាន​តែ​ចិន​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ផ្លូវថ្នល់​ច្រើន​ខ្វាត់ខ្វែង​ដូច​សព្វថ្ងៃ​នេះ។ លោក​បន្ថែម​ថា សូម្បី​ធនាគារ​ពិភពលោក (World Bank) ក៏​ផ្តល់​ប្រាក់កម្ចី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​មិន​ស្មើ​នឹង​ចិន​ដែរ បើ​ទោះបីជា​រដ្ឋាភិបាល​ចិន​ទទួល​បាន​ផលប្រយោជន៍​ពី​កម្ពុជា​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ពួកគេ​ក៏ដោយ ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ជួយ​កម្ពុជា​ឱ្យ​រីកចម្រើន​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​រិះគន់​ថា កម្ពុជា​កំពុងតែ​ដើរ​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​របស់​ចិន ដែល​នាំ​ឱ្យ​ខ្លួន​ក្លាយ​ទៅ​ជា​កូនអុក​របស់​ចិន​សម្រាប់​ប្រើប្រាស់​ក្នុង​ភូមិសាស្ត្រ​នយោបាយ​ប្រឆាំង​នឹង​អាមេរិក ដែល​ពួកគេ​កំពុង​ប្រឈមមុខ​ដាក់​គ្នា​សព្វថ្ងៃ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​១៦ សីហា នេះ ការ​លើកឡើង​របស់​លោក សយ សុភាព បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា របៀប​ដឹកនាំ​កម្ពុជា​របស់​គ្រួសារ ហ៊ុន គឺ​សុខចិត្ត​បម្រើ​មនោគមវិជ្ជា​បរទេស​ដែល​ជា​ម្ចាស់បំណុល​របស់​ខ្លួន​គ្រប់​បែប​យ៉ាង ឱ្យ​តែ​បរទេស​នោះ​ហ៊ាន​ទម្លាក់​លុយ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី ហើយ​មេដឹកនាំ​ខ្មែរ​ក៏​សុខចិត្ត​ធ្វើ​តាម​បង្គាប់​បញ្ជា​របស់​ម្ចាស់បំណុល​ទាំងនោះ​ដោយ​មិន​ខ្វល់​ពី​ការ​វិនាស​អន្តរាយ​របស់​កម្ពុជា​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា​វា​ជា​ភាព​អាម៉ាស់​ខ្លាំង​ណាស់​របស់​កម្ពុជា ដែល​មាន​មេដឹកនាំ​សម្លឹង​រក​មើល​តែ​បរទេស​ណា​ដែល​ឱ្យ​ខ្លួន​អាច​ខ្ចី​បំណុល ដោយ​សុខចិត្ត​លុត​ជង្គង់​ឱ្យ​គេ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​តាម​អំពើ​ចិត្ត ដើម្បី​តែ​លុយ​សម្រាប់​ប្រើប្រាស់​ពង្រឹង​អំណាច​ត​វង្ស​ត្រកូល​របស់​ខ្លួន ជាជាង​គិតគូរ​ពី​ផលប្រយោជន៍​ប្រទេស​ជាតិ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​នានា​ដែល​បាន​មកពី​ការ​ខ្ចី​បុល​សម្រាប់​ឱ្យ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន យក​មក​អួត​ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ គឺ​កំពុង​ទាញ​កម្ពុជា​ឱ្យ​ធ្លាក់​ជ្រោះ​បំណុល​ដ៏​សែន​ជ្រៅ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២២ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច លើកឡើង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន​តែង​ប្រើ​គោលជំហរ​មួយ គឺ​គ្មាន​មិត្ត គ្មាន​សត្រូវ តែ​ត្រូវ​គិត​លើ​ផល​ប្រយោជន៍។ ដូច្នេះ ប្រទេស​ដែល​អាច​ផ្តល់​ផលប្រយោជន៍​ឱ្យ​ចិន ពួកគេ​នឹង​បង្កើត​ជា​មិត្តភាព​ភ្លាមៗ ក្នុង​នោះ ចិន​អាច​ទម្លាក់​កម្ចី​គ្រប់​បែប​យ៉ាង ទោះបីជា​ប្រទេស​ដែល​ខ្ចី​លុយ​ទាំងនោះ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​តម្លាភាព ឬ​មិន​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស​ក៏ដោយ។

កាលពី​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា បច្ចុប្បន្ន​នេះ កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ជិត ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ហើយ ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថានភាព​បំណុល​ដែល​មិន​មាន​ហានិភ័យ ឬ​បារម្ភ​ពី​បំណុល​វ័ណ្ឌក​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២២ អង្គការ​តម្លាភាព​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​សរុប​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ ក្នុង​នោះ​បំណុល​ជា​លក្ខណៈ​ទ្វេភាគី​មាន​រហូត​ដល់​ទៅ ៧០% ហើយ​កម្ពុជា​បាន​ជំពាក់​មហាអំណាច​កុម្មុយនីស្ត​ចិន​ដល់​ទៅ​ជាង ៤២%៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស