30.1 C
Phnom Penh

បក្ស​នយោបាយ​បួន​ទាមទារ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤ គ្រោង​ដាក់​លិខិត​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​ក្រសួង​មហាផ្ទៃ ក្នុង​សប្តាហ៍​នេះ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ មក​ដល់។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២២ ថា គណបក្ស​ចំនួន​៤ ដែល​នឹង​ទាមទារ​ឱ្យ​មាន​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា រួម​មាន៖

  • គណបក្ស​ភ្លើង​ទៀន
  • គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន
  • គណបក្ស​ឆន្ទៈ​ខ្មែរ
  • និង​គណបក្ស​កែទម្រង់​កម្ពុជា។

គណបក្ស​ទាំង​៤ បាន​ឯកភាព​គ្នា​ហើយ​ក្នុង​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​ការ​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា​មុន​នឹង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ មក​ដល់។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​១៦ សីហា នេះ​ថា ការ​ស្នើ​ទៅ​កាន់​ស្ថាប័ន​ទាំង​បី​នេះ គឺ​មាន​លក្ខខណ្ឌ​ផ្សេងៗ​ពី​គ្នា ក្នុង​នោះ​លិខិត​ទៅ​កាន់ គ.ជ.ប គឺ​ទាមទារ​ឱ្យ​មាន​ការ​កែសម្រួល​នីតិវិធី​មួយ​ចំនួន​ដែល​មាន​ភាព​មិន​ប្រក្រតី​កាលពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កន្លង​ទៅ។ ជាង​នេះ​ទៀត ក៏​មាន​ការ​ស្នើ​ឱ្យ​បង្កើត​មណ្ឌល​បោះឆ្នោត​ពិសេស​សម្រាប់​ពលរដ្ឋ​ដែល​ធ្វើ​ការងារ​ឆ្លង​ខេត្ត ឱ្យ​ពួកគេ​អាច​ចុះឈ្មោះ និង​បោះឆ្នោត​ដោយ​មិន​បាច់​ត្រឡប់​ទៅ​ស្រុក​កំណើត​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​អះអាង​ថា គណបក្ស​ទាំង​៤ ក៏​នឹង​ស្នើ​ឱ្យ​បង្កើត​មណ្ឌល​បោះឆ្នោត​នៅ​តាម​ប្រទេស​ដែល​មាន​ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​ជា​ពលករ ដូចជា​ប្រទេស​ថៃ ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន ជាដើម។ ចំណែក​លិខិត​ដែល​ដាក់​ជូន​ក្រសួង​មហាផ្ទៃ គឺ​ស្នើ​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ការពារ​ទៅ​លើ​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​មូលដ្ឋាន​ទៅ​កាន់​ពលរដ្ឋ​ដែល​មិន​គាំទ្រ​បក្ស​កាន់​អំណាច និង​តំណាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​មូលដ្ឋាន​ផង​ដែរ។

ដោយឡែក​លិខិត​ដែល​ត្រូវ​ដាក់​ជូន​រដ្ឋសភា​ជាតិ គឺ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ក្នុង​នោះ​គឺ​ស្នើ​ឱ្យ​មាន​ការ​កែប្រែ​រូបមន្ត​បែងចែក​អាសនៈ​ដោយ​យក​តាម​រូបមន្ត​ដែល​ធ្លាប់​ផ្តល់​ឱ្យ​ពី​អ៊ុនតាក់ (UNTAC) ជំនួស​រូបមន្ត​ដែល​រដ្ឋាភិបាល​ប្រើ​សព្វថ្ងៃ​នេះ ព្រោះ​ថា​រូបមន្ត​របស់​អ៊ុនតាក់ (UNTAC) គឺ​អាច​ជួយ​ឱ្យ​គណបក្ស​តូចៗ​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា ក៏ដូចជា​ការ​បើក​ឱកាស​សំឡេង​ពលរដ្ឋ​ភាគតិច​ត្រូវ​បាន​លើកឡើង​ក្នុង​សភា​ជាតិ​ផង​ដែរ។

បន្ថែម​ពី​នេះ ក៏​ស្នើ​ឱ្យ​មាន​ការ​បន្ថែម​អាសនៈ​ឱ្យ​បាន​ចំនួន ២​អាសនៈ​ចំពោះ​ខេត្ត​ដែល​មាន ១​អាសនៈ​សព្វថ្ងៃ​នេះ ត្បិត​ចំនួន​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ទាំងនោះ​ក៏​មាន​ការ​កើនឡើង​ច្រើន​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ គឺ​អាច​ជួយ​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បោះឆ្នោត​ឱ្យ​គណបក្ស​ផ្សេងៗ​មាន​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ដោះស្រាយ​បញ្ហា និង​កង្វល់​របស់​ពួកគាត់​ដែរ ដែល​កន្លង​មក​មាន​តែ​សំឡេង​អ្នក​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ​ដែល​មាន​នៅ​ក្នុង​រដ្ឋសភា។

ជុំវិញ​ការ​ស្នើ​ឱ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​នេះ កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ សហភាព​អឺរ៉ុប​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​បោះឆ្នោត​សម្រាប់​ដំណើរការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​នោះ​ទេ ក្រោម​ហេតុផល​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ​គ្មាន​តម្លាភាព និង​មិន​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក​ទល់​នឹង​បច្ចុប្បន្ន​នេះ កម្ពុជា​នៅតែ​មិន​ទាន់​មាន​ប្រព័ន្ធ​បោះឆ្នោត​មួយ​ធានា​បាន​នូវ​ការ​រៀបចំ​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ ខណៈ​សេរីភាព​ខាង​នយោបាយ​របស់​ពលរដ្ឋ​ក៏​ត្រូវ​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ថែម​ទៀត​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស