38.8 C
Phnom Penh

ស្ថាប័ន​៤០ ទាមទារ​ឲ្យ​ស៊ើបអង្កេត​ករណី​ឃាត់​ខ្លួន​និង​ប្រើ​ហិង្សា​លើ​អ្នក​កាសែត​និង​សកម្មជន​នៅ​តំបន់​ភ្នំ​តាម៉ៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ព័ត៌មាន​ចំនួន ៤០​ស្ថាប័ន ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ដោយ​ឥត​លម្អៀង ករណី​ក្រុម​អង្គរក្ស​ដែល​ឃាត់​ខ្លួន និង​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន និង​សកម្មជន​បរិស្ថាន​អំឡុង​ពេល​ពួកគេ​ចុះ​ទៅ​បរិវេណ​នៅ​តំបន់​ភ្នំ​តាម៉ៅ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល​ចំនួន ៤០​ស្ថាប័ន ចេញ​នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​ចំនួន ៥​នាក់​មកពី​អង្គភាព​សារព័ត៌មាន​ឯករាជ្យ​វីអូឌី (VOD) និង​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ព្រៃ​ភ្នំ​តាម៉ៅ​កាលពី​ថ្ងៃទី​១៦ ខែ​សីហា ដោយ​មន្ត្រី​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី (BHQ) និង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ខេត្ត​តាកែវ។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា អំឡុង​ពេល​ឃាត់​ខ្លួន​នោះ មន្ត្រី​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី (BHQ) ក៏​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នក​ថត​វីដេអូ​របស់​វីអូឌី​ម្នាក់ និង​យុវជន​ខ្មែរ​ថាវរៈ ក្រោយពី​បដិសេធ​មិន​ប្រគល់​ទូរស័ព្ទ​ដែល​ប្រើ​ឲ្យ​មន្ត្រី​កង​អង្គរក្ស។ ពួកគេ​ចាត់ទុក​ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​ការ​ឃាត់​ខ្លួន​តាម​ទំនើង​ចិត្ត​នោះ ថា​ជា​ការ​បំភិតបំភ័យ​អ្នក​សារព័ត៌មាន និង​សកម្មជន​ពី​សំណាក់​មន្ត្រី​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី​នៅ​តំបន់​ព្រៃ​ភ្នំ​តាម៉ៅ។

ពួកគេ​ថា ការ​ឃាត់​ខ្លួន​ទាំងនោះ​ក្រោម​ហេតុផល​ថា អ្នកកាសែត​វីអូឌី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថត​រូប វីដេអូ ឬ​បង្ហោះ​ដ្រូន​នៅ​ភ្នំ​តាម៉ៅ ដោយ​អះអាង​ថា រូបថត និង​វីដេអូ​ទាំងនោះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជា​រឿង​មិន​សម​ហេតុផល ប៉ុន្តែ​ក្រុម​សង្គម​ស៊ីវិល និង​ស្ថាប័ន​ព័ត៌មាន​ចាត់ទុក​ការ​ចោទប្រកាន់​នោះ ថា​ជា​ការ​រឹតត្បិត​សិទ្ធិ​តាម​អំពើ​ចិត្ត​លើ​អ្នក​សារព័ត៌មាន។

ពួកគេ​ថា អ្នក​សារព័ត៌មាន​មាន​សិទ្ធិ​ក្នុង​ការ​ចងក្រង​ឯកសារ និង​ត្រួតពិនិត្យ​ដោយ​សេរី​អំពី​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន និង​ការ​រំលោភ​សិទ្ធិ និង​បញ្ចេញ​មតិ​ជា​សាធារណៈ ដែល​ជា​សិទ្ធិ​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា និង​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ។

មួយ​វិញ​ទៀត អ្នកកាសែត​ឯករាជ្យ​មាន​មុខនាទី​រាយការណ៍​ព័ត៌មាន​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវតែ​មាន​ការ​ការពារ ជាពិសេស​នៅ​ពេល​រាយការណ៍​អំពី​បញ្ហា​ផលប្រយោជន៍​សាធារណៈ ដូចជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ភ្នំ​តាម៉ៅ​អស់​ជាច្រើន​ហិកតារ​នា​ពេល​ថ្មីៗ​នេះ ជាដើម។

ក្រុម​សង្គម​ស៊ីវិល និង​ស្ថាប័ន​ព័ត៌មាន សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រើ​អំណាច​ដោយ​ខុស​ច្បាប់​របស់​អាជ្ញាធរ និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​រូប​រាងកាយ​អ្នក​សារព័ត៌មាន និង​សកម្មជន​ខ្មែរ​ថាវរៈ។ ករណី​នេះ ពួកគេ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឥត​លម្អៀង​លើ​ហេតុការណ៍​នេះ ក៏ដូចជា​ផ្ដន្ទាទោស​ចំពោះ​អាជ្ញាធរ​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់ និង​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។

ពួកគេ​ស្នើ​ទៅ​អាជ្ញាធរ​ជាតិ​ឲ្យ​គោរព​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន រដ្ឋធម្មនុញ្ញ ព្រមទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​ធានា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំងអស់​ក្នុង​ការ​ចងក្រង​ឯកសារ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​សកម្មភាព​របស់​រដ្ឋ និង​បម្រើ​សង្គម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស