32.5 C
Phnom Penh

ពលរដ្ឋ​ស្នើ​ឲ្យ​ក្រសួង​អប់រំ​បញ្ឈប់​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ និង​យុវជន​មួយ​ចំនួន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន បញ្ឈប់​ការ​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម​នៅ​កម្ពុជា ដោយ​ថា​ការ​បង្កើត​នេះ​វា​ផ្ដល់​ហានិភ័យ​ខ្ពស់ ខណៈ​វៀតណាម​មាន​មហិច្ឆតា​ជ្រៀត​ចូល​គ្រប់​ចក្ខុវិស័យ​នៅ​កម្ពុជា និង​នៅ​ចិញ្ចឹម​ចិត្ត​យក​ទឹកដី​កម្ពុជា។

ក្នុង​ញត្តិ​ដែល​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន នៅ​ថ្ងៃទី​២៩ ខែ​សីហា នេះ បាន​លើកឡើង​ថា ភាសា​វៀតណាម​មិនមែន​ជា​តម្រូវការ​ចាំបាច់ និង​ផ្ដល់​ប្រយោជន៍​ខ្លាំង​នោះ​ទេ បើ​ប្រៀបធៀប​នឹង​អគារ​សិក្សា​ភាសា​នានា​ដែល​មាន​ស្រេច​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ផ្ទុយទៅវិញ វា​អាច​ផ្ដល់​ជា​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ជ្រៀត​ចូល​របស់​ភាសា​វៀតណាម​នៅ​តាម​គ្រឹះស្ថាន​ស្ថាប័ន។

មួយ​វិញ​ទៀត ការ​បង្កើត​អគារ​សិក្សា​នេះ វា​ជា​ការ​បំពេញ​នូវ​តម្រូវការ​វៀតណាម ដែល​មាន​មហិច្ឆតា​ជ្រៀត​ចូល​គ្រប់​ចក្ខុវិស័យ​នៅ​កម្ពុជា ខណៈ​វៀតណាម​ជា​ប្រជាជាតិ​មួយ​ដែល​កម្ពុជា​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណង​មិត្តភាព និង​ទំនាក់ទំនង​ផ្សេងៗ ដោយសារ​កម្ពុជា​បាន​បាត់បង់​ធនធាន ទឹកដី និង​ទ្រព្យសម្បត្តិ​ជាតិ​ច្រើន ដូចជា​ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់ ជាដើម​នោះ​ទៅ​វៀតណាម។

ញត្តិ​ដដែល​បាន​រៀបរាប់​ថា ហានិភ័យ​នៃ​ការ​ឈាន​ទៅ​រក​ការ​គ្រប់គ្រង​ដោយ​មនោគមន៍វិជ្ជា និង​ចិត្តសាស្ត្រ​ដោយ​ប្រយោល​មក​លើ​កម្ពុជា បន្ទាប់ពី​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​ចំនួន ៤០​ហិកតារ​ឲ្យ​ជនជាតិ​វៀតណាម​រស់នៅ​ដោយ​សង់​លំនៅឋាន ស្រប​ពេល​ដែល​ពលរដ្ឋ​ម្ចាស់​ដី​រងគ្រោះ​ដោយ​ការ​រំលោភ​ជម្លោះ​ដីធ្លី​នោះ។

ជាមួយ​គ្នា​នេះ​ដែរ ការ​បង្កើត​អគារ​នេះ​បង្ហាញ​ពី​ការ​គ្មាន​តុល្យភាព និង​សមរម្យ​ចំពោះ​ការទូត ដោយសារ​ភាគី​វៀតណាម​មិន​បាន​ផ្ដល់​សិទ្ធិ​ពេញ​ដល់​ការ​សិក្សា​ភាសា​ខ្មែរ​នៅ​វៀតណាម ជាពិសេស​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​កម្ពុជា​ក្រោម គ្មាន​សិទ្ធិ​ទទួល​បាន​ការ​សិក្សា​អក្សរ និង​ភាសា​ខ្មែរ​ស្រប​ច្បាប់​ឡើយ។

ពួកគេ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន បញ្ឈប់​ការ​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម​ក្នុង​គ្រឹះស្ថាន​ក្របខ័ណ្ឌ​រដ្ឋ​នៅ​កម្ពុជា ដោយ​ថា​តាំងពី​សម័យ​បុរាណ​រហូត​ដល់​បច្ចុប្បន្ន វៀតណាម​មិន​ដែល​បោះបង់​នូវ​មហិច្ឆតា​ឈ្លានពាន​ទឹកដី​ខ្មែរ​ឡើយ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​អប់រំ លោក ធែល ធីលែន អះអាង​ថា ការ​ទាមទារ​ឲ្យ​ក្រសួង​បញ្ឈប់​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម​នៅ​កម្ពុជា មិនមែន​មាន​តែ​រូបលោក​នោះ​ទេ ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​ចូលរួម​ដែរ។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ សម្ដែង​ការ​កោត​សរសើរ​ចំពោះ​ស្មារតី​យុវជន និង​ពលរដ្ឋ​ខ្មែរ​ដែល​ហ៊ាន​បង្ហាញ​សកម្មភាព​តវ៉ា​មិន​ឲ្យ​មាន​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម ឬ​ផ្នែក​សិក្សា​វៀតណាម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

លោក​ជំរុញ​ឲ្យ​សិស្សានុសិស្ស និស្សិត យុវជន និង​បញ្ញវន្ត​ខ្មែរ​នៅ​ទូទាំង​ប្រទេស និង​គ្រប់​ទិសទី​ក្នុង​ពិភពលោក ប្រើ​សិទ្ធិ​ជា​ខ្មែរ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បង្កើត​ជា​ផ្លូវការ​នូវ​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នៅ​លើ​ទឹកដី​កម្ពុជា។ លោក​ថា វៀតណាម​កំពុង​ប្រើ​ស្នៀត​នេះ​ដើម្បី​ពង្រីក​មេរោគ​ឈ្លានពាន​របស់​ពួកគេ​លើ​ពូជសាសន៍​ខ្មែរ និង​ទឹកដី​ខ្មែរ ដោយ​ប្រើ​លេស​សមាហរណកម្ម​សកល។

លោក គឹម សុខ បាន​ដាក់​ជា​សំណួរ​ថា ដំណាក់កាល​នោះ ខ្មែរ​អាច​រក្សា​ពូជសាសន៍ និង​ទឹកដី​យើង​ដោយ​របៀប​ណា? ពេល​នេះ វៀតណាម​កំពុងតែ​ផ្សព្វផ្សាយ​នៅ​លើ Wikipedia ថា ភាសា​ខ្មែរ​មាន​អំបូរ​ដើម​ជាមួយ​ភាសា​វៀតណាម ហើយ​ចុះ​ទម្រាំ​ទឹកដី​ខ្មែរ​ដែល​ឮ​ទ្រហឹង និង​ការ​បំពង​សំឡេង​រៀន​ភាសា​វៀតណាម តើ​វៀតណាម​នឹង​បោក​ពិភពលោក​បាន​បែប​ណា​ទៀត?

ឌឹ ខេមបូឌា ដេលី នៅ​ពុំ​អាច​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​ពី​អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា បាន​នៅឡើយ​ទេ។

ទឹកដី​កម្ពុជា​ក្រោម​បាន​ធ្លាក់​ទៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម កាលពី​សម័យ​អាណានិគម​និយម​បារាំង ប៉ុន្តែ​សម្តេច​ព្រះ​នរោត្តម សីហនុ តែងតែ​ប្រកាស​រក្សា​សិទ្ធិ​របស់​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ទឹកដី​កំណើត​របស់​ដូនតា​ខ្មែរ​នេះ។ ចំណែក​កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ ព្រមទាំង​តំបន់​ជុំវិញ នៅ​តែ​ជា​ទឹកដី​កម្មសិទ្ធិ​របស់​កម្ពុជា​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម សម័យ​សាធារណរដ្ឋ និង​ក្នុង​សម័យ​ខ្មែរក្រហម។

ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន និយាយ​ថា កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ ព្រមទាំង​តំបន់​ជុំវិញ​នោះ​ទើប​តែ​ធ្លាក់​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ក្នុង​ពេល​កម្ពុជា​ដឹកនាំ​ដោយ​បុរស​ខ្លាំង​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស