32.5 C
Phnom Penh

អតីត​ជំទាវ​ធំ​ម៉ាឡេស៊ី​ស្រែក​យំ​នៅ​ពេល​សាលក្រម​ប្រកាស​ឱ្យ​នាំ​ខ្លួន​ទៅ​ដេក​គុក​ករណី​ពុករលួយ​តាមរយៈ​អំណាច​ប្តី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុង​ស្វាមី​កំពុង​មាន​អំណាច​ក្នុង​ដៃ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី អ្នកស្រី Rosmah Mansor ដែល​គេ​ហៅ​ថា​ជំទាវ​ធំ​ទី​១ នៃ​រាជាណាចក្រ​ម៉ាឡេស៊ី គឺ​មាន​អំណាច និង​មាន​ឥទ្ធិពល​ដូច​នឹង​លោក ណាជីប រ៉ាហ្សាក់ ដែរ។ ឥឡូវ​នេះ ទាំង​ប្ដី ទាំង​ប្រពន្ធ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ដេក​នៅ​ក្នុង​គុក​ខុស​ពី​អ្វី​ដែល​ពួកគេ​ធ្លាប់​ដេក​ក្នុង​ភូមិគ្រឹះ​ដ៏​ប្រណិត​ស្កឹមស្កៃ​ដូច​ឋាន​សួគ៌ា។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ កញ្ញា នេះ អតីត​ជំទាវ​ធំ Rosmah Mansor បាន​យំ​ទួញសោក ខណៈ​អ្នកស្រី​ស្ថិត​ក្នុង​រង្វង់​ក្រចកសេះ​នៅ​ក្នុង​បន្ទប់​សវនាការ​នៃ​តុលាការ​ជាន់ខ្ពស់​ក្នុង​ទីក្រុង​កូឡាឡាំពួរ។

អតីត​ជំទាវ​ធំ​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​យំសោក​សង្រែក​នៅ​ពេល​អ្នកស្រី​បាន​ស្ដាប់​ឮ​ការ​អាន​សាលក្រម​ប្រកាស​ផ្ដន្ទាទោស​អ្នកស្រី​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១០​ឆ្នាំ និង​រង​ការ​ពិន័យ​ជា​ប្រាក់​ចំនួន ៩៧០​លាន​រីងហ្គីត ឬ​ស្មើ​នឹង ២១៦​លាន​ដុល្លារ​អាមេរិក។

អតីត​ជំទាវ​ធំ​ទី​១ នៃ​អតីត​នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ដែល​បច្ចុប្បន្ន​មាន​អាយុ ៧០​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ទាមទារ​ប្រាក់​សំណូក​ជាង ១៨៧​លាន​រីងហ្គីត ឬ​ជិត ៤២​លាន​ដុល្លារ​អាមេរិក​ពី​ពាណិជ្ជករ​ម្នាក់​ឈ្មោះ Saidi Abang Samsudin កាលពី​ឆ្នាំ​២០១៦ និង​២០១៧។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Malaysiakini ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ កញ្ញា នេះ។

ជំទាវ​ធំ Rosmah Mansor នៅ​ពេល​ដែល​ប្ដី​របស់​អ្នកស្រី គឺ​លោក ណាជីប ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​មាន​អំណាច ពេល​នោះ​អ្នកស្រី​បាន​ប្រើប្រាស់​ឥទ្ធិពល​របស់​ប្ដី​ជួយ​ធ្វើ​ឱ្យ​ក្រុមហ៊ុន Jepak Holdings របស់​លោក Samsudin ទទួល​បាន​កិច្ចសន្យា​នៃ​គម្រោង​មួយ​របស់​រដ្ឋាភិបាល ដែល​មាន​តម្លៃ ១​ពាន់ ២៥០​លាន​រីងហ្គីត ឬ​ស្មើ​នឹង​ជាង ២៧៨​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ផ្គត់ផ្គង់​ចែកចាយ​ថាមពល​សូឡា​ទៅ​កាន់​សាលារៀន​ចំនួន ៣៦៩​កន្លែង​នៅ​តាម​ទី​ជនបទ​ក្នុង​រដ្ឋ Sarawak។ លើស​ពី​នេះ​ទៀត អតីត​ជំទាវ​ធំ Rosmah Mansor ក៏​ត្រូវ​បាន​ចោទប្រកាន់​ករណី​ទទួល​ប្រាក់​សំណូក ៦​លាន ៥​សែន​រីងហ្គីត ឬ​ស្មើ​នឹង ១​លាន ៤៥​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ម្ចាស់​ក្រុមហ៊ុន Jepak Holdings របស់​លោក Samsudin។

បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ អ្នកស្រី Rosmah Mansor បាន​ទទួល​ប្រាក់​សំណូក​នេះ​នៅ​ឯ​ការិយាល័យ​របស់​លោក ណាជីប ដែល​កាលនោះ​លោក ណាជីប ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដ៏​មាន​អំណាច។

អ្នកស្រី​ទទួល​បាន​ប្រាក់​សំណូក​ពី​ក្រុមហ៊ុន​នេះ​ដោយ​ផ្ទាល់​នៅ​ភូមិគ្រឹះ​របស់​អ្នកស្រី ស្ថិត​ក្នុង​ទីក្រុង​កូឡាឡាំពួរ កាលពី​ចន្លោះ​ខែ​ធ្នូ ឆ្នាំ​២០១៦ និង​ខែ​កញ្ញា ឆ្នាំ​២០១៧។

នៅ​ក្នុង​ការ​ជំនុំជម្រះ​ក្ដី​នេះ សាក្សី​ដាក់​បន្ទុក​មាន​ដល់​ទៅ ២៣​នាក់ ហើយ​សាក្សី​ជួយ​ដោះ​បន្ទុក​អតីត​ជំទាវ​ធំ​រូប​នេះ​ពុំ​មាន​ទេ គឺ​មាន​តែ​មេធាវី​ការពារ​ក្ដី​ប៉ុណ្ណោះ។

ការពិត អ្នកស្រី Rosmah Mansor ដែល​អ្នក​គ្រប់​គ្នា​ធ្លាប់​ខ្លបខ្លាច​ហៅ​ថា​លោកស្រី​ជំទាវ​ធំ ត្រូវ​បាន​ចោទប្រកាន់​បី​បទ​ចោទ ក្នុង​នោះ​មាន​ករណី​ប្រើ​អំណាច និង​ឥទ្ធិពល​នៃ​ការ​រៃអង្គាស​ប្រាក់​មូលនិធិ​យក​មក​ធ្វើ​ល្បែង​នយោបាយ​ប្រជាភិថុតិ​ចែក​ជូន​អ្នក​ក្រីក្រ​នៅ​មុន​ការ​បោះឆ្នោត ការ​ទទួល​ប្រាក់​សំណូក និង​ការ​គាប​សង្កត់​ឱ្យ​បាន​ប្រាក់​សំណូក​ពី​អ្នកជំនួញ​ក្រោម​ឥទ្ធិពល​របស់​ប្ដី​ជា​នាយករដ្ឋមន្ត្រី។

កាលពី​សប្តាហ៍​មុន ស្វាមី​អ្នកស្រី គឺ​លោក ណាជីប ដែល​មាន​អាយុ ៦៩​ឆ្នាំ ទើប​តែ​ចាប់ផ្តើម​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ បន្ទាប់ពី​លោក​ចាញ់​ក្តី​ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​បទ​ចោទ​អំពើពុករលួយ​ចំនួន ៧​ករណី​មក​លើ​រូបលោក។ លោក ណាជីប នៅ​ប្រឈមមុខ​នឹង​សំណុំរឿង​លាង​លុយ សំណុំរឿង​បំពាន​អំណាច និង​រំលោភ​សេចក្ដី​ទុកចិត្ត​ដែល​ជា​បទល្មើស​កម្រិត​ព្រហ្មទណ្ឌ​ដ៏​ធ្ងន់ធ្ងរ។

តាម​រដ្ឋអាជ្ញា គឺ​ធនាគារ​មួយ​របស់​គ្រួសារ​លោក ណាជីប នៅ​ក្រុង​កូឡាឡាំពួរ គឺ​មាន​សាច់ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ​ជា​របស់​គ្រួសារ​លោក ណាជីប។

ក្រុម​រដ្ឋអាជ្ញា និង​ក្រុម​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជាក់​នៅ​ក្នុង​សវនាការ​ថា នៅ​ពេល​រឿង​អាស្រូវ​នេះ​ផ្ទុះ​ខ្លាំង ជាពិសេស​នៅ​ពេល​បក្ស​ជាតិ​បារីសាន់ ហៅ​កាត់​ថា UMNO របស់​លោក ណាជីប ចាញ់​ឆ្នោត គឺ​ប្រាក់​ដុល្លារ​ជាច្រើន​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ដក​ចេញ និង​ផ្ទេរ​ចេញ​ទៅ​កាន់​ធនាគារ​ដទៃ​ទៀត ហើយ​សូម្បី​ភូមិគ្រឹះ​មួយ​ចំនួន​ក៏​ផ្ទេរ​កម្មសិទ្ធិ​ដែរ។

ទាំង​ក្រុម​រដ្ឋអាជ្ញា និង​ក្រុម​ស៊ើបអង្កេត​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួម​ទាំង​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ដែល​មាន​សមត្ថកិច្ច​រក​ឃើញ​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​លោក ណាជីប ដែល​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា លោក ណាជីប និង​គ្រួសារ​របស់​លោក រួម​ទាំង​រដ្ឋការ​របស់​លោក​ទាំងមូល បាន​លួច​លុយ​របស់​រដ្ឋ​ចំនួន​ជាង ៤៥០០​លាន​ដុល្លារ​អាមេរិក អំឡុង​លោក ណាជីប កាន់​អំណាច​រយៈពេល ១០​ឆ្នាំ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៨៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស