42.2 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​ទម្លាយ​រឿងរ៉ាវ​អាថ៌កំបាំង ខណៈ​អ្នកវិភាគ​ថា​ជា​ប្រវត្តិសាស្ត្រ​ភូត​កុហក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្រេច​ចិត្ត​លាតត្រដាង​អាថ៌កំបាំង និង​ជា​រឿង​សម្ងាត់​ដែល​មនុស្ស​ភាគច្រើន​មិន​បាន​ដឹង​តាមរយៈ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណងជើង​ថា «សម្តេច ហ៊ុន សែន គូសវាស​វាសនា​កម្ពុជា» ជា​ខេមរភាសា និង​ភាសា​អង់គ្លេស។

មេដឹកនាំ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​ឱ្យ​កាន់​អំណាច​រូប​នេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៥ កញ្ញា នេះ​ថា ដល់​ពេល​ដែល​លោក​ត្រូវ​បញ្ចេញ​នូវ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​មនុស្ស​ភាគច្រើន​មិន​បាន​ដឹង តាមរយៈ​សៀវភៅ​មួយ​ដែល​មាន​កម្រាស់ ៦០១​ទំព័រ និង​មាន​ចំណងជើង​ថា «សម្តេច ហ៊ុន សែន គូសវាស​វាសនា​កម្ពុជា» ដែល​បាន​ស្រាវជ្រាវ និង​រៀបរៀង​ដោយ​ប្រធាន​គណៈ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក កែវ បាភ្នំ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​កំពុង​បញ្ជា​ឱ្យ​គេ​បោះពុម្ព​សៀវភៅ​នេះ​ចំនួន ៥​ម៉ឺន​ច្បាប់ ដើម្បី​បកប្រែ​ជា​ភាសា​អង់គ្លេស​ក្នុង​បំណង​ឱ្យ​មិត្ត​បរទេស​បាន​ដឹង​ពី​រឿងរ៉ាវ​ដ៏​អាថ៌កំបាំង​នេះ​ផង​ដែរ ដែល​ភ្ជាប់​ជាមួយ​នឹង​រូបភាព​ក្នុង​ខ្លឹមសារ​នៃ​រឿងរ៉ាវ​សម្ងាត់​នេះ​ថែម​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​រឿងរ៉ាវ​អាថ៌កំបាំង​ជាច្រើន​ដែល​ពលរដ្ឋ​ខ្មែរ រួម​ទាំង​មជ្ឈដ្ឋាន​អន្តរជាតិ​ផង មិន​ធ្លាប់​បាន​ដឹង​អំពី​ការ​តស៊ូ​របស់​លោក​នា​ពេល​កន្លងមក។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៥ កញ្ញា នេះ​ថា ប្រវត្តិ​ដែល​លោក ហ៊ុន សែន ចង់​បង្ហាញ​នៅ​ពេលនេះ គ្មាន​អ្វី​ក្រៅតែ​ពី​អួត​ថា គាត់​បាន​តស៊ូ​នោះ​ទេ ប៉ុន្តែ​ការ​អួតអាង​របស់​គាត់​នៅ​ពេលនេះ គ្រាន់តែ​ជា​ការ​កុហក​ភូតភរ និង​ព្យាយាម​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពិត ថា​គាត់​ជា​មេដឹកនាំ​ល្អ​ដែល​ស្រោចស្រង់​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ។

លោក គឹម សុខ អះអាង​ថា អ្នក​ដែល​ដឹង​ប្រវត្តិ​ពិត​របស់​លោក ហ៊ុន សែន មាន​លោក ប៉ែន សុវណ្ណ ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ និង​អតីត​ព្រះមហាក្សត្រ​ខ្មែរ គឺ​សម្តេច​ព្រះ​នរោត្តម សីហនុ ដែរ។

លោក​បន្ត​ថា នៅ​ពេល​ដែល​លោក ប៉ែន សុវណ្ណ និង​សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​មាន​ជីវិត លោក ហ៊ុន សែន មិន​ហ៊ាន​ចេញ​មុខ​អួត​ប្រវត្តិ​ខ្លួនឯង​ទេ ទាល់តែ​លោក​ទាំង​ពីរ​លាចាក​លោក ទើប​គាត់​ហ៊ាន​ចេញ​មុខ​តាំង​ខ្លួន​ជា​អ្នក​ទម្លាយ​ការពិត ហើយ​ប្រវត្តិ​ដែល​លោក ហ៊ុន សែន នឹង​លាតត្រដាង​នេះ គឺជា​ការ​កុហក​ភូតភរ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បាន​លើក​យក​ព្រឹត្តិការណ៍​ខ្លះៗ​មក​ពន្យល់​ថា លោក ហ៊ុន សែន និង​កងទ័ព​វៀតណាម បាន​ចាប់​លោក ប៉ែន សុវណ្ណ ដល់​ផ្ទះ​របស់​គាត់​យក​ទៅ​ដាក់​គុក​នៅ​ប្រទេស​វៀតណាម ដើម្បី​អាច​ក្តោប​ក្តាប់​អំណាច​កាន់តែ​ខ្លាំង​មួយ​ជំហាន​ទៀត ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជា​បំភ្លៃ​ការពិត​ថា ការ​ចាប់​ខ្លួន​នេះ​គឺ​ដោយសារតែ​លោក ប៉ែន សុវណ្ណ មាន​ផែនការ​ក្បត់​បក្ស​កុម្មុយនីស្ត​របស់​ខ្លួន​ក្នុង​បំណង​ក្តោប​ក្តាប់​កម្លាំង​យោធា​បង្កើន​អំណាច​ខ្លួនឯង​ទៅវិញ។

លោក គឹម សុខ ពន្យល់​បន្ថែម​ថា លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​អួតអាង​អំពី​ប្រវត្តិ​ទំនាក់ទំនង សីហនុ-ហ៊ុន សែន ដែរ ដែល​ក្នុង​គោលដៅ​ព្យាយាម​បំភ័ន្ត​មហាជន​ខ្មែរ​ឲ្យ​យល់​ច្រឡំ​លើ​សម្ដេចព្រះ នរោត្តម សីហនុ ថា​ទ្រង់​មាន​ចំណែក​ក្នុង​ផែនការ​ដឹកនាំ​ឃោរឃៅ​របស់​គាត់​កន្លងមក ប៉ុន្តែ​ចំណុច​សំខាន់​នៅ​ត្រង់​ថា ពេល​ទ្រង់​នៅ​មាន​ព្រះជន្ម​នៅឡើយ លោក ហ៊ុន សែន មិន​ដែល​ក្លាហាន​ចេញ​មុខ​បកស្រាយ​ពី​រឿង​នេះ​ទេ លុះ​ដល់​ពេល​ព្រះអង្គ​ចូល​ទិវង្គត ទើប​លោក ហ៊ុន សែន ចេញ​មុខ​មក​អួតអាង​តែ​ម្នាក់​ឯង​ដូច​ពេលនេះ​ជាដើម។

លោក គឹម សុខ បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ គ្រាន់តែ​ជា​សំរាម​ប្រវត្តិសាស្ត្រ​មួយ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា ជា​ការ​បង្កើត​តែ​គំនរ​ប្រវត្តិសាស្ត្រ​ដ៏​កខ្វក់​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល ដែល​នឹង​ត្រូវ​លុបលាង និង​កែតម្រូវ​ដោយ​អ្នក​ដែល​យល់ដឹង​អំពី​ការពិត​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​នេះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​ព្យាយាម​លើក​កិត្តិយស​ខ្លួនឯង​ពី​ចលនា​បដិវត្តន៍​របស់​ពួកគាត់ ហើយ​ក៏​កំពុង​ព្យាយាម​ទម្លាក់​កំហុស​ទាំងអស់​ទៅ​លើ​អ្នក​ដទៃ​ទៀត ដូចជា​លោក ប៉ែន សុវណ្ណ ជាដើម ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​កាលពី​ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ។

ប៉ុន្តែ​កាលពី​ពេល​ដែល​លោក ប៉ែន សុវណ្ណ នៅ​មាន​ជីវិត គាត់​បាន​បកអាក្រាត​យ៉ាង​ច្រើន​អំពី​ល្បិច​ឃុបឃិត​គ្នា​រវាង​មេដឹកនាំ​វៀតណាម និង​លោក ហ៊ុន សែន ក្នុង​ផែនការ​បំផ្លាញ​កម្ពុជា ប៉ុន្តែ​នៅ​ពេល​នោះ លោក ហ៊ុន សែន មិន​បាន​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​លោក ប៉ែន សុវណ្ណ នោះ​ឡើយ។

ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ៣៧​ឆ្នាំ​មក​នេះ ត្រូវ​គេ​រិះគន់​ថា អំណាច​របស់​លោក ហ៊ុន សែន គឺ​បាន​មកពី​ការ​ប្លន់​ដែល​មាន​ការ​ជ្រោមជ្រែង​ពី​កងទ័ព​វៀតណាម​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត អំណាច​នោះ គឺជា​អំណាច​ដែល​យល់ព្រម​បម្រើ​ផែនការ​គ្រប់​យ៉ាង​របស់​បរទេស​ឈ្លានពាន​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​អះអាង​ថា ក្រោម​ការ​ជ្រោមជ្រែង​របស់​រដ្ឋការ​ក្រុង​ហាណូយ លោក ហ៊ុន សែន បាន​សម្បទាន​ទឹកដី​កម្ពុជា និង​ធនធាន​ធម្មជាតិ​យ៉ាង​ច្រើន​ទៅ​ឱ្យ​វៀតណាម ដូចជា​ការ​បង្កើត​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​២០០៥ ដើម្បី​បើក​ផ្លូវ​ឱ្យ​មហិច្ឆតា​វៀតណាម​ឈ្លានពាន​ទឹកដី​កម្ពុជា​ទៅ​ថ្ងៃ​មុខ​ដោយ​ស្រប​ច្បាប់ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស