30.4 C
Phnom Penh

ក្រុម​អ្នក​ច្បាប់​ថា​សេរីភាព​ដើរហើរ​របស់​លោក កឹម សុខា តូច​ចង្អៀត​ប្រៀប​បាន​នឹង​គូទ​ម្ជុល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្អូញត្អែរ​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរហើរ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន រឹតត្បិត​ឱ្យ​រួម​តូច​ចង្អៀត​ប្រៀប​បាន​នឹង​គូថ​ម្ជុល ដោយសារ​មាន​មនុស្ស​បន្លំ​ខ្លួន​លួច​ថត​ពី​សកម្មភាព​របស់​លោក​គ្រប់​ទីកន្លែង។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ប្រសិនបើ​កម្ពុជា​ពិតជា​មាន​សុខ​សន្តិភាព​ប្រាកដ​មែន ហេតុ​អ្វី​បាន​ជា​រាល់​ការ​ចូលរួម​ក្នុង​ពិធីបុណ្យ ជាពិសេស​ការ​ចូលរួម​កាន់​ពិធីបុណ្យ​កាន់បិណ្ឌ​របស់​លោក កឹម សុខា នៅ​ពេល​នេះ​មាន​មនុស្ស​បន្លំ​ខ្លួន​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ីវិល លួច​ថត​សកម្មភាព​របស់​លោក​គ្រប់​ទីកន្លែង​បែប​នេះ។

លោក ចាន់ ចេន លើក​ជា​សំណួរ​ថា តើ​ឯណា​ទៅ​សិទ្ធិ​ឯកជន​ដែល​បាន​ធានា​ដោយ​ច្បាប់? ហើយ​ឯណា​ទៅ​សិទ្ធិ​ដើរហើរ​ដោយ​គ្មាន​ការ​ព្រួយបារម្ភ?

លោក​បន្ត​ថា សូម្បី​ការ​ធ្វើ​ដំណើរ​ដែល​តុលាការ​បាន​អនុញ្ញាត​ឱ្យ​ដើរហើរ​ក្នុង​ប្រទេស ការ​ស្នាក់នៅ និង​ការ​សម្រាក​ទទួលទាន​អាហារ​នៅ​តាម​ទី​សាធារណៈ ក៏​ស្ថិត​ក្រោម​ការ​តាមដាន​របស់​មនុស្ស​មួយ​ក្រុម​ដែល​បន្លំ​ខ្លួន​ស្លៀកពាក់​ជា​ជនស៊ីវិល តាម​ថត​សកម្មភាព​របស់​លោក កឹម សុខា នៅ​គ្រប់​ទីកន្លែង​ទាំងអស់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ លោក​នៅ​តែ​មាន​ភាព​ស្អាតស្អំ ព្រោះ​តុលាការ​កម្ពុជា​មិន​ទាន់​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ។

ទោះជា​បែប​នេះ​ក្តី លោក កឹម សុខា នៅតែ​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាមរយៈ​ការ​ដាក់​កម្លាំង​ឱ្យ​តាមដាន​ពី​សកម្មភាព​របស់​លោក​គ្រប់​ទិសទី។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា តុលាការ​ធ្លាប់​បាន​ស្នើ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឱ្យ​ឃុំ​ខ្លួន​លោក កឹម សុខា ឡើងវិញ​ម្តង​រួច​មក​ហើយ ក្រោម​ហេតុផល​ថា លោក​បាន​បំពាន​បម្រាម​របស់​តុលាការ ដោយ​ការ​ទៅ​ចូលរួម​កម្មវិធី​សាសនា និង​កម្មវិធី​ប្រពៃណី​ផ្សេងៗ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សកម្មភាព​នយោបាយ។

បែប​នេះ​ក្តី ក្រុម​អ្នក​ច្បាប់​នៅ​កម្ពុជា ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លងទៅ​ថា ក្នុង​បម្រាម​របស់​តុលាការ​ហាមឃាត់​លោក កឹម សុខា មាន​តែ ៣​ចំណុច​ប៉ុណ្ណោះ គឺ​ហាម​ចាកចេញ​ពី​ប្រទេស​កម្ពុជា ត្រូវ​រង់ចាំ​ការ​កោះហៅ​របស់​តុលាការ និង​ហាម​មិន​ឱ្យ​និយាយ ឬ​ធ្វើ​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ ប៉ុន្តែ​តុលាការ​មិន​បាន​បញ្ជាក់​ទេ​ថា តើ​សកម្មភាព​ដូចម្តេច​ខ្លះ​ដែល​ហៅថា​សកម្មភាព​នយោបាយ និង​សកម្មភាព​ណា​ខ្លះ​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ។

ចាប់តាំងពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២២ នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​ទី​១ មក ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចូលរួម​កម្មវិធី​កាន់បិណ្ឌ​ជាមួយ​ពលរដ្ឋ​ខ្មែរ​តាម​វត្ត​អារាម​នានា ប៉ុន្តែ​រាល់​សកម្មភាព​ចូលរួម​កម្មវិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ ត្រូវ​បាន​គេ​ឃ្លាំមើល និង​លួច​ថត​សកម្មភាព​របស់​លោក​គ្រប់​ទីកន្លែង​ទាំងអស់ ដែល​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​របស់​លោក​កាន់តែ​ខ្លាំង​លើស​ពី​បម្រាម​តុលាការ​ដែល​លោក​កំពុងតែ​អនុវត្ត​សព្វថ្ងៃ​នេះ។

លោក កឹម សុខា ធ្លាប់​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន បន្ទាប់ពី​លោក​បាន​ចូលរួម​កាន់បិណ្ឌ​ជាបន្តបន្ទាប់​ថា ការ​ធ្វើ​បុណ្យ ធ្វើ​ទាន ដែល​កើតឡើង​ដោយ​សទ្ធា​ជ្រះថ្លា ចេតនា​ពិត គឺជា​សីលធម៌​របស់​មនុស្ស ទោះបី​មិន​មាន​ទ្រព្យធន​ច្រើន មិន​មាន​អំណាច មិន​មាន​សិទ្ធិ​ពេញលេញ ឬ​ទោះបី​មាន​អ្នក​ដទៃ​បំភ្លៃ​បំផ្លើស​ចំពោះ​ចេតនា​សុចរិត​របស់​លោក​ក៏ដោយ ឲ្យ​តែ​មាន​ឱកាស មាន​លទ្ធភាព​ដែល​អាច​ធ្វើ​បុណ្យ ធ្វើ​ទាន សន្សំ​កុសល​បាន គឺ​លោក​ត្រូវតែ​ធ្វើ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស