33.2 C
Phnom Penh

ក្រុម​យុវជន​និង​សហគមន៍​ថា​ទង្វើ​អាជ្ញាធរ​រារាំង​មិន​ឱ្យ​ចូល​សិក្សា​ពី​ព្រៃព្រះរការ​គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​យុវជន និង​សហគមន៍ អះអាង​ថា ទង្វើ​របស់​អាជ្ញាធរ និង​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​ខេត្ត​ព្រះវិហារ រារាំង​ពួកគេ​មិន​ឲ្យ​ចូល​ទស្សនា និង​សិក្សា​ពី​ស្ថានភាព​ព្រៃព្រះរការ ដែល​ជា​ព្រៃ​ជំនឿ​របស់​សហគមន៍​ប្រមេរុ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ក្រុម​យុវជន​ជា​និស្សិត​បញ្ញវន្ត​ដែល​ចិត្ដ​ចង់​ចូល​ទៅ​ទស្សនា និង​សិក្សា​ពី​ព្រៃព្រះរការ ដែល​ជា​ព្រៃ​ជំនឿ​របស់​សហគមន៍​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស និង​មន្ត្រី​នគរបាល​ឃុំ​ប្រមេរុ មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ទៅ​សិក្សា​ពី​ស្ថានភាព​ព្រៃ​ឡើយ ដោយ​អាជ្ញាធរ​លើក​ហេតុផល​ថា​ធ្វើ​តាម​បញ្ជា​របស់​ថ្នាក់​លើ។

ក្រុម​យុវជន និង​សហគមន៍​បង្ហាញ​ការ​សោកស្ដាយ និង​ចាត់ទុក​ការ​រារាំង​នេះ​ថា​មិន​អាច​ទទួល​យក​បាន​ឡើយ ហើយ​ថា​ក្រុម​មន្ត្រី​របស់​រដ្ឋាភិបាល​កំពុង​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​ការ​បើក​ទូលាយ​នូវ​សិទ្ធិ​សេដ្ឋកិច្ច នយោបាយ ខណៈ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ដែល​ចែង​លើក​ទឹកចិត្ត​ឲ្យ​សហគមន៍ និង​យុវជន សាធារណជន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ផង​ដែរ។

សហគមន៍​ប្រមេរុ យល់​ថា មន្ត្រី​ឧទ្យានុរក្ស​មិន​ឲ្យ​សហគមន៍​ជូន​យុវជន​ចូល​ទៅ​សិក្សា​ពី​ព្រៃឈើ អាច​បណ្ដាល​មកពី​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​ទាំងនោះ​មាន​រឿង​ចង់​បិទបាំង ទើប​មិន​ចង់​ឱ្យ​សហគមន៍ និង​យុវជន​ចូល​ព្រៃ​បែប​នេះ។

បន្ទាប់ពី​មាន​ការ​រារាំង​នេះ ក្រុម​និស្សិត​ក៏​សម្រេច​មិន​ចូល​ព្រៃ ហើយ​ក៏​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​សិក្សា​នៅ​តំបន់​ដី​សហគមន៍​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​ដាក់​កម្លាំង​ទាំង​ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន ដើម្បី​តាមដាន ទោះបីជា​ពួកគេ​មិន​បាន​ចូល​ធ្វើ​សកម្មភាព​អ្វី​ក៏ដោយ។ សហគមន៍ និង​ក្រុម​និស្សិត​ចាត់ទុក​សកម្មភាព​របស់​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដែល​តាម​ឃ្លាំមើល​ពួកគេ ថា​ជា​ការ​គំរាមកំហែង និង​បំបិទ​សិទ្ធិ​សេរីភាព។

ពួកគេ​បង្ហាញ​ក្ដី​បារម្ភ​ពី​ការ​បាត់បង់​ព្រៃព្រះរការ​ក្នុង​រយៈពេល​ដ៏​ខ្លី​នា​ពេល​ខាងមុខ និង​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បញ្ឈប់​សកម្មភាព​រារាំង​យុវជន សកម្មជន សហគមន៍ សង្គម​ស៊ីវិល​ក្នុង​ការ​ចុះ​ល្បាត​ទៀត ហើយ​ងាក​ទៅ​ពិនិត្យ​មើល​មន្ត្រី​ថ្នាក់​ក្រោម​ផង ដោយ​ថា​ព្រៃ​ការពារ​ដែល​ក្រសួង​អះអាង​នោះ កំពុង​ក្លាយ​ជា​ទីផ្សារ​ដឹកឈើ​ចេញ​រាល់​តែ​ថ្ងៃ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​សំណាក់​សមត្ថកិច្ច។

ជាក់ស្ដែង​កាលពី​ខែ​កក្កដា និង​ខែ​សីហា ឆ្នាំ​២០២២ សហគមន៍​ដែល​បាន​ចុះ​ល្បាត​ព្រៃ​ចំនួន ២​លើក​ដោយ​បាន​រក​ឃើញ​គល់ឈើ​ចំនួន ៥១៨​គល់​ដែល​បាន​កាប់​រួច។ ពួកគេ​ក៏​ស្នើ​ទៅ​លោក សាយ សំអាល់ ដែល​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ការពារ​ព្រៃឈើ​នោះ បញ្ឈប់​ការ​ច្រានចោល​ព័ត៌មាន​នៅ​ពេល​ពលរដ្ឋ និង​យុវជន ក៏ដូចជា​សហគមន៍​រាយការណ៍ ជាដើម។

កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ចេញ​លិខិត​មួយ​ដោយ​ហាមឃាត់​សហគមន៍ សកម្មជន និង​សង្គម​ស៊ីវិល​មិន​ឲ្យ​ចុះ​ល្បាត​ព្រៃ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ដែល​ខ្លួន​គ្រប់គ្រង។ ក្រោយពី​មាន​ការ​ហាមឃាត់ ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ព្រៃព្រះរការ ត្រូវ​បាន​សហគមន៍​អះអាង​ថា កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ ខណៈ​អាជ្ញាធរ និង​មន្ត្រី​អនុរក្ស​ក៏​មិន​ទប់ស្កាត់។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​ទាក់ទង​លោក នេត្រ ភត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​បង្ហាញ​របាយការណ៍​ថា ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​ជាង ៦០០០​ហិកតារ​នៅ​តំបន់​ជម្រក​សត្វព្រៃ «ព្រៃឡង់» និង «ព្រៃព្រះរការ» ត្រូវ​បាន​កាប់​បំផ្លាញ ដោយ​មាន​ការ​ទទួល​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស