35 C
Phnom Penh

បទវិភាគ៖ តើ​រុស្ស៊ី​អាច​យក​ឈ្នះ​អ៊ុយក្រែន​នៅ​រដូវរងា​បាន​ដែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិត​ត្រឹម​ថ្ងៃទី​១២ ខែ​តុលា នេះ សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មាន​រយៈពេល ២៣០​ថ្ងៃ​ហើយ បើ​គិត​ពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ជា​ថ្ងៃ​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បញ្ជា​ឲ្យ​លើក​ទ័ព​ប្រមាណ ២៥​ម៉ឺន​នាក់​ចូល​លុកលុយ​ប្រទេស​ជិតខាង​មួយ​នេះ ក្រោម​ពាក្យ​ថា ប្រតិបត្តិការ​សឹក​ពិសេស។

មក​ដល់​ពេលនេះ រុស្ស៊ី​ពុំ​រក​ពាក្យ​ថា​ខ្លួន​គេ​ឈ្នះ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​បាន​នៅឡើយ​ទេ។ មិន​តែប៉ុណ្ណោះ មាន​តែ​ពាក្យ​ថា ទ័ព​រុស្ស៊ី​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន វាយ​ឲ្យ​បាក់​ទ័ព​ដ៏​ធ្ងន់ធ្ងរ​បំផុត​ថែម​ទៀត។

នៅ​ពេល​ប្រទេស​មហាអំណាច​យោធា​ដ៏​ខ្លាំង​មួយ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​ជាប់​នឹង​របង​ផ្ទះ មិន​ទាំង​ឈ្នះ​ផង តើ​រុស្ស៊ី​សក្ដិសម​ក្នុង​ការ​ហៅថា​មហាអំណាច​យោធា​ទី​២ នៃ​ពិភពលោក​ដែរ​ទេ?

ឥឡូវ​នេះ​មាន​ការ​ព្យាករ​ថា រុស្ស៊ី​អាច​នឹង​ឈ្នះ​សង្គ្រាម​លើ​អ៊ុយក្រែន​នៅ​រដូវរងា ដែល​នឹង​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ។ នៅ​អឺរ៉ុប រដូវ​ទឹកកក​ធ្លាក់ គឺ​វា​ចាប់​ធ្លាក់​ខ្លាំង​ពី​ចន្លោះ​ខែ​វិច្ឆិកា ដល់​ដើម​ខែ​កុម្ភៈ គឺ​មាន​រយៈពេល​ជាង ៣​ខែ​បន្តិច។

ក្នុង​រយៈពេល​នេះ​ហើយ​ដែល​ប្រជាជន​អឺរ៉ុប​ពិបាក​ក្នុង​ការ​ដើរ​ចេញពី​ផ្ទះ ពីព្រោះ​ពួកគេ​ត្រូវការ​កំដៅ​ខ្លួន​ប្រាណ​ដោយ​ឡ​កំដៅ។ តែ​ការ​ព្យាករ​ដូចនេះ មើល​ទៅ​ហាក់​មិន​សម​ហេតុផល​ច្រើន​នោះ​ទេ ដែល​ថា​រុស្ស៊ី​អាច​ឈ្នះ​សង្គ្រាម​នឹង​អ៊ុយក្រែន​នៅ​រដូវ​ធ្លាក់​ទឹកកក​នោះ។

ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​វិញ​ថា តើ​កងទ័ព​រុស្ស៊ី​ស្ពាយ​ឧស្ម័ន​កំដៅ​ខ្លួន​ប្រាណ​មក​ជាមួយ ឬ​យ៉ាង​ណា?

ការពិត គឺ​ដូច​តែ​កងទ័ព​អ៊ុយក្រែន​ដែរ​ទេ។ អ្នក​ខ្លះ​ថា​កងទ័ព​រុស្ស៊ី​ធន់​នឹង​ភាព​ត្រជាក់​បាន ប៉ុន្តែ​ការ​លើកឡើង​នេះ​ក៏​មិន​ត្រឹមត្រូវ​ដែរ ពីព្រោះ​ភាព​ក្លាហាន និង​ស្មារតី​ប្រយុទ្ធ​របស់​កងទ័ព​រុស្ស៊ី​នៅ​ពេល​ចុងក្រោយ​នេះ គឺ​មិន​អាច​ប្រៀប​បាន​នឹង​ទឹកចិត្ត​របស់​កងទ័ព​អ៊ុយក្រែន ដែល​ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​នោះ​ទេ។

ក្នុង​រដូវ​ធ្លាក់​ព្រិល​ទឹកកក​នេះ គឺ​ទាំង​រុស្ស៊ី និង​អ៊ុយក្រែន ពិត​ជា​មាន​ការ​លំបាក​ដូច​គ្នា​ក្នុង​ការ​ចល័ត​សព្វាវុធ​ធុន​ធ្ងន់​រុល​ចូល​សមរភូមិ ព្រោះ​វា​ត្រូវ​ឆ្លងកាត់​ព្រិល​ទឹកកក​កម្រាស់​ពី​កន្លះ​ម៉ែត្រ​ទៅ​ជិត​មួយ​ម៉ែត្រ​ក៏​មាន​ដែរ។ ដូច​នេះ​ហើយ បាន​ជា​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នេះ​វាយប្រហារ​គ្នា​ខ្លាំង​នៅ​មុន​រដូវរងា​ចូល​មក​ដល់។ ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​កងទ័ព​អ៊ុយក្រែន​មាន​ប្រៀប​ជាង​កងទ័ព​រុស្ស៊ី ក្នុង​ការ​វាយ​ដណ្ដើម​កាន់កាប់​ទឹកដី​មកវិញ។

តែ​បែប​នេះ​ក្ដី អ្នកវិភាគ​និយម​រុស្ស៊ី​និយាយ​ថា រុស្ស៊ី​បន់​ឲ្យ​តែ​រដូវរងា​ឆាប់​មក​ដល់ គឺ​កងទ័ព​រុស្ស៊ី​ពិត​ជា​មាន​ប្រៀប ហើយ​អាច​ឈ្នះ​សង្គ្រាម​លើ​ទ័ព​អ៊ុយក្រែន។

បើ​រុស្ស៊ី​មាន​ប្រៀប​ជាង​អ៊ុយក្រែន ក្នុង​សង្គ្រាម​រដូវរងា តើ​មាន​កត្តា​អ្វី​ខ្លះ?

អ្នកវិភាគ​ដែល​និយម​រុស្ស៊ី យល់​ថា សង្គ្រាម​សព្វថ្ងៃ​កំពុង​ផ្ទុះឡើង​នៅ​លើ​ទឹកដី​អ៊ុយក្រែន គឺ​មាន​តែ​ប្រជាជន​អ៊ុយក្រែន​ទេ​ដែល​រង​ការ​ឈឺចាប់​ខ្លាំង​ជាង​ប្រជាជន​នៃ​ប្រទេស​ផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន ហើយ​មាន​តែ​ប្រជាជន និង​កងទ័ព​អ៊ុយក្រែន​ទេ​ដែល​ហ៊ាន​លះបង់​អាយុជីវិត​ដើម្បី​ជាតិ​សាសន៍​ខ្លួនឯង។

ក្រុម​អ្នកវិភាគ​ទាំងនោះ​និយាយ​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្ដល់​ជំនួយ​ទៅ​ឲ្យ​អ៊ុយក្រែន​ជិត​អស់​ខ្យល់​ដក​ដង្ហើម​ហើយ ពីព្រោះ​ផ្ទៃក្នុង​នៃ​ប្រទេស​របស់​ពួកគេ​កំពុងតែ​ផ្ទុះ​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ ដែល​នាំ​ឲ្យ​ប្រទេស​ទាំងនោះ​បាត់បង់​មេដឹកនាំ​ដែល​ក្លាហាន​ហ៊ាន​ប្រឈម​នឹង​របប​ក្រុង​មូស្គូ ជាពិសេស​គឺ​លោក ពូទីន។ ពួក​និយាយ​ថា ជាក់ស្ដែង​លោក បូរីស ចនសុន ដែល​ទើប​ធ្លាក់​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេស ដែល​បុរស​នេះ​បាន​ទៅ​ជួប​លោក​ប្រធានាធិបតី​អ៊ុយក្រែន រហូត​ដល់​ទៅ ៣​ដង​ឯណោះ​នៅ​ទីក្រុង​គៀវ។

ក្រុម​អ្នកវិភាគ​ទាំងនោះ​និយាយ​ថា ការ​គាំទ្រ និង​ការ​លះបង់​របស់​ប្រជាជន​អ៊ុយក្រែន ជា​ការពិត បើ​គ្មាន​ការ​គាំទ្រ​ពី​ក្រុម​បស្ចិម​ប្រទេស​ទេ ម្ល៉េះ​ជ័យជម្នះ​ក្នុង​ប្រតិបត្តិការ​វាយបក​របស់​ទីក្រុង​គៀវ កាលពី​ពេល​ថ្មីៗ​នេះ​នឹង​មិន​អាច​មាន​តុល្យភាព​ជាមួយ​នឹង​រុស្ស៊ី​ឡើយ។

ក្រុម​អ្នកវិភាគ​ទាំងនោះ​ក៏​បាន​លើកឡើង​ទៀត​ថា រដ្ឋាភិបាល​លោក​ខាងលិច​ដែល​បញ្ជូន​ប្រព័ន្ធ​អាវុធ​ការពារ​ដែនអាកាស​មក​ឱ្យ​អ៊ុយក្រែន ដើម្បី​ការពារ​ជនស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​សំខាន់ៗ​ពី​ការ​វាយប្រហារ​ដោយ​មីស៊ីល​រុស្ស៊ី គឺជា​ការ​ទប់ទល់​នឹង​ចំណុចខ្លាំង​របស់​រុស្ស៊ី។ ដូចនេះ​ការ​គាំទ្រ​របស់​លោក​ខាងលិច​ចំពោះ​អ៊ុយក្រែន គឺជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន។ ប៉ុន្តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​លោក​ខាងលិច​ផ្សេង​ទៀត រួម​ទាំង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ដែល​បាន​ដាក់​ទៅ​លើ​រុស្ស៊ី ក៏​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ​ដែរ ដោយ​រុញ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​តែម្ដង​កំពុង​ប្រឈមមុខ​នឹង​អតិផរណា និង​ការ​ផ្ទុះ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​វិបត្តិ​ថាមពល និង​ឧស្ម័ន។

បើ​តាម​អ្នកវិភាគ​និយម​រុស្ស៊ី​ទាំងនោះ​យល់​ថា រដូវរងា​ធ្លាក់​ព្រិល​ទឹកកក​នៅ​ពេល​ខាងមុខ​នេះ អាច​នឹង​ផ្លាស់ប្ដូរ​លក្ខខណ្ឌ​សង្គ្រាម​នៅ​លើ​សមរភូមិ​សង្គ្រាម​នៅ​អ៊ុយក្រែន ព្រោះ​តែ​អាកាសធាតុ​ត្រជាក់​ខ្លាំង ប្រាកដ​ណាស់​នឹង​រុញ​ប្រទេស​នៅ​អឺរ៉ុប​ដែល​ពឹង​ផ្អែក​លើ​ឧស្ម័ន​រុស្ស៊ី ពួកគេ​នឹង​ជួប​ផលវិបាក គឺ​អាច​បន្ថយ​ការ​ផ្ដល់​សព្វាវុធ និង​ជំនួយ​ផ្សេងៗ​ទៅ​ឱ្យ​អ៊ុយក្រែន ហើយ​ប្រសិនបើ​អតិផរណា និង​វិបត្តិ​ថាមពល​កាន់តែ​មាន​សភាព​អាក្រក់ ថា​តើ​សហរដ្ឋ​អាមេរិក និង​ក្រុម​អឺរ៉ុប អាច​នឹង​បន្ត​រក្សា​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​អ៊ុយក្រែន​បាន​រឹងមាំ​ទៀត​ដែរ​ឬ​ទេ?

ពួកគេ​និយាយ​ថា មក​ដល់​ពេលនេះ សហរដ្ឋ​អាមេរិក​បញ្ជូន​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ជាង ១៧​ពាន់​លាន​ដុល្លារ​ហើយ​ទៅ​ឱ្យ​អ៊ុយក្រែន ខណៈ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​កំពុងតែ​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជូន​អាវុធ​ទំនើបៗ​ឱ្យ​អ៊ុយក្រែន។

ពួកគេ​ថា នៅ​ពេល​ចូល​ដល់​រដូវរងា គឺ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​ថាមពល​ធ្ងន់ធ្ងរ ហើយ​អាច​នឹង​ផ្អាក​ការ​ផ្ដល់​ជំនួយ​ទៅ​ឲ្យ​អ៊ុយក្រែន។ ដូចនេះ រុស្ស៊ី​ពិត​ណាស់​មាន​ប្រៀប​ក្នុង​សង្គ្រាម​នៅ​រដូវ​ត្រជាក់​ជាង ៣​ខែ ហើយ​រុស្ស៊ី​អាច​ឈ្នះ​សង្គ្រាម​លើ​ប្រទេស​អ៊ុយក្រែន​ទៀត​ផង ព្រោះ​អ៊ុយក្រែន អាច​នឹង​អស់​គ្រាប់រំសេវ​ដើម្បី​ធ្វើ​សង្គ្រាម។

តើ​ការ​វិភាគ​របស់​ក្រុម​អ្នកវិភាគ​និយម​អាមេរិក​មាន​ទស្សនៈ​ដូចម្ដេច?

ចំពោះ​ក្រុម​អ្នកវិភាគ​និយម​អាមេរិក​វិញ ពួកគេ​ថា បើ​គិត​ពី​ស្ថានភាព​ជាក់ស្ដែង សម្រាប់​សហរដ្ឋ​អាមេរិក​ទើប​តែ​ចំណាយ​ប្រាក់​ជំនួយ​យោធា និង​ជំនួយ​ស៊ីវិល​ជាង ១៧​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ការពិត សភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​កញ្ចប់​ជំនួយ​ទៅ​ឲ្យ​អ៊ុយក្រែន ចំនួន ៤០​ពាន់​លាន​ដុល្លារ​ឯណោះ។ មាន​ន័យ​ថា ថវិកា​ជំនួយ​របស់​អាមេរិក​នៅ​សល់ ២៣​ពាន់​លាន​ដុល្លារ​ទៀត។

យោង​តាម​សាច់ប្រាក់​ជំនួយ​នៅ​សល់​នេះ គឺ​អាច​ប្រើ​ពេល​ដល់​ទៅ ៦​ខែ​ទៀត​ទើប​អាច​រំកិល​ដល់ ៤០​ពាន់​លាន​ដុល្លារ។ ដូចនេះ សម្រាប់​អាមេរិក​តែ​មួយ​អាច​នឹង​ជួយ​អ៊ុយក្រែន​បាន​ច្រើន​ខែ​បន្ត​ទៀត។

ប្រទេស​អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ ស៊ុយអែត ហ្វាំងឡង់ ប៊ុលហ្គារី រូម៉ានី ក៏​ជា​ប្រទេស​ដែល​តាំង​ចិត្ត​ខ្ពស់​បំផុត​ក្នុង​ការ​ការពារ​អ៊ុយក្រែន។ ចុងក្រោយ​នេះ ប្រព័ន្ធ​មីស៊ីល​បាញ់​យន្តហោះ​ដែល​ជា​អាវុធ​របស់​អាល្លឺម៉ង់ បាន​ទៅ​ដល់​អ៊ុយក្រែន​ហើយ។ ចំណែក​ប្រព័ន្ធ​មីស៊ីល​បាញ់​យន្តហោះ​ដែល​ជា​ជំនួយ​យោធា​របស់​អាមេរិក​ឈ្មោះ​ថា Nasam នឹង​ទៅ​ដល់​អ៊ុយក្រែន ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ គឺ​នៅ​មុន​រដូវរងា​ចូល​មក​ដល់។

ចំពោះ​អង់គ្លេស ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី Liz Truss បាន​សច្ចា​ថា​នឹង​បន្ថែម​អាវុធ​ធុន​ធ្ងន់​ថែម​ទៀត​ទៅ​ឲ្យ​អ៊ុយក្រែន គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។ កាលពី​ថ្មីៗ​នេះ ប្រព័ន្ធ​មីស៊ីល HIMARS ដែល​ជួយ​កងទ័ព​អ៊ុយក្រែន វាយ​រុញ​ទ័ព​រុស្ស៊ី​ឲ្យ​បាក់​ទ័ព​នោះ ត្រូវ​បាន​អាមេរិក​បញ្ជូន ៤​គ្រឿង​ថែម​ទៀត​ដែល​នាំ​ឲ្យ​អ៊ុយក្រែន មាន​អាវុធ​ប្រភេទ​នេះ​ដល់​ទៅ ២០​គ្រឿង​ហើយ។

សហរដ្ឋ​អាមេរិក​សន្យា​ថា​នឹង​បន្ថែម​អាវុធ​ដែល​កងទ័ព​រុស្ស៊ី​ខ្លបខ្លាច​នេះ ១៤​គ្រឿង​ថែម​ទៀត។ បច្ចុប្បន្ន អ៊ុយក្រែន​មាន​អាវុធ​ធុន​ធ្ងន់​ច្រើន​ប្រភេទ​មាន​ទាំង​កាំភ្លើង​ធំ ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម រថក្រោះ រថពាសដែក គឺ​អាច​ទប់ទល់​នឹង​ការ​វាយលុក​ពី​រុស្ស៊ី​បាន​ទៅ​ហើយ។

ចំណែក​ឯ​រុស្ស៊ី​វិញ បាត់បង់​អាវុធ​ធុន​ធ្ងន់​មាន​ទាំង​រថក្រោះ រថពាសដែក ប្រព័ន្ធ​កាំភ្លើង​ធំ ប្រព័ន្ធ​មីស៊ីល យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ជិត ១៣៤០០​គ្រឿង។ នេះ​បើ​តាម​ប្រភព​ចារកម្ម​របស់​អ៊ុយក្រែន។

អ្នកជំនាញ​យោធា​របស់​បស្ចិម​ប្រទេស​មើល​ឃើញ​ថា រុស្ស៊ី​ទំនង​មិន​អាច​ឈ្នះ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​បាន​ទេ បើ​ទ័ព​ថ្មើរជើង​របស់​រុស្ស៊ី​នៅ​ពេលនេះ​បាន​ចុះ​ទន់ខ្សោយ​ទៅ​ហើយ​នោះ។ ដូចនេះ រដូវរងា​ជាង ៣​ខែ​នេះ បើ​រុស្ស៊ី​មិន​អាច​វាយ​យក​ទឹកដី​អ៊ុយក្រែន ជាពិសេស​បើ​មិន​វាយ​ចូល​កាន់កាប់​ទីក្រុង​គៀវ បាន​ទេ គឺ​ប្រទេស​មហាអំណាច​យោធា​ទី​ពីរ​ពិភពលោក​នេះ គ្មាន​សង្ឃឹម​នឹង​ឈ្នះ​សង្គ្រាម​លើ​កងទ័ព​អ៊ុយក្រែន​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស