31 C
Phnom Penh

បទវិភាគ៖ តើ​ពលរដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​បែប​ណា​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ជាតិ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ច្បាស់​អំពី​សិទ្ធិ​សេរីភាព សមភាព និង​កាតព្វកិច្ច​របស់​ពលរដ្ឋ​ខ្មែរ។ កាតព្វកិច្ច​របស់​ពលរដ្ឋ មិនមែន​រង់ចាំ​ធ្វើ​តាម​បញ្ជា​រដ្ឋអំណាច​គ្រប់​ពេល​នោះ​ទេ។

ពលរដ្ឋ​ដែល​មាន​សិទ្ធិ​សេរីភាព ក៏​មិន​ត្រូវ​បំពេញ​កាតព្វកិច្ច​ដែល​រដ្ឋអំណាច​បង្គាប់​ឲ្យ​ធ្វើ​ទាំង​ខុស​ច្បាប់​នោះ​ទេ។ ម្យ៉ាង​ទៀត ពលរដ្ឋ​មាន​កាតព្វកិច្ច​ទាមទារ​ឲ្យ​រដ្ឋអំណាច​បម្រើ​ប្រយោជន៍​រួម​គ្រប់​ពេល គ្រា​ណា​រដ្ឋអំណាច​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បម្រើ​ពលរដ្ឋ​នោះ។

តទៅ​នេះ​ជា​អត្ថបទ​របស់​បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីត​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង ហ្គាម ចេញ​ផ្សាយ​សម្រាប់​ខែ​តុលា ឆ្នាំ​២០២២ ដែល​ពណ៌នា​ថា មនុស្ស​ចង់​បាន​អ្វី មនុស្ស​ជា​អ្នក​គិត អ្នក​ធ្វើ​ទាំងអស់។

អាយុជីវិត​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ស្ថិត​នៅ​លើ​លទ្ធផល​នៃ​ការ​តតាំង​រវាង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ដែល​ស្រេកឃ្លាន​សេរីភាព យុត្តិធម៌ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស និង​ជន​អត្តាធិបតី​ដែល​បាន​ពត់​បត់បែន​ចិត្ត គំនិត ឥរិយាបថ និង​របៀប​របប​ពលរដ្ឋ​ខ្មែរ​ឲ្យ​រស់នៅ​ក្នុង​ទ្រុង​ទាសភាព។

ខ្មែរ​ប្រជាធិបតេយ្យ​ខំ​ប្រយុទ្ធ​បង្កើត​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​ប្រណាំងប្រជែង និង​បង្ហាញ​គុណវុឌ្ឍិ​បុគ្គល​នៅ​ក្នុង​ការ​កសាង​មាតុភូមិ ខណៈ​ជន​អត្តាធិបតី​ខំ​ប្រឹង​ថែរក្សា​មុខនាទី​ទុក​ឲ្យ​តែ​បុគ្គល​ណា​ដែល​រក្សា​ភាព​ស្មោះត្រង់​ជាមួយ​បក្សពួក​ខ្លួន។ នេះ​ជា​ការ​តតាំង​ដ៏​លំបាក​សម្រាប់​ខ្មែរ​ប្រជាធិបតេយ្យ ពីព្រោះ​ជន​ផ្ដាច់ការ​នៅ​កាន់​ក្តោប​រដ្ឋអំណាច​ទាំងអស់។ គេ​ធ្វើ​ច្បាប់​ផ្ដន្ទាទោស​មនុស្ស​ដែល​មាន​គំនិត​ទូលំទូលាយ។ គេ​បញ្ជូន​ប៉ូលិស​ទៅ​ចាប់ចង​អ្នក​ដែល​គេ​ចោទប្រកាន់។ គេ​ឲ្យ​ចៅក្រម​កាត់ទោស​ដាក់​គុក​រាប់​សិប​ឆ្នាំ ដោយ​ឥត​ខ្វល់​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រជាជាតិ​ខ្មែរ។

ក៏ប៉ុន្តែ សកម្មជន​ខ្មែរ​ប្រជាធិបតេយ្យ​មិន​ត្រូវ​អស់​សង្ឃឹម​ឡើយ។ ខ្ញុំ​បាន​សរសេរ​ជា​ញឹកញាប់​ថា ការ​វាយប្រហារ​ដោយ​និរន្តរភាព​ដោយ​ប្រើ​គំនិត​ត្រិះរិះ​ពិចារណា​ដែល​ឈរ​លើ​ភាព​វិវេចនា ឬ​ការ​ប្រដេញ​គំនិត និង​ភាព​ច្នៃប្រឌិត អាច​វាយ​ទម្លុះ​បញ្ហា​តូច​ធំ​បាន។ គ្មាន​បញ្ហា​ណា​ដែល​យើង​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ។ ជាង ២៥០០​ឆ្នាំ​ហើយ​ដែល​ព្រះពុទ្ធ​ប្រដៅ​មនុស្ស​ជាតិ​ថា “គ្មាន​នរណា​ម្នាក់​អាច​នឹង​ជួយ​សង្គ្រោះ​ខ្លួន​យើង​បាន ក្រៅពី​ខ្លួន​យើង​ជួយ​ខ្លួន​យើង​ឡើយ”។ ពុទ្ធ​លទ្ធិ​បង្រៀន​មនុស្ស​ជាតិ​ថា គឺ​មនុស្ស​លោក​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​អ្វីៗ​ដែល​ខ្លួន​បាន ឬ​មិន​បាន​ធ្វើ។

ព្រះពុទ្ធ​លោក​ពោល​ថា លោក​មិន​មើល​ឃើញ​នូវ​អ្វី​ដែល​មនុស្ស​បាន​ធ្វើ​រួច​មក​ហើយ​ទេ តែ​លោក​មើល​ឃើញ​តែ​អ្វី​ដែល​នៅ​មាន​ដែល​មនុស្ស​ត្រូវ​តែ​ធ្វើ។ លោក​ថា គឺ​អ្វី​ដែល​មនុស្ស​ត្រូវ​តែ​ធ្វើ តែ​មិន​បាន​ធ្វើ​នោះ​ហើយ​ដែល​ជា​វាសនា​មួយ​ធ្លាក់​ទៅ​លើ​ពួកគេ ព្រោះ​មិន​បាន​ធ្វើ​សកម្មភាព​បង្កើត​ផល​ដែល​ពួកគេ​ចង់​បាន។

ខ្ញុំ​សូម​ដកស្រង់​សម្ដី​របស់​រដ្ឋបុរស​ជាតិ​អៀរឡង់ ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះ អេឌម៉ុនដ៍ ប៊ឿរ៍គ (Edmund Burke) កើត​នៅ​ឆ្នាំ​១៧២៩ និង​ស្លាប់​នៅ​ឆ្នាំ​១៧៩៧ ដែល​ខ្ញុំ​បាន​លើក​មក​សរសេរ​ជា​រឿយៗ ហើយ​ដែល​គេ​បាន​យក​មក​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភពលោក​រហូត​ដល់​បច្ចុប្បន្ន។ លោក​និយាយ​ថា៖ “រឿង​តែ​មួយ​គត់​ដែល​ចាំបាច់​សម្រាប់​ឲ្យ​អំពើ​អាក្រក់​មាន​ជ័យជម្នះ គឺ​មនុស្ស​ល្អ​នៅ​ស្ងាត់ស្ងៀម​មិន​ធ្វើ​អ្វី​សោះ”

មាន​សំណួរ​មួយ​ដែល​មនុស្ស​ជាច្រើន​បាន​លើកឡើង​ថា តើ​ណែនាំ​ពលរដ្ឋ​ធ្វើ​សកម្មភាព​យ៉ាង​ណា​នៅ​ចំពោះ​មុខ​ជន​អត្តាធិបតី​ដែល​កាន់​ក្តោប​អំណាច​ទាំងអស់ និង​ប្រើ​អំពើ​ឃោរឃៅ​ឥត​ត្រាប្រណី​នោះ?

បើ​យក​ក្របខ័ណ្ឌ​ពុទ្ធ​លទ្ធិ “គិត + កម្ម = ផល” មក​ប្រតិបត្តិ គឺ​យើង​ត្រូវ​គិតគូរ​ហ្មត់ចត់​អំពី​អ្វី​ដែល​យើង​ចង់​បាន ស្រប​នឹង​ពុទ្ធោវាទ​ថា ពិភព​ដែល​យើង​រស់នៅ​ជា​ពិភព​កើតឡើង​ដោយសារ​ការ​គិត​របស់​យើង។ យើង​គិត​ឃើញ​ដូចម្តេច យើង​ធ្វើ​សកម្មភាព អនុវត្ត​គំនិត​ទៅ​តាម​នោះ។ លទ្ធផល​នឹង​ចេញ​មក​តាម​ជម្រៅ​គំនិត និង​តាម​កម្លាំង​សកម្មភាព​យើង។ គ្មាន​នរណា​ដឹង​ជាង​ខ្លួន​យើង ថា​តើ​យើង​ចង់​បាន​អ្វី​នោះ​ឡើយ​នៅ​ក្នុង​ជីវិត​យើង។

ចាស់​ទុំ​ខ្មែរ​ដែល​ប្រដៅ​កូនចៅ​ថា “បើ​នៅ​ទំនេរ​ឲ្យ​បោច​ស្មៅ​ព្រៅ” ក៏​បាន​ទុក​ជា​ភាសិត​មួយ​ឲ្យ​កូនចៅ​ដែរ​ថា “យក​ឈើ​វៀច​មក​ធ្វើ​កង់ យក​ឈើ​ត្រង់​មក​ធ្វើ​កាំ យក​ឈើ​សាំញ៉ាំ​មក​ធ្វើ​ឱ​ឧស​ដុត” (ដើម្បី​ដាំ​ម្ហូប ឬ​កំដៅ​ខ្លួន​នៅ​រដូវ​ត្រជាក់) ពោល​គឺ​គ្មាន​វត្ថុ​អ្វី ឬ​បុគ្គល​ណា​ដែល​គ្មាន​ប្រយោជន៍​ទេ។ កាល​ខ្ញុំ​នៅ​ក្នុង​ព្រៃ​ក្នុង​ជួរ​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ខ្ញុំ​បិទ​ប្លាក​ពាក្យ​ទូន្មាន​មួយ​នៅ​លើ​ទ្វារ​ផ្ទះ​ខ្ទម​ខ្ញុំ ដែល​ចែង​ថា “ដឹកនាំ ឬ​ដើរ​តាម ឬ​ចៀស​ចេញពី​ផ្លូវ​ទុក​ឲ្យ​គេ​ដើរ”។ ខ្ញុំ​យក​ពាក្យ​ទូន្មាន​នេះ​ទៅ​បង្រៀន​ក្របខ័ណ្ឌ​យុទ្ធជន​ខ្មែរ​តស៊ូ ដោយ​រំឭក​អំពី​ចាស់​ទុំ​ខ្មែរ​ដែល​ប្រដៅ​កូនចៅ​ថា “បើ​មិន​ជួយ​ចូក​ជួយ​ចែវ កុំ​យក​ជើង​រា​ទឹក”

អាស្រ័យ​ដូច្នេះ បើ​ខ្មែរ​ប្រជាធិបតេយ្យ​ម្នាក់ៗ​ដែល​ស្អប់​របប​អត្តាធិបតេយ្យ​លាត់​ដៃ​អាវ​ធ្វើ​សកម្មភាព​អ្វី​មួយ​ដែល​ម្នាក់ៗ​និយម ទោះបី​ដោយ​ឯកឯង ឬ​ដោយ​មាន​មិត្តភក្ដិ​មួយ​ដំបស្វា​ជួយ​ជ្រោមជ្រែង បង្កើត​ឲ្យ​មាន​ជា​រលក​ថាមពល​មួយ ខណៈ​ខ្មែរ​ប្រជាធិបតេយ្យ​ម្នាក់​ទៀត និង​មិត្តភក្ដិ​គេ​ធ្វើ​សកម្មភាព​មួយ​ទៀត​បង្កើត​ជា​រលក​ថាមពល​មួយ​ទៀត។ បើ​បង្កើត​ឲ្យ​មាន​រលក​ថាមពល​ចំនួន​រាប់​ពាន់​រាប់​ម៉ឺន​ធ្លាយ​ចេញ​ជា​ចរន្ត​ថាមពល​ដែល​ហូរ​ចេញពី​គ្រប់​ទិស គ្រប់​ជ្រុងជ្រោយ​រត់​ត្របាញ់​ចូល​គ្នា ចរន្ត​រលក​ថាមពល​ទាំង​ពាន់​ម៉ឺន​នោះ​នឹង​បង្កើត​ជា​ចរន្ត​រលក​ស៊ូណាម៊ិ​យក្ស​មួយ។ បើ​ចរន្ត​ស៊ូណាម៊ិ​យក្ស​វាយ​ប្រហារ​ជន​អត្តាធិបតី​ដោយ​និរន្តរភាព ខ្ញុំ​ហ៊ាន​អះអាង​ថា គ្មាន​ព្រៃឈើ​របប​អត្តាធិបតេយ្យ​ឯណា​អាច​ទប់ទល់​នឹង​ចរន្ត​នេះ​បាន​ឡើយ។

ខ្ញុំ​ជា​បញ្ញវន្ត និង​ជា​ពលរដ្ឋ​ខ្មែរ​មាន​កំណើត​នៅ​ភូមិ​ឫស្សីកែវ។ ខ្ញុំ​បាន​ក្រេប​ជញ្ជក់​វប្បធម៌​ខ្មែរ និង​ទទួល​ការ​អប់រំ​សិក្សា​ចាប់ពី​ថ្នាក់​កុមារដ្ឋាន​រហូត​ដល់​ខ្ញុំ​បាន​ចូល​រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ហើយ​បាន​ទទួល​អាហារូបករណ៍​មួយ​ទៅ​បញ្ចប់​ការ​សិក្សា​វិទ្យាល័យ​នៅ​ប្រទេស​សហរដ្ឋ​អាមេរិក។ បន្ទាប់​មក​ទៀត ខ្ញុំ​បាន​បន្ត​ការ​សិក្សា​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ផ្សេងៗ​រហូត​ដល់​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត (Ph.D.) នៅ​សាកលវិទ្យាល័យ ម៉ីហ្ស៊ីហ្គិន (Michigan) នៅ​ទីក្រុង Ann Arbor។

នៅ​សាកលវិទ្យាល័យ ខ្ញុំ​បាន​ច្នៃប្រឌិត ហើយ​ប្រើ​ក្របខ័ណ្ឌ “ពិពណ៌នា – វិភាគ – ព្យាករណ៍” — ពោល​គឺ​ពិពណ៌នា​ដោយ​ឥត​លម្អៀង​នូវ​អ្វី​ដែល​ខ្ញុំ​សិក្សា ស្វែងរក​មូលហេតុ និង​ផល​ប៉ះពាល់ ហើយ​ព្យាករ​អំពី​អ្វី​ដែល​អាច​កើតមាន​ឡើង​នៅ​អនាគត។ ខ្ញុំ​ផ្ដោត​ការ​សិក្សា​តែ​ទៅ​លើ​កត្តា​ដែល​ចាំបាច់ កត្តា​ដែល​ពាក់ព័ន្ធ និង​កត្តា​ដែល​មិន​អាច​ខ្វះ​បាន ហើយ​ខ្ញុំ​ប្រើ​ការ​ត្រិះរិះ​ពិចារណា​ដែល​ឈរ​លើ​ភាព​វិវេចនា និង​ភាព​ច្នៃប្រឌិត។

នៅ​ក្នុង​កម្មវិធី​សិក្សា ខ្ញុំ​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​អំពី​នយោបាយ​ការបរទេស​បត់បែន​នៃ​ប្រទេស​កម្ពុជា ដើម្បី​សរសេរ​និក្ខេបបទ​បណ្ឌិត។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​អនាគត​ប្រទេស​កម្ពុជា។ ព័ត៌មាន​ស្ដីពី​សភា​ជាតិ​ដកហូត​មុខតំណែង​សម្តេច នរោត្តម សីហនុ ជា​ប្រមុខ​រដ្ឋ​នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ទេ តែ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​ខ្ញុំ​ទ្វេ​ឡើង អំពី​អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អស្ថិរភាព​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយសារ​សង្គ្រាម​រវាង​យួន​ខាងជើង និង​យួន​ខាងត្បូង​ដែល​មាន​មហាអំណាច​កុម្មុយនីស្ត និង​ប្រទេស​សហរដ្ឋ​អាមេរិក​គាំទ្រ។

នៅ​ក្នុង​ឆ្នាំ​១៩៧០ សាកលវិទ្យាល័យ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ដក​ខ្លួន​មួយ​ឆមាស ដើម្បី​ទៅ​មើល​សភាពការណ៍​ពិត​នៅ​លើ​ទឹកដី​ខ្មែរ។ អំឡុង​ពេល​ទស្សនកិច្ច​សិក្សា​ស្រាវជ្រាវ​នោះ ខ្ញុំ​បាន​ជួប​ពិភាក្សា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​និស្សិត​ខ្មែរ បញ្ញវន្ត​ខ្មែរ ទាហាន​ខ្មែរ ហើយ​មេបញ្ជាការ​កងទ័ព​ជាតិ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ទៅ​សង្កេត​នៅ​សមរភូមិ ដូចជា​សមរភូមិ​តាំងគោក ព្រែកតាមាក់ ព្រៃព្រះប្រសប់។ល។ ដែល​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំង។ នៅ​លើ​សមរភូមិ​ខ្លះ មេបញ្ជាការ​កងទ័ព​សម្រួល​ឲ្យ​ខ្ញុំ​បាន​ទៅ​ឃើញ​ខ្មោច​ទាហាន​យួន​បន្ទាប់ពី​ការ​ប្រយុទ្ធ​គ្នា។

អតីត​ក្របខ័ណ្ឌ​ជាន់ខ្ពស់​ម្នាក់​នៃ “ចលនា​ឥស្សរៈ​រួម​ខ្មែរ​បម្រើ​ជាតិ” នៅ​ភ្នំ​ដងរ៉ែក គឺ​លោក អ៊ុម ស៊ីម សមាជិក​រដ្ឋាភិបាល លោក លន់ នល់ បាន​រៀបចំ​ជួយ​ខ្ញុំ​ឲ្យ​បាន​ជួប​ពិភាក្សា​ជាមួយ​ឈ្លើយ​សង្គ្រាម​យួន​កុម្មុយនីស្ត​ដែល​កងទ័ព​ជាតិ​ចាប់​បាន។

ខ្ញុំ​ចូល​ក្រុង​ភ្នំពេញ​ដើម្បី​ស្វែងរក​ចម្លើយ​សរសេរ​និក្ខេបបទ​បណ្ឌិត។ ខ្ញុំ​ត្រឡប់​មក​ដល់​សហរដ្ឋ​អាមេរិក​វិញ ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អ្នក​ប្រឆាំង​យ៉ាង​សកម្ម​ដល់​កងទ័ព​យួន​កុម្មុយនីស្ត​ដែល​បាន​តាំង​មូលដ្ឋាន​សឹក​នៅ​លើ​ដី​ខ្មែរ​មាន​ផ្ទៃដី​ប្រមាណ​ជា ៣៥០០​គីឡូម៉ែត្រ​ក្រឡា​ពី​ខេត្ត​រតនគិរី ទៅ​ខេត្ត​មណ្ឌលគិរី ក្រចេះ កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពត រហូត​ដល់​ឈូង​សមុទ្រ។ សម្រាប់​ខ្ញុំ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​មិន​អាច​យក​អ្វី​មក​ធ្វើ​ជា​ការ​សម្របសម្រួល​បាន​ឡើយ។

ជា​អកុសល ប្រទេស​កម្ពុជា​នៅ​ក្រោម​របប​គ្រប់គ្រង​លោក លន់ នល់ ដែល​កើតឡើង​នៅ​ក្នុង​សង្គ្រាម និង​ដែល​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​បរទេស​អាមេរិកាំង​មិន​អាច​បណ្ដុះ​គ្រាប់ពូជ​លទ្ធិប្រជាធិបតេយ្យ​ដែល​ខ្មែរ​ស្នេហា​ជាតិ​ចង់​បាន​នោះ​ទេ។ ប្រយោជន៍​ជាតិ​សហរដ្ឋ​អាមេរិក​តម្រូវ​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិកាំង​ដក​ស្ថានទូត​ចេញពី​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​១៩៧៥។ នៅ​ថ្ងៃទី​១៧ មេសា ភាគី​ខ្មែរក្រហម ប៉ុល ពត បាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ ហើយ​បញ្ជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ឲ្យ​ចូល​ធ្វើការ​ហត្ថកម្ម​ទាំង​ខ្វះ​ចំណី ខ្វះ​ថ្នាំពេទ្យ នៅ​ក្នុង​ជំរំ​ការងារ​ខ្មែរក្រហម​បណ្តាល​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជាង ២​លាន​នាក់​ស្លាប់។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ ក៏​មាន​ម្តាយ​ឪពុក និង​បងស្រី​ខ្ញុំ​ម្នាក់​ផង​ដែរ។

នៅ​សហរដ្ឋ​អាមេរិក ខ្ញុំ​ចូលរួម​ជាមួយ​អាណិកជន​ខ្មែរ​នៅ​តំបន់​វ៉ាស៊ីនតោន​ឌីស៊ី បង្កើត​ជា​គណៈកម្មការ និង​បោះពុម្ព​ផ្សាយ​ព្រឹត្តិបត្រ​ប្រឆាំង​នឹង​របប​ប្រល័យ​ពូជសាសន៍​រហូត​ដល់​ពេល​កងទ័ព​យួន​កុម្មុយនីស្ត​ឆ្លៀត​យក​មេបញ្ជាការ​ខ្មែរក្រហម ហ៊ុន សែន ធ្វើ​ជា​លេស​ដើម្បី​ចូល​វាយប្រហារ​កងទ័ព ប៉ុល ពត និង​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៅ​ខែ​មករា ឆ្នាំ​១៩៧៩។

នៅ​ឆ្នាំ​១៩៨០ ខ្ញុំ​បាន​ទៅ​ចូល​បម្រើ “កងទ័ព​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ” នៅ​ជាយដែន​ខ្មែរ-ថៃ រហូត​ដល់​ឆ្នាំ​១៩៨៩ ទើប​ខ្ញុំ​វិល​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ។ រហូត​មក​ដល់​បច្ចុប្បន្ន ខ្ញុំ​នៅ​ចំណាយ​ពេល​ចំណាយ​គំនិត​បណ្ដុះ​លទ្ធិប្រជាធិបតេយ្យ និង​ជួយ​កសាង​ប្រទេស​កម្ពុជា​សេរី យុត្តិធម៌ និង​ថ្លៃថ្នូរ។ វា​ជា​វាសនា​តស៊ូ​ដ៏​វែង​អន្លាយ​មួយ​នៅ​ក្នុង​ជីវិត។ ថ្វីត្បិតតែ​លទ្ធផល​មិន​ទាន់​ចេញ​ជា​រូបរាង​គួរ​ឲ្យ​ពេញចិត្ត​ក៏ដោយ ក៏​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​លើ​ការ​តស៊ូ​នេះ​ដែរ។ ផុត​អំពី​ខ្ញុំ​ទៅ នៅ​មាន​យុទ្ធជន​ផ្សេង​ទៀត​ដែល​នឹង​បន្ត​កសាង​លទ្ធិប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌ និង​ភាព​ថ្លៃថ្នូរ​ជូន​ដល់​ពលរដ្ឋ​ប្រទេស​កម្ពុជា៕

អំពី​អ្នកនិពន្ធ៖

បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីត​យុទ្ធជន “កងទ័ព​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ” ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៩ បាន​បង្រៀន​វិទ្យាសាស្ត្រ​នយោបាយ​ចំនួន ១៣​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​នៅ​កោះ Guam ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០៤ ដែល​ជា​ឆ្នាំ​លោក​បាន​ចូល​និវត្តន៍។

បច្ចុប្បន្ន​នេះ លោក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ លោក​អ្នក​អាន និង​ស្តាប់​អាច​ចូល​មើល​គេហទំព័រ “គំនិត​ខ្មែរ” របស់​លោក​តាម​អាសយដ្ឋាន www.kumnitkhmer.com ហើយ​អាច​ទាក់ទង​នឹង​លោក​បាន​តាមរយៈ​សារ​អេឡិចត្រូនិច [email protected]

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស