33.2 C
Phnom Penh

តុលាការ​បិទ​បញ្ចប់​ការ​សាកសួរ​លើ​អង្គហេតុ​ទាំងអស់​ក្នុង​សំណុំរឿង​លោក កឹម សុខា បន្ទាប់ពី​អូស​បន្លាយ​ជាង​៥​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ បិទ​បញ្ចប់​ការ​សាកសួរ​ដេញដោល​លើ​អង្គហេតុ​ទាំងអស់​ក្នុង​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បន្ទាប់ពី​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ៥​ឆ្នាំ​នៅ​ក្នុង​សវនាការ​លើក​ទី​៦៣ ថ្ងៃ​ពុធ សប្តាហ៍​នេះ។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ថា លោក​មិន​ពេញចិត្ត​ដែល​តុលាការ​ប្រើ​ពេល​យូរ​រហូត​ដល់​ជាង ២​ខែ ដើម្បី​ឱ្យ​មេធាវី​ទាំង​សងខាង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ការពារ​ខ្លួន​ចុងក្រោយ​លើ​សំណុំរឿង​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​លោក កឹម សុខា ជា​កូនក្ដី​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ។

លោក​បន្ត​ថា ទោះបីជា​យ៉ាង​នេះ​ក្តី មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ទាំង ៤​រូប នៅតែ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ចំពោះ​ករណី​នេះ។

លោក ចាន់ ចេន លើកឡើង​ថា សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ស្នើ​ទៅ​តុលាការ​សុំ​ត្រឹម​រយៈពេល ២​សប្តាហ៍​ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​លើ​សំណុំរឿង​នេះ។ ចំណែក​តំណាង​អយ្យការ​ស្នើសុំ​ពេល ៣​ខែ និង​មេធាវី​ខាង​ដើមចោទ​រដ្ឋប្បវេណី​សុំ​ពេល ២​ខែ ប៉ុន្តែ​ចុងក្រោយ តុលាការ​សម្រេច​ទុក​រយៈពេល​ជាង ២​ខែ​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​នៃ​ការ​បិទ​បញ្ចប់​សំណុំរឿង​នេះ ដែល​ធ្វើ​ឱ្យ​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ទាំងអស់​ខកចិត្ត​យ៉ាង​ខ្លាំង។

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​ទុក​ពេលវេលា​យូរ​បែប​នេះ គឺជា​រឿង​ដែល​មិន​សម​ហេតុ​សម​ផល​នោះ​ឡើយ ត្បិត​ការ​ទុក​ពេល​ជាង ២​ខែ​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​កូនក្ដី​របស់​លោក​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ការពារ​ខ្លួន​លើ​សំណុំរឿង​នេះ​ចាប់តាំងពី​សវនាការ​លើកដំបូង​មក​ម្ល៉េះ ប៉ុន្តែ​តុលាការ​បែរ​ជា​ចោទ​ថា​ក្រុម​មេធាវី​របស់​លោក​មាន​ការ​ធ្វេសប្រហែស​ទៅវិញ ទើប​តុលាការ​ទុក​ពេល​ធ្វើ​សេចក្តី​សន្និដ្ឋាន​រហូត​ដល់​ជាង ២​ខែ​បែប​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បិទ​បញ្ចប់​ការ​សាកសួរ​ដេញដោល​លើ​អង្គហេតុ​នានា​ក្នុង​សំណុំរឿង សន្ទិដ្ឋភាព​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ក្នុង​សវនាការ​លើក​ទី​៦៣ នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ប្រមាណ​ជា ២០០​នាក់​ចូល​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​ដោយ​គ្មាន​ដីកា​តុលាការ កាលពី​ថ្ងៃទី​២ រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ ពី​បទ​ក្បត់​ជាតិ តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ តាម​ប្រសាសន៍​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ភ្លាមៗ​តែម្តង។

ក្រោយពី​ឃុំ​ខ្លួន​អស់​រយៈពេល ១​ឆ្នាំ នៅ​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ក៏​ត្រូវ​បាន​ផ្ទេរ​ការ​ឃុំ​ខ្លួន​ពី​ពន្ធនាគារ​ត្រពាំងផ្លុង មក​ឃុំឃាំង​នៅ​គេហដ្ឋាន​របស់​លោក​វិញ ក្រោម​ហេតុផល​សុខភាព​មិន​ប្រក្រតី ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់ គឺ​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន​របស់​លោក ដោយ​ផ្តល់​សេរីភាព​ច្រើន​ជាង​មុន តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ដដែល។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី បាន​សម្រេច​បញ្ជូន​សំណុំរឿង សន្ទិដ្ឋភាព​ជាមួយ​បរទេស​របស់​លោក កឹម សុខា ទៅ​ជំនុំជម្រះ​ផង​ដែរ បន្ទាប់ពី​បាន​បិទ​ការ​ស៊ើបសួរ​នៅ​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដដែល​នោះ។

ចាប់តាំងពី​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​កាលពី​ឆ្នាំ​២០១៧ មក សាលាដំបូង​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំរឿង​របស់​លោក​ចំនួន ២៦​លើក ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០២០ តុលាការ​កម្ពុជា​សម្រេច​ផ្អាក​ដំណើរការ​នេះ​ជា​បណ្ដោះអាសន្ន ក្រោម​ហេតុផល​ជំងឺ​កូវីដ-១៩ ដូច្នេះ​លោក កឹម សុខា ត្រូវ​រង់ចាំ​សវនាការ​របស់​លោក​អស់​រយៈពេល​ប្រមាណ​ជា ២​ឆ្នាំ​រហូត​ដល់​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២២ ទើប​តុលាការ​សម្រេច​ដំណើរការ​សវនាការ​របស់​លោក​សាជាថ្មី​ឡើងវិញ ហើយ​បើ​គិត​ទាំង​មុន​ទាំង​ក្រោយ សវនាការ​នេះ​មាន​ចំនួន ៦៣​លើក​ហើយ មក​ទល់​នឹង​ថ្ងៃ​ពុធ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ តុលា នេះ​ថា លោក​បារម្ភ​ថា​សវនាការ​នេះ​គ្រាន់តែ​ជា​ល្បិច​បន្ធូរ​ស្ថានការណ៍​របស់​លោក ហ៊ុន សែន ដើម្បី​ឆ្លងកាត់​កិច្ចប្រជុំ​អាស៊ាន-អឺរ៉ុប​នៅ​ពេល​ខាងមុខ​នេះ ក្នុង​នាម​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​នោះ ដើម្បី​ទប់ស្កាត់​ការ​លើកឡើង​ណា​មួយ​ដែល​ទាមទារ​ឱ្យ​កម្ពុជា​ដោះស្រាយ​សំណុំរឿង​នេះ​ក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​នោះ ប៉ុន្តែ​បើ​រដ្ឋាភិបាល​កម្ពុជា​មាន​ចេតនា​បញ្ចប់​សំណុំរឿង​នេះ​ប្រាកដ​មែន​នោះ គឺ​ជា​រឿង​ល្អ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង​ផ្ទាល់​តែម្តង។

លោក ម៉ែន ណាត អំពាវនាវ​ឱ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ ដើម្បី​កសាង​កម្ពុជា​ឱ្យ​ចេញ​ឆ្ងាយ​ពី​វិបត្តិ​នយោបាយ​ដែល​ធ្លាប់​កើតមាន​កន្លងមក ក្នុង​នោះ កម្ពុជា​ក៏​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​សហគមន៍​អឺរ៉ុប និង​អាមេរិក​ផង​ដែរ តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ត្រូវ​បាន​គេ​ផ្តាច់​ពី​កម្ពុជា​នា​ពេល​កន្លងមក។

យ៉ាងណាក៏ដោយ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស