29 C
Phnom Penh

គ.ជ.ប ទុក​ពេល​៥០​ថ្ងៃ​ឱ្យ​ពលរដ្ឋ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប អះអាង​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី​៧ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​មាន​រយៈពេល ៥០​ថ្ងៃ​គត់ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២០ ខែ​តុលា នេះ រហូត​ដល់​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខ។

គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់ ត្រូវ​ចែក​ចេញ​ជា ៣​ដំណាក់កាល គឺ​សម្រាប់​រយៈពេល ១៥​ថ្ងៃ​ដំបូង គឺ​ចាប់ពី​ថ្ងៃទី​២០ ខែ​តុលា ដល់​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ប្រភព​ដដែល​អះអាង​ថា ដោយឡែក​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល​មាន​រយៈពេល ២៥​ថ្ងៃ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នឹង​ត្រូវ​ចល័ត​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ និង​សង្កាត់​នីមួយៗ។ ចំណែក​ដំណាក់កាល​ចុងក្រោយ ចាប់ពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​មាន​រយៈពេល ១០​ថ្ងៃ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នឹង​ត្រូវ​បើក​បម្រើការ​នៅ​តាម​សាលា​ឃុំ-សង្កាត់​ដូច​មុន​វិញ។

គ.ជ.ប បញ្ជាក់​ថា ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នឹង​ត្រូវ​ផ្អាក​ដំណើរ​ចំនួន ៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៣ ខែ​វិច្ឆិកា ថ្ងៃទី​១៨ ខែ​វិច្ឆិកា និង​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ ដើម្បី​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត និង​ត្រួតពិនិត្យ​ការ​អនុវត្ត​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ផង​ដែរ។

ជុំវិញ​ការ​បើក​ឱ្យ​ប្រជាពលរដ្ឋ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ទៅ​ផ្លាស់ប្ដូរ​ព័ត៌មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​សាលា​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដោយ​ប្តូរ​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​១៩៥១ ទៅ​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​១៩៥២ វិញ​ផង​ដែរ។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ដែល​បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្តង​ដូច​អាណត្តិ​មុនៗ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បង្ហាញ​របាយការណ៍​ស្ដីពី​ស្ថិតិ​ប្រជាពលរដ្ឋ​សម្រាប់​បម្រើ​ការ​ឱ្យ​ការ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ថា ចំនួន​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​មាន​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​មាន​ចំនួន ៩​លាន ២​សែន ៥​ពាន់ ៦១៨​នាក់។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ តុលា នេះ​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​មួយ​ដែល​គ្មាន​បក្ស​ប្រឆាំង​ដែល​ជា​ទី​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជា​ទី​ទុកចិត្ត​សម្រាប់​អន្តរជាតិ គ្រាន់តែ​ជា​ការ​បោះឆ្នោត​ដែល​ធ្វើឡើង​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ មិនមែន​ជា​ការ​បោះឆ្នោត​ដែល​បង្ហាញ​ពី​ដំណើរការ​ដែល​មាន​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

លោក ហ៊ុន កុសល រិះគន់​ថា ការ​បោះឆ្នោត​គឺជា​ភស្តុតាង​មួយ​យ៉ាង​ច្បាស់​ដែល​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​នោះ ថា​កំពុង​ស្ថិត​ក្នុង​កម្រិត​ណា ដូច្នេះ​បើ​គណបក្ស​មួយ​គ្រប់គ្រង​នូវ​ដំណើរការ​នៃ​ការ​បោះឆ្នោត​គ្រប់​ច្រក​ទៅ​ហើយ​នោះ មាន​ន័យ​ថា ការ​បោះឆ្នោត​នេះ​មិនមែន​ធ្វើឡើង​តាម​ទម្រង់​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​ជា​ការ​បោះឆ្នោត​ដែល​បម្រើ​ឱ្យ​គណបក្ស​ដែល​មាន​អំណាច​ប៉ុណ្ណោះ។

ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មក កម្ពុជា​បាន​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ចំនួន ៦​អាណត្តិ​មក​ហើយ ដោយ​ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក ចំណែក​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក៏​បាន​ធ្វើឡើង​អស់ ៥​អាណត្តិ​មក​ហើយ​ដែរ ដោយ​ចាប់ផ្តើម​ឡើង​កាលពី​ឆ្នាំ​២០០២ កន្លងទៅ​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្តង​ដូច​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស