គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប អះអាងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះមានរយៈពេល ៥០ថ្ងៃគត់ ដោយគិតចាប់ពីថ្ងៃទី២០ ខែតុលា នេះ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។
គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ត្រូវចែកចេញជា ៣ដំណាក់កាល គឺសម្រាប់រយៈពេល ១៥ថ្ងៃដំបូង គឺចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រភពដដែលអះអាងថា ដោយឡែកចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានរយៈពេល ២៥ថ្ងៃ ការិយាល័យចុះឈ្មោះបោះឆ្នោត នឹងត្រូវចល័តនៅតាមភូមិមួយចំនួនក្នុងឃុំ និងសង្កាត់នីមួយៗ។ ចំណែកដំណាក់កាលចុងក្រោយ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល ១០ថ្ងៃ ការិយាល័យចុះឈ្មោះបោះឆ្នោត នឹងត្រូវបើកបម្រើការនៅតាមសាលាឃុំ-សង្កាត់ដូចមុនវិញ។
គ.ជ.ប បញ្ជាក់ថា ការិយាល័យចុះឈ្មោះបោះឆ្នោតនឹងត្រូវផ្អាកដំណើរចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ថ្ងៃទី១៨ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត និងត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតផងដែរ។
ជុំវិញការបើកឱ្យប្រជាពលរដ្ឋពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានទៅផ្លាស់ប្ដូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញផងដែរ។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញអនុក្រឹត្យស្ដីពីការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជាតិអាណត្តិទី៧ ដែលបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទៅតាមអាណត្តិរបស់ខ្លួនដែលមានរយៈពេល ៥ឆ្នាំម្តងដូចអាណត្តិមុនៗ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញរបាយការណ៍ស្ដីពីស្ថិតិប្រជាពលរដ្ឋសម្រាប់បម្រើការឱ្យការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតថា ចំនួនឈ្មោះប្រជាពលរដ្ឋដែលមានក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន ៩លាន ២សែន ៥ពាន់ ៦១៨នាក់។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ តុលា នេះថា ដំណើរការនៃការបោះឆ្នោតមួយដែលគ្មានបក្សប្រឆាំងដែលជាទីទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ និងជាទីទុកចិត្តសម្រាប់អន្តរជាតិ គ្រាន់តែជាការបោះឆ្នោតដែលធ្វើឡើងបង្គ្រប់កិច្ចប៉ុណ្ណោះ មិនមែនជាការបោះឆ្នោតដែលបង្ហាញពីដំណើរការដែលមានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។
លោក ហ៊ុន កុសល រិះគន់ថា ការបោះឆ្នោតគឺជាភស្តុតាងមួយយ៉ាងច្បាស់ដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យនៃប្រទេសនោះ ថាកំពុងស្ថិតក្នុងកម្រិតណា ដូច្នេះបើគណបក្សមួយគ្រប់គ្រងនូវដំណើរការនៃការបោះឆ្នោតគ្រប់ច្រកទៅហើយនោះ មានន័យថា ការបោះឆ្នោតនេះមិនមែនធ្វើឡើងតាមទម្រង់លទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែជាការបោះឆ្នោតដែលបម្រើឱ្យគណបក្សដែលមានអំណាចប៉ុណ្ណោះ។
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មក កម្ពុជាបានរៀបចំឱ្យមានការបោះឆ្នោតជាតិចំនួន ៦អាណត្តិមកហើយ ដោយចាប់តាំងពីឆ្នាំ១៩៩៣ មក ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក៏បានធ្វើឡើងអស់ ៥អាណត្តិមកហើយដែរ ដោយចាប់ផ្តើមឡើងកាលពីឆ្នាំ២០០២ កន្លងទៅដែលមានរយៈពេល ៥ឆ្នាំម្តងដូចគ្នា៕