30.4 C
Phnom Penh

លោក ហ៊ុន សែន និង​កូនប្រុស​ប្រកាស​រង់ចាំ​បន្ត​ធ្វើការ​ជាមួយ​ប្រធានាធិបតី​បក្ស​កុម្មុយនីស្ត​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​កូនប្រុស គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី ប្រកាស​ថា ពួក​លោក​បាន​ទន្ទឹង​រង់ចាំ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​ពី​បក្ស​កុម្មុយនីស្ត​ចិន លោក ស៊ី ជីនពីង ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​មិត្តភាព​ជា​ប្រពៃណី​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​ចិន ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ។

មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​ប្រើ​អំណាច​តាម​របៀប​កុម្មុយនីស្ត លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២២ នេះ បាន​ផ្ញើ​លិខិត​អបអរ​សាទរ​លោក ស៊ី ជីនពីង ដែល​បាន​ជាប់​ឆ្នោត​ជា​អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​ចិន​សាជាថ្មី​នៅ​ក្នុង​សមាជ​ជាតិ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន លើក​ទី​២០ កាលពី​ចុង​សប្តាហ៍​កន្លងទៅ។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​មាន​ភាព​ល្អូកល្អើន​ជាមួយ​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន លោក ហ៊ុន សែន អះអាង​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន គឺ​មាន​ភាព​ល្អ​ប្រសើរ ដែល​រីកចម្រើន​ជា​លំដាប់ និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ជិតស្និទ្ធ​គ្រប់​ជ្រុងជ្រោយ ដោយសារ​មិត្តភាព​ជា​ប្រពៃណី និង​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​របស់​គណបក្ស​ដែល​កំពុង​ដឹកនាំ​ប្រទេស​ទាំង​ពីរ។

មេដឹកនាំ​កម្ពុជា​ដែល​កំពុង​ជំពាក់​បំណុល​ចិន​វ័ណ្ឌក លោក ហ៊ុន សែន បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​កុម្មុយនីស្ត​ចិន (CPC ឬ CCP) បាន​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រឹងមាំ​ដូច​ដែកថែប ដែល​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា-ចិន រីកចម្រើន​ឥត​ឈប់ឈរ​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

កាលពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២២ គណបក្ស​កុម្មុយនីស្ត​ចិន​បាន​បិទ​បញ្ចប់​សមាជ​បក្ស​លើក​ទី​២០ របស់​ខ្លួន ដោយ​តែងតាំង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ជា​អគ្គលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិម​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន សម្រាប់​អាណត្តិ​ទី​៣ រយៈពេល ៥​ឆ្នាំ​បន្ត​ទៀត។

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​ជា​កូនប្រុស​បង្កើត​លោក ហ៊ុន សែន បាន​ចេញ​លិខិត​អបអរ​សាទរ​ប្រធានាធិបតី​បក្ស​កុម្មុយនីស្ត​ចិន លោក ស៊ី ជីនពីង ដែល​បាន​ជាប់​ឆ្នោត​បន្ត​ក្នុង​អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​២៣ តុលា នេះ​ដែរ​ថា លោក​ប្ដេជ្ញា​បន្ត​ជំរុញ​បន្ថែម​នូវ​មិត្តភាព​ជា​ប្រពៃណី ដើម្បី​បង្កើន​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា-ចិន ក្នុង​ការ​ស្វែងរក​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

ទោះជា​បែប​នេះ​ក្តី អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា ការ​ចេញ​លិខិត​អបអរ​សាទរ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ខាង​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត គឺ​បង្ហាញ​ពី​ការ​យកចិត្ត​ថ្លើម​ចិន ដោយ​ការ​ដាក់​ខ្លួន​ព្រម​រស់នៅ​ក្រោម​នយោបាយ​ចិន ជាជាង​ការ​បង្កើត​ចំណង​មិត្តភាព​តាម​លក្ខណៈ​ការទូត ព្រោះ​ថា​បើ​គ្រាន់តែ​ចង់​រក្សា​មិត្តភាព​ជាមួយ​ចិន ត្រឹមតែ​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ម្នាក់​ផ្ញើ​លិខិត​អបអរ​សាទរ គឺ​គ្រប់គ្រាន់​ហើយ មិន​ចាំបាច់​ដល់​ថ្នាក់​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន ផ្ញើ​លិខិត​អបអរ​សាទរ​បន្ថែម​ទៀត​នោះ​ទេ។

លោក ម៉ែន ណាត សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​នានា​ដែល​កំពុង​កើតមាន​រវាង​ចិន និង​កម្ពុជា ដូចជា​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម និង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ជាដើម ដែល​អាច​នឹង​វិវឌ្ឍ​ទៅ​រក​ភាព​កាន់តែ​អាក្រក់​នៅ​ពេល​ដែល​ទំនាក់ទំនង​កម្ពុជា-ចិន កាន់តែ​ស៊ីជម្រៅ​លើស​ពី​ទំនាក់ទំនង​ការទូត​ដូច​សព្វថ្ងៃ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា តាម​ទំនាក់ទំនង​កម្ពុជា-ចិន​បែប​នេះ រដ្ឋាភិបាល​វៀតណាម​ដែល​ធ្លាប់​តែ​ជា​អាណាព្យាបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​មក នឹង​មិន​នៅ​ស្ងៀម​ចំពោះ​រឿង​នេះ​ឡើយ ចំណែក​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​វៀតណាម​បន្ត​ទៀត គឺ​មាន​តែ​សម្បទាន​ទឹកដី​របស់​ខ្មែរ​ត្រង់​ចំណែក​ណា​មួយ​បន្ថែម​ទៀត​ប៉ុណ្ណោះ ដូច្នេះ​កម្ពុជា​នឹង​ធ្លាក់​ខ្លួន​ជា​ជន​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​បាត់បង់​ទឹកដី​ផង និង​ក្លាយ​ជា​កូនអុក​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន​ទៅ​ថ្ងៃ​មុខ​ផង។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​មហាអំណាច​ពិភពលោក​ដទៃ​ទៀត ដូចជា​សហរដ្ឋ​អាមេរិក ជាដើម ថា បើ​កម្ពុជា​មិន​បាន​ពឹង​មហាអំណាច​កុម្មុយនីស្ត​ចិន​ទេ តើ​ឱ្យ​កម្ពុជា​ទៅ​ពឹង​មហាអំណាច​មួយ​ណា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស