បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ទាមទារឲ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បកស្រាយចំពោះសម្ដីរបស់លោក សម រង្ស៊ី ដែលបានប្រមាថ និងចាត់ទុកព្រះមហាក្សត្រថាគ្មានមនសិការជាតិ ឲ្យសាធារណជនបានដឹង ដើម្បីបញ្ជាក់ថា គណបក្សនេះមិនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី។
ការទាមទាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពិធីចុះចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។
លោក ហ៊ុន សែន ថ្លែងថា មេដឹកនាំគណបក្សភ្លើងទៀនមានលោក ទាវ វណ្ឌុល លោក សុន ឆ័យ លោក ថាច់ សេដ្ឋា ត្រូវតែចេញមកបញ្ជាក់ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ដែលបានប្រមាថព្រះមហាក្សត្រ និងបានចាត់ទុកព្រះមហាក្សត្រជាសេ្តចគ្មានមនសិការជាតិ និងជាជនក្បត់ជាតិនោះ តើត្រឹមត្រូវដែរឬទេ។
លោកក៏អំពាវនាវឲ្យសមាជិកគណបក្សភ្លើងទៀនផ្ដាច់ខ្លួនចេញពីបក្សនេះ ដើម្បីបញ្ចៀសបញ្ហាណាមួយដែលអាចកើតមានឡើង ដោយថាគណបក្សភ្លើងទៀនមានចេតនាធ្វើភេរវកម្ម បង្កចលាចលក្នុងគោលបំណងចង់ផ្ដួលរំលំរដ្ឋាភិបាល និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
លោក ហ៊ុន សែន គំរាមថា បើសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សភ្លើងទៀន ចេញមុខថ្កោលទោសចំពោះសម្ដីប្រមាថព្រះមហាក្សត្រ ដែលធ្វើឡើងដោយលោក សម រង្ស៉ី នោះ រូបលោកនឹងរក្សាតំណែងពួកគេឲ្យនៅដដែលដោយគ្មានការដោះដូរណាមួយឡើយ បើទោះបីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មិនព្រមចុះហត្ថលេខាដោះដូរក៏ដោយ។

បុរសខ្លាំងរូបនេះអះអាងថា ការទាមទារឲ្យបញ្ជាក់នេះ ដោយសារលោកជាប្រមុខរដ្ឋាភិបាលដែលមានតួនាទីការពារព្រះមហាក្សត្រ ការពាររាជានិយម ការពាររាជបល្ល័ង្គ ដូច្នេះរូបលោកមិនអាចឱ្យអ្នកបំពានព្រះមហាក្សត្រ និងមកផ្ដួលរំលំរដ្ឋាភិបាលរបស់លោកបានឡើយ។
លោក ហ៊ុន សែន បន្តថា មូលហេតុដែលទាមទារឲ្យលោក ទាវ វណ្ឌុល លោក សុន ឆ័យ លោក ថាច់ សេដ្ឋា ដោយសារតែគណបក្សភ្លើងទៀនជាបក្សដែលលោក សម រង្ស៊ី ជាអ្នកបង្កើតឡើង ទោះបីបច្ចុប្បន្ននេះ លោក សម រង្ស៊ី មិនបានដឹកនាំក៏ពិតមែន ប៉ុន្តែដើម្បីបញ្ជាក់ឲ្យច្បាស់ថាថ្នាក់ដឹកនាំបក្សភ្លើងទៀនមិនជាប់ពាក់ព័ន្ធជាមួយលោក សម រង្ស៊ី។
ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះថា រូបលោកក៏ចង់ឲ្យអង្គការក្រៅរដ្ឋាភិបាលដែលនិយាយរឿងសិទ្ធិសេរីភាពកន្លងមក ចេញមកបញ្ជាក់ដែរចំពោះសម្ដីលោក សម រង្ស៊ី ដែលបានប្រមាថព្រះមហាក្សត្រ ប៉ុន្តែលោកថា អង្គការនេះប្រហែលជាមិនបានចេញបកស្រាយទេ ដោយសារពួកគេក៏មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល។
ក្រោយពីមានការទាមទាររបស់លោក ហ៊ុន សែន នាថ្ងៃនេះ ជំទប់ទី២ ពីខាងគណបក្សភ្លើងទៀន នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លោក ចាន់ សុខុន បានចេញថ្លែងការណ៍ថ្កោលទោសចំពោះសម្ដីរបស់លោក សម រង្ស៊ី។ ជំទប់ទី២ រូបនេះក៏បានប្រកាសគាំទ្រដែលលោក ហ៊ុន សែន ព្រមានកម្ចាត់ចោលនូវមនោគមន៍វិជ្ជានៃនយោបាយជ្រុលនិយមដែលដឹកនាំដោយលោក សម រង្ស៊ី ក្រោមហេតុផលថា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។
សារព័ត៌មាន Cambodia Daily មិនទាន់អាចសុំការបំភ្លឺពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀន លោក ទាវ វណ្ឌុល និងលោក សុន ឆ័យ ព្រមទាំងលោក ថាច់ សេដ្ឋា បានទេមកដល់ម៉ោងចេញផ្សាយនេះ។
អនុប្រធានវេទិកាពលរដ្ឋ (PFOR) លោក ម៉ែន ណាត យល់ថា ជម្លោះពាក្យសម្តីរវាងលោក ហ៊ុន សែន ជាមួយអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាន់តែស៊ីជម្រៅមានចរិតលក្ខណៈជាជម្លោះបុគ្គលសុទ្ធសាធ ហើយរាលដាលដល់ស្ថាប័នព្រះមហាក្សត្រ និងប៉ះទង្គិចកាន់តែខ្លាំងទៅលើជោគវាសនារបស់បក្សភ្លើងទៀន ដែលលោក សម រង្ស៊ី ខ្លួនលោកគឺជាមេដឹកនាំស្ថាបនិកនៃគណបក្សនេះ។
លោកបន្តថា លោក សម រង្ស៊ី និងលោក ហ៊ុន សែន សុទ្ធតែមានកំហុសដូចគ្នា គឺខុសនៅត្រង់ «ការដណ្តើមឈ្នះ–ឈ្នះ ដើម្បីតែកិត្តិនាមបុគ្គល មិនមែនដើម្បីជាតិ និងពលរដ្ឋនោះទេ ខណៈជម្លោះនយោបាយរបស់មេដឹកនាំទាំងពីរមើលឲ្យជាក់ទៅ គឺជារឿងគួរឲ្យអាម៉ាស់ដល់ប្រជាជាតិខ្មែរ ប៉ុន្តែហាក់ដូចជាការលើកទឹកចិត្តដល់បរទេសដែលមានមហិច្ឆតាឈ្លានពានខ្មែរ សើចចំអកឲ្យពូជសាសន៍ខ្មែរ និងកាន់តែព្រហើនដាក់ខ្មែរ»។
លោក ម៉ែន ណាត បន្តថា ការលើកទឹកចិត្តដល់បរទេសឈ្លានពានខ្មែរមានឧទាហរណ៍ស្រាប់ទៅហើយ ដូចជាករណីវៀតណាមបង្ខំឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់សច្ចាប័នលើសន្ធិសញ្ញាព្រំដែនខុសច្បាប់នានា វៀតណាមគ្រប់គ្រងដែនទឹកខ្មែរ រួមទាំងកោះត្រល់ ចង្កោមកោះក្រចកសេះ យុទ្ធសាស្ត្រវៀតណាមគ្រប់គ្រងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) នៅតំបន់កន្ទុយនាគ និងការទាមទាររបស់វៀតណាមឲ្យកម្ពុជាផ្តល់សញ្ជាតិដល់ជនជាតិវៀតណាមខុសច្បាប់នៅកម្ពុជា ជាដើម។
លោកចោទជាសំណួរថា តើអ្នកនយោបាយខ្មែរដែលមានឥទ្ធិពលទាំងនោះ បាននាំគ្នាគិតគូរ និងការពារផលប្រយោជន៍ជាតិដល់កម្រិតណាហើយ។
ដូច្នេះ ទាំងភាគីលោក ហ៊ុន សែន និងលោក សម រង្ស៊ី ល្មមបញ្ឈប់ការឈ្លោះគ្នាជាលក្ខណៈបុគ្គលតទៅទៀតទៅ ទម្លាក់ចោលគំនិតចងអាឃាតគុំកួនគ្នា ហើយរកមធ្យោបាយជជែកគ្នា ផ្សះផ្សានយោបាយ និងបង្រួបបង្រួមជាតិឡើងវិញ។
អ្នកឃ្លាំមើលរូបនេះអះអាងថា គណបក្សភ្លើងទៀនត្រូវតែសម្រេចចិត្តដ៏លំបាកបំផុតមួយ ដើម្បីចៀសផុតពីសំណាញ់ច្បាប់បោះឆ្នោតថ្មី ដោយការប្រកាសមិនពាក់ព័ន្ធជាមួយលោក សម រង្ស៊ី ប៉ុន្តែគណបក្សភ្លើងទៀន នឹងក្លាយជាគណបក្សប្រឆាំងដែលរណបអំណាចឲ្យគណបក្សកាន់អំណាចកាន់តែទ្វេដង៕