32.5 C
Phnom Penh

លោក​មេធាវី ជូង ជូងី សុំ​ចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​បន្ទាប់ពី​ផុត​បម្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​មេធាវី ជូង ជូងី ដែល​លេចធ្លោ​ក្នុង​ការ​ការពារ​ក្ដី​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី បាន​ដាក់​ពាក្យ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ក្រោយពី​លោក​ត្រូវ​បាន​តុលាការ​កំពូល​ដាក់​បម្រាម​ហាម​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី​១៦ វិច្ឆិកា ខាងមុខ​នេះ។

ក្នុង​ពាក្យ​សុំ​ចូលរួម​ជីវភាព​នយោបាយ ចុះ​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ របស់​លោក​មេធាវី ជូង ជូងី ដាក់​ទៅ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ខាងមុខ​នេះ បម្រាម​រយៈពេល ៥​ឆ្នាំ​ដែល​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នោះ នឹង​ត្រូវ​ផុតកំណត់។ ដូច្នេះ ចាប់ពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ទៅ លោក ជូង ជូងី ថា​រូបលោក​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ហើយ។

ប្រភព​ដដែល​អះអាង​ថា ទន្ទឹម​នឹង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ រូបលោក​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ភ្លើង​ទៀន ក្រោយពី​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​បក្ស​ក្រៅ​រដ្ឋាភិបាល​គឺ​មាន​តែ​គណបក្ស​ភ្លើង​ទៀន​មួយ​គត់​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ច្រើន​ជាងគេ និង​មាន​សក្ដានុពល​ខ្លាំង​ជាងគេ​ក្នុង​ការ​តស៊ូ​នយោបាយ​ជួយ​សង្គម​ឲ្យ​មាន​សេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌ និង​នីតិរដ្ឋ​ដោយ​ពិតប្រាកដ។

លោក​ស្នើ​ទៅ​ប្រធាន​គណបក្ស​ភ្លើង​ទៀន អនុញ្ញាត​ឲ្យ​រូបលោក​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ភ្លើង​ទៀន​ចាប់ពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា នេះ​តទៅ ក្រោយពី​ពិនិត្យ​ឃើញ​ថា​បក្ស​នេះ​រក្សា​បាន​នូវ​ស្មារតី​ដើម​នៃ​គណបក្ស​ជាតិ​ខ្មែរ តស៊ូ​នយោបាយ ដើម្បី​ទាមទារ​ឲ្យ​មាន​សេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌ និង​នីតិរដ្ឋ។

ការ​ស្នើសុំ​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ​របស់​លោក ជូង ជូងី ធ្វើឡើង​ស្រប​ពេល​ដែល​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ ជា​ខួប ៥​ឆ្នាំ​ដែល​តុលាការ​កំពូល​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នកគាំទ្រ​សឹង​លើស​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ដ្បិត​បម្រាម​របស់​តុលាការ​នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា នេះ​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​មិន​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទេ ដោយសារ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​កំពុង​មាន​ទោស​ជាប់​ខ្លួន។

ថ្នាក់​ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​ទាំងនោះ​ទំនង​លោក ខៀវ សុភ័គ ចង់​សំដៅ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ ជាដើម ដែល​បច្ចុប្បន្ន​លោក​ថា​កំពុង​សកម្ម​ក្នុង​ការ​បង្ហាញ​មុខ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំងនោះ​មាន​លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង​លោក នុត រំដួល ផង​ដែរ ត្រូវ​បាន​តុលាការ​កម្ពុជា​ផ្ដន្ទាទោស​ចន្លោះ​ពី ២០​ឆ្នាំ​ទៅ ២៥​ឆ្នាំ ក្រោម​បទចោទប្រកាន់ «ឧបឃាត»។

មួយ​វិញ​ទៀត សម្រាប់​លោក សម រង្ស៊ី វិញ ថ្មីៗ​នេះ​ក៏​ត្រូវ​បាន​តុលាការ​កាត់ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ក្រោម​បទ​ចោទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស» ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាត់​ទឹកដី​កម្ពុជា​ចំនួន ៤​ខេត្ត​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ដើម្បី​រស់នៅ។

ក្រៅពី​ទោស​ខាងលើ​នេះ ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ក៏​ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទប្រកាន់​ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ដំណើរ​វិលត្រឡប់​មក​កម្ពុជា​កាលពី​ឆ្នាំ​២០១៩ ផង​ដែរ។

បើ​តាម​ដីកា​សម្រេច​របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បាន​ប្រកាស​ហាមឃាត់​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨​នាក់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ ៥​ឆ្នាំ ចាប់តាំងពី​គណបក្ស​នេះ​ត្រូវ​រំលាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស