លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានតាំងខ្លួនថាជាអធិរាជហ្វេសប៊ុក បានចំណាយថវិកាជាង ៣០ម៉ឺនដុល្លារដោយឥតប្រយោជន៍ ដើម្បីទទួលបានការចុច Like ពីក្រៅប្រទេស ព្រោះតែក្រុមហ៊ុនមួយនេះបានលុបចោលការផ្សាយពាណិជ្ជកម្មទាំងនោះ ដោយសារតែហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពានគោលនយោបាយរបស់ក្រុមហ៊ុនហ្វេសប៊ុក។
តើការផ្សាយពាណិជ្ជអសកម្មរបស់ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានក្រុមហ៊ុនមួយនេះលុបចោលនៅក្នុងចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ យ៉ាងណា?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានតាំងខ្លួនថាជាអធិរាជហ្វេសប៊ុកត្រូវបានក្រុមហ៊ុនមួយនេះរកឃើញលទ្ធផលផ្សាយពាណិជ្ជកម្មចំនួន ១៥ ក្នុងចំណោម ២០ ថាជាការផ្សាយពាណិជ្ជអសកម្មនៅក្នុងចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ហើយបានចំណាយថវិកាជាង ៣០ម៉ឺនដុល្លារដើម្បីទទួលបានការចុច Like ប៉ុន្តែក្រុមហ៊ុននេះបានលុបចោលការផ្សាយពាណិជ្ជកម្មទាំងនោះចោល ដោយសារតែមិនមានការទទួលខុសត្រូវចំពោះការផ្សាយពាណិជ្ជកម្មដែលនិយាយអំពីបញ្ហាសង្គម ការបោះឆ្នោត និងនយោបាយ។
យោងតាមរបាយការណ៍សង្ខេបស្ដីពីការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុករបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានមកពីព័ត៌មានសាធារណៈដែលបង្ហាញដោយផ្ទាល់នៅក្នុងបណ្ណាល័យទំព័រផ្សព្វផ្សាយពាណិជ្ជកម្មនៅខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនបានប្រមូលព័ត៌មានដោយបានរកឃើញលទ្ធផលផ្សាយពាណិជ្ជកម្មចំនួន ២០ ក្នុងនោះមាន ១៥ ជាការផ្សាយពាណិជ្ជកម្មអសកម្ម ហើយ ៥ ទៀតជាការផ្សាយពាណិជ្ជកម្មសកម្ម។

របាយការណ៍ដដែលបានបង្ហាញថា នៅក្នុងចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយថវិកាជាង ៣០ម៉ឺនដុល្លារទៅលើការផ្សាយពាណិជ្ជកម្មអសកម្មចំនួន ១៥ ក្នុងចំណោម ២០ ដើម្បីទទួលបានការចុច Like ដែលភាគច្រើនចំនួន Likes នៅលើហ្វេសប៊ុកបានមកពីក្រៅប្រទេស គឺពីប្រទេស៖
- ឥណ្ឌា
- ហ្វីលីពីន
- មីយ៉ាន់ម៉ា
- និងឥណ្ឌូនេស៊ី ជាដើម។
យោងតាមរបាយការណ៍សង្ខេបអ្នកផ្សាយពាណិជ្ជកម្មទំព័រ Facebook របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតការផ្សាយពាណិជ្ជកម្មដោយគ្មានការទទួលខុសត្រូវ ហើយ Facebook បានលុបចោលការផ្សាយពាណិជ្ជកម្មទាំងនោះ។

យោងទៅតាមទិន្នន័យបង្ហាញថា៖
- នៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក ហ៊ុន សែន បានចំណាយប្រាក់ពី ៤ម៉ឺន ៥ពាន់ដុល្លារទៅ ៥ម៉ឺនដុល្លារសម្រាប់ការបង្ហោះរូបភាពដែលលោករាប់បាត្រព្រះសង្ឃជាមួយប្រពន្ធដែលមានចៅស្រីឈរនៅពីក្រោយ ដើម្បីបានចំនួនអ្នកចុច Like ជាង ១លានអ្នក។
- រីឯថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ក្នុងរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរហាត់ប្រាណនៅមាត់ទន្លេជួបជាមួយអ្នកលក់ផ្លែឈើ លោក ហ៊ុន សែន បានចំណាយ ៩ពាន់ដុល្លារទៅ ១ម៉ឺនដុល្លារសម្រាប់បង្ហោះរូបភាពនោះដើម្បីបានចំនួនអ្នកចុច Like ជាង ១លានអ្នក។
- រីឯរូបភាពលោក ហ៊ុន សែន ធ្វើពិធីសូត្រមន្តនៅផ្ទះជាមួយប្រពន្ធ និងចៅ គឺបានចំណាយលុយចំនួន ១ម៉ឺន ៥ពាន់ដុល្លារទៅ ២ម៉ឺនដុល្លារដើម្បីទទួលបានចំនួនអ្នកចុច Like។
- នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងរូបភាពលោក ហ៊ុន សែន ទៅទទួលអ្នកដំណើរកប៉ាល់ទេសចរណ៍ Westerdam ដែលដឹកមនុស្សជាង ២២០០នាក់ សង្ស័យមានផ្ទុកវីរុសកូរ៉ូណាដែលត្រូវបានកំណត់ឈ្មោះជាផ្លូវការថាកូវីដ-១៩ (Covid-19) ឲ្យចូលចុះចតនៅក្នុងខេត្តព្រះសីហនុ លោក ហ៊ុន សែន ចំណាយតែថវិកា ២០០ដុល្លារប៉ុណ្ណោះដែលមានអ្នកចុច Like ចន្លោះពី ២០០K ទៅ ២៥០K (២០ម៉ឺន-២៥ម៉ឺនអ្នក)។
- នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ក្នុងរូបភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួបកម្មកររោងចក្រ លោក ហ៊ុន សែន បានចំណាយថវិកាចន្លោះពី ១០០ដុល្លារទៅ ១៩៩ដុល្លារប៉ុណ្ណោះ ដើម្បីបានចំនួនអ្នកចុច Like ចំនួន ១០០K ទៅ ១២៥K (១០ម៉ឺន-១២ម៉ឺន ៥ពាន់នាក់)។

កាលពីខែមេសា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសខ្លួនឯងថាជា «អធិរាជហ្វេសប៊ុក» ក្នុងចំណោមមេដឹកនាំពិភពលោកកំពូល ៥នាក់ រួមមានប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដោយរំពឹងថាចំនួន Likes នៅលើហ្វេសប៊ុករបស់លោកនឹងកើនឡើងដល់ ៤លាននាក់។
បន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី មានក្រុមហ៊ុនមួយនៅអាមេរិកបានចេញផ្សាយការរកឃើញមួយថា ចំនួន Likes នៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីភាគច្រើនបានមកពីក្រៅប្រទេស គឺពីប្រទេស៖
- ឥណ្ឌា
- ហ្វីលីពីន
- មីយ៉ាន់ម៉ា
- និងឥណ្ឌូនេស៊ី។
មុនការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ៤ថ្ងៃ គឺនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានពន្យល់ទៅអ្នកគាំទ្ររបស់ខ្លួននៅលើហ្វេសប៊ុករបស់គាត់ថា អ្នកជំនាញអាចបង្កើតចំនួន Likes ក្លែងក្លាយ ហើយលួចចំនួន Likes នៅលើហ្វេសប៊ុក។
លោក សម រង្ស៊ី បានសរសេរថា គេបានលួច likes ពីទំព័រ Facebook របស់លោកតាមជំនាញចោរ។ រឿង likes ក្លែងក្លាយ និង likes លួចបន្លំលើទំព័រ Facebook នេះវាដូចរឿងសន្លឹកឆ្នោតក្លែងក្លាយ និងសន្លឹកឆ្នោតលួចបន្លំនៅពេលបោះឆ្នោតម្តងៗនៅស្រុកខ្មែរ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៨ លោក សម រង្ស៊ី បានដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុនហ្វេសប៊ុក ដោយស្នើសុំឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ ផ្តល់ព័ត៌មានអំពីគណនីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបានចោទប្រកាន់ថាប្រើប្រាស់វេទិកាដ៏មានប្រជាប្រិយភាពនេះមិនត្រឹមត្រូវ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពានលើគោលការណ៍ជាច្រើនរបស់ហ្វេសប៊ុក រួមទាំងការទិញ like និងការគំរាមកំហែងសម្លាប់។
នៅក្នុងពាក្យបណ្តឹងសរសេរថា មានភស្តុតាងសំខាន់ដែលលោក ហ៊ុន សែន និងភ្នាក់ងាររបស់គាត់លក្ខណៈជាប្រព័ន្ធ បានប្រើប្រាស់វេទិការបស់ហ្វេសប៊ុកមិនត្រឹមត្រូវ បំពានគោលនយោបាយរបស់ហ្វេសប៊ុក និងស្តង់ដារសហគមន៍។ ពាក្យបណ្តឹងនេះអះអាងថា យោងតាមការប្រាស្រ័យទាក់ទងផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី រដ្ឋបាលរបស់គាត់ចំណាយប្រាក់រហូតដល់ ១៥០០០ដុល្លារក្នុង ១ថ្ងៃ ដើម្បីបង្កើត like ក្លែងក្លាយ និងធ្វើការផ្សព្វផ្សាយ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិនអាចទាក់ទងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងលោក ដួង តារា ប្រធានក្រុមការងារទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើការអត្ថាធិប្បាយបានទេរហូតដល់ម៉ោងចេញផ្សាយនេះ៕