30.4 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​ប្ដូរ​លំនៅឋាន​ពលរដ្ឋ​ចេញពី​តំបន់​អង្គរ​ជា​ទង្វើ​ចង្រៃ​អពមង្គល​សម្រាប់​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ការ​ផ្លាស់ប្ដូរ​លំនៅឋាន​របស់​ពលរដ្ឋ​ពី​តំបន់​អង្គរ​ឱ្យ​ទៅ​រស់នៅ​ក្នុង​តំបន់​រុនតាឯក ខេត្ត​សៀមរាប តាម​បញ្ជា​បុរស​ខ្លាំង លោក ហ៊ុន សែន ដោយ​ការ​បង្ខិតបង្ខំ គឺជា​ទង្វើ​ចង្រៃ​អពមង្គល​សម្រាប់​ពលរដ្ឋ និង​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​កាលពី​ថ្ងៃ​អាទិត្យ ទី​៦ វិច្ឆិកា ថា ការ​ជម្លៀស​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ​ដោយ​ការ​បង្ខិតបង្ខំ​ឲ្យ​ចេញពី​លំនៅឋាន​របស់​ខ្លួន​នៅ​ពេលនេះ គឺជា​កំហុស​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​ថា មន្ត្រី​រាជការ​របស់​រដ្ឋ​ត្រូវ​តែ​យកចិត្ត​ទុកដាក់​ជា​អាទិភាព​ចំពោះ​ជីវភាព និង​សុខមាលភាព​របស់​ពលរដ្ឋ​តាម​មាត្រា​៥២ ជា​ធរមាន។

បណ្ឌិត ឡៅ ម៉ុងហៃ ព្រមាន​ថា អ្វី​ដែល​កាន់តែ​ចង្រៃ​បំផុត​ទៅ​ទៀត​នោះ គឺ​ការ​ជម្លៀស​នេះ​នឹង​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​តំបន់​អង្គរ​ជា​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក ដែល​គេ​ចាត់ទុក​ថា​ជា​តំបន់​រមណីយដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍ វប្បធម៌ និង​អរិយធម៌​នេះ​ទៅ​ជា​តំបន់​ដែល​បំផ្លាញ​គុណតម្លៃ​វប្បធម៌​ដ៏​ធ្ងន់ធ្ងរ​បំផុត​ជា​មិន​ខាន​ទៅ​ថ្ងៃ​មុខ។

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​បញ្ជាក់​ថា ការ​ប្រើ​វិធានការ​បង្ខិតបង្ខំ​ជម្លៀស​ពលរដ្ឋ​ឲ្យ​ចេញពី​តំបន់​អង្គរ​ឱ្យ​ទៅ​រស់នៅ​តំបន់​រុនតាឯក ក្រោម​ផែនការ​របស់​រដ្ឋាភិបាល​ឯក​បក្ស​នៅ​ពេលនេះ គឺជា​សកម្មភាព​បំផ្លាញ​សម្បត្តិ​វប្បធម៌​របស់​បុព្វបុរស​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​ស្រឡះ​នឹង​គោលបំណង​នៃ​ការ​ថែរក្សា ការ​ការពារ​វប្បធម៌​របស់​អន្តរជាតិ​ដែល​បាន​ចាត់​ថ្នាក់​តំបន់​អង្គរ​ជា​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​នា​ពេល​កន្លងមក។

ការ​រិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ជម្លៀស​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​អង្គរ​ទៅ​រស់នៅ​ទីតាំង​ថ្មី កាលពី​ពេល​ថ្មីៗ​នេះ ក្រោម​ហេតុផល​ថា លំនៅឋាន​របស់​ពលរដ្ឋ​ទាំងនោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​បេតិកភណ្ឌ​ពិភពលោក។

កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​តម្រង់​ទិស ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់ និង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​សម្រាប់​ធ្វើ​ការ​ផ្លាស់ប្ដូរ​លំនៅឋាន​របស់​ពលរដ្ឋ​ដែល​បាន​រស់នៅ​ក្នុង​តំបន់​នោះ​តាំង​ពី​មុន​មក ឱ្យ​ទៅ​រស់នៅ​កន្លែង​ផ្សេង​ដែល​ស្ថិត​ក្នុង​ភូមិ​រុនតាឯក ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប។

សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កំពុង​ធ្វើការ​អភិវឌ្ឍ​ភូមិ​ធម្មជាតិ​រុនតាឯកថ្មី​លើ​ផ្ទៃដី​ទំហំ​ជាង ១១០០​ហិកតារ​ស្ថិត​ក្នុង​ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប សម្រាប់​ពលរដ្ឋ​កំពុង​រស់នៅ​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ស្ម័គ្រចិត្ត​ដោះដូរ​ទៅ​រស់នៅ​តំបន់​នេះ។

យ៉ាងណាក៏ដោយ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២២ ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ដែល​មាន​ដី​អាស្រ័យ​ផល​នៅ​ភូមិ​ធម្មជាតិ​រុនតាឯក បាន​ចោទ​អាជ្ញាធរ​ជាតិ​អប្សរា​ថា​បាន​យក​ដី​ស្រែ​របស់​ពួកគេ​ទៅ​បែងចែក​ឱ្យ​ពលរដ្ឋ​ដែល​ខ្លួន​បាន​ជម្លៀស​ឱ្យ​ទៅ​រស់នៅ​លើ​ដី​នោះ ដោយ​មិន​បាន​ដោះស្រាយ​សំណង​ដល់​ខ្លួន​ដែល​ជា​ម្ចាស់​ដី​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ ពលរដ្ឋ​ទាំងនោះ​ក៏​បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ និង​ដាក់​ញត្តិ​នៅ​រដ្ឋបាល​ខេត្ត​សៀមរាប ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ខេត្ត​បាន​បដិសេធ​ទទួល​សំណើ​របស់​ពលរដ្ឋ ក្រោម​ហេតុផល​ថា ពលរដ្ឋ​ទាំងនោះ​គ្មាន​លិខិត​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ច្បាស់លាស់។

ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​ចំនួន ២៣​គ្រួសារ​ដែល​មាន​ដី​ស្រែ​សរុប ៨២​ហិកតារ និង ៤៥​អា បាន​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុនតាឯកថ្មី​នេះ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ ក្នុង​នោះ​អ្នក​ភូមិ​ចំនួន ១៣​គ្រួសារ បាន​សម្រេច​ចិត្ត​ទទួលយក​សំណង​ទាំង​បង្ខំ ខណៈ​ពលរដ្ឋ ១០​គ្រួសារ​ទៀត​រក្សា​ជំហរ​មិន​ទទួលយក​ការ​ដោះដូរ​ដី​ឡូត៍​ក្នុង​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៣០​ម៉ែត្រ​នោះ​ឡើយ ដោយ​អះអាង​ថា ការ​ដោះស្រាយ​បែប​នេះ​ពុំ​មាន​តម្លាភាព​ជូន​ពួកគាត់​នោះ​ទេ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ជីវភាព​របស់​ពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ដោះដូរ​ទីលំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​រស់នៅ​ក្នុង​ភូមិ​ធម្មជាតិ​រុនតាឯក បាន​ធ្វើ​ចំណាកស្រុក​ក្រោយ​ពេល​ពួកគេ​ជួប​បញ្ហា​ជីវភាព​ដោយសារ​ទីតាំង​ថ្មី​នេះ​គ្មាន​មុខរបរ​សម្រាប់​ចិញ្ចឹម​ជីវិត​អ្វី​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស