32.5 C
Phnom Penh

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ស្នើ​មេដឹកនាំ​ពិភពលោក​ជួយ​បញ្ចប់​ការ​គ្រប់គ្រង​បែប​ឃោរឃៅ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្រៅ​ស្រុក​ជិត ៤០​ស្ថាប័ន បាន​ដាក់​លិខិត​ទៅ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី ឱ្យ​ជំរុញ​ទៅ​មេដឹកនាំ​ពិភពលោក​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង G20 បញ្ចប់​ការ​គ្រប់គ្រង​តាម​បែប​ឃោរឃៅ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ស្ដារ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ដើម្បី​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ឡើងវិញ។

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក ហុង លីម រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​បរទេស​ចំនួន ៣៨​ស្ថាប័ន បាន​ចុះហត្ថលេខា​លើ​លិខិត​ផ្លូវការ​រួម​គ្នា​មួយ​ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ ឱ្យ​ជួយ​ជំរុញ​មេដឹកនាំ​អាមេរិក លោក ចូ បៃដិន សហភាព​អឺរ៉ុប និង​មេដឹកនាំ​ប្រទេស​ជាច្រើន​ទៀត ទាមទារ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ដើម្បី​ធានា​ឱ្យ​មាន​នូវ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ពួកគេ​ក៏​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា គោរព​លក្ខខណ្ឌ​ចំនួន ១០​ចំណុច ដូចជា​បញ្ឈប់​នូវ​ការ​យាយី ឬ​វាយប្រហារ​អ្នក​ដែល​ត្រូវ​បាន​កាត់ទោស និង​ដាក់​ពន្ធនាគារ​ដោយ​ហេតុផល​នយោបាយ។ ជាង​នេះ​ទៀត ត្រូវ​អនុញ្ញាត​ឱ្យ​បណ្ដាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ទាំងអស់​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​តាំងពី​ឆ្នាំ​២០១៧ មក អាច​ដំណើរការ​ឡើងវិញ ព្រមទាំង​ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ទាំងអស់​ចេញពី​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​ពេញលេញ​ផង​ដែរ។

ប្រភព​ដដែល​ទាមទារ​ឱ្យ​ប្រទេស​អូស្ត្រាលី និង​រដ្ឋាភិបាល​នៃ​ប្រទេស​ដទៃ​ទៀត​សម្របសម្រួល​ជាមួយ​សម្ពន្ធមិត្ត​សហរដ្ឋ​អាមេរិក ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច រួម​ទាំង​ទណ្ឌកម្ម​បន្ទាប់បន្សំ​ផ្សេង​ទៀត​ដោយ​ការ​ហ៊ុមព័ទ្ធ​អាវុធ​លើ​កងទ័ព​រដ្ឋាភិបាល​លោក ហ៊ុន សែន ឥស្សរជន​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ការ​ប្រព្រឹត្ត​អំពើពុករលួយ អំពើ​ក្បត់​ជាតិ​ឆ្លងដែន ការ​បំផ្លិចបំផ្លាញ​បរិស្ថាន និង​ការ​រំលោភ​ដីធ្លី​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​រូប​នេះ អំពាវនាវ​ឱ្យ​អាមេរិក​ជួយ​ប្រមូលផ្ដុំ​សហគមន៍​អន្តរជាតិ​ដើម្បី​ទាមទារ​ឱ្យ​មាន​សកម្មភាព​ប្រកប​ដោយ​អត្ថន័យ និង​កំណែ​ទម្រង់​ជា​មូលដ្ឋាន ដើម្បី​ជួយ​ឱ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា​ស្រប​តាម​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក ហុង លីម អះអាង​ថា ដើម្បី​ឱ្យ​មាន​ស្ថិរភាព​ឥណ្ឌូ-ប៉ាស៊ីហ្វិក​នា​ពេល​អនាគត​ក្នុង​ដំណាក់កាល​នៃ​ការ​ផ្លាស់ប្ដូរ​សណ្ដាប់ធ្នាប់​ភូមិសាស្ត្រ​នយោបាយ គឺ​មាន​តែ​ជំរុញ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​សេរី និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​មេដឹកនាំ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង G20 ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ពេលនេះ។

នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ មេដឹកនាំ​ពិភពលោក និង​មេដឹកនាំ​ប្រទេស​នានា​ជាច្រើន​ទៀត​បាន​នាំគ្នា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ G20 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២២ នេះ ដូចជា​ប្រធានាធិបតី​អាមេរិក ប្រធានាធិបតី​កូរ៉េខាងត្បូង នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​មេដឹកនាំ​នៃ​ប្រទេស​ដទៃ​ទៀត​ផង​ដែរ។

កាលពី​ចុង​ឆ្នាំ​២០២១ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្តីអំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រំលោភ​បំពាន​ទៅលើ​ប្រជាពលរដ្ឋ គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា​យ៉ាង​ធ្ងន់ធ្ងរ។ ចំណែក​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បង្ក្រាប​ទៅលើ​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ឯក​បក្ស​សព្វថ្ងៃ​នេះ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស