37 C
Phnom Penh

GDP៖ ការ​រួម​កម្លាំង​បក្ស​ក្រៅ​រដ្ឋាភិបាល​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ លើកឡើង​ថា ក្រៅពី​ការ​រួម​កម្លាំង​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល គ្មាន​វិធី​ណា​ល្អ​អាច​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​បាន​ឡើយ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ ក្នុង​ការ​លើក​ស្ទួយ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​កសាង​តុល្យភាព​អំណាច​នៅ​ក្នុង​សភា​ជាតិ។

លោក យ៉េង វីរៈ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នៅ​សល់​ពេល​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ បក្ស​របស់​លោក​នឹង​ធ្វើការ​សម្រេច​ចិត្ត​ជា​ផ្លូវការ​ក្នុង​ការ​ជ្រើសរើស​វិធី​សមស្រប​មួយ​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ ប៉ុន្តែ​នៅ​ពេលនេះ ជំហរ​ស្វែងរក​ការ​រួបរួម​របស់​លោក​នៅតែ​បន្ត​ដដែល ដើម្បី​កសាង​កម្លាំង​ជាមួយ​គណបក្ស​ដទៃ​ទៀត។

លោក យ៉េង វីរៈ បញ្ជាក់​ថា ដំណើរការ​នៃ​ការ​ចង​សម្ព័ន្ធ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជាមួយ​បក្ស​ដទៃ គឺជា​មធ្យោបាយ​អាទិភាព​តែ​មួយ​គត់​ក្នុង​ការ​ចង​កម្លាំង​នយោបាយ ដើម្បី​កែលំអ​ប្រព័ន្ធ​បោះឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា និង​ជា​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​គោលដៅ​វែង​ឆ្ងាយ ដើម្បី​ការ​ធានា​នូវ​ការ​អនុវត្ត​ប្រព័ន្ធ​ប្រជាធិបតេយ្យ​បាន​ល្អ​ប្រសើរ និង​អាច​លុប​បំបាត់​នូវ​ការ​ដឹកនាំ​ដោយ​ឯក​បក្ស​ក្នុង​រដ្ឋសភា​ជាតិ​ផង​ដែរ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កែទម្រង់​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា កន្លងទៅ បាន​ធ្វើ​សន្និសីទ​រួម​គ្នា​ជុំវិញ​ការ​ចង​សម្ពន្ធភាព​នឹង​គ្នា ដើម្បី​រួបរួម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ចូលរួម​ការ​បោះឆ្នោត​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

យ៉ាងណាក៏ដោយ ដំណើរការ​នៃ​ការ​រួបរួម​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ ដូច្នេះ​ដំណើរការ​នេះ​នឹង​សម្រេច​ថា​ត្រូវ​រៀបចំ​ឱ្យ​ទៅ​ជា​ការ​ច្របាច់​បញ្ចូល​គ្នា ឬ​គ្រាន់តែ​ចូលរួម​គ្នា​ដោយ​រក្សា​គណបក្ស​ឱ្យ​ស្ថិត​ក្នុង​ការ​ដឹកនាំ​រៀងៗ​ខ្លួន​ដដែល ឬ​យ៉ាងណា​នោះ គឺ​នៅ​មិន​ទាន់​ជជែក​គ្នា​ដាច់ស្រេច​នៅឡើយ​ទេ ខណៈ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នៅ​សល់​ពេល​តែ​ជាង​កន្លះ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២២ បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​សម្រេច​ដាក់​ផែនការ​បង្កើន​ការ​សហការ​គ្នា​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​បាន ៧​បក្ស​នៅ​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២២ នេះ ដើម្បី​សម្រេច​គោលបំណង​រួម​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ មុន​នឹង​ចូលរួម​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មាន​រយៈពេល ៥​ឆ្នាំ​ម្តង នឹង​ប្រព្រឹត្ត​ទៅ​នៅ​សប្តាហ៍​ទី​៣ ដែល​ត្រូវ​នឹង​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស