39 C
Phnom Penh

សហគមន៍​ព្រៃឡង់​ថា​ការ​ចាប់​សត្វ​ស្វា​ចេញពី​តំបន់​ការពារ​កំពុង​កើតឡើង​ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​សហគមន៍​ព្រៃឡង់ លើកឡើង​ថា ការ​ចាប់​សត្វ​ស្វា​នៅ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ ខេត្ត​ស្ទឹងត្រែង ខេត្ត​ព្រះវិហារ និង​ខេត្ត​មណ្ឌលគិរី ដើម្បី​យក​មក​លក់ គឺ​កំពុង​កើតឡើង​ដោយ​ពុំ​មាន​សមត្ថកិច្ច​ទប់ស្កាត់។

ការ​លើកឡើង​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​បែប​នេះ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ល្បាត​នៅ​តំបន់​ព្រៃឡង់ ដោយ​រក​ឃើញ​ថា ករណី​ចាប់​ស្វា​នៅ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ ស្ទឹងត្រែង និង​ព្រះវិហារ ជាដើម ដើម្បី​យក​ទៅ​លក់ កំពុង​កើតឡើង។ សហគមន៍​បង្ហាញ​ក្ដី​បារម្ភ ដោយ​សត្វ​ស្វា និង​ព្រៃឈើ បាន​និង​កំពុង​បាត់បង់ ក្រោយពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំគ្នា​យក​សំណាញ់​ទៅ​ដាក់​ដើម្បី​ចាប់​យក​សត្វ​ស្វា និង​កាប់​បំផ្លាញ​ព្រៃឈើ។

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​ស្ទឹងត្រែង លោក ឡាយ ផល្លី បាន​លើកឡើង​ថា ទីតាំង​ទាំង​ពីរ​កន្លែង​ដែល​មាន​ទំហំ​មួយ​ហិកតារ ស្ថិត​ក្នុង​ឃុំ​កាំងចាម ត្រង់​វាល​ត្រពាំង​ត្រសេក ត្រូវ​បាន​ជនល្មើស​កាប់​ដើមឈើ​ព័ទ្ធ​ជុំវិញ​ដើម​ឈើ​ណា​ដែល​មាន​ស្វា​រស់នៅ​ច្រើន។ ក្រោយពី​កាប់​ដើមឈើ​ហើយ លោក​ថា​ជនល្មើស​ក៏​ចាប់ផ្ដើម​យក​សំណាញ់​ទៅ​ដាក់ ដោយ​កាប់​ផ្ដួល​រំលំ​ដើមឈើ​ដែល​មាន​ស្វា​ទាំងនោះ ដើម្បី​ឱ្យ​វា​រត់​ចេញ​ទៅ​ជាប់​សំណាញ់​ដែល​បាន​រៀបចំ​រួច។

លោក​បន្ត​ថា ជនល្មើស​ទាំងនោះ​បាន​ចាប់​សត្វ​ស្វា​ទាំង​រស់ និង​យក​ទៅ​លក់ ដោយ​មិន​ដែល​ឃើញ​មន្ត្រី​ចុះ​បង្ក្រាប និង​ផ្ដន្ទាទោស​លើ​ពួកគេ​ទេ។

ករណី​នេះ លោក ឡាយ ផល្លី ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​ពាក់ព័ន្ធ ជួយ​ថែរក្សា និង​អភិរក្ស​ព្រៃឡង់​ដោយ​ចាត់​វិធានការ​ទប់ស្កាត់​ឲ្យ​ម៉ឺងម៉ាត់ ដើម្បី​ធានា​ថា​បទល្មើស​ទាំងនោះ​លែង​កើតឡើង​ទៀត។

ចំណែក​អ្នក​សម្របសម្រួល​បណ្ដាញ​ព្រៃឡង់​ខេត្ត​កំពង់ធំ លោក ហឿន សុភាព លើកឡើង​ដែរ​ថា ការ​ចាប់​សត្វ​ស្វា​នៅ​ស្រុក​សណ្ដាន់ មាន​ពីរ​ប្រភេទ​ដែល​ជា​ការ​ដាក់​អន្ទាក់ និង​ប្រភេទ​មួយ​ទៀត​គឺ​ការ​កាប់​ព្រៃឈើ​ព័ទ្ធ​ជុំវិញ រាយ​សំណាញ់ រួច​ដេញ​ឲ្យ​ស្វា​ជាប់​សំណាញ់ ដើម្បី​ចាប់​តែម្ដង។

តំណាង​ជនជាតិ​ដើម​ភាគតិច​ពូនង នៅ​ភូមិ​ឡៅកា លោកស្រី ភ្លឹក ភារម្យ ធ្លាប់​លើកឡើង​ថា បច្ចុប្បន្ន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដើម្បី​ចាប់​សត្វ​នៅ​ខេត្ត​មណ្ឌលគិរី កំពុង​កើតឡើង​រាល់​ថ្ងៃ​ដែរ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក អេង ភីរុង ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​នៅ​មិន​ទាន់​ដឹង​ចំនួន​ករណី​នៃ​បទល្មើស​កាប់​ឈើ​នៅ​ដែន​ជម្រក​ព្រៃឡង់​ក្នុង​ឆ្នាំ​នេះ​នៅឡើយ​ទេ។ ចំណែក​ឯ​បទល្មើស​ចាប់​សត្វ​ព្រៃ ជាពិសេស​សត្វ​ស្វា​នោះ ខាង​មន្ត្រី​ក៏​មិន​ទាន់​ចាប់​ជនល្មើស​បាន​នៅឡើយ​ដែរ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ពុំ​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ។

ពាក់ព័ន្ធ​នឹង​រឿង​សត្វ​ស្វា​នេះ​ដែរ កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ការិយាល័យ​មេធាវី​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ភាគ​ខាងត្បូង​នៃ​រដ្ឋ​ផ្លរីដា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​លើកឡើង​ថា ក្នុង​សំណុំរឿង​រត់​ពន្ធ​សត្វ​ស្វា​ព្រៃ​ខុស​ច្បាប់​នេះ​មាន​ជនសង្ស័យ ៨​នាក់ ក្នុង​នោះ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម ២​នាក់ និង​បុគ្គលិក ៦​នាក់​របស់​ក្រុមហ៊ុន Vanny Bio Research។

សំណុំរឿង​រត់​ពន្ធ​សត្វ​ស្វា​ព្រៃ​ខុស​ច្បាប់​នេះ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ទាំង ២​នាក់​នោះ​មាន​ប្រធាន​នាយកដ្ឋាន​សត្វ​ព្រៃ និង​ជីវចម្រុះ លោក គ្រី ម៉ះផល ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា និង​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម លោក កែវ អូម៉ាលីស។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង ៨​នាក់​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ចាប់​ប្រមូល​សត្វ​ស្វា​ក្ដាម​នៅ​ក្នុង​ឧទ្យាន​ជាតិ និង​តំបន់​ការពារ ដើម្បី​នាំចេញ​ទៅ​សហរដ្ឋ​អាមេរិក ដោយ​ក្នុង​នោះ​មាន​សត្វ​ស្វា​ចំនួន ៣០០០​ក្បាល​ត្រូវ​បាន​អនុញ្ញាត ហើយ​មន្ត្រី​ក្រសួង​កសិកម្ម​ក៏​ទទួល​ការ​ទូទាត់​ជា​សាច់ប្រាក់​ត្រឡប់​មក​វិញ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស