35 C
Phnom Penh

អាមេរិក​និង​សាធារណរដ្ឋ​បារាំង​បន្ត​ប្ដេជ្ញាចិត្ត​រួម​គ្នា​ប្រឆាំង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ទទួល​ជួប​មេដឹកនាំ​បារាំង គឺ​ប្រធានាធិបតី Emmanuel Macron នៅ​សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ធ្នូ។ លោក បៃដិន ទទួល​សមភាគី​បារាំង​ជា​លើកដំបូង​ចាប់តាំងពី​លោក​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១។

តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស​សមាជិក​ណាតូ​បាន​លើកឡើង​ជាច្រើន​អំពី​បញ្ហា​ពិភពលោក តែ​បញ្ហា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​បញ្ហា​ឥទ្ធិពល​ចិន​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជា​ប្រធានបទ​សំខាន់​ជាងគេ ហើយ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក៏​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ជំនួប​របស់​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ដែរ។

លោក John Kirby អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេតវិមាន បាន​ថ្លែង​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ការ​កើនឡើង​កម្ដៅ​នៃ​ឥទ្ធិពល​ចិន​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក និង​ភាព​តានតឹង​រវាង​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់ គឺ​ពិត​ជា​ផ្នែក​មួយ​ដែល​មេដឹកនាំ​ទាំង​ពីរ​កំណត់​ក្នុង​ការ​ពិភាក្សា​គ្នា ហើយ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា។ ដូចនេះ​ហើយ​បាន​ជា​មាន​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អំពី​លទ្ធផល​នៃ​ជំនួប​មេដឹកនាំ​ទាំង​ពីរ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ក្រោយ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​សេតវិមាន នៅ​ថ្ងៃទី​១ ខែ​ធ្នូ គេ​បាន​បញ្ជាក់​អំពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​សមភាគី​បារាំង​ថា បាន​ប្ដេជ្ញាចិត្ត​រួម​ដៃ​គ្នា​ធ្វើ​យ៉ាង​ណា​ឱ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ឈ្លានពាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ មេដឹកនាំ​ទាំង​ពីរ​នៃ​ក្រុម​ប្រទេស​ក្នុង​អង្គការ​យោធា​ណាតូ ក៏​បាន​ប្ដេជ្ញា​រុញ​ឱ្យ​មាន​ការ​ជំនុំ​ជម្រះក្ដី​ប្រឆាំង​របប​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

ចំពោះ​វិបត្តិ​ដែល​កើត​ចេញពី​រុស្ស៊ី​បង្កើត​ភ្នក់ភ្លើង​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​ពីរ​កំពុង​ខិតខំ​ប្រមូល​ការ​គាំទ្រ​អ៊ុយក្រែន ដែល​កំពុង​រង​ទុក្ខ​វេទនា​ជា​ខ្លាំង​ដោយសារ​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល និង​ដ្រូន​សឹងតែ​រាល់​ថ្ងៃ​ដែល​បាញ់​ចេញពី​រុស្ស៊ី​ទៅ​លើ​រោងចក្រ​ផលិត​ថាមពល និង​ទឹក ដោយ​បណ្ដាល​ឱ្យ​ដាច់​ចរន្ត​អគ្គិសនី និង​ផ្ដាច់​ទឹក​ចំ​ពេល​រដូវរងា​ចូល​មក​ដល់។

ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក បៃដិន ថ្លែង​ថា លោក​ត្រៀម​ខ្លួន​ដើម្បី​និយាយ​ជាមួយ​លោក ពូទីន ប្រសិនបើ​លោក ពូទីន មាន​ការ​ចាប់អារម្មណ៍​លើ​ការ​ស្វែងរក​មធ្យោបាយ​ដើម្បី​បញ្ចប់​សង្គ្រាម ប៉ុន្តែ​លោក​គិត​ថា​លោក ពូទីន នៅ​មិនទាន់​អាច​បាន​ធ្វើ​នោះ​ទេ។ មាន​ន័យ​ថា លោក ពូទីន ពុំ​ទាន់​មាន​ឆន្ទៈ​ទេ ហើយ​ថា​បើ​លោក ពូទីន ចង់​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក គឺ​លោក ពូទីន ត្រូវ​អ្វី​មួយ​ដែល​ចាំបាច់ និង​ជាក់ស្ដែង​អំពី​ការ​បញ្ចប់​សង្គ្រាម​ទើប​លោក​យល់ព្រម​ចរចា។

ចំណែក​លោក ម៉ាក្រុង បាន​និយាយ​ថា លោក​នឹង​បន្ត​ពិភាក្សា​ជាមួយ​លោក ពូទីន ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​កើនឡើង​កំហឹង និង​ទទួល​បាន​លទ្ធផល​ជាក់ស្តែង​មួយ​ចំនួន ដូចជា​សុវត្ថិភាព​នៃ​រោងចក្រ​នុយក្លេអ៊ែរ ជាដើម។

ទាំង​បារាំង និង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ជួយ​ដណ្តើម​យក​ជ័យជម្នះ​ទៅ​ឱ្យ​អ៊ុយក្រែន ក្នុង​ការ​យក​ឈ្នះ​សង្គ្រាម​បង្ក​ដោយ​លោក ពូទីន និង​ឈាន​ដល់​ការ​ការពារ​តម្លៃ​ប្រជាធិបតេយ្យ ក៏ដូចជា​សិទ្ធិមនុស្ស​ជា​សកល។

ការ​វាយប្រហារ​ពី​រុស្ស៊ី​កាន់តែ​ធ្ងន់ធ្ងរ​មួយ​រយៈពេល​ចុងក្រោយ​នេះ បាន​នាំ​ឱ្យ​សហភាព​អឺរ៉ុប​ស្នើ​បង្កើត​តុលាការ​អន្តរជាតិ​ពិសេស ដើម្បី​កាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ហើយ​ឈាន​ដល់​ការ​ស្នើ​ដក​អភ័យ​ឯកសិទ្ធិ​លើ​ការ​កាត់ទោស​មេដឹកនាំ​ធំៗ​រុស្ស៊ី​ក្នុង​នោះ​មាន​ទាំង​លោក ពូទីន ផង​ដែរ។

តែ​ទោះជា​យ៉ាងនេះ​ក្ដី រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក និង​អង្គការ​ណាតូ ថា​បាន​ដើរតួ​ដោយ​ផ្ទាល់​នៅ​ក្នុង​សង្គ្រាម​អ៊ុយក្រែន។ លោក​បញ្ជាក់​ថា ទីក្រុង​វ៉ាស៊ីនតោន បាន​ប្រែ​ក្លាយ​ទីក្រុង​គៀវ ទៅ​ជា​ភូមិសាស្ត្រ​មួយ​នៅ​អឺរ៉ុប​ខាងកើត​សំដៅ​គំរាម​កំហែង​ទីក្រុង​មូស្គូ ដែល​លោក​ថា​ក្រុង​មូស្គូ មិន​អាច​ឱ្យ​គេ​គំរាម​បាន​ឡើយ។

ប្រមុខ​អ្នក​ការទូត​រុស្ស៊ី បាន​លើកឡើង​បែប​នេះ​នៅ​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​មូស្គូ។ លោក Lavrov ក៏​បាន​ថ្លែង​ការពារ​យុទ្ធនាការ​រុស្ស៊ី ដែល​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន និង​មីស៊ីល ដើម្បី​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយក្រែន។

លោក​បាន​បន្ត​ថា រុស្ស៊ី​បង្ក​ធ្វើ​ឱ្យ​ខូច​បរិក្ខារ​ថាមពល​នៅ​អ៊ុយក្រែន ព្រោះតែ​អ៊ុយក្រែន​អនុញ្ញាត​ឱ្យ​លោក​ខាងលិច​បញ្ជូន​អាវុធ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ចូល​ទៅ​ក្នុង​ប្រទេស​នេះ ដើម្បី​សម្លាប់​ជនជាតិ​រុស្ស៊ី។ លោក​ចោទ​ថា សហរដ្ឋ​អាមេរិក និង​ណាតូ គឺជា​អ្នក​ចូលរួម​នៅ​ក្នុង​សង្គ្រាម​នេះ​ដោយ​ផ្ទាល់។

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មក​ដល់​ពេលនេះ​មាន​រយៈពេល​ជាង ១៨០​ថ្ងៃ​ហើយ។ ប្រទេស​ដែល​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន​ភាគច្រើន​ជា​សមាជិក​ណាតូ ហើយ​ក៏​មាន​ប្រទេស​ស៊ុយអែត ហ្វាំងឡង់ និង​ប្រទេស​អូស្ត្រាលី ផង​ដែរ។

សម្រាប់​លោក​សេរី សហរដ្ឋ​អាមេរិក​នាំមុខ​គេ​ក្នុង​ការ​ផ្ដល់​ជំនួយ ទាំង​ជំនួយ​យោធា និង​ជំនួយ​មនុស្សធម៌​ទៅ​ឱ្យ​អ៊ុយក្រែន។ គិត​មក​ដល់​ពេលនេះ រដ្ឋការ​លោក បៃដិន ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន​កើន​ជាង ២០​ពាន់​លាន​ដុល្លារ​ក្នុង​កញ្ចប់​សរុប ដែល​សភា​អាមេរិកាំង​អនុម័ត​ចំនួន ៤០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស