33.3 C
Phnom Penh

គ្រឿងញៀន​ជិត​៩០០​គីឡូក្រាម​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​រឹបអូស​បាន​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ រឹបអូស​គ្រឿងញៀន​បាន​ជិត ៩០០​គីឡូក្រាម​ក្រោយពី​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​ចំណុច​ឃ្លាំង​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្រុម​៩ ភូមិ​២ សង្កាត់​លេខ​១ ខេត្ត​ព្រះសីហនុ។

មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក ហេង ប៊ុនទី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ នេះ បាន​រក​ឃើញ​ថ្នាំញៀន​ចំនួន ៣៤​បាវ ដែល​មាន​ទម្ងន់ ៨៨៤​គីឡូក្រាម ប៉ុន្តែ​នៅ​មិន​ទាន់​ចាប់​បាន​ជនល្មើស​នៅឡើយ ខណៈ​វត្ថុ​តាង​រឹបអូស​ទៅ​រក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី។

លោក​បន្ត​ថា កម្លាំង​មន្ទីរ​ជំនាញ​កំពុង​ស្វែងរក​មុខសញ្ញា​ពាក់ព័ន្ធ​តាម​ជំនាញ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ដែនដី​ពាក់ព័ន្ធ។

អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វីរិទ្ធ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ថា លោក​ពុំ​ទាន់​អាច​បញ្ជាក់​បាន​ឡើយ​ថា​មាន​ជន​សង្ស័យ​ប៉ុន្មាន​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន និង​មាន​ជន​សង្ស័យ​ប៉ុន្មាន​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​ការ​តាម​ចាប់​ខ្លួន។

លោក​ថា ជន​សង្ស័យ​ដែល​ចាប់​បាន​កំពុង​ស្ថិត​ក្នុង​ការ​សួរ​ចម្លើយ ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​តាម​ចាប់​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត។

ពាក់ព័ន្ធ​រឿង​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ អះអាង​ថា កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​ដែល​ជន​ខិលខូច​លួច​ប្រព្រឹត្ត​អំពើ​ល្មើស​គ្រឿងញៀន ហើយ​ក្លាយ​ជា​ជំងឺ​ក្នុង​សង្គម និង​ទៅ​ជា​ប្រពៃណី។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ពលរដ្ឋ​ទាំងអស់ ត្រូវ​រួម​គ្នា​បង្ការ និង​ទប់ស្កាត់​បទល្មើស​នេះ​ឲ្យ​បាន​ជោគជ័យ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន សែន លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​ម៉ឺងម៉ាត់​ឱ្យ​គ្រប់​រាជធានី-ខេត្ត ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បើក​យុទ្ធនាការ​ប្រឆាំង និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ការ​ជួញដូរ និង​ការ​រត់​ពន្ធ​មនុស្ស ពលកម្ម​បង្ខិតបង្ខំ និង​អាជីវកម្ម​ផ្លូវភេទ​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព។

ការ​ប្ដេជ្ញា​របស់​លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​បរាជ័យ ខណៈ​ការ​រឹបអូស​គ្រឿងញៀន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ការ​កើន​ឡើង។

លើស​ពី​នេះ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ឧក្រិដ្ឋកម្ម និង​គ្រឿងញៀន (UNODC) ក៏​ធ្លាប់​ព្រមាន​ដែរ​ថា កម្ពុជា​នៅតែ​ត្រូវ​បាន​កំណត់​គោលដៅ​ដោយ​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ ថា​ជា​កន្លែង​សម្រាប់​ផលិត កែច្នៃ និង​ឆ្លងកាត់​គ្រឿងញៀន​ខុស​ច្បាប់​តាម​គ្រប់​រូបភាព ជាពិសេស​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស