38.8 C
Phnom Penh

លីកាដូ​បារម្ភ​ករណី​អាជ្ញាធរ​ប្រើ​ហិង្សា​ចាប់​ពលរដ្ឋ​១៩​នាក់​បន្ទាប់ពី​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សុខ​សំណាង​នៅ​ខេត្ត​ឧត្ដរមានជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​លីកាដូ លើកឡើង​ថា ពលរដ្ឋ​ចំនួន ១៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​ប្រើ​អំពើ​ហិង្សា និង​ដុត​ផ្ទះសម្បែង​របស់​ពួកគេ​ចោល​ជា​បន្តបន្ទាប់ ក្រោយ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ សុខ សំណាង ស្ថិត​នៅ​ឃុំ​ត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរមានជ័យ។

ក្នុង​សេចក្ដី​ប្រកាស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ថា បច្ចុប្បន្ន​អ្នក​ភូមិ​ចំនួន ៨​នាក់​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​សវនាការ ចំណែក​អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សុខ សំណាង។ ក្នុង​នោះ​បុរស​ចំនួន ៧​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​នគរបាល​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​រះ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២២ ខណៈ​បុរស ២​នាក់ និង​ស្ត្រី ២​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ជាមួយ​គ្នា​នេះ​ផង​ដែរ កងកម្លាំង​ប្រដាប់​ដោយ​អាវុធ និង​ដំបង​ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​ចាប់​ខ្លួន​អ្នក​ភូមិ​ចំនួន ៨​នាក់ និង​ដើម្បី​ត្រួតពិនិត្យ​ការ​ដុត​កម្ទេច​ផ្ទះសម្បែង​នៅ​តំបន់​កំពុង​មាន​ជម្លោះ​ក្នុង​ហេតុការណ៍​ហិង្សា​ចុងក្រោយ​កាលពី​ថ្ងៃទី​០៩ និង​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២។ អំឡុង​ពេល​នោះ ក្រុម​កងកម្លាំង​អាវុធហត្ថ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប៉េអិម បាន​ចាប់​ខ្លួន​ស្ត្រី ៥​នាក់ និង​បុរស ៣​នាក់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ។

អង្គការ​លីកាដូ​បញ្ជាក់​ថា គិត​មក​ដល់​ពេលនេះ អ្នក​ភូមិ​ទាំង ១៩​នាក់​ហើយ​កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ឧត្ដរមានជ័យ ដើម្បី​រង់ចាំ​សវនាការ ក្រោយពី​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សុខ សំណាង។

បើ​តាម​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ថត​កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ នេះ អង្គការ​លីកាដូ​ថា​កម្លាំង​ប៉េអិម​បាន​កាន់​ដំបង​វែង​ក្នុង​ពេល​ចាប់​ខ្លួន​អ្នក​ភូមិ​ម្នាក់ និង​បាន​គំរាមកំហែង​ពលរដ្ឋ​ផ្សេង​ទៀត​មិន​ឲ្យ​ថត​យក​រូបភាព ខណៈ​វីដេអូ​ផ្សេង​ទៀត​ដែល​អ្នក​ភូមិ​បាន​ថត​នៅ​ថ្ងៃ​នោះ បង្ហាញ​ថា ផ្ទះសម្បែង​របស់​ពួកគេ​កំពុង​ត្រូវ​បាន​ដុត​បំផ្លាញ។

ចំពោះ​ផ្សែង​ពណ៌​ស​ចេញពី​បំណែក​សេសសល់​នៃ​ផ្ទះ ដែល​ត្រូវ​បាន​ដុត​កម្ទេច​នៅ​អាច​មើល​ឃើញ​នៅឡើយ នៅ​ពេល​ដែល​អ្នក​ឃ្លាំមើល​នៃ​អង្គការ​លីកាដូ​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​នា​ល្ងាច​ថ្ងៃ​នោះ។

នាយិកា​ទទួល​បន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូ អ្នកស្រី ណាលី ពីឡូក បាន​លើកឡើង​ក្នុង​សេចក្ដី​ប្រកាស​ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​អំពើ​ហិង្សា​ដែល​មិន​សម​ហេតុផល​នេះ​បន្ត​ទៀត។ អ្នកស្រី​បន្ត​ថា បញ្ហា​ដីធ្លី​ទាំងនេះ​គួរតែ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី មិនមែន​តាមរយៈ​ការ​ចាប់​ខ្លួន និង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​អាក្រក់​បែប​នេះ​ទេ។

បើ​តាម​សេចក្ដី​ប្រកាស​អង្គការ​លីកាដូ បញ្ជាក់​ថា ជម្លោះ​ដីធ្លី​នេះ​បាន​កើតឡើង​ក្នុង​ឆ្នាំ​២០២១ បន្ទាប់​ពី​អាជ្ញាធរ​បាន​ព្រមាន និង​ចោទ​ប្រជាពលរដ្ឋ​ថា​កំពុងតែ​ទន្ទ្រាន​យក​ដី​ក្រុមហ៊ុន។ ក្រៅពី​ព្រមាន និង​ចោទ​ហើយ ក្រុម​អាជ្ញាធរ​ក៏​បាន​ដាក់​សម្ពាធ​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល ត្រូវ​បញ្ឈប់​ការ​ធ្វើ​កសិកម្ម ដែល​ករណី​នេះ​ទើប​ធ្វើ​ឲ្យ​ទំនាស់​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឈាន​ទៅ​កើតមាន​អំពើ​ហិង្សា ខណៈ​ដែល​កងកម្លាំង​ប្រដាប់​អាវុធ​ធ្វើការ​ដុត​បំផ្លាញ​ផ្ទះសម្បែង និង​ចាប់​ខ្លួន​អ្នក​ភូមិ។

បើ​តាម​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា ជម្លោះ​ដីធ្លី​នេះ​ប៉ះពាល់​ដល់​ពលរដ្ឋ​ប្រមាណ ៣៧០​គ្រួសារ​ដែល​បាន​ចាប់ផ្ដើម​តាំង​ទីលំនៅ​ក្នុង​តំបន់​នោះ​កាលពី​ឆ្នាំ​២០១២ អំឡុង​ពេល​ដែល​មាន​ការ​បំផ្លាញ​ព្រៃឈើ និង​ការ​ឈូស​ឆាយ​ដី​ដោយ​ក្រុមហ៊ុន សុខ សំណាង ដែល​អះអាង​ថា​ជា​ម្ចាស់​នៃ​តំបន់​ទំនាស់​នោះ។

អភិបាល​ខេត្ត​ឧត្ដរមានជ័យ លោក ប៉ែន កុសល បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ករណី​កម្លាំង​កងរាជ​អាវុធហត្ថ​ចុះ​បង្ក្រាប​ពលរដ្ឋ​នៅ​លើ​ដី​ជម្លោះ​នោះ គឺ​ធ្វើឡើង​តាម​ដីកា​របស់​តុលាការ។ លោក​ថា លោក​មិន​បាន​ដឹង​ថា​កងកម្លាំង​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ភូមិ​នោះ​ទេ។ យ៉ាងណា លោក​ថា​លោក​នឹង​ស្រាវជ្រាវ​ករណី​នេះ​បន្ថែម​ទៀត។

ក្រុមហ៊ុន សុខ សំណាង បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១៨៦៥​ហិកតារ​នៃ​ដី​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព កាលពី​ខែ​មីនា ឆ្នាំ​២០១២។ ក្រោយពី​ការ​បាត់បង់​ដើមឈើ​មាន​តម្លៃ​ជាច្រើន​ពី​តំបន់​ដី​ព្រៃ ក្រុមហ៊ុន​មិន​បាន​អភិវឌ្ឍ​តំបន់​នោះ​ទាំងស្រុង​នោះ​ទេ ដោយ​មាន​ការ​ដាំដុះ​ដំណាំ​នៅ​ផ្នែក​មួយ​ចំនួន​នៃ​ដី​សម្បទាន​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស