30.4 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​កម្ពុជា​ចរចា​នឹង​អឺរ៉ុប​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រឡប់​មក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អ្នកទោស​នយោបាយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចរចា​ជាមួយ​នឹង​សហភាព​អឺរ៉ុប ដោយ​ស្មោះត្រង់ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ត្រូវ​បាន​គេ​កាត់​ផ្តាច់​ត្រឡប់​មក​វិញ ជាជាង​ការ​ធ្វើ​ឫកពារ​ខែងរ៉ែង​ពី​ខាង​ក្រៅ។

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ការ​ប្រកាស​ជំហរ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​មិន​យក​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ទៅ​ដោះដូរ​នឹង​ជំនួយ​បរទេស ដែល​ជា​រឿយៗ​លោក​តែង​សំដៅ​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប គឺជា​រឿង​ត្រឹមត្រូវ ត្បិត​អធិបតេយ្យភាព​នៃ​ប្រទេស​ជាតិ​មួយ​មិនមែន​មាន​តម្លៃ​ត្រឹម​តែ​ដោះដូរ​នឹង​ជំនួយ​របស់​បរទេស​ណា​មួយ​នោះ​ទេ ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏ដោយ។

លោក​បន្ថែម​ថា ចំណែក​សហភាព​អឺរ៉ុប ក៏​មិន​ដែល​ទាមទារ​ឱ្យ​កម្ពុជា​ដាក់​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ឱ្យ​គេ​ត្រួតត្រា ទើប​គេ​សុខចិត្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នោះ​ដែរ ប៉ុន្តែ​សហភាព​អឺរ៉ុប​គ្រាន់តែ​ទាមទារ​ឱ្យ​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា គេ​និយាយ​តែ​ពី​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ធានា​ឱ្យ​បាន​នូវ​ការ​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​តែប៉ុណ្ណោះ ហើយ​នៅ​ពេល​ដែល​គេ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០% ពី​កម្ពុជា​កាលពី​ចុង​ឆ្នាំ​២០២០ កន្លងទៅ ក៏​គេ​លើកឡើង​តែ​ពី​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដែរ។

លោក​បន្ថែម​ថា សហភាព​អឺរ៉ុប​មិន​បាន​ទាមទារ​យក​អធិបតេយ្យភាព​កម្ពុជា​ទៅ​ត្រួតត្រា​មុន​នឹង​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មក​ដល់​កម្ពុជា​នោះ​ឡើយ។

អតីត​អ្នកទោស​នយោបាយ​រូប​នេះ​ទាមទារ​ឱ្យ​កម្ពុជា​វែកញែក​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​កិច្ចការ​ណា​ខ្លះ​ដែល​ចាត់ទុក​ជា​អធិបតេយ្យ​ជាតិ​កម្ពុជា ហើយ​កិច្ចការ​ណា​ខ្លះ​ដែល​ចាត់ទុក​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​អនុវត្ត​ក្នុង​ការ​ធានា​នូវ​ការ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដើម្បី​កុំ​ឱ្យ​មាន​ការ​បកស្រាយ​ដោយ​ការ​ភ័ន្តច្រឡំ ឬ​ការ​បកស្រាយ​ក្នុង​ចេតនា​ប្រជាភិថុតិ​ណា​មួយ​ជុំវិញ​ការ​ជំរុញ​ស្នើសុំ​ឱ្យ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​បន្ត​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស ទម្លាយ​នូវ​ជំនួប​របស់​ខ្លួន​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​ពិភាក្សា​មួយ​ជុំវិញ​ការ​ចង់​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា​ឡើងវិញ​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ លោក Josep Borrell បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ​របស់​ខ្លួន​ថា លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​របស់​កម្ពុជា លោក ប្រាក់ សុខុន ដែល​បាន​ពិភាក្សា​គ្នា​អំពី​ទំនាក់ទំនង​សហភាព​អឺរ៉ុប​ជាមួយ​នឹង​កម្ពុជា ក្នុង​ការ​ជួយ​ផ្តល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឱ្យ​បាន​ពេញលេញ​ឡើងវិញ និង​ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ផង​ដែរ។

យ៉ាងណាក៏ដោយ ក្នុង​ជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ហ៊ុន សែន ព្រមាន​ថា លោក​បាន​ដាក់​បម្រាម​មិន​ឱ្យ​មន្ត្រី​របស់​ខ្លួន​ណា​ម្នាក់​លាដៃ​សុំ​ជំនួយ​ពី​នរណា​ម្នាក់​ពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ឡើយ។ លោក​បន្ថែម​ថា ប្រសិនបើ​ប្រទេស​នោះ​ចង់​រកស៊ី​ជាមួយ​កម្ពុជា គឺ​អាច​រកស៊ី​ជាមួយ​គ្នា​បាន ប៉ុន្តែ​លោក​មិន​យក​ឯករាជភាព អធិបតេយ្យភាព ជា​ថ្នូរ​នឹង​ជំនួយ ឬ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណា​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ សមាជិក​សភា​សហភាព​អឺរ៉ុប​ចំនួន ១៣​ប្រទេស​ដែល​មកពី​ប្រទេស​ហ្វាំងឡង់ ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ស៊ុយអែត ជាដើម បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក ស្ហាល មីឈែល (Charles Michel) និង​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស លោក Josep Borrell ដោយ​ទាមទារ​ឱ្យ​កម្ពុជា​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​នូវ​ការ​ធានា​ចំពោះ​ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​ខ្លួន​ឱ្យ​ស្រប​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ឈាន​ទៅ​រក​ការ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ដែល​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​ថ្ងៃ​មុខ។

កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២០ កន្លងទៅ គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា សម្រាប់​ការ​នាំចេញ​មុខទំនិញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ក្នុង​នោះ​គឺ​មាន​ទំនិញ​របស់​កម្ពុជា​ចំនួន ៤០​មុខ ភាគច្រើន​ជា​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ជាដើម ដែល​មាន​តម្លៃ ១​ពាន់​លាន​អឺរ៉ូ​ក្នុង ១​ឆ្នាំៗ ដែល​ត្រូវ​បង់​ពន្ធ​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​អាច​នាំចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​បាន។

ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% នេះ ជា​ជំហាន​ដំបូង​របស់​សហភាព​អឺរ៉ុប​តែប៉ុណ្ណោះ ប៉ុន្តែ​គណៈកម្មាធិការ​អឺរ៉ុប​នៅតែ​បើក​ផ្លូវ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​ផល​អនុគ្រោះ​ពន្ធ​នេះ​វិញ ប្រសិនបើ​កម្ពុជា​ធ្វើ​តាម​ការ​ទាមទារ​របស់​ខ្លួន នោះ​គឺ​កម្ពុជា​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​បិទ​សិទ្ធិ​សេរីភាព​លើ​អ្នក​តវ៉ា​បញ្ចេញមតិ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស