30.4 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ចរិត​លោក ហ៊ុន សែន ដឹកនាំ​ជាង​៤០​ឆ្នាំ​គឺ​មាន​តែ​បំបែក​បំបាក់​និង​បំផ្លាញ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា ប្រវត្តិ​នៃ​ការ​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាប់តាំងពី​កងទ័ព​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៨៥ មក គឺ​មាន​តែ​ការ​បំបែកបំបាក់ និង​បំផ្លាញ​ជាតិ​ខ្មែរ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២២ ខែ​ធ្នូ ថា ចរិត​ពិត​នៃ​ការ​ដឹកនាំ​នយោបាយ​របស់​លោក ហ៊ុន សែន គឺជា​ការ​ដឹកនាំ​ដណ្តើម​អំណាច មិនមែន​ដឹកនាំ​ដើម្បី​រក​ផល​ប្រយោជន៍​ឱ្យ​ជាតិ ឬ​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​សម្រាប់​ខ្មែរ​នោះ​ទេ ហើយ​មេដឹកនាំ​ខ្មែរ​រូប​នេះ​ក៏​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ​ពេញ​ផ្ទៃ​ប្រទេស ដើម្បី​តែ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ដែរ។

លោក គឹម សុខ អះអាង​ថា ដើម្បី​ឱ្យ​ប្រាកដ​ថា​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ដើម្បី​តែ​បំបែកបំបាក់​សាមគ្គី​ជាតិ​ខ្មែរ​មែន ឬ​ក៏​អត់​នោះ គេ​អាច​មើល​ទៅ​លើ​រឿងរ៉ាវ​ខុស​ច្បាប់​ជាច្រើន​ដែល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត ដូចជា​ការ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី​ថ្ងៃទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឱ្យ​ផ្ទៃក្នុង​ជាតិ​ខ្មែរ​ទាំងមូល​បែកបាក់​រហូត​សម្លាប់​គ្នា​ឯង​យ៉ាង​រង្គាល​លើ​កងទ័ព​ជាតិ​រាជា​និយម​ពី​សំណាក់​កងទ័ព​រដ្ឋ​កម្ពុជា ដែល​បញ្ជា​ដោយ​លោក ហ៊ុន សែន នៅ​ពេល​នោះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កាន់តែ​បង្ហាញ​យ៉ាង​ច្បាស់​ពី​អត្តចរិត​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​នៅតែ​មាន​បំណង​បំផ្លាញ​នូវ​ឯកភាព​ជាតិ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោក​បន្ត​ថា រដ្ឋាភិបាល​ឯក​បក្ស​របស់​គាត់​បាន​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ទាំង​ដែល​ខ្លួន​មិន​បាន​កាត់ទោស​មេដឹកនាំ​បក្ស​នេះ​ពី​បទល្មើស​ណា​មួយ​នៅឡើយ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​បែកបាក់​ផ្ទៃក្នុង​ជាតិ​កាន់តែ​ខ្លាំង និង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​ពិបាក​នឹង​ស្រោចស្រង់​ឡើងវិញ​សព្វថ្ងៃ​នេះ។

ចំណែក​អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​ថា ការ​ប្រើ​វិធី​គ្រប់​បែប​យ៉ាង​របស់​លោក ហ៊ុន សែន គឺ​ដើម្បី​តែ​ជោគជ័យ​លើ​នយោបាយ​ដឹកនាំ​ចំពោះ​គូប្រជែង​របស់​គាត់​ប៉ុណ្ណោះ មិន​មែន​ដើម្បី​សេចក្តី​សុខ​សន្តិភាព​របស់​កម្ពុជា​នោះ​ទេ។

លោក​បន្ថែម​ថា បើ​ទោះបីជា​សព្វថ្ងៃ​នេះ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន អះអាង​ថា​មាន​សន្តិភាព​ក៏ដោយ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ពី​ការ​គំរាមកំហែង​ដដែល។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ធ្វើ​ច្រើន​ណាស់​ក្នុង​ការ​ដឹកនាំ​ជាតិ​រក​ការ​បង្រួបបង្រួម​រវាង​ខ្មែរ និង​ខ្មែរ ប៉ុន្តែ​ភាគី​នយោបាយ​ក្រុម​ប្រឆាំង​មិន​យល់​អំពី​ការ​បង្រួបបង្រួម​ជាតិ​នេះ​ទេ ហើយ​នៅ​ពេល​នេះ​គ្មាន​កិច្ចការ​នយោបាយ​ណា​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការ​ចរចា​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន ក៏​ត្រូវ​បាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (KSI) ប្រគល់​ពានរង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក​នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ជុំវិញ​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ជាង ៤០​ឆ្នាំ​របស់​បុរស​ខ្លាំង​កម្ពុជា​រូប​នេះ។

ទោះជា​បែប​នេះ​ក្តី អ្នកវិភាគ​ឯករាជ្យ លោក គឹម សុខ លើកឡើង​ថា មេដឹកនាំ​ខ្មែរក្រហម​ឈ្មោះ ប៉ុល ពត ក៏​គួរ​ទទួល​បាន​ពានរង្វាន់​មេដឹកនាំ​ឆ្នើម​នេះ​ដែរ​នៅ​ពេល​ដែល​ពានរង្វាន់​នេះ​ត្រូវ​បាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ប្រគល់​ឱ្យ​លោក ហ៊ុន សែន នៅ​ពេល​នេះ។

លោក​បន្ថែម​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​មិន​ខុស​គ្នា​នឹង​លោក ប៉ុល ពត នោះ​ទេ គឺ​មាន​តែ​ព្រៃផ្សៃ​ជាង ត្បិត​លោក ហ៊ុន សែន បាន​លុត​ជង្គង់​បម្រើ​មហិច្ឆតា​វៀតណាម ដែល​ឈ្លានពាន​ទឹកដី​ខ្មែរ​ពេញ​មួយ​ជីវិត​នៃ​ការ​ដឹកនាំ​របស់​គាត់​ទៅ​ហើយ​នោះ។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ឆ្នាំ​២០២២ នេះ​ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រង​ផ្តាច់​មុខ​ទាំងស្រុង ក្នុង​នោះ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា។

ចំណែក​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​លាតត្រដាង​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ចាប់តាំងពី​ឆ្នាំ​២០១២ មក គឺ​ស្ថិត​ក្នុង​ចន្លោះ​លំដាប់​លេខ​រៀង​ចាប់ពី​១៥៧ ដល់​ជាង ១៦០ ក្នុង​ចំណោម​ប្រទេស ១៨០ នៅ​លើ​ពិភពលោក។

ដោយឡែក​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក ក៏​បាន​បន្ត​ដាក់​ពិន្ទុ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ដ៏​ទាប​ជា​ថ្មី​ម្តង​ទៀត​ដែរ ដោយ​ឲ្យ​ឈរ​ក្នុង​លេខ​រៀង​ទី​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត​កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២២ នេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រយៈពេល​ជាង ៣០​ឆ្នាំ បើ​ទោះបីជា​កម្ពុជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​បង្រួបបង្រួម​បញ្ចប់​វិបត្តិ​ផ្ទៃក្នុង​របស់​កម្ពុជា​ហើយ​ក៏ដោយ ក៏​កម្ពុជា​នៅតែ​មិន​អាច​រួបរួម​គ្នា​បាន​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ​ដដែល ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន តែង​ប្រើ​យុទ្ធសាស្ត្រ​កម្ទេច​គេ​ឯង​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន ក្នុង​បំណង​បន្ត​ការ​ដឹកនាំ​ត​វង្ស​ត្រកូល​ឱ្យ​កាន់តែ​យូរ​អង្វែង​ដូច​ប្រទេស​កុម្មុយនីស្ត​ដូច្នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស