32.5 C
Phnom Penh

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​បង្កើន​ការ​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ ខណៈ​សេវា​សាធារណៈ​នៅតែ​មិន​ទាន់​ឆ្លើយតប​តម្រូវការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ លើកឡើង​ថា រាជរដ្ឋាភិបាល​ព្យាយាម​បង្កើន​ការ​ប្រមូល​ពន្ធ​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​សេវា​សាធារណៈ​ទាំងឡាយ​របស់​រដ្ឋ​នៅតែ​មិន​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​នៅឡើយ។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ ធ្នូ នេះ​ថា ប្រាក់​បៀវត្ស​របស់​លោក និង​ពលរដ្ឋ​ដទៃ​ទៀត​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ជា​រៀង​រាល់​ខែ មិន​អាច​ខកខាន​ម្តង​ណា​ទេ។ លោក​ថា ក្រៅពី​ការ​បង់​ពន្ធ​លើ​ប្រាក់​បៀវត្ស ពលរដ្ឋ​គ្រប់​គ្នា​ក៏​ត្រូវ​បង់​ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ បង់​ពន្ធ​លើ​សេវាកម្ម​ផ្សេងៗ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ថែម​ទៀត។ លើស​ពី​នេះ​ទៀត ពួកគាត់​ក៏​ត្រូវ​បង់​ពន្ធ​លើ​មុខទំនិញ​ប្រើប្រាស់ និង​ម្ហូប​អាហារ​ជាដើម​ផង​ដែរ។

លោក មឿន តុលា លើកឡើង​ថា ទោះ​ជា​ពលរដ្ឋ​គ្រប់​រូប​បាន​បង់​ពន្ធ​ជូន​រដ្ឋ​តាម​ការ​កំណត់​ក៏ដោយ ប៉ុន្តែ​សេវា​សាធារណៈ​នានា​របស់​រដ្ឋ​ដែល​រូបលោក​ផ្ទាល់ និង​ពលរដ្ឋ​ដទៃ​ទៀត​ទទួល​បាន​នៅ​មាន​កម្រិត​តិចតួច​នៅឡើយ ត្បិត​ពលរដ្ឋ​ចូល​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ត្រូវ​បង់​ថ្លៃ​សេវា​ព្យាបាល​ដោយ​ខ្លួនឯង សុវត្ថិភាព​ក្នុង​ការ​រស់នៅ​ក្នុង​លំនៅឋាន​ក៏​ត្រូវ​បង់​សេវា​យាមកាម​ដោយ​ខ្លួនឯង ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក៏​កំពុង​រង​ការ​ខូចខាត​ថែម​ទៀត ដែល​បញ្ហា​ទាំងនេះ​គឺ​មិន​ឆ្លើយតប​ទៅ​នឹង​ការ​បង់​ពន្ធ​របស់​ប្រជាពលរដ្ឋ​ជូន​រដ្ឋ​រហូត​មក​ទាល់​តែ​សោះ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​លើក​ជា​សំណួរ​ថា តើ​មាន​សេវា​របស់​រដ្ឋ​អ្វី​ខ្លះ​ដែល​ពលរដ្ឋ​គួរ​ទទួល​បាន​ការ​តបស្នង​ឱ្យ​បាន​សមរម្យ​មក​វិញ​ពី​ថវិកា​ដែល​ខ្លួន​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ប្រចាំ​នាទី ប្រចាំ​ថ្ងៃ និង​ប្រចាំ​ឆ្នាំ​កន្លងមក​នោះ?

កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​តារាង​ភាគរយ​នៃ​ប្រាក់​បៀវត្ស​ជាប់​ពន្ធ​ប្រចាំ​ខែ​សម្រាប់​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ក្នុង​អនុក្រឹត្យ​ដដែល​នោះ​បញ្ជាក់​ថា និយោជិត ឬ​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​បៀវត្ស​ត្រឹម ឬ​ក្រោម ១​លាន ៥​សែន​រៀល មិន​ត្រូវ​បង់​ពន្ធ​ប្រចាំ​ខែ​នោះ​ទេ ប៉ុន្តែ​បើ​មាន​ប្រាក់​បៀវត្ស​ចាប់ពី ១​លាន ៥​សែន ១​រៀល​រហូត​ដល់​ទៅ ២​លាន​រៀល តម្រូវ​ឱ្យ​បង់​ពន្ធ​លើ​ប្រាក់​បៀវត្ស​ចំនួន ៥​ភាគរយ​ដែល​ស្មើ​នឹង ៧​ម៉ឺន ៥​ពាន់​រៀល​ក្នុង ១​ខែ។

ចំណែក​ឯ​និយោជិត ឬ​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​បៀវត្ស​ចាប់ពី ២​លាន ១​រៀល​រហូត​ដល់ ៨​លាន ៥​សែន​រៀល តម្រូវ​ឱ្យ​បង់​ពន្ធ ១០​ភាគរយ ដែល​ស្មើ​នឹង ១​សែន ៧​ម៉ឺន ៥​ពាន់​រៀល​ក្នុង ១​ខែ។ រីឯ​អ្នក​ដែល​មាន​ប្រាក់​បៀវត្ស​ចាប់ពី ៨​លាន ៥​សែន ១​រៀល​រហូត​ដល់ ១២​លាន ៥​សែន​រៀល តម្រូវ​ឱ្យ​បង់​ពន្ធ ១៥​ភាគរយ ដែល​ស្មើ​នឹង ៦​សែន​រៀល​ក្នុង ១​ខែ។

ដោយឡែក​និយោជិត ឬ​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់​បៀវត្ស​លើស​ពី ១២​លាន ៥​សែន​រៀល តម្រូវ​ឱ្យ​បង់​ពន្ធ ២០​ភាគរយ ដែល​ស្មើ​នឹង ១​លាន ៥​សែន ២​ម៉ឺន ៥​ពាន់​រៀល​ក្នុង ១​ខែ​ផង​ដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​ប្រភេទ​ពន្ធដារ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​កម្ពុជា ដូចជា​ពន្ធ​លើ​ប្រាក់​បៀវត្ស និង​ពន្ធ​លើ​អចលនទ្រព្យ ជាដើម ដោយ​មិន​ទាន់​គិត​ពី​ពន្ធ​ចាស់ៗ ដូចជា​ពន្ធ​លើ​យានយន្ត និង​ពន្ធ​លើ​ការ​ធ្វើ​អាជីវកម្ម​ដែល​មាន​ស្រាប់​ពី​មុន​មក​នៅឡើយ​ទេ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​មិន​សូវ​ចង់​បង់​ពន្ធ ដោយសារតែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​មិន​បាន​ផ្តល់​ទំនុកចិត្ត​ដល់​ពួកគាត់ ជាពិសេស គឺ​ការ​កើតមាន​អំពើពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវា​សាធារណៈ​នានា​នៅ​តាម​ស្ថាប័ន​រដ្ឋ នៅតែ​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​សម្រាប់​ពលរដ្ឋ​ខ្មែរ​រហូត​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០២២ បាន​ដាក់​ផែនការ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ឱ្យ​បាន​ជាង ២,៨​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២ នេះ ខណៈ​ឆ្នាំ​២០២១ អង្គភាព​នេះ​ប្រមូល​ចំណូល​បាន​ជាង ២,៧​ពាន់​លាន​ដុល្លារ​អាមេរិក​លើស​ផែនការ​ដែល​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១ បាន​កំណត់។

សេដ្ឋវិទូ​បស្ចិម​ប្រទេស​បកស្រាយ​ថា គ្មាន​រដ្ឋាភិបាល​ប្រទេស​ណា​អាច​ទ្រាំ​រស់​បាន​ដោយ​មិន​យក​ពន្ធដារ​នោះ​ទេ។ ពន្ធដារ​គ្រប់​មុខ​ជា​មធ្យោបាយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​លទ្ធភាព​បម្រើ​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ ហើយ​បើ​ប្រមូល​ពន្ធដារ​ត្រឹមត្រូវ រដ្ឋាភិបាល​នោះ​មិន​ចាំបាច់​ខ្ចីបុល​ពី​ក្រៅ​ច្រើន​នោះ​ឡើយ។ ពួក​អ្នក​មាន​ធំៗ​គេ​ក៏​មិន​ចង់​បង់​ពន្ធ​ថែម​ឲ្យ​រដ្ឋាភិបាល​ដែល​ចាយ​មិន​ដឹង​ទិស​តំបន់​នោះ​ដែរ។ អ្នក​នយោបាយ​ឃោសនា​រក​សន្លឹកឆ្នោត ច្រើនតែ​លើក​រឿង​ពន្ធដារ​មុន​សម័យ​បោះឆ្នោត​មក​ផ្ចាញ់​គូបដិបក្ខ​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស